Matthew - ម៉ាថាយ 15

1គ្រា នោះ ពួក អាចារ្យ និង ពួក ផារី‌ស៊ី ដែល នៅ ក្រុង យេរូ‌សា‌ឡឹម គេ ក៏ មក ឯ ព្រះ‌យេស៊ូវ ទូល ថា 2ហេតុ អ្វី បាន ជា ពួក សិស្ស លោក ធ្វើ ខុស នឹង ទំនៀម‌ទំលាប់ ដែល ពួក ចាស់‌ទុំ បាន តាំង ទុក ពី បុរាណ មក ដូច្នេះ ដ្បិត កាល ណា បរិភោគ នោះ គេ មិន លាង ដៃ សោះ 3តែ ទ្រង់ មាន ព្រះ‌បន្ទូល តប ថា ឯ អ្នក រាល់ គ្នា វិញ តើ ហេតុ អ្វី បាន ជា ធ្វើ ខុស នឹង បញ្ញត្ត ព្រះ ដោយ កាន់ តាម ទំនៀម‌ទំលាប់ បុរាណ របស់ អ្នក រាល់ គ្នា ដូច្នេះ ដែរ 4ដ្បិត ព្រះ ទ្រង់ បាន បង្គាប់ ថា «ចូរ គោរព ប្រតិបត្តិ ដល់ ឪពុក ម្តាយ ឯង» ហើយ ថា «អ្នក ណា ដែល និយាយ អាក្រក់ ពី ឪពុក ម្តាយ នោះ នឹង ត្រូវ ស្លាប់ ជា មិន ខាន» 5តែ អ្នក រាល់ គ្នា និយាយ ដូច្នេះ វិញ បើ អ្នក ណា នឹង និយាយ ទៅ ឪពុក ម្តាយ ថា របស់ អ្វី ដែល ខ្ញុំ អាច នឹង ជួយ ម៉ែ ឪ បាន នោះ បាន ថ្វាយ ជា ដង្វាយ ហើយ យ៉ាង នោះ មិន ចាំ បាច់ ឲ្យ អ្នក នោះ គោរព ប្រតិ‌បត្តិ ដល់ ឪពុក ម្តាយ ទៀត ទេ 6ដូច្នេះ ឈ្មោះ ថា អ្នក រាល់ គ្នា លើក បញ្ញត្ត នៃ ព្រះ ចោល ហើយ ដោយ‌សារ ទំនៀម‌ទំលាប់ ពី បុរាណ របស់ អ្នក រាល់ គ្នា 7ឱ ពួក មនុស្ស កំពុត អើយ ហោរា អេសាយ បាន ទាយ ពី អ្នក រាល់ គ្នា ត្រូវ ណាស់ ថា 8«បណ្តា‌ជន នេះ គេ គោរព ប្រតិ‌បត្តិ ដល់ អញ តែ បបូរ មាត់ ទេ ឯ ចិត្ត គេ នោះ នៅ ឆ្ងាយ ពី អញ ណាស់ 9គេ ថ្វាយ បង្គំ អញ ជា ឥត ប្រយោជន៍ ទេ ព្រោះ គេ បង្រៀន សេចក្តី ដែល ជា បញ្ញត្ត របស់ មនុស្ស វិញ»។ 10រួច ទ្រង់ ហៅ ហ្វូង មនុស្ស មក មាន ព្រះ‌បន្ទូល ទៅ គេ ថា ចូរ ស្តាប់ ហើយ យល់ ចុះ 11មិន មែន ជា របស់ ចូល តាម មាត់ ដែល ធ្វើ ឲ្យ មនុស្ស ស្មោក‌គ្រោក នោះ ទេ ឯ របស់ ដែល ធ្វើ ឲ្យ គេ ស្មោក‌គ្រោក នោះ គឺ ជា សេចក្តី ដែល ចេញ ពី មាត់ វិញ ទេ តើ។ 12នោះ ពួក សិស្ស ក៏ មក ទូល ថា តើ ទ្រង់ ជ្រាប ថា ពួក ផារី‌ស៊ី គេ អន់ ចិត្ត ដោយ ឮ សេចក្តី នោះ ឬ ទេ 13តែ ទ្រង់ មាន ព្រះ‌បន្ទូល តប ថា អស់ ទាំង ដើម ណា ដែល ព្រះ‌វរ‌បិតា ខ្ញុំ នៅ ស្ថាន‌សួគ៌ មិន បាន ដាំ នោះ នឹង ត្រូវ រំលើង ចោល 14តាម តែ គេ ចុះ គេ ជា មនុស្ស ខ្វាក់ ដែល នាំ មនុស្ស ខ្វាក់ បើ មនុស្ស ខ្វាក់ នាំ មនុស្ស ខ្វាក់ ដូច្នេះ នោះ ទាំង ២ នាក់ នឹង ធ្លាក់ ទៅ ក្នុង រណ្តៅ ហើយ 15រួច ពេត្រុស ទូល ថា សូម ស្រាយ ន័យ ពាក្យ ប្រៀប នេះ ឲ្យ យើង ខ្ញុំ យល់ ផង 16ទ្រង់ មាន ព្រះ‌បន្ទូល ថា តើ អ្នក រាល់ គ្នា នៅ តែ មិន យល់ ទៀត ឬ អី 17តើ មិន ទាន់ ឃើញ ទេ ឬ អី ថា របស់ អ្វី ដែល ចូល តាម មាត់ នោះ តែង ចុះ ទៅ ក្នុង ពោះ រួច ចេញ ទៅ ក្នុង បង្គន់ 18តែ ឯ សេចក្តី ដែល ចេញ ពី មាត់ មក នោះ មក អំពី ចិត្ត វិញ គឺ សេចក្តី ទាំង នោះ ហើយ ដែល ធ្វើ ឲ្យ មនុស្ស ស្មោក‌គ្រោក 19ដ្បិត គឺ ពី ក្នុង ចិត្ត នោះ ឯង ដែល ចេញ អស់ ទាំង គំនិត អាក្រក់ គឺ ការ កាប់ សំឡាប់ គេ ផិត គ្នា សហាយ‌ស្មន់ លួច ប្លន់ ធ្វើ បន្ទាល់ ក្លែង‌ក្លាយ ហើយ និង ជេរ ប្រមាថ 20សេចក្តី ទាំង នោះ ទើប ធ្វើ ឲ្យ មនុស្ស ស្មោក‌គ្រោក មែន តែ ដែល បរិភោគ ឥត លាង ដៃ នោះ មិន មែន ធ្វើ ឲ្យ ស្មោក‌គ្រោក ទេ។ 21ព្រះ‌យេស៊ូវ ទ្រង់ ក៏ យាង ចេញ ពី ទី នោះ ទៅ ក្នុង កំលុង ក្រុង ទីរ៉ុស និង ក្រុង ស៊ីដូន 22នោះ ឃើញ មាន ស្ត្រី សាសន៍ កាណាន ម្នាក់ នៅ ស្រុក នោះ គាត់ ចេញ មក ស្រែក ទូល ទ្រង់ ថា ឱ ព្រះ‌អម្ចាស់ ជា ពូជ ហ្លួង ដាវីឌ អើយ សូម មេត្តា ប្រោស ខ្ញុំ ម្ចាស់ ផង ដ្បិត កូន ស្រី របស់ ខ្ញុំ ម្ចាស់ មាន អារក្ស ចូល ធ្វើ ទុក្ខ ជា ខ្លាំង ណាស់ 23តែ ទ្រង់ មិន បាន ឆ្លើយ តប ទៅ ស្ត្រី នោះ ១ ព្រះ‌ឱស្ឋ សោះ បាន ជា ពួក សិស្ស របស់ ទ្រង់ ចូល មក ទូល ថា សូម ឲ្យ ស្ត្រី នេះ ទៅ វិញ ទៅ ដ្បិត គេ ចេះ តែ ស្រែក តាម យើង ខ្ញុំ 24តែ ទ្រង់ មាន ព្រះ‌បន្ទូល ឆ្លើយ ថា ខ្ញុំ បាន ទទួល បង្គាប់ នឹង មក ឯ ពួក កូន ចៀម ដែល បាត់‌បង់ របស់ ពូជ‌ពង្ស សាសន៍ អ៊ីស្រា‌អែលតែ ប៉ុណ្ណោះ ទេ 25ប៉ុន្តែ ស្ត្រី នោះ មក ក្រាប ថ្វាយ បង្គំ ទូល ទ្រង់ ថា ឱ ព្រះ‌អម្ចាស់ អើយ សូម ជួយ ខ្ញុំ ម្ចាស់ ផង 26ទ្រង់ មាន ព្រះ‌បន្ទូល ថា ដែល យក នំបុ័ង របស់ កូន ក្មេង បោះ ទៅ ឲ្យ កូន ឆ្កែ នោះ មិន ល្អ ទេ 27តែ ស្ត្រី នោះ ទូល ថា មែន ហើយ ព្រះ‌អម្ចាស់ ប៉ុន្តែ កូន ឆ្កែ វា ស៊ី កំទេច ដែល ធ្លាក់ ចុះ ពី តុ ម្ចាស់ វា មក ដែរ 28នោះ ព្រះ‌យេស៊ូវ ទ្រង់ មាន ព្រះ‌បន្ទូល ថា នាង ស្រី អើយ នាង មាន សេចក្តី ជំនឿ ជា ខ្លាំង មែន ចូរ ឲ្យ នាង បាន ដូច សេចក្តី ប្រាថ្នា ចុះ ស្រាប់ តែ កូន ស្រី របស់ នាង បាន ជា ចាប់ តាំង ពី វេលា នោះ ឯង ទៅ។ 29ព្រះ‌យេស៊ូវ ទ្រង់ យាង ចេញ ពី ទី នោះ មក ខាង សមុទ្រ កាលី‌ឡេ រួច យាង ឡើង ទៅ លើ ភ្នំ គង់ ចុះ នៅ ទី នោះ 30នោះ មាន ហ្វូង មនុស្ស មក ឯ ទ្រង់ កក‌កុញ នាំ ទាំង មនុស្ស ខ្វិន ខ្វាក់ គ ពិការ និង មនុស្ស ឯ ទៀត ជា ច្រើន មក ដាក់ នៅ ទៀប ព្រះ‌បាទ ទ្រង់ ហើយ ទ្រង់ ក៏ ប្រោស ឲ្យ គេ បាន ជា 31ដល់‌ម៉្លេះ បាន ជា បណ្តា មនុស្ស ទាំង ប៉ុន្មាន មាន សេចក្តី អស្ចារ្យ ដោយ ឃើញ មនុស្ស គ និយាយ បាន មនុស្ស ពិការ បាន មាំ‌មួន មនុស្ស ខ្វិន ដើរ រួច និង មនុស្ស ខ្វាក់ មើល ឃើញ ហើយ គេ ក៏ សរសើរ‌ដំកើង ដល់ ព្រះ នៃ សាសន៍ អ៊ីស្រា‌អែល គ្រប់ៗ គ្នា។ 32ព្រះ‌យេស៊ូវ ទ្រង់ ហៅ ពួក សិស្ស មក មាន ព្រះ‌បន្ទូល ថា ខ្ញុំ មាន ចិត្ត ក្តួល អាណិត ដល់ ហ្វូង មនុស្ស នោះ ណាស់ ដ្បិត គេ បាន នៅ ជា មួយ នឹង ខ្ញុំ អស់ ៣ ថ្ងៃ មក ហើយ គេ គ្មាន អ្វី នឹង បរិភោគ សោះ ហើយ ខ្ញុំ មិន ចង់ ឲ្យ គេ ទៅ វិញ ទាំង អត់‌ឃ្លាន ទេ ក្រែង ហេវ តាម ផ្លូវ 33ពួក សិស្ស ទូល ទ្រង់ ថា នៅ ទី ស្ងាត់ នេះ យើង ខ្ញុំ នឹង រក នំបុ័ង ឲ្យ ហ្វូង មនុស្ស ធំ ដល់‌ម៉្លេះ បរិភោគ ឆ្អែត ឯ ណា បាន 34តែ ព្រះ‌យេស៊ូវ ទ្រង់ សួរ ថា តើ អ្នក រាល់ គ្នា មាន នំបុ័ង ប៉ុន្មាន គេ ទូល ថា មាន ៧ ហើយ និង ត្រី តូចៗ ខ្លះ 35នោះ ទ្រង់ ក៏ ប្រាប់ ឲ្យ ហ្វូង មនុស្ស អង្គុយ នៅ ដី 36រួច ទ្រង់ យក នំបុ័ង ៧ និង ត្រី ទាំង នោះ មក អរ ព្រះ‌គុណ ហើយ កាច់ ប្រទាន ដល់ ពួក សិស្ស គេ ក៏ ចែក ដល់ ហ្វូង មនុស្ស 37គ្រប់ គ្នា បាន បរិភោគ ឆ្អែត ហើយ គេ ប្រមូល ចំណិត ដែល នៅ សល់ ដាក់ ពេញ បាន ៧ កំប្រោង 38ឯ ពួក ប្រុសៗ ដែល បាន បរិភោគ ឆ្អែត នោះ មាន ៤ ពាន់ នាក់ ឥត រាប់ ស្រីៗ ហើយ និង កូន ក្មេង ផង ទេ 39រួច កាល ទ្រង់ បាន ឲ្យ ហ្វូង មនុស្ស វិល ទៅ វិញ នោះ ទ្រង់ យាង ចុះ ទូក ឆ្លង ទៅ ដល់ ដែន ស្រុក ម៉ាកា‌ដាន់។


Copyright
Learn More

will be added

X\