KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Numbers - ជនគណនា 1 - Khmer, Central - Old Version - Bible.is - KMHKOV

  1  នៅថ្ងៃទីមួយ ខែពិសាខ នៃឆ្នាំទីពីរក្រោយពេលប្រជាជនអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីបព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅវាលរហោស្ថានស៊ីណៃ ក្នុងពន្លាជួបព្រះអង្គដូចតទៅនេះ៖   2  «ចូរជំរឿនប្រជាជនក្នុងសហគមន៍អ៊ីស្រាអែលទាំងមូលដោយរាប់ឈ្មោះប្រុសៗទាំងអស់ តាមអំបូរតាមគ្រួសាររបស់គេ។   3  អើរ៉ុន និង អ្នកផ្ទាល់ត្រូវជំរឿនប្រជាជនអ៊ីស្រាអែលទាំងអស់ តាមកងពលរបស់ពួកគេ គឺអ្នកដែលអាចបំរើកងទ័ពបាន និង មានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ។   4  ក្នុងកុលសម្ព័ន្ធនីមួយៗត្រូវយកបុរសម្នាក់ដែលជាមេលើក្រុមគ្រួសារ មកជួយអ្នកទាំងពីរក្នុងការជំរឿនប្រជាជន។   5  អស់អ្នកដែលត្រូវមកធ្វើការជាមួយអ្នកទាំងពីរ មានរាយនាមដូចតទៅ : អេលីស៊ើរ ជាកូនរបស់សេដេអ៊ើរ ពីកុលសម្ព័ន្ធរូបេន។   6  ស្លូមាលជាកូនរបស់ស៊ូរីសាដាយ ពីកុលសម្ព័ន្ធស៊ីម្មាន។   7  ណាសូនជាកូនរបស់អមីណាដាប់ ពីកុលសម្ព័ន្ធយូដា។   8  នេថានេលជាកូនរបស់ស៊ូហារ ពីកុលសម្ព័ន្ធអ៊ីសាខារ។   9  អេលាប ជាកូនរបស់ហេឡូន ពីកុលសម្ព័ន្ធសាប់យូឡូន។   10  ក្នុងពូជពង្សរបស់យ៉ូសែប គឺអេលីសាម៉ា ជាកូនរបស់អាំមីហ៊ូដ ពីកុលសម្ព័ន្ធអេប្រាអ៊ីម និង កាម៉ាលាលជាកូនរបស់ផ្តាស៊ើរ ពីកុលសម្ព័ន្ធម៉ាណាសេ។   11  អប៊ីដាន ជាកូនរបស់គីដាហូនី ពីកុលសម្ព័ន្ធបេនយ៉ាមីន។   12  អហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ ពីកុលសម្ព័ន្ធដាន់។   13  ប៉ាគីហ៊ាល ជាកូនរបស់អូក្រាន ពីកុលសម្ព័ន្ធអេស៊ើរ។   14  អេលាសាប់ ជាកូនរបស់ដេហូអែល ពីកុលសម្ព័ន្ធកាដ។   15  អហ៊ីរ៉ា ជាកូនរបស់អេណាន់ ពីកុលសម្ព័ន្ធណែបថាលី»។   16  អស់លោកទាំងនេះសុទ្ធតែជាតំណាងរបស់សហគមន៍ ជាមេដឹកនាំកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន និង ជាមេទ័ពអ៊ីស្រាអែល។   17  លោកម៉ូសេ និង លោកអើរ៉ុនបាននាំអស់អ្នកដែលមានរាយនាមខាងលើនេះមក   18  ហើយនៅថ្ងៃទីមួយ នៃខែពិសាខនោះ គេបានប្រមូលផ្តុំសហគមន៍ទាំងមូល។ ជនជាតិអ៊ីស្រាអែលដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ នាំគ្នាចុះឈ្មោះក្នុងបញ្ជី តាមខ្សែស្រឡាយតាមអំបូរ និង តាមគ្រួសាររបស់ខ្លួន។   19  លោកម៉ូសេជំរឿនប្រជាជន នៅវាលរហោស្ថានស៊ីណៃដូចព្រះអម្ចាស់បានបង្គាប់មកលោក។   20  កូនចៅលោករូបេនជាកូនច្បងរបស់លោកអ៊ីស្រាអែល រាប់តាមខ្សែស្រឡាយតាមអំបូរ តាមគ្រួសារប្រុសៗទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និង អាចបំរើកងទ័ពបាន   21  ក្នុងកុលសម្ព័ន្ធរូបេន ជំរឿនបានទាំងអស់ ៤៦ ៥០០ នាក់។   22  កូនចៅលោកស៊ីម្មាន រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារ ចំនួនប្រុសៗទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និង អាចបំរើកងទ័ពបាន   23  ក្នុងកុលសម្ព័ន្ធស៊ីម្មាន ជំរឿនបានទាំងអស់៥៩ ៣០០នាក់។   24  កូនចៅលោកកាដ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និង អាចបំរើកងទ័ពបាន   25  ក្នុងកុលសម្ព័ន្ធកាដជំរឿនបានទាំងអស់ ៤៥ ៦៥០នាក់។   26  កូនចៅលោកយូដារាប់តាមគ្រួសារតាមខ្សែស្រឡាយតាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និង អាចបំរើកងទ័ពបាន   27  ក្នុងកុលសម្ព័ន្ធយូដាជំរឿនបានទាំងអស់ ៧៤ ៦០០នាក់។   28  កូនចៅលោកអ៊ីសាខារ រាប់តាមគ្រួសារ តាមខ្សែស្រឡាយ តាមអំបូរ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និង