KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Numbers - ជនគណនា 10 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖   2  «ចូរធ្វើត្រែពីរអំពីប្រាក់ដែលមានក្បាច់រចនា។ ត្រែទាំងពីរនេះប្រើ សំរាប់កោះហៅសហគមន៍អោយជួបជុំគ្នា និង ប្រកាសរើជំរំចេញដំណើរ។   3  ពេលណាគេផ្លុំត្រែ សហគមន៍ទាំងមូលត្រូវប្រមូលគ្នានៅជុំវិញអ្នក ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។   4  ប្រសិនបើគេផ្លុំត្រែមួយ ពួកមេដឹកនាំ និង ពួកមេទ័ពរបស់ជនជាតិអ៊ីស្រាអែល ត្រូវប្រមូលគ្នានៅជុំវិញអ្នក។   5  ពេលណាអ្នករាល់គ្នាផ្លុំត្រែយ៉ាងរន្ថាន់ នោះអស់អ្នកដែលបោះជំរំនៅប៉ែកខាងកើត ត្រូវនាំគ្នាចេញដំណើរ។   6  ពេលណាអ្នករាល់គ្នាផ្លុំត្រែយ៉ាងរន្ថាន់លើកទីពីរ នោះអស់អ្នកដែលបោះជំរំនៅប៉ែកខាងត្បូងត្រូវនាំគ្នាចេញដំណើរ។ ត្រូវផ្លុំត្រែយ៉ាងរន្ថាន់ជាសញ្ញាចេញដំណើរ។   7  នៅពេលប្រមូលផ្តុំអង្គប្រជុំ អ្នករាល់គ្នាក៏ត្រូវផ្លុំត្រែដែរ តែផ្លុំយ៉ាងវែង។   8  ពួកបូជាចារ្យ ជាកូនចៅរបស់លោកអើរ៉ុន ជាអ្នកផ្លុំត្រែ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវធ្វើតាមគ្រប់ជំនាន់រហូតតទៅ។   9  ក្នុងស្រុករបស់អ្នករាល់គ្នា នៅពេលអ្នករាល់គ្នាចេញទៅច្បាំងនឹងបច្ចាមិត្តដែលមកឈ្លានពានអ្នករាល់គ្នា ត្រូវផ្លុំត្រែយ៉ាងរន្ថាន់ ដើម្បីអោយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នានឹកដល់អ្នករាល់គ្នា ហើយសង្គ្រោះអ្នករាល់គ្នាអោយរួចពីខ្មាំងសត្រូវ។   10  នៅថ្ងៃដែលអ្នករាល់គ្នាធ្វើបុណ្យយ៉ាងសប្បាយបុណ្យដ៏សំខាន់ៗ និង បុណ្យចូលខែថ្មី នោះត្រូវផ្លុំត្រែ នៅពេលថ្វាយតង្វាយដុតទាំងមូល និង យញ្ញបូជាមេត្រីភាពដើម្បីអោយព្រះរបស់អ្នករាល់គ្នា នឹកដល់អ្នករាល់គ្នា។ យើងជាព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា»។   11  នៅឆ្នាំទីពីរ ខែទីពីរ ថ្ងៃទីម្ភៃ ពពកបានអណ្តែតឡើងពីព្រះពន្លានៃសន្ធិសញ្ញា។   12  ជនជាតិអ៊ីស្រាអែលក៏នាំគ្នាចាកចេញពីវាលរហោស្ថានស៊ីណៃ តាមលំដាប់លំដោយដែលកំណត់ទុកស្តីអំពីការចេញដំណើរនេះ។ ពពកឈប់នៅវាលរហោស្ថានប៉ារ៉ាន។   13  ពួកគេចេញដំណើរជាលើកទីមួយនេះ តាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។   14  ទង់សញ្ញានៃជំរំយូដាចេញដំណើរមុនគេជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលយូដា ដឹកនាំដោយលោកណាសូន ជាកូនរបស់លោកអមីណាដាប់   15  កងពលរបស់កុលសម្ព័ន្ធអ៊ីសាខារ ដឹកនាំដោយលោកនេថានេល ជាកូនរបស់លោកស៊ូហារ   16  និង កងពលរបស់កុលសម្ព័ន្ធសាប់យូឡូន ដឹកនាំដោយលោកអេលាប ជាកូនរបស់លោកហេឡូន។   17  គេបានរើព្រះពន្លា ហើយកូនចៅគើសុន និង កូនចៅម៉្រារី នាំគ្នាសែងព្រះពន្លានោះចេញដំណើរទៅ។   18  បន្ទាប់មកទង់សញ្ញានៃជំរំរូបេនចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលរូបេន ដឹកនាំដោយលោកអេលីស៊ើរ ជាកូនរបស់លោកសេដេអ៊ើរ   19  កងពលរបស់កុលសម្ព័ន្ធស៊ីម្មាន ដឹកនាំដោយលោកស៊្លូមាល ជាកូនរបស់លោកស៊ូរីសាដាយ   20  និង កងពលរបស់កុលសម្ព័ន្ធកាដ ដឹកនាំដោយលោកអេលាសាប់ជាកូនរបស់លោកដេអ៊ូអែល។   21  បន្ទាប់មក កូនចៅកេហាត់ចេញដំណើរទៅ ទាំងសែងទីសក្ការៈទៅជាមួយផង។ ពួកលេវីឯទៀតៗត្រូវដំឡើងព្រះពន្លាមុនពួកគេទៅដល់។   22  បន្ទាប់មកទៀត ទង់សញ្ញានៃជំរំអេប្រាអ៊ីមចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលអេប្រាអ៊ីម ដឹកនាំដោយលោកអេលីសាម៉ា ជាកូនរបស់លោកអាំមីហ៊ូដ   23  កងពលរបស់កុលសម្ព័ន្ធម៉ាណាសេដឹកនាំដោយលោកកាម៉ាលាល ជាកូនរបស់លោកផ្តាស៊ើរ   24  និង កងពលរបស់កុលសម្ព័ន្ធបេនយ៉ាមីន ដឹកនាំដោយលោកអប៊ីដាន ជាកូនរបស់លោកគីដាហូនី។   25  ក្រោយគេបង្អស់ទង់សញ្ញានៃជំរំដាន់ចេញដំណើរជាមួយកងទ័ពរបស់ខ្លួន ដែលមានកងពលដាន់ដឹកនាំដោយលោកអហ៊ីយេស៊ើរ ជាកូនរបស់លោកអាំមីសាដាយ   26  កងពលរបស់កុលសម្ព័ន្ធអេស៊ើរ ដឹកនាំដោយលោកប៉ាគីហ៊ាល ជាកូនរបស់លោកអូក្រាន   27  និង កងពលរបស់កុលសម្ព័ន្ធណែបថាលី ដឹកនាំដោយលោកអហ៊ីរ៉ាជាកូនរបស់លោកអេណាន់។   28  ជនជាតិអ៊ីស្រាអែលនាំគ្នាចេញដំណើរ ជាក្បួនទ័ពរបស់គេ តាមលំដាប់លំដោយបែបនេះឯង។   29  លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកហូបាប់ ជាកូនរបស់លោករេហួល ជនជាតិម៉ាឌាន ដែលត្រូវជាឪពុកក្មេករបស់លោកថា៖ «ពួកយើងចេញដំណើរឆ្ពោះទៅកាន់ទឹកដីដែលព្រះអម្ចាស់សន្យាប្រទានអោយពួកយើង។ ដូច្នេះសូមបងអញ្ជើញទៅជាមួយពួកយើងទៅ ពួកយើងនឹងផ្តល់អោយបងមានសុភមង្គល ដែលព្រះអម្ចាស់បានសន្យាប្រទានអោយជនជាតិអ៊ីស្រាអែល»។   30  លោកហូបាប់តបថា៖ «ខ្ញុំមិនទៅទេ គឺខ្ញុំទៅស្រុករបស់ខ្ញុំ ជួបជុំនឹងក្រុមញាតិរបស់ខ្ញុំវិញ»។   31  លោកម៉ូសេមានប្រសាសន៍ថា៖ «សូមកុំបោះបង់ចោលពួកយើងឡើយ ដ្បិតបងស្គាល់កន្លែងដែលយើងអាចបោះជំរំក្នុងវាលរហោស្ថាន ហើយបងនឹងនាំផ្លូវពួកយើង។   32  ប្រសិនបើបងទៅជាមួយពួកយើង នោះពួកយើងនឹងអោយបងបានសប្បាយរួមជាមួយពួកយើង នៅពេលព្រះអម្ចាស់ប្រទានព្រះពរមកពួកយើង»។   33  ជនជាតិអ៊ីស្រាអែលនាំគ្នាចាកចេញពីភ្នំរបស់ព្រះអម្ចាស់ ធ្វើដំណើរអស់រយៈពេលបីថ្ងៃ។ ក្នុងពេលធ្វើដំណើរបីថ្ងៃនោះគេសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ នៅខាងមុខ ដើម្បីស្វែងរកកន្លែងស្រួលឈប់សំរាក។   34  ពេលពួកគេរើជំរំចេញដំណើរ ពពករបស់ព្រះអម្ចាស់ស្ថិតពីលើពួកគេ នៅពេលថ្ងៃ។   35  ពេលហិបរបស់ព្រះអម្ចាស់ចេញដំណើរ លោកម៉ូសេបន្លឺសំឡេងថា៖ «ព្រះអម្ចាស់អើយ សូមក្រោកឡើង សូមអោយបច្ចាមិត្តរបស់ព្រះអង្គ ត្រូវខ្ចាត់ខ្ចាយ ! សូមអោយអស់អ្នកដែលស្អប់ព្រះអង្គ ត្រូវបាក់ទ័ពនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ!»។   36  ពេលគេដាក់ហិបចុះ លោកមានប្រសាសន៍ថា៖ «ព្រះអម្ចាស់អើយ សូមយាងមកគង់ជាមួយជនជាតិអ៊ីស្រាអែលដែលមានចំនួនយ៉ាងច្រើនអនេកអនន្ត»។