1 បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅតាមក្រុងតាមភូមិនានា ទាំងប្រកាស និង ផ្សព្វផ្សាយដំណឹងល្អ អំពីព្រះរាជ្យ របស់ព្រះជាម្ចាស់។ សាវ័ក ទាំងដប់ពីររូបទៅជាមួយព្រះអង្គ 2 ហើយមានស្ដ្រីខ្លះទៀតដែលព្រះអង្គបានប្រោសអោយជាពីជំងឺ និង បណ្ដេញវិញ្ញាណអាក្រក់ចេញ ក៏តាមទៅជាមួយដែរគឺមាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា ដែលព្រះអង្គបានដេញអារក្សប្រាំពីរចេញពីនាង 3 នាងយ៉ូអាន់ ភរិយារបស់ឃូសា ជាមហាតលិករបស់ព្រះបាទហេរ៉ូដ នាងស៊ូសាន ព្រមទាំងស្ដ្រីឯទៀតៗជាច្រើនដែលបានចំណាយធនធានរបស់ខ្លួន ដើម្បីទំនុកបំរុងព្រះយេស៊ូ និង សិស្ស របស់ព្រះអង្គ។ 4 មានបណ្ដាជនច្រើនកុះករចេញពីទីក្រុងនានា មករកព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលជាប្រស្នាដូចតទៅ៖ 5 «មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវត្រូវគេដើរជាន់ ហើយសត្វមកចឹកស៊ីអស់ទៅ។ 6 មានគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីមានថ្ម កាលពន្លកដុះឡើង ក៏ក្រៀមស្វិត ទៅវិញ ព្រោះខ្វះទឹក។ 7 មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា។ បន្លាដុះឡើងជាមួយគ្រាប់ពូជ ហើយរួបរឹតពូជនោះមិនអោយដុះឡើងបាន។ 8 មានគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីមានជីជាតិល្អគ្រាប់ពូជដុះឡើងអោយផលមួយជាមួយរយ»។ ព្រះយេស៊ូបន្លឺព្រះសូរសៀងថែមទៀតថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ 9 សិស្ស របស់ព្រះយេស៊ូ ទូលសួរព្រះអង្គថា៖ «តើពាក្យប្រស្នានោះ មានន័យដូចម្ដេច?»។ 10 ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានអោយអ្នករាល់គ្នាយល់គំរោងការដ៏លាក់កំបាំងនៃព្រះរាជ្យ របស់ព្រះអង្គ។ ចំពោះអ្នកដទៃ ព្រះអង្គប្រើជាពាក្យប្រស្នាវិញ។ ដូច្នេះ ទោះបីគេមើល ក៏ពុំឃើញទោះបីគេស្ដាប់ ក៏ពុំយល់ដែរ។ 11 រីឯប្រស្នានោះមានន័យដូចតទៅៈ គ្រាប់ពូជជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ 12 មនុស្សខ្លះ ប្រៀបបីដូចជាផ្លូវ ដែលគ្រាប់ពូជធ្លាក់ គេបានស្ដាប់ព្រះបន្ទូល តែមារសាតាំង មកឆក់យកពីចិត្ដគេ ដើម្បីកុំអោយគេជឿ និង កុំអោយគេរួចជីវិត។ 13 មនុស្សខ្លះទៀតប្រៀបបីដូចជាដីមានថ្មកាលបានស្ដាប់ព្រះបន្ទូលហើយ គេទទួលយកដោយអំណរ។ ប៉ុន្ដែ គេជឿតែមួយភ្លែត ពុំទុកអោយព្រះបន្ទូលចាក់ឫសឡើយ គេបោះបង់ចោលជំនឿ នៅពេលណាមានការល្បួង។ 14 គ្រាប់ពូជដែលធ្លាក់ទៅលើដីមានបន្លា ប្រៀបបីដូចជាអស់អ្នកដែលបានស្ដាប់ព្រះបន្ទូលតែចិត្ដខ្វល់ខ្វាយ ចិត្ដលោភលន់ចង់បានទ្រព្យសម្បត្ដិ និង ចិត្ដស្រើបស្រាល មករួបរឹតផលផ្លែមិនអោយទុំបានឡើយ។ 15 រីឯគ្រាប់ពូជធ្លាក់ទៅលើដីមានជីជាតិល្អ ប្រៀបបីដូចជាអស់អ្នកដែលស្ដាប់ព្រះបន្ទូល ហើយចងចាំទុកយ៉ាងស្មោះអស់ពីចិត្ដ រហូតដល់បានបង្កើតផលផ្លែជាច្រើន ដោយចិត្ដស៊ូទ្រាំ»។ 16 «ពុំដែលមាននរណាអុជចង្កៀង ហើយយកធុងមកគ្របពីលើ ឬ យកទៅដាក់ក្រោមគ្រែឡើយ។ គេតែងយក ចង្កៀងទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺអស់អ្នកដែលចូលក្នុងផ្ទះ។ 17 គ្រប់ការលាក់កំបាំង នឹងត្រូវបើកអោយ គេដឹងហើយគ្រប់អាថ៌កំបាំង ក៏នឹងលេចមកអោយមនុស្សគ្រប់គ្នាស្គាល់ច្បាស់ដែរ។ 18 ដូច្នេះ ចូរប្រុងប្រយ័ត្នអំពី របៀបដែលអ្នករាល់គ្នាស្ដាប់ ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានអោយថែមទៀតតែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកនូវអ្វីៗដែលខ្លួនស្មានថាមាននោះផង»។ 19 មាតា និង បងប្អូនរបស់ព្រះយេស៊ូនាំគ្នាមករកព្រះអង្គ ប៉ុន្ដែ មិនអាចចូលទៅជិតព្រះអង្គបានឡើយ ព្រោះមាន មនុស្សច្រើនពេក។ 20 មានគេទូលព្រះអង្គថា៖ «ម្ដាយលោក និង បងប្អូនលោកនៅខាងក្រៅ ចង់ជួបលោក»។ 21 ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អស់អ្នកដែលស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រតិបត្ដិតាម គឺអ្នកនោះ ហើយជាម្ដាយ និង ជាបងប្អូនរបស់ខ្ញុំ»។ 22 ថ្ងៃមួយ ព្រះយេស៊ូយាងចុះទូកជាមួយសិស្សព្រះអង្គមានព្រះបន្ទូលថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ ពួកសិស្សក៏ចេញទូកទៅជាមួយព្រះអង្គ។ 23 ពេលឆ្លងទៅនោះ ព្រះយេស៊ូផ្ទំលក់ ស្រាប់តែមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំង មកលើបឹង បណ្ដាលអោយទឹកជះចូលពេញទូក ហើយទាំងអស់គ្នាស្ថិតក្នុងភាពអាសន្ន។ 24 ពួកសិស្សចូលទៅជិតព្រះយេស៊ូ ដាស់ព្រះអង្គថា៖ «ព្រះគ្រូ! ព្រះគ្រូ! យើងស្លាប់ឥឡូវហើយ»។ ព្រះយេស៊ូតើនឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និង រលកយ៉ាងម៉ឺងម៉ាត់។ ខ្យល់ព្យុះ និង រលកក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដូចធម្មតាវិញ។ 25 ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ជំនឿរបស់អ្នករាល់គ្នានៅឯណា?»។ ពួកសិស្សភ័យស្ញប់ស្ញែង ព្រមទាំងស្ងើចសរសើរផង គេនិយាយគ្នាទៅវិញទៅមកថា៖ «តើលោកនេះមានឋានៈអ្វី បានជាបញ្ជាទៅខ្យល់ និង ទឹក ហើយខ្យល់ និង ទឹកស្ដាប់តាមបង្គាប់លោកដូច្នេះ?»។ 26 ព្រះយេស៊ូ និង សិស្ស បានមកដល់ក្រុងគេរ៉ាស៊ីននៅត្រើយម្ខាង ទល់មុខស្រុកកាលីឡេ។ 27 កាលព្រះអង្គយាងឡើងគោក មានបុរសម្នាក់ចេញពីក្រុងមករកព្រះអង្គ។ គាត់មានអារក្សចូល ហើយមិនស្លៀកពាក់ មិនរស់នៅក្នុងផ្ទះតាំងពីយូរមកហើយ គឺគាត់ស្នាក់នៅតែតាមទីបញ្ចុះសព។ 28 ពេលគាត់ឃើញព្រះយេស៊ូ គាត់ក្រាបទៀបព្រះបាទាព្រះអង្គ ហើយស្រែកយ៉ាងខ្លាំងថា៖ «ឱព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ! តើព្រះអង្គចង់ធ្វើអ្វីទូលបង្គំ? សូមមេត្ដាកុំធ្វើទុក្ខទោសទូលបង្គំអី»។ 29 វិញ្ញាណអាក្រក់ទូលអង្វរដូច្នេះ ព្រោះព្រះយេស៊ូបានបញ្ជាវាអោយចេញពីបុរសនោះ វាចូលគាត់ច្រើនលើកច្រើនសាមកហើយ។ គេបានយកច្រវាក់ ចងដៃចងជើងគាត់ និង ដាក់ខ្នោះទុកមួយកន្លែង តែគាត់កាច់ច្រវាក់បាន ហើយអារក្សនាំគាត់ទៅទីស្មសាន។ 30 ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «ឯងឈ្មោះអី?»។ វាឆ្លើយថា៖ «ទូលបង្គំឈ្មោះកងទ័ព»។ វាឆ្លើយដូច្នេះ ព្រោះមានអារក្សជាច្រើនចូលក្នុងបុរសនោះ។ 31 អារក្សទាំងនោះបានទទូចអង្វរព្រះយេស៊ូ សូមកុំអោយព្រះអង្គបញ្ជូនពួកវាទៅនរកអវិចីឡើយ។ 32 នៅក្បែរនោះមានជ្រូកមួយហ្វូងធំកំពុងរកស៊ីតាមចង្កេះភ្នំ។ ពួកអារក្សបានអង្វរព្រះអង្គ សូមអនុញ្ញាតអោយវាចូលក្នុងជ្រូកទាំងនោះ ព្រះយេស៊ូក៏អនុញ្ញាតអោយ។ 33 អារក្សចេញពីបុរសនោះចូលទៅក្នុងជ្រូក ហ្វូងជ្រូកបោលចុះតាមជំរាលភ្នំ តំរង់ទៅបឹង លង់ទឹកងាប់អស់ទៅ។ 34 ពេលអ្នកថែរក្សា ហ្វូងជ្រូកឃើញហេតុការណ៍កើតឡើងដូច្នេះ ក៏រត់យករឿងនេះទៅប្រាប់អ្នកនៅទីក្រុង និង អ្នកនៅស្រុកស្រែ។ 35 មនុស្សម្នានាំគ្នាចេញទៅមើលហេតុការណ៍នោះ។ គេចូលមករកព្រះយេស៊ូឃើញបុរសដែលអារក្សចូលពីមុន អង្គុយនៅទៀបព្រះបាទាព្រះអង្គ គាត់ស្លៀកពាក់ដឹងស្មារតីដូចធម្មតា គេក៏ស្ញែងខ្លាចព្រះអង្គ។ 36 អស់អ្នកដែល បានឃើញផ្ទាល់នឹងភ្នែក នាំគ្នារៀបរាប់អំពីរបៀបដែលព្រះយេស៊ូប្រោសបុរសអារក្សចូលនោះអោយបានជា។ 37 អ្នកស្រុកនៅតំបន់គេរ៉ាស៊ីនទាំងអស់អង្វរព្រះយេស៊ូអោយចាកចេញពីស្រុកភូមិរបស់គេ ដ្បិតគេភ័យខ្លាចខ្លាំងណាស់។ ព្រះយេស៊ូក៏យាងចុះទូកត្រឡប់ទៅវិញ។ 38 បុរសដែលអារក្សចូលពីមុននោះ បានអង្វរសុំនៅជាមួយព្រះអង្គដែរ ប៉ុន្ដែ ព្រះយេស៊ូមិនយល់ព្រមទេ។ ព្រះអង្គមានព្រះបន្ទូលថា៖ 39 «ចូរអ្នកត្រឡប់ទៅផ្ទះវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានប្រោសដល់អ្នក»។ បុរសនោះចេញទៅ ប្រកាសប្រាប់អោយអ្នកក្រុងដឹងអំពីការទាំងអស់ ដែលព្រះយេស៊ូបានប្រោសដល់គាត់។ 40 ពេលព្រះយេស៊ូយាងត្រឡប់មកពីត្រើយម្ខាងវិញបណ្ដាជននាំគ្នាមកទទួលព្រះអង្គ ព្រោះគេចាំមើលផ្លូវព្រះអង្គ គ្រប់ៗគ្នា។ 41 មានអ្នកទទួលខុសត្រូវលើសាលាប្រជុំ ម្នាក់ ឈ្មោះយ៉ៃរូសចូលមកជិតព្រះយេស៊ូក្រាបទៀបព្រះបាទាព្រះអង្គ អង្វរសូមព្រះអង្គយាងទៅផ្ទះគាត់ 42 ដ្បិតគាត់មានកូនស្រីតែមួយ អាយុប្រហែលដប់ពីរឆ្នាំ កំពុងឈឺ ជិតស្លាប់។ កាលព្រះយេស៊ូយាងទៅ នៅតាមផ្លូវ មានមហាជនប្រជ្រៀតគ្នាជុំវិញព្រះអង្គ។ 43 ពេលនោះ មានស្ដ្រីម្នាក់ កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចំណាយទ្រព្យសម្បត្ដិដែលនាងមានទាំងប៉ុន្មាន ដើម្បីអោយគ្រូពេទ្យព្យាបាល តែគ្មានគ្រូពេទ្យណាអាចមើលនាងជាបានឡើយ។ 44 នាងមកពីក្រោយព្រះយេស៊ូ ហើយពាល់ជាយព្រះពស្ដ្រព្រះអង្គ ស្រាប់តែឈាមឈប់ធ្លាក់មួយរំពេច។ 45 ព្រះយេស៊ូមានព្រះបន្ទូលសួរថា៖ «នរណាពាល់ខ្ញុំ?»។ គេប្រកែកគ្រប់គ្នាថា គេមិនបានពាល់ព្រះអង្គទេ។ លោកពេត្រុសទូលថា៖ «ព្រះគ្រូអើយ បណ្ដាជនប្រជ្រៀតគ្នានៅជុំវិញព្រះគ្រូ ហើយគេប៉ះព្រះគ្រូទាំងអស់គ្នា»។ 46 ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលថា៖«មានម្នាក់ពិតជាបានពាល់ខ្ញុំ ព្រោះខ្