អាចបំរើកងទ័ពបាន   29  ក្នុងកុលសម្ព័ន្ធអ៊ីសាខារ ជំរឿនបានទាំងអស់៥៤ ៤០០នាក់។   30  កូនចៅលោកសាប់យូឡូនរាប់តាមគ្រួសារតាមខ្សែស្រឡាយ តាមអំបូរអស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និង អាចបំរើកងទ័ពបាន   31  ក្នុងកុលសម្ព័ន្ធសាប់យូឡូន ជំរឿនបានទាំងអស់៥៧ ៤០០នាក់។   32  រីឯពូជពង្សរបស់លោកយ៉ូសែប កូនចៅលោកអេប្រាអ៊ីម រាប់តាមខ្សែស្រឡាយ តាមអំបូរតាមគ្រួសារ អស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និង អាចបំរើកងទ័ពបាន   33  ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីមជំរឿនបានទាំងអស់ ៤០ ៥០០នាក់។   34  កូនចៅលោកម៉ាណាសេ រាប់តាមគ្រួសារតាមខ្សែស្រឡាយ តាមអំបូរអស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និង អាចបំរើកងទ័ពបាន   35  ក្នុងកុលសម្ព័ន្ធម៉ាណាសេ ជំរឿនបានទាំងអស់ ៣២២០០ នាក់។   36  កូនចៅលោកបេនយ៉ាមីន រាប់តាមគ្រួសារតាមខ្សែស្រឡាយ តាមអំបូរអស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និង អាចបំរើកងទ័ពបាន   37  ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ជំរឿនបានទាំងអស់៣៥ ៤០០នាក់។   38  កូនចៅលោកដាន់រាប់តាមគ្រួសារតាមខ្សែស្រឡាយតាមអំបូរអស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និង អាចបំរើកងទ័ពបាន   39  ក្នុងកុលសម្ព័ន្ធដាន់ ជំរឿនបានទាំងអស់ ៦២ ៧០០ នាក់។   40  កូនចៅលោកអេស៊ើរ រាប់តាមគ្រួសារតាមខ្សែស្រឡាយ តាមអំបូរអស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និង អាចបំរើកងទ័ពបាន   41  ក្នុងកុលសម្ព័ន្ធអេស៊ើរ ជំរឿនបានទាំងអស់ ៤១ ៥០០នាក់។   42  រីឯកូនចៅលោកណែបថាលីរាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារអស់អ្នកដែលមានអាយុម្ភៃឆ្នាំឡើងទៅ និង អាចបំរើកងទ័ពបាន   43  ក្នុងកុលសម្ព័ន្ធណែបថាលី ជំរឿនបានទាំងអស់៥៣ ៤០០នាក់។   44  នេះជាចំនួនអស់អ្នកដែលលោកម៉ូសេ លោកអើរ៉ុននិង មេដឹកនាំទាំងដប់ពីរ ជាតំណាងរបស់កុលសម្ព័ន្ធអ៊ីស្រាអែល បានជំរឿន។   45  ចំនួនជនជាតិអ៊ីស្រាអែលទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ និង អាចបំរើកងទ័ពបានរាប់តាមគ្រួសាររបស់គេ   46  ជំរឿនបានទាំងអស់ ៦០៣ ៥៥០នាក់។   47  គេពុំបានជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធលេវីជាមួយអ្នកឯទៀតៗទេ   48  ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖   49  «កុំជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធលេវីជាមួយជនជាតិអ៊ីស្រាអែលឯទៀតៗឡើយ។   50  ចូរប្រគល់ភារកិច្ចអោយពួកគេមើលខុសត្រូវក្នុងព្រះពន្លានៃសន្ធិសញ្ញានិង ថែរក្សាគ្រឿងបរិក្ខារទាំងប៉ុន្មានដែលមាននៅទីនោះ។ ពួកគេសែងព្រះពន្លា និង គ្រឿងបរិក្ខារទាំងប៉ុន្មាននៅក្នុងព្រះពន្លា ពួកគេបំរើការងារនៅក្នុងព្រះពន្លា ហើយបោះជំរំនៅជុំវិញព្រះពន្លានោះ។   51  ពេលណាព្រះពន្លាត្រូវចាកចេញ ពួកលេវីត្រូវរុះព្រះពន្លា ពេលណាព្រះពន្លា ត្រូវឈប់ ពួកលេវី ដំឡើងព្រះពន្លាឡើងវិញ។ រីឯអ្នកផ្សេងដែលចូលមកជិតព្រះពន្លានឹងមានទោសដល់ស្លាប់។   52  ជនជាតិអ៊ីស្រាអែលបោះជំរំនៅតាមកន្លែងរបស់ខ្លួន ក្បែរទង់សញ្ញានៃកងពលរបស់គេរៀងៗខ្លួន។   53  មានតែពួកលេវីប៉ុណ្ណោះដែលបោះជំរំនៅជុំវិញព្រះពន្លានៃសន្ធិសញ្ញា។ ធ្វើដូច្នេះសហគមន៍អ៊ីស្រាអែលមិនបណ្តាលអោយខ្លួនមានទោសឡើយ។ ពួកលេវីមានភារកិច្ចបំរើការងារ នៅក្នុងព្រះពន្លានៃសន្ធិសញ្ញា»។   54  ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាម្រពះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ឥតមានចន្លោះត្រង់ណាឡើយ។