KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Nehemiah - លោកនេហេមា 13 - Khmer, Central - Old Version - Bible.is - KMHKOV

  1  នៅគ្រានោះ ពេលអានគម្ពីរវិន័យរបស់លោកម៉ូសេ នៅចំពោះមុខប្រជាជនទាំងអស់ គេឃើញមានអត្ថបទមួយចែងថាជនជាតិអាំម៉ូន និង ជនជាតិម៉ូអាប់មិនអាចចូលរួមក្នុងក្រុមជំនុំរបស់ព្រះជាម្ចាស់ជាដាច់ខាត   2  ដ្បិតពួកគេពុំបានយកអាហារ និង ទឹក មកទទួលជនជាតិអ៊ីស្រាអែលទេ។ ជនជាតិម៉ូអាប់បានសូកលោកបាឡាមអោយដាក់បណ្តាសាជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ ព្រះរបស់យើងបានប្តូរបណ្តាសា អោយប្រែទៅជាព្រះពរវិញ។   3  ពេលឮក្រឹត្យវិន័យនេះហើយ គេក៏បំបែកជនជាតិអ៊ីស្រាអែលចេញពីសាសន៍ដទៃទាំងប៉ុន្មាន។   4  មុនពេលនោះ គេតែងតាំងលោកបូជាចារ្យអេលីយ៉ាស៊ីបអោយមើលខុសត្រូវបន្ទប់នានាក្នុងព្រះដំណាក់របស់ព្រះនៃយើង។ ដោយលោកត្រូវជាសាច់ញាតិរបស់លោកថូប៊ីយ៉ា   5  លោកបានរៀបចំបន្ទប់មួយធំ សំរាប់ទទួលលោកថូប៊ីយ៉ា គឺបន្ទប់ដែលគេដាក់តង្វាយម្សៅ គ្រឿងក្រអូបគ្រឿងបរិក្ខាររបស់ព្រះវិហារ ព្រមទាំងស្រូវស្រាទំពាំងបាយជូរ និង ប្រេងជាតង្វាយមួយភាគដប់ដែលបំរុងទុកសំរាប់ពួកលេវី ក្រុមចំរៀង ក្រុមយាមទ្វារ និង ជាចំណែកដែលញែកសំរាប់ក្រុមបូជាចារ្យ។   6  ពេលហេតុការណ៍នេះកើតមាន ខ្ញុំមិននៅក្រុងយេរូសាឡឹមទេ ដ្បិតខ្ញុំបានវិលទៅគាល់ព្រះចៅអើថាស៊ើកសេសជាស្តេចស្រុកបាប៊ីឡូនវិញ នៅឆ្នាំទីសាមសិបពីរនៃរជ្ជកាលរបស់ស្តេច។ នៅចុងឆ្នាំខ្ញុំបានទទួលរាជានុញ្ញាត   7  វិលមកក្រុងយេរូសាឡឹមវិញ ហើយឃើញអំពើដ៏អាក្រក់ដែលលោកអេលីយ៉ាស៊ីបបានប្រព្រឹត្តគឺលោករៀបចំបន្ទប់មួយ ក្នុងទីធ្លាព្រះដំណាក់របស់ព្រះជាម្ចាស់ សំរាប់លោកថូប៊ីយ៉ា។   8  ខ្ញុំមិនសប្បាយចិត្តទាល់តែសោះ ខ្ញុំក៏អោយគេយកសម្ភារៈទាំងប៉ុន្មានដែលជាកម្មសិទ្ធិរបស់លោកថូប៊ីយ៉ាបោះទៅខាងក្រៅបន្ទប់   9  ខ្ញុំអោយគេធ្វើពិធីជំរះបន្ទប់ទាំងនោះ ហើយយកសម្ភារៈនៃព្រះដំណាក់ព្រះជាម្ចាស់តង្វាយ និង គ្រឿងក្រអូប មកដាក់ជំនួសវិញ។   10  ខ្ញុំក៏ទទួលដំណឹងថាក្រុមលេវីពុំបានទទួលរបបរបស់ខ្លួនទេ ដូច្នេះពួកលេវីនិង ក្រុមចំរៀងដែលត្រូវបំពេញមុខងារនៅក្នុងព្រះដំណាក់ បែរជានាំគ្នារត់ទៅធ្វើស្រែចំការរបស់ខ្លួនទៅវិញ។   11  ខ្ញុំស្តីបន្ទោសពួកអ្នកគ្រប់គ្រងថា «ហេតុអ្វីបានជាអស់លោកបោះបង់ចោលព្រះដំណាក់របស់ព្រះជាម្ចាស់ដូច្នេះ?»។ ខ្ញុំក៏ប្រមូលក្រុមលេវី និង ក្រុមចំរៀងអោយមកបំពេញមុខងាររបស់ខ្លួនវិញ។   12  ពេលនោះប្រជាជនយូដាទាំងមូលយកស្រូវ ស្រាទំពាំងបាយជូរថ្មី និង ប្រេងដែលជាតង្វាយមួយភាគដប់ មកដាក់ក្នុងឃ្លាំង។   13  ខ្ញុំបានប្រគល់ភារកិច្ចមើលខុសត្រូវឃ្លាំង ទៅលោកសេលេមា ជាបូជាចារ្យលោកសាដុក ជាបណ្ឌិតខាងវិន័យ និង លោកពេដាយ៉ា ពីក្រុមលេវី ហើយក៏មានលោកហាណានជាកូនរបស់លោកសាគើរ និង ជាចៅរបស់លោកម៉ាថានាធ្វើការរួមជាមួយដែរ។ ប្រជាជនទទួលស្គាល់ថា លោកទាំងនោះជាមនុស្សស្មោះត្រង់ ដូច្នេះពួកគេមានភារកិច្ចចែករបបអោយបងប្អូនរបស់ខ្លួន។   14  ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីការដែលទូលបង្គំបានធ្វើនេះផង! សូមកុំបំភ្លេចកិច្ចការផ្សេងៗដែលទូលបង្គំបានប្រព្រឹត្ត ដោយចិត្តស្មោះត្រង់ចំពោះព្រះដំណាក់របស់ព្រះអង្គ និង អោយប្រជាជនធ្វើពិធីគោរពបំរើព្រះអង្គ។   15  នៅគ្រានោះ ខ្ញុំបានឃើញមនុស្សមួយចំនួននៅស្រុកយូដានាំគ្នាកៀបផ្លែទំពាំងបាយជូរនៅថ្ងៃសប្ប័ទ ហើយខ្ញុំក៏ឃើញគេដឹកកណ្តាប់ស្រូវដឹកស្រា ដឹកផ្លែទំពាំងបាយជូរ ផ្លែឧទុម្ពរ និង របស់ឯទៀតៗ លើខ្នងលានាំចូលមកក្រុងយេរូសាឡឹមនៅថ្ងៃសប្ប័ទ។ ខ្ញុំព្រមានពួកគេកុំអោយលក់ដូរអ្វីនៅថ្ងៃនោះ។   16  មានអ្នកក្រុងទីរ៉ុសខ្លះដែលរស់នៅក្រុងយេរូសាឡឹម តែងតែដឹកត្រី និង ទំនិញគ្រប់យ៉ាង មកលក់អោយអ្នកស្រុកយូដា និង អ្នកក្រុងយេរូសាឡឹមនៅថ្ងៃសប្ប័ទ។   17  ខ្ញុំបន្ទោសពួកអភិជននៃស្រុកយូដាថា៖ «ម្តេចក៏អស់លោកប្រព្រឹត្តអំពើអាក្រក់ ដោយរំលោភលើថ្ងៃសប្ប័ទដូច្នេះ?   18  ព្រះជាម្ចាស់បានធ្វើអោយទុក្ខលំបាកសព្វបែបយ៉ាងកើតមានដល់ពួកយើង និង ក្រុងយេរូសាឡឹម ព្រោះតែដូនតារបស់អស់លោកធ្លាប់ប្រព្រឹត្តអាក្រក់បែបនេះដែរ។ រីឯអស់លោកវិញអស់លោករំលោភលើថ្ងៃសប្ប័ទដូច្នេះ តើអស់លោកចង់ធ្វើអោយព្រះពិរោធរបស់ព្រះអង្គឆាបឆេះលើជនជាតិអ៊ីស្រាអែលកាន់តែខ្លាំងឡើងថែមទៀតឬ!»។   19  បន្ទាប់មក ខ្ញុំបញ្ជាអោយគេខ្ទាស់ទ្វារក្រុងនៅល្ងាចផ្តើមថ្ងៃសប្ប័ទ ហើយខ្ញុំប្រាប់អោយគេបើកទ្វារវិញ ក្រោយថ្ងៃសប្ប័ទ។ ខ្ញុំដាក់សហការីរបស់ខ្ញុំមួយចំនួន អោយយាមមាត់ទ្វារក្រុងដើម្បីកុំអោយនរណាដឹកអ្វីចូលទីក្រុងនៅថ្ងៃសប្ប័ទឡើយ។   20  ដូច្នេះ អ្នកជំនួញ និង អ្នកលក់ដូរទំនិញគ្រប់យ៉ាង ត្រូវតែនៅខាងក្រៅក្រុងយេរូសាឡឹម មួយយប់ ឬ ពីរយប់។   21  ខ្ញុំព្រមានពួកគេថា៖ «ហេតុអ្វី បានជាអ្នករាល់គ្នានៅខាងមុខកំពែងក្រុងដូច្នេះ? ប្រសិនបើអ្នករាល់គ្នាធ្វើបែបនេះទៀត ខ្ញុំនឹងចាប់ខ្លួនអ្នករាល់គ្នាជាមិនខាន»។ ចាប់ពីពេលនោះ ពួកគេលែងធ្វើដំណើរមកក្រុងយេរូសាឡឹមនៅថ្ងៃសប្ប័ទ ទៀតហើយ។   22  ខ្ញុំបានប្រាប់ក្រុមលេវីអោយធ្វើពិធីជំរះកាយរួចមកយាមទ្វារនៅថ្ងៃសប្ប័ទ ដើម្បីញែកថ្ងៃនោះជាថ្ងៃវិសុទ្ធ។ ឱព្រះនៃទូលបង្គំអើយ ហេតុនេះសូមនឹកចាំពីទូលបង្គំសូមអាណិតមេត្តាទូលបង្គំ ដោយព្រះហប្ញទ័យសប្បុរសដ៏ធំធេងរបស់ព្រះអង្គ។   23  នៅគ្រាដដែលនោះ ខ្ញុំសង្កេតឃើញជនជាតិយូដាមួយចំនួនរៀបការជាមួយស្ត្រីមកពីក្រុងអាសដូឌស្ត្រីសាសន៍អាំម៉ូន និង ស្ត្រីសាសន៍ម៉ូអាប់។   24  កូនរបស់ពួកគេចំនួនពាក់កណ្តាលនិយាយភាសាអាសដូឌ គឺមិនចេះនិយាយភាសាយូដាទេ ពួកគេចេះនិយាយតែភាសារបស់ជនជាតិដទៃប៉ុណ្ណោះ។   25  ខ្ញុំបានស្តីបន្ទោសអ្នកទាំងនោះ និង ខ្ញុំដាក់បណ្តាសាពួកគេខ្ញុំបានវាយអ្នកខ្លះព្រមទាំងទាញសក់ពួកគេ ហើយអោយពួកគេស្បថក្នុងព្រះនាមព្រះជាម្ចាស់ ដោយពោលថា ៖ «អ្នករាល់គ្នាមិនត្រូវលើកកូនស្រីអោយសាសន៍ដទៃ និង ដណ្តឹងកូនស្រីរបស់សាសន៍ដទៃអោយកូនប្រុសរបស់ខ្លួនឡើយ។   26  ព្រោះតែបញ្ហានេះហើយដែលព្រះបាទសាឡូម៉ូន ជាស្តេចស្រុកអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាប។ ក្នុងចំណោមស្តេចរបស់ជាតិសាសន៍ទាំងអស់ គ្មានស្តេចណាមួយដូចព្រះបាទសាឡូម៉ូនទេ។ ព្រះជាម្ចាស់ស្រឡាញ់ព្រះបាទសាឡូម៉ូន ព្រះអង្គបានតែងតាំងស្តេច អោយគ្រងរាជ្យលើជនជាតិអ៊ីស្រាអែលទាំងមូល ប៉ុន្តែស្ត្រីសាសន៍ដទៃអូសទាញស្តេចអោយប្រព្រឹត្តអំពើបាប។   27  ដូច្នេះ យើងមិនចង់ឮដំណឹងថាអ្នករាល់គ្នាផ្ទាល់ ប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ ហើយក្បត់នឹងព្រះនៃយើង ដោយរៀបការជាមួយស្ត្រីសាសន៍ដទៃឡើយ»។   28  លោកយ៉ូយ៉ាដា ជាកូនរបស់លោកមហាបូជាចារ្យអេលីយ៉ាស៊ីប មានកូនប្រុសម្នាក់ត្រូវជាកូនប្រសាររបស់លោកសាន់បាឡាត់ ជាអ្នកស្រុកហូរ៉ូណែម។ ខ្ញុំបានដេញអ្នកនោះចេញឆ្ងាយពីខ្ញុំ។   29  ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីអ្នកទាំងនោះ ដែលបានធ្វើអោយមុខងាររបស់ខ្លួនជាបូជាចារ្យទៅជាសៅហ្មង ហើយធ្វើអោយសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយក្រុមបូជាចារ្យ និង ក្រុមលេវី ទៅជាស្មៅហ្មងដែរ។   30  ខ្ញុំបានជំរះពួកគេអោយដាច់ស្រឡះពីជនបរទេស ហើយខ្ញុំបានចេញច្បាប់អោយក្រុមបូជាចារ្យ និង ក្រុមលេវីអនុវត្ត ស្របតាមមុខងាររបស់ខ្លួន។   31  ខ្ញុំបានចាត់ចែងអោយប្រជាជនយកអុសមកថ្វាយតាមពេលកំណត់ព្រមទាំងតង្វាយដែលជាផលដំបូងនៃដំណាំរបស់គេដែរ។ ឱព្រះនៃទូលបង្គំអើយ សូមនឹកចាំពីទូលបង្គំហើយប្រព្រឹត្តចំពោះទូលបង្គំដោយព្រះហប្ញទ័យសន្តោសផង។