KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Matthew - ម៉ាថាយ 22 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាទៅពួកគេ ម្ដងទៀតថា៖   2  «ព្រះរាជ្យ នៃស្ថានបរមសុខ ប្រៀបបាននឹងស្ដេចមួយអង្គដែលរៀបវិវាហមង្គលការព្រះរាជបុត្រ។   3  ព្រះរាជាចាត់រាជបំរើអោយទៅអញ្ជើញភ្ញៀវមកជប់លៀង ក្នុងឱកាសមង្គលការនោះ តែគ្មាននរណាមកសោះ។   4  ព្រះអង្គចាត់រាជបំរើផ្សេងទៀត អោយទៅជំរាបភ្ញៀវថាៈ "យើងបានរៀបចំភោជនាហារសំរាប់ជប់លៀង គឺបានសម្លាប់គោ និង សម្លាប់សត្វ ដែលបានបំប៉ននោះ រួចរាល់អស់ហើយ សូមអញ្ជើញមកពិសាការ!"។   5  ប៉ុន្ដែ ភ្ញៀវមិនរវីរវល់អើពើឡើយ អ្នកខ្លះទៅចំការ អ្នកខ្លះទៅធ្វើជំនួញ   6  អ្នកខ្លះទៀតចាប់ពួករាជបំរើ វាយធ្វើបាបព្រមទាំងសម្លាប់ចោលថែមទៀត។   7  ព្រះរាជាទ្រង់ព្រះពិរោធយ៉ាងខ្លាំង ក៏ចាត់ទាហានអោយទៅប្រហារជីវិតឃាតកទាំងនោះ ហើយដុតកំទេចស្រុកភូមិរបស់គេផង។   8  បន្ទាប់មក ទ្រង់មានរាជឱង្ការទៅពួករាជបំរើថាៈ "យើងបានរៀបចំពិធីមង្គលការ រួចស្រេចហើយ ប៉ុន្ដែ ភ្ញៀវទាំងនោះមិនសមនឹងមកចូលរួមទេ។   9  ហេតុនេះ ចូរនាំគ្នាចេញទៅតាមផ្លូវកែង ហើយអញ្ជើញមនុស្សទាំងអស់ដែលអ្នករាល់គ្នាជួប អោយមកជប់លៀង"។   10  ពួករាជបំរើក៏ចេញទៅតាមផ្លូវ ប្រមូលមនុស្សម្នា ដែលគេបានជួបទាំងប៉ុន្មានមក ទាំងអាក្រក់ទាំងល្អ។ ពេលនោះ មានភ្ញៀវពេញរោងការ។   11  ព្រះរាជាយាងចូលមកមើលភ្ញៀវនៅក្នុងរោងការទតឃើញបុរសម្នាក់ស្លៀកពាក់ មិនត្រូវនឹងរបៀបពិធីការ   12  ទ្រង់ក៏មានរាជឱង្ការទៅអ្នកនោះថា "សំឡាញ់អើយ! ហេតុអ្វីបានជាអ្នកចូលមកទីនេះ ដោយមិនស្លៀកសម្លៀកបំពាក់សំរាប់មង្គលការដូច្នេះ?" បុរសនោះរកនិយាយអ្វីមិនចេញឡើយ។   13  ព្រះរាជាបង្គាប់ទៅពួករាជបំរើថា "ចូរចងដៃចងជើងអ្នកនេះ សែងយកទៅចោលនៅទីងងឹតខាងក្រៅ ជាកន្លែងយំសោកខឹងសង្កៀតធ្មេញនោះទៅ!"»។   14  ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «ព្រះជាម្ចាស់ត្រាស់ហៅមនុស្សទាំងអស់ តែព្រះអង្គជ្រើសរើសយកបានចំនួនតិចទេ»។   15  ពួកខាងគណៈផារីស៊ី ចេញទៅពិគ្រោះគ្នារិះរកមធ្យោបាយចាប់កំហុសព្រះយេស៊ូ នៅពេលព្រះអង្គមានព្រះបន្ទូល។   16  គេក៏ចាត់សិស្សរបស់គេ និង ពួកខាងស្ដេចហេរ៉ូដ អោយទៅជួបព្រះអង្គ ហើយទូលថា៖«លោកគ្រូ ! យើងខ្ញុំដឹងថា ពាក្យដែលលោកមានប្រសាសន៍ សុទ្ធតែពិតទាំងអស់។ លោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់តាមសេចក្ដីពិត គឺលោកគ្រូពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ។   17  ហេតុនេះ សូមលោកគ្រូអោយយោបល់យើងខ្ញុំមើល៍ តើក្រឹត្យវិន័យរបស់យើងអនុញ្ញាតអោយបង់ពន្ធដារ ថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ?»។   18  ព្រះយេស៊ូឈ្វេងយល់គំនិតអាក្រក់របស់ពួកគេ ទើបមានព្រះបន្ទូលថា៖ «មនុស្សមានពុតអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ?   19  ចូរបង្ហាញប្រាក់សំរាប់បង់ពន្ធនោះអោយខ្ញុំមើលមើល៍!»។ គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះអង្គ។   20  ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះ មានរូបនរណា ឈ្មោះនរណា?»។   21  គេទូលថា៖ «រូប និង ឈ្មោះព្រះចៅអធិរាជ»។ ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។   22  ពួកគេងឿងឆ្ងល់នឹងចម្លើយរបស់ព្រះអង្គ ហើយនាំគ្នាចាកចេញពីព្រះអង្គទៅ។   23  នៅថ្ងៃនោះ មានពួកខាងគណៈសាឌូស៊ី ចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖   24  «លោកគ្រូ!លោកម៉ូសេ មានប្រសាសន៍ថាៈ "បើបុរសណាស្លាប់ទៅ តែគ្មានកូនសោះ ត្រូវអោយប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជអោយបងប្រុសរបស់ខ្លួន"។   25  ឧបមាថានៅក្នុងចំណោមយើង មានបងប្អូនប្រុសប្រាំពីរនាក់។ បងបង្អស់រៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ ទុកប្រពន្ធអោយប្អូន។   26  ប្អូនទីពីរ ប្អូនទីបី រហូតដល់ប្អូនទីប្រាំពីរ សុទ្ធតែបានរៀបការជាមួយនាង ហើយស្លាប់ទៅគ្មានកូនដូចគ្នា។   27  នៅទីបំផុត ស្ដ្រីនោះក៏ស្លាប់ទៅដែរ។   28  លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងបានទៅជាប្រពន្ធនរណា បើបងប្អូនទាំងប្រាំពីរនាក់ សុទ្ធតែបានរៀបការជាមួយនាងគ្រប់គ្នាដូច្នេះ?»។   29  ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ! ដ្បិតអ្នករាល់ គ្នាមិនយល់គម្ពីរ ទាំងមិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ផង។   30  ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវតា នៅស្ថានបរមសុខ ។   31  ព្រះជាម្ចាស់មានព្រះបន្ទូលអំពីមនុស្សស្លាប់នឹងរស់ឡើងវិញថាៈ   32  "យើងជាព្រះរបស់អប្រាហំា ជាព្រះរបស់អ៊ីសាក និង ជាព្រះរបស់យ៉ាកុប" តើអ្នករាល់គ្នាធ្លាប់អានឬទេ? ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត»។   33  កាលមហាជនបានឮសេចក្ដីដែលព្រះអង្គបង្រៀនគេងឿងឆ្ងល់ជាខ្លាំង។   34  ពេលនោះ ពួកខាងគណៈផារីស៊ី ប្រជុំគ្នា ព្រោះគេឮថា ព្រះយេស៊ូបានធ្វើអោយពួក ខាងគណៈសាឌូស៊ី ទ័លប្រាជ្ញ រកនិយាយអ្វីទៀតមិនកើត។   35  ក្នុងចំណោមពួកគេ មានម្នាក់ជាបណ្ឌិតខាងវិន័យទូលសួរព្រះយេស៊ូក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖   36  «លោកគ្រូ! ក្នុងក្រឹត្យវិន័យ តើមានបទបញ្ជាណាសំខាន់ជាងគេ?»។   37  ព្រះយេស៊ូមានព្រះបន្ទូលថា៖ «"ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក អោយអស់ពីចិត្ដគំនិត អស់ពីស្មារតី និង អស់ពីប្រាជ្ញា"   38  ហ្នឹងហើយជាបទបញ្ជាទីមួយដែលសំខាន់ ជាងគេបំផុត។   39  រីឯបទបញ្ជាទីពីរក៏សំខាន់ដូចគ្នាដែរ គឺត្រូវស្រឡាញ់បងប្អូនឯទៀតៗ អោយបានដូចស្រឡាញ់ខ្លួនឯង"។   40  បទបញ្ជាទាំងពីរនេះ ជាឫសគល់របស់គម្ពីរវិន័យ និង គម្ពីរព្យាការី ទាំងអស់»។   41  ពេលនោះ ពួកខាងគណៈផារីស៊ី នៅជុំគ្នាព្រះយេស៊ូក៏មានព្រះបន្ទូលសួរគេថា៖   42  «តើអ្នករាល់គ្នាយល់ថា ព្រះគ្រិស្ដជាព្រះរាជវង្សរបស់អ្នកណា?»។ គេទូលថា៖ «ព្រះអង្គជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ»។   43  ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើព្រះគ្រិស្ដ ជាព្រះរាជវង្សរបស់ ព្រះបាទដាវីឌមែន ចុះហេតុដូចម្ដេចបានជាព្រះបាទដាវីឌ ដែលមានព្រះវិញ្ញាណបំភ្លឺ ហៅព្រះគ្រិស្ដថា "ព្រះអម្ចាស់" ទៅវិញដូច្នេះ គឺទ្រង់មានរាជឱង្ការថាៈ   44  "ព្រះអម្ចាស់មានព្រះបន្ទូល ទៅកាន់ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាប ខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ"។   45  បើព្រះបាទដាវីឌហៅព្រះគ្រិស្ដថា "ព្រះអម្ចាស់" ដូច្នេះ តើអោយព្រះគ្រិស្ដត្រូវជា ព្រះរាជវង្សរបស់ព្រះអង្គដូចម្ដេចកើត!»។   46  គ្មាននរណាម្នាក់អាចឆ្លើយទៅព្រះអង្គវិញ សូម្បីតែមួយម៉ាត់ក៏មិនបានផង ហើយចាប់តាំងពីពេលនោះមក គ្មាននរណាហ៊ានសួរដេញដោលព្រះអង្គទៀតឡើយ។