Matthew - ម៉ាថាយ 19

1លុះ ព្រះ‌យេស៊ូវ បាន មាន ព្រះ‌បន្ទូល ពាក្យ ទាំង នោះ រួច ហើយ នោះ ទ្រង់ ថយ ចេញ ពី ស្រុក កាលី‌ឡេ ទៅ ឯ ព្រំ ស្រុក យូដា នៅ ខាង នាយ ទន្លេ យ័រដាន់ វិញ 2ហើយ មាន ហ្វូង មនុស្ស កក‌កុញ តាម ទ្រង់ ទៅ នៅ ទី នោះ ទ្រង់ ក៏ ប្រោស ឲ្យ គេ បាន ជា។ 3រីឯ ពួក ផារី‌ស៊ី គេ មក ល្បួង ទ្រង់ ដោយ ទូល ថា តើ មនុស្ស មាន ច្បាប់ នឹង លែង ប្រពន្ធ ដោយ ហេតុ ណា ក៏ ដោយ បាន ឬ ទេ 4ទ្រង់ មាន ព្រះ‌បន្ទូល តប ថា តើ អ្នក រាល់ គ្នា មិន បាន មើល រឿង ពី ព្រះ ដែល ទ្រង់ បង្កើត មនុស្ស កាល ពី ដើម ថា ទ្រង់ បាន ធ្វើ ឲ្យ មាន ទាំង ប្រុស ទាំង ស្រីទេ ឬ អី 5រួច ក៏ មាន ព្រះ‌បន្ទូល ថា ដោយ ហេតុ នោះ បាន ជា មនុស្ស ប្រុស នឹង លា ចេញ ពី ឪពុក ម្តាយ ទៅ នៅ ជាប់ នឹង ប្រពន្ធ ហើយ អ្នក ទាំង ២ នោះ នឹង ត្រឡប់ ជា សាច់ តែ ១ សុទ្ធ 6យ៉ាង នោះ គេ មិន មែន ជា ២ ទៀត គឺ ជា សាច់ តែ ១ ទេ ដូច្នេះ កុំ ឲ្យ អ្នក ណា ពង្រាត់ មនុស្ស ដែល ព្រះ ទ្រង់ បាន ផ្សំ‌ផ្គុំ គ្នា ឡើយ 7គេ ទូល សួរ ទ្រង់ ថា ចុះ ហេតុ ដូច ម្តេច បាន ជា លោក ម៉ូសេ បង្គាប់ ឲ្យ ធ្វើ សំបុត្រ លះ‌លែង ហើយ ឲ្យ លែង ចេញ ដូច្នេះ 8ទ្រង់ ក៏ មាន ព្រះ‌បន្ទូល តប ថា បាន ជា លោក ម៉ូសេ អនុញ្ញាត ឲ្យ អ្នក រាល់ គ្នា លែង ប្រពន្ធ ទៅ គឺ ដោយ ព្រោះ តែ ចិត្ត អ្នក រាល់ គ្នា រឹង របឹងប៉ុណ្ណោះ តែ ពី ដើម មក មិន មែន ដូច្នោះ ទេ 9ហើយ ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ថា អ្នក ណា ដែល លែង ប្រពន្ធ មិន មែន ដោយ ព្រោះ នាង នោះ ផិត ហើយ ទៅ យក ប្រពន្ធ មួយ ទៀត អ្នក នោះ ឈ្មោះ ថា ប្រព្រឹត្ត សេចក្តី កំផិត ហើយ ឯ អ្នក ណា ដែល យក ប្រពន្ធ ជា ស្រី ដែល ប្តី ដើម លែង នោះ ក៏ ប្រព្រឹត្ត សេចក្តី កំផិត ដែរ 10ពួក សិស្ស ទូល ទ្រង់ ថា បើ របៀប នៃ មនុស្ស ដែល មាន ប្រពន្ធ ត្រូវ ជា យ៉ាង នេះ នោះ ស៊ូ កុំ យក គ្នា ជា ជាង 11តែ ទ្រង់ មាន ព្រះ‌បន្ទូល ថា មនុស្ស ទាំង អស់ ទទួល តាម