1 មានពួកខាងគណៈផារីស៊ី និង អាចារ្យ ខ្លះ នាំគ្នាមកពីក្រុងយេរូសាឡឹមទៅជួបព្រះយេស៊ូ។ 2 គេឃើញសិស្ស របស់ព្រះអង្គខ្លះបរិភោគអាហារ ដោយដៃមិនបរិសុទ្ធ គឺគេពុំបានលាងដៃជាមុន។ 3 ធម្មតាពួកផារីស៊ី និង ជនជាតិយូដាទាំងអស់ តែងតែធ្វើពិធីលាងដៃយ៉ាងស្អាតហ្មត់ចត់មុននឹងបរិភោគ តាមទំនៀមទម្លាប់របស់ចាស់បុរាណ។ 4 នៅពេលត្រឡប់មកពីផ្សារវិញ ដរាបណាគេមិនបានធ្វើពិធីលាងសំអាតខ្លួនជាមុនទេ គេមិនបរិភោគឡើយ។ គេកាន់ទំនៀមទម្លាប់ផ្សេងៗទៀតជាច្រើន ដូចជាពិធីលាងពែង លាងថូទឹក លាងឆ្នំាង លាងតុជាដើម។ 5 ពួកខាងគណៈផារីស៊ី និង ពួកអាចារ្យទូលសួរព្រះយេស៊ូថា៖ «ហេតុអ្វីបានជាសិស្សរបស់លោកមិនកាន់តាមទំនៀមទម្លាប់ចាស់បុរាណ គឺនាំគ្នាបរិភោគដោយដៃមិនបរិសុទ្ធដូច្នេះ?»។ 6 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ព្យាការី អេសាយបានថ្លែងទុកថា "អ្នករាល់គ្នាជាមនុស្សមានពុត" ត្រូវណាស់ ដូចមានចែងថាៈ ប្រជារាស្ដ្រនេះគោរពយើងតែបបូរមាត់ ឯចិត្ដគេនៅឆ្ងាយពីយើង។ 7 គេថ្វាយបង្គំយើង តែឥតបានការអ្វីសោះ ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្សប៉ុណ្ណោះ។ 8 អ្នករាល់គ្នាបោះបង់ចោលបទបញ្ជារបស់ព្រះជាម្ចាស់ បែរទៅកាន់តាមទំនៀមទម្លាប់របស់មនុស្ស វិញ»។ 9 ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «អ្នករាល់គ្នាលុបបំបាត់បទបញ្ជារបស់ព្រះជាម្ចាស់ចោល បែរទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាផ្ទាល់វិញ។ 10 លោកម៉ូសេ បានថ្លែងថាៈ "ចូរគោរពមាតាបិតារបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាមាតារបស់ខ្លួន ត្រូវមានទោសដល់ជីវិត" 11 រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបែរជាពោលថាៈ "ប្រសិនបើមនុស្សម្នាក់និយាយទៅឪពុកម្ដាយថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយបានរាប់ថាគ័របាន់ ស្រេចទៅហើយ "(ពាក្យនេះប្រែថាទុកជាតង្វាយថ្វាយព្រះជាម្ចាស់)។ 12 អ្នករាល់គ្នាពុំទុកអោយគាត់ ជួយឪពុកម្ដាយឡើយ។ 13 អ្នករាល់គ្នាបានបំបាត់តម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានបង្រៀនតៗគ្នា។ អ្នករាល់គ្នាបានធ្វើការផ្សេងៗជាច្រើន ស្រដៀងនឹងការទាំងនេះដែរ»។ 14 បន្ទាប់មក ព្រះយេស៊ូត្រាស់ហៅបណ្ដាជនមកម្ដងទៀត រួចមានព្រះបន្ទូលទៅគេថា៖ «ចូរស្ដាប់ខ្ញុំទាំងអស់គ្នា ហើយយល់អោយច្បាស់ថា 15 អ្វីៗពីខាងក្រៅ ចូលទៅក្នុងមនុស្ស ពុំអាចធ្វើអោយមនុស្សក្លាយទៅជាមិនបរិសុទ្ធ បានឡើយ ផ្ទុយទៅវិញ មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះដែលធ្វើអោយមិនបរិសុទ្ធ [ 16 អ្នកណាឮពាក្យនេះហើយ ចូរយកទៅពិចារណាចុះ]»។ 17 កាលព្រះយេស៊ូយាងចេញពីបណ្ដាជន ចូលទៅក្នុងផ្ទះ ពួកសិស្ស នាំគ្នាទូលសួរព្រះអង្គអំពីប្រស្នានេះ។ 18 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«អ្នករាល់គ្នាក៏គ្មានប្រាជ្ញាដូចពួកគេដែរឬ? អ្នករាល់គ្នាត្រូវយល់ថា អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស ពុំអាចធ្វើអោយគេក្លាយទៅជាមិនបរិសុទ្ធបានឡើយ 19 ដ្បិតអ្វីៗទាំងនោះមិនចូលទៅក្នុងចិត្ដទេគឺចូលទៅក្នុងពោះ រួចចេញមកធ្លាក់ទៅទីបន្ទោរបង់»។ ព្រះអង្គបញ្ជាក់ថាគ្រប់អាហារសុទ្ធតែបរិសុទ្ធទាំងអស់។ 20 ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើអោយគេមិនបរិសុទ្ធ 21 ដ្បិតគំនិតអាក្រក់ទាំងប៉ុន្មាន សុទ្ធតែចេញមកពីខាងក្នុងចិត្ដរបស់មនុស្សគឺគំនិតដែលនាំអោយប្រព្រឹត្ដកាមគុណថោកទាប លួចប្លន់ កាប់សម្លាប់ 22 ផិតក្បត់ លោភលន់ចង់បានទ្រព្យគេ កាចសាហាវ បោកប្រាស់គេ ប្រព្រឹត្ដអបាយមុខច្រណែនឈ្នានីស អំនួត និង គំនិតលេលា។ 23 ការអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមនុស្សមក ធ្វើអោយគេក្លាយទៅជាមិនបរិសុទ្ធ »។ 24 ព្រះយេស៊ូយាងចាកចេញពីទីនោះ ឆ្ពោះទៅកាន់តំបន់ជិតក្រុងទីរ៉ូស។ ព្រះអង្គយាងចូលក្នុងផ្ទះមួយទ្រង់ពុំចង់អោយនរណាដឹងថាទ្រង់គង់នៅទីនោះឡើយតែលាក់មិនជិត។ 25 ភ្លាមនោះ ស្ដ្រីម្នាក់ដែលកូនស្រីមានវិញ្ញាណអាក្រក់ចូល បានឮគេនិយាយអំពីព្រះយេស៊ូនាងមកក្រាបទៀបព្រះបាទារបស់ព្រះអង្គ។ 26 ស្ដ្រីនោះជាសាសន៍ក្រិកមានកំណើតនៅភេនីសក្នុងស្រុកស៊ីរី។ នាងទូលសូមព្រះយេស៊ូដេញអារក្សចេញពីកូននាង។ 27 ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ត្រូវទុកអោយកូនចៅបរិភោគឆ្អែតជាមុនសិន មិនគួរយកអាហាររបស់កូនចៅបោះទៅអោយកូនឆ្កែស៊ីឡើយ»។ 28 នាងទូលព្រះអង្គថា៖ «ពិតមែនហើយលោកម្ចាស់! ប៉ុន្ដែ កូនឆ្កែនៅក្រោមតុ វាស៊ីកំទេចអាហារដែលកូនក្មេងធ្វើអោយជ្រុះនោះបាន»។ 29 ពេលនោះព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖«ដោយនាងនិយាយដូច្នេះ ចូរនាងវិលត្រឡប់ទៅវិញចុះ អារក្សបានចេញពីកូននាងហើយ»។ 30 ពេលស្ដ្រីនោះមកដល់ផ្ទះ នាងឃើញកូនស្រីដេកនៅលើគ្រែ ដ្បិតអារក្សបានចេញពីក្មេងនោះហើយ។ 31 ព្រះយេស៊ូយាងចេញពីតំបន់ក្រុងទីរ៉ូស កាត់តាមតំបន់ក្រុងស៊ីដូន និង តំបន់ស្រុកដេកាប៉ូល ឆ្ពោះទៅសមុទ្រកាលីឡេវិញ។ 32 គេនាំបុរសថ្លង់ម្នាក់មកគាល់ព្រះអង្គ។ ម៉្យាងទៀត បុរសនោះពុំអាចនិយាយបានស្រួលដូចធម្មតាផង។ គេទូលអង្វរសូមអោយព្រះអង្គដាក់ព្រះហស្ដេលីគាត់។ 33 ព្រះអង្គនាំគាត់ចេញទៅដោយឡែកដាច់ពីបណ្ដាជន ទ្រង់ដាក់ព្រះអង្គុលីក្នុងត្រចៀកគាត់ ហើយស្ដោះទឹកព្រះឱស្ឋយកទៅផ្ដិតលើអណ្ដាតគាត់ 34 រួចព្រះអង្គងើបព្រះភ័ក្ដ្រឡើង ទតទៅលើមេឃ ដកដង្ហើមធំ ហើយមានព្រះបន្ទូលថា «អិបផាថា» (ប្រែថាៈ ចូរបើកឡើង)។ 35 រំពេចនោះស្រាប់តែត្រចៀករបស់បុរសនោះអាចស្ដាប់ឮ អណ្ដាតរបស់គាត់ក៏គ្រលាស់បាន ហើយគាត់ក៏និយាយស្ដីបានច្បាស់លាស់។ 36 ព្រះយេស៊ូបានហាមប្រាមពួកគេមិនអោយនិយាយហេតុការណ៍នេះ ប្រាប់នរណាសោះឡើយ។ ប៉ុន្ដែ ទោះបីព្រះអង្គហាមប្រាមយ៉ាងណាក៏ដោយ គេរឹតតែប្រកាសខ្លាំងឡើងៗ។ 37 មនុស្សម្នាងឿងឆ្ងល់ពន់ពេកណាស់ ហើយពោលថា៖ «គ្រប់កិច្ចការដែលលោកធ្វើ សុទ្ធតែល្អទាំងអស់ សូម្បីតែមនុស្សថ្លង់ ក៏លោកធ្វើអោយឮបាន មនុស្សគក៏លោកធ្វើអោយនិយាយបានដែរ»។
