KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Nehemiah - លោកនេហេមា 6 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ពេលលោកសាន់បាឡាត់ លោកថូប៊ីយ៉ា លោកកេសែម ជាជនជាតិអារ៉ាប់ ព្រមទាំងខ្មាំងសត្រូវឯទៀតៗ ទទួលដំណឹងថាខ្ញុំបានសង់កំពែងក្រុងយេរូសាឡឹមឡើងវិញ រីឯកន្លែងបាក់បែកក៏បានជួសជុលហើយ- នៅគ្រានោះខ្ញុំពុំទាន់បានដាក់សន្លឹកទ្វារក្រុងនៅឡើយ -   2  លោកសាន់បាឡាត់ និង លោកកេសែមក៏ចាត់គេអោយមកប្រាប់ខ្ញុំថា៖ «សូមអញ្ជើញមកពិភាក្សាគ្នានៅកេភីរីម ក្នុងជ្រលងភ្នំអូណូ»។ អ្នកទាំងនោះឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបខ្ញុំ។   3  ខ្ញុំចាត់អ្នកនាំសារអោយយកចម្លើយទៅប្រាប់ពួកគេវិញថា៖ «ខ្ញុំមានកិច្ចការដ៏ច្រើនដែលត្រូវធ្វើ ខ្ញុំមិនអាចចុះមកជួបអស់លោកបានទេ។ ប្រសិនបើខ្ញុំចុះមកជួបអស់លោក ការងារមុខជាត្រូវផ្អាកពុំខាន»។   4  ពួកគេចាត់មនុស្សអោយនាំពាក្យដដែលនេះមកប្រាប់ខ្ញុំដល់ទៅបួនដង ខ្ញុំក៏ផ្តល់ចម្លើយដដែលទៅពួកគេវិញ។   5  លោកសាន់បាឡាត់ចាត់អ្នកជំនិតរបស់គាត់អោយនាំពាក្យដដែលមកជាលើកទីប្រាំ។ អ្នកនាំសារនោះកាន់សំបុត្រដែលបើកចំហ មកជាមួយផង។   6  សំបុត្រនោះមានសេចក្តីដូចតទៅ៖ «មានលេចឮដំណឹងក្នុងចំណោមប្រជាជាតិនានាថា លោក និង ជនជាតិយូដាមានបំណងបះបោរ ហេតុនេះហើយបានជាលោកសង់កំពែងក្រុងនេះឡើង។ លោកកេសែមបានបញ្ជាក់អំពីដំណឹងនេះដែរ។ គេថាលោកចង់ឡើងធ្វើជាស្តេចរបស់គេ។   7  លោកក៏បានតែងតាំងពួកព្យាការីអោយប្រកាសនៅក្រុងយេរូសាឡឹមស្តីអំពីរូបលោកថា មានស្តេចមួយអង្គនៅស្រុកយូដាហើយ! ដំណឹងបែបនេះ មុខជាលេចឮទៅដល់ព្រះចៅអធិរាជមិនខាន។ ដូច្នេះ សូមអញ្ជើញមក យើងនឹងពិភាក្សាគ្នា»។   8  ខ្ញុំផ្ញើចម្លើយទៅគាត់វិញថា៖ «ពាក្យចចាមអារ៉ាមដែលលោករៀបរាប់នេះ មិនពិតទាល់តែសោះគឺលោកទេតើដែលប្រឌិតរឿងទាំងនេះ!»។   9  អ្នកទាំងនោះមានបំណងបំភ័យពួកយើង ដោយគិតថាពួកយើងមុខជាបាក់ទឹកចិត្ត លែងធ្វើការតទៅមុខទៀត។ ឱព្រះអម្ចាស់អើយសូមប្រទានកម្លាំងអោយទូលបង្គំឥឡូវនេះផង!   10  ខ្ញុំទៅផ្ទះលោកសេម៉ាយ៉ា ជាកូនរបស់លោកដេឡាយ៉ា និង ជាចៅរបស់លោកមហេថាបែល ដ្បិតគាត់ពុំអាចចេញពីផ្ទះបានទេ។ គាត់ប្រាប់ខ្ញុំថា៖ «ចូរយើងទៅព្រះដំណាក់របស់ព្រះជាម្ចាស់ជាមួយគ្នា រួចចូលទៅខាងក្នុងទីសក្ការៈ និង បិទទ្វារយ៉ាងជិត ដ្បិតពួកគេនាំគ្នាមករកសម្លាប់លោក នៅពេលយប់»។   11  ខ្ញុំឆ្លើយវិញថា៖ «មនុស្សដូចខ្ញុំនេះ មិនចេះរត់គេចខ្លួនទេ! មួយវិញទៀត មនុស្សដូចខ្ញុំនេះមិនអាចចូលទៅក្នុងទីសក្ការៈ ហើយនៅរស់បានទៀតទេ។ ខ្ញុំមិនចូលទៅក្នុងព្រះវិហារឡើយ»។   12  ខ្ញុំយល់ឃើញថាព្រះជាម្ចាស់មិនបានចាត់គាត់អោយនាំពាក្យនេះមកថ្លែងប្រាប់ខ្ញុំទេ។ គាត់ពោលដូច្នេះ មកពីលោកសាន់បាឡាត់ និង លោកថូប៊ីយ៉ាសូកគាត់។   13  ពួកគេសូកគាត់មកពីគេសង្ឃឹមថាខ្ញុំនឹងភ័យខ្លាច ហើយធ្វើតាមយោបល់របស់គាត់ ជាហេតុនាំអោយខ្ញុំប្រព្រឹត្តអំពើបាប រួចគេនឹងយករឿងនេះទៅបរិហារ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ។   14  «ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីអំពើដែលលោកថូប៊ីយ៉ា និង លោកសាន់បាឡាត់ បានប្រព្រឹត្ត ហើយសូមនឹកចាំពីព្យាការិនី ណូអាឌា និង ព្យាការីឯទៀតៗដែលចង់បំភ័យទូលបង្គំដែរ»។   15  កំពែងក្រុងត្រូវបានជួសជុលចប់សព្វគ្រប់នៅថ្ងៃទីម្ភៃប្រាំ ខែភទ្របទ គឺអស់រយៈពេលហាសិបពីរថ្ងៃ។   16  ពេលខ្មាំងសត្រូវក្នុងចំណោមប្រជាជាតិដែលនៅជុំវិញយើង ដឹងដំណឹងនេះពួកគេនាំគ្នាភ័យខ្លាច។ ពួកគេបាក់មុខ ហើយយល់ឃើញថាសំណង់នេះសំរេចជារូបរាងឡើងដោយសារព្រះនៃយើងបានជួយ។   17  នៅគ្រានោះ ពួកអភិជននៅស្រុកយូដាតែងតែសរសេរលិខិតឆ្លើយឆ្លងជាមួយលោកថូប៊ីយ៉ាជាញឹកញាប់   18  ដ្បិតមានមនុស្សជាច្រើននៅស្រុកយូដាជាប់ពាក់ព័ន្ធជាមួយគាត់ ដោយសារពាក្យសម្បថ ព្រោះគាត់ត្រូវជាកូនប្រសាររបស់ជនជាតិយូដាម្នាក់ឈ្មោះសេកានា ជាកូនរបស់លោកអើរ៉ាស ហើយលោកយ៉ូហាណានជាកូនប្រុសរបស់គាត់ ក៏បានរៀបការជាមួយកូនស្រីរបស់លោកមស៊ូឡាម ជាកូនរបស់លោកបេរេគា។   19  អ្នកទាំងនោះចេះតែនិយាយសរសើរគាត់ នៅមុខខ្ញុំហើយថែមទាំងនាំពាក្យដែលខ្ញុំនិយាយ យកទៅប្រាប់គាត់ទៀតផង។ លោកថូប៊ីយ៉ាតែងតែផ្ញើសំបុត្រមកបំភ័យខ្ញុំ។