ពាក្យ នេះ មិន បាន ទេ ទទួល បាន តែ អស់ អ្នក ដែល ពាក្យ នេះ បាន ប្រទាន មក ឲ្យ ប៉ុណ្ណោះ 12ពី ព្រោះ មាន មនុស្ស ខ្ទើយ ដែល កើត ពី ផ្ទៃ ម្តាយ មក ខ្ទើយ តែ ម្តង មាន ខ្លះ ដែល មនុស្ស លោក បាន ក្រៀវ ហើយ មាន ខ្លះ ដែល ក្រៀវ ខ្លួន ឯង ដែរ ដោយ យល់ ដល់ នគរ ស្ថាន‌សួគ៌ ដូច្នេះ អ្នក ណា ដែល អាច នឹង ទទួល បាន ឲ្យ ទទួល ចុះ។ 13លំដាប់ នោះ មាន គេ នាំ ក្មេង តូចៗ មក ឯ ទ្រង់ ដើម្បី ឲ្យ ទ្រង់ ដាក់ ព្រះ‌ហស្ត អធិស្ឋាន ឲ្យ វា តែ ពួក សិស្ស បន្ទោស ដល់ គេ 14នោះ ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ថា ទុក ឲ្យ កូន ក្មេង មក ឯ ខ្ញុំ ចុះ កុំ ឃាត់ វា ឡើយ ដ្បិត នគរ ស្ថាន‌សួគ៌ មាន សុទ្ធ តែ មនុស្ស ដូច វា រាល់ គ្នា 15ទ្រង់ ក៏ ដាក់ ព្រះ‌ហស្ត លើ វា រាល់ គ្នា រួច យាង ចេញ ពី ទី នោះ ទៅ។ 16នោះ មាន ម្នាក់ មក ទូល សួរ ទ្រង់ ថា លោក គ្រូ ល្អ អើយ តើ ត្រូវ ឲ្យ ខ្ញុំ ធ្វើ ការ ល្អ អ្វី ឲ្យ បាន ជីវិត រស់ នៅ អស់ កល្ប ជានិច្ច 17ទ្រង់ មាន ព្រះ‌បន្ទូល ទៅ គាត់ ថា ហេតុ អ្វី បាន ជា អ្នក ហៅ ខ្ញុំ ថា ជា ល្អ ដូច្នេះ មាន តែ ១ ទេ ដែល ល្អ គឺ ជា ព្រះ តែ បើ អ្នក ចង់ ចូល ទៅ ក្នុង ជីវិត ចូរ កាន់ តាម បញ្ញត្ត ទាំង ប៉ុន្មាន ចុះ 18គាត់ ទូល សួរ ថា តើ បញ្ញត្ត ណា ខ្លះ នោះ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ថា «កុំ ឲ្យ សំឡាប់ មនុស្ស ឲ្យ សោះ កុំ ឲ្យ ផិត គ្នា ឲ្យ សោះ កុំ ឲ្យ ធ្វើ ជា ទី បន្ទាល់ ក្លែង ឲ្យ សោះ 19ចូរ គោរព ប្រតិ‌បត្តិ ឪពុក ម្តាយ» ហើយ «ចូរ ស្រឡាញ់ អ្នក ជិត ខាង ដូច ខ្លួន ឯង» 20មនុស្ស កំឡោះ នោះ ក៏ ទូល ទ្រង់ ថា ខ្ញុំ បាន កាន់ តាម គ្រប់ សេចក្តី ទាំង នោះ តាំង ពី ក្មេង មក ហើយ តើ នៅ ខ្វះ អ្វី ទៀត 21នោះ ទ្រង់ មាន ព្រះ‌បន្ទូល ថា បើ អ្នក ចង់ បាន ជា គ្រប់ លក្ខណ៍ ចូរ អ្នក ទៅ លក់ របស់ ទ្រព្យ ខ្លួន ហើយ ចែក ដល់ ពួក អ្នក ក្រីក្រ ទៅ នោះ អ្នក នឹង បាន ទ្រព្យ‌សម្បត្តិ នៅ ឯ ស្ថាន‌សួគ៌ វិញ រួច ឲ្យ មក តាម ខ្ញុំ ចុះ 22កាល មនុស្ស កំឡោះ បាន ឮ ព្រះ‌បន្ទូល នោះ ហើយ នោះ ក៏ ចេញ ទៅ ទាំង ព្រួយ ចិត្ត ព្រោះ មាន ទ្រព្យ‌សម្បត្តិ ជា ច្រើន។ 23នោះ ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល នឹង ពួក សិស្ស ថា ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា មនុស្ស អ្នក មាន នឹង ចូល ទៅ ក្នុង នគរ ស្ថាន‌សួគ៌ ពិបាក ណាស់ 24ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ទៀត ថា ដែល សត្វ អូដ្ឋ នឹង ចូល តាម ប្រហោង ម្ជុល នោះ ងាយ ជា ជាង ឲ្យ មនុស្ស អ្នក មាន ចូល ទៅ ក្នុង នគរ នៃ ព្រះ វិញ 25កាល ពួក សិស្ស បាន ឮ ដូច្នោះ នោះ ក៏ នឹក ប្លែក ក្នុង ចិត្ត ជា ខ្លាំង ក្រៃ‌លែង ហើយ ទូល សួរ ថា ដូច្នេះ តើ អ្នក ណា អាច នឹង បាន សង្គ្រោះ 26ព្រះ‌យេស៊ូវ ទ្រង់ ទត ទៅ គេ ដោយ ព្រះ‌បន្ទូល ថា ការ នោះ មនុស្ស លោក ធ្វើ មិន កើត ទេ តែ ព្រះ ទ្រង់ អាច នឹង ធ្វើ កើត ទាំង អស់។ 27ពេត្រុស ទូល ទ្រង់ ថា មើល យើង ខ្ញុំ បាន លះ ចោល ទាំង អស់ មក តាម ទ្រង់ ហើយ ដូច្នេះ តើ យើង ខ្ញុំ នឹង បាន អ្វី ខ្លះ 28ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ថា ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា ដល់ គ្រា កែ ជា ថ្មី ឡើង វិញ កាល ណា កូន មនុស្ស បាន ឡើង គង់ លើ បល្ល័ង្ក ឧត្តម របស់ លោក នោះ អ្នក រាល់ គ្នា ដែល បាន មក តាម ខ្ញុំ នឹង បាន អង្គុយ លើ បល្ល័ង្ក ១២ ដែរ ហើយ នឹង ជំនុំ ជំរះ ពូជ អំបូរ អ៊ីស្រា‌អែល ទាំង ១២ 29ឯ អស់ អ្នក ណា ដែល លះ ចោល ផ្ទះ‌សំបែង ឬ បង ប្អូន ប្រុស ស្រី ឪពុក ម្តាយ ប្រពន្ធ កូន ឬ ស្រែ ចំការ ដោយ យល់ ដល់ ឈ្មោះ ខ្ញុំ នោះ នឹង បាន ជា ១ រយ ភាគ ឡើង វិញ ហើយ នឹង បាន គ្រង ជីវិត អស់ កល្ប ជានិច្ច ទុក ជា មរដក ដែរ 30តែ នឹង មាន មនុស្ស មុន ទៅ ជា ក្រោយ ជា ច្រើន ហើយ និង មាន មនុស្ស ក្រោយ ទៅ ជា មុន វិញ។


Copyright
Learn More

will be added

X\