1 ថ្ងៃក្រោយ ព្រះអម្ចាស់នឹងលើកភ្នំ ដែលមានព្រះដំណាក់របស់ព្រះអង្គ ដាក់នៅលើកំពូលភ្នំទាំងឡាយ ដើម្បីអោយភ្នំនោះបានខ្ពស់ជាងគេ ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ ជាហូរហែ។ 2 ប្រជាជាតិជាច្រើននឹងឡើងទៅភ្នំនោះ ទាំងពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់ព្រះអម្ចាស់ យើងឡើងទៅព្រះដំណាក់នៃព្រះរបស់ លោកយ៉ាកុប។ ព្រះអង្គនឹងបង្រៀនយើងអំពីមាគ៌ារបស់ព្រះអង្គ ហើយយើងនឹងដើរតាមមាគ៌ានេះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។ 3 ព្រះអង្គនឹងធ្វើជាចៅក្រមរវាង ជាតិសាសន៍ដ៏ច្រើន ព្រះអង្គនឹងសំរុះសំរួលប្រជាជាតិដ៏ខ្លាំងពូកែ ដែលនៅឆ្ងាយៗ អោយឈប់ទាស់ទែងគ្នា។ ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួន មកដំធ្វើជាផាលនង្គ័ល ហើយយកលំពែងដំធ្វើជាកណ្តៀវវិញ។ ប្រជាជាតិមួយឈប់ច្បាំងនឹង ប្រជាជាតិមួយទៀត ហើយគេក៏លែងហ្វឹកហាត់ធ្វើសង្គ្រាមដែរ។ 4 មនុស្សម្នានឹងរស់នៅយ៉ាងសុខសាន្ត ក្រោមម្លប់ដើមទំពាំងបាយជូរ និង ដើមឧទុម្ពរ របស់គេរៀងៗខ្លួន។ គ្មាននរណាមករំខានពួកគេឡើយ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ។ 5 ជាតិសាសន៍ទាំងប៉ុន្មាននាំគ្នាដើរតាម ព្រះរបស់គេរៀងៗខ្លួន រីឯពួកយើងវិញ យើងនាំគ្នាដើរតាមព្រះអម្ចាស់ ជាព្រះរបស់យើងជានិច្ច រហូតតរៀងទៅ។ 6 «នៅថ្ងៃនោះ យើងនឹងយកអាសារអ្នករបួស ដែលដើរពុំរួច យើងនឹងប្រមូលផ្តុំអ្នកខ្ចាត់ខ្ចាយក្នុងគ្រាដែល យើងបានធ្វើទោស» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 7 «យើងនឹងអោយអ្នករបួសដើរពុំរួច ក្លាយទៅជាប្រជាជនដែលនៅសេសសល់ ហើយធ្វើអោយអ្នកដែលខ្ចាត់ព្រាត់ ក្លាយទៅជាប្រជាជាតិដ៏ខ្លាំងពូកែ។ យើងជាព្រះអម្ចាស់ នឹងគ្រងរាជ្យលើពួកគេ នៅភ្នំស៊ីយ៉ូន តាំងពីពេលនេះរហូតតទៅ។ 8 រីឯអ្នកវិញ ក្រុងស៊ីយ៉ូនអើយ អ្នកប្រៀបដូចជាប៉មចាំយាម និង ជាបន្ទាយដ៏រឹងមាំ អ្នកនឹងទទួលអំណាចគ្រប់គ្រងដូចពីដើម យេរូសាឡឹមនឹងធ្វើជារាជធានីសាជាថ្មី»។ 9 ឥឡូវនេះ ហេតុអ្វីបានជាអ្នកស្រែកថ្ងូរ ហេតុអ្វីបានជាអ្នកឈឺចុកចាប់ ដូចស្ត្រីសំរាលកូនដូច្នេះ? តើអ្នកគ្មានស្តេចទេឬ? តើទីប្រឹក្សារបស់អ្នកទៅណាបាត់អស់ហើយ? 10 ក្រុងស៊ីយ៉ូនអើយ ចូរឈឺចាប់ និង ស្រែកថ្ងូរ ដូចស្ត្រីសំរាលកូនទៅ! ដ្បិតឥឡូវនេះ អ្នកត្រូវចាកចេញពីទីក្រុង ទៅរស់នៅតាមស្រែចំការ អ្នកនឹងទៅរហូតដល់ស្រុកបាប៊ីឡូន។ នៅទីនេះ ព្រះអម្ចាស់នឹងរំដោះអ្នក ព្រះអង្គនឹងលោះអ្នកពីកណ្តាប់ដៃរបស់ខ្មាំង។ 11 ឥឡូវនេះ ប្រជាជាតិជាច្រើន លើកគ្នាមកវាយប្រហារអ្នក ទាំងបន់ថា: "សូមអោយក្រុងស៊ីយ៉ូនបាត់បង់កិត្តិយស ដើម្បីអោយយើងឃើញក្រុងនេះអន្តរាយ!"។ 12 ប៉ុន្តែ ពួកគេពុំស្គាល់ព្រះហប្ញទ័យរបស់ព្រះអម្ចាស់ទេ ហើយក៏ពុំយល់គំរោងការរបស់ព្រះអង្គដែរ ព្រះអង្គប្រមូលពួកគេដូចប្រមូលកណ្តាប់ស្រូវ នៅក្នុងលានបោកបែន។ 13 «ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរក្រោកឡើង ជាន់កំទេចពួកគេទៅ! យើងនឹងអោយអ្នកមានកម្លាំងខ្លាំងក្លា ដូចគោដែលមានស្នែងធ្វើពីដែក ក្រចកជើងធ្វើពីលង្ហិន អ្នកនឹងជាន់កំទេចជាតិសាសន៍ដ៏ច្រើន ដូចគេបញ្ជាន់ស្រូវ ហើយែញកជ័យភ័ណ្ឌរបស់ពួកគេ ទុកសំរាប់យើង ដែលជាព្រះអម្ចាស់ និង ញែកទ្រព្យសម្បត្តិរបស់គេទុកសំរាប់យើង ដែលជាព្រះអម្ចាស់នៃផែនដីទាំងមូល»។ 14 ឥឡូវនេះ អ្នកក្រុងយេរូសាឡឹមអើយ ចូរអារសាច់របស់ខ្លួនទៅ! ខ្មាំងសត្រូវឡោមព័ទ្ធពួកយើងហើយ គេយកដំបងវាយថ្ពាល់មេគ្រប់គ្រងរបស់ ជនជាតិអ៊ីស្រាអែល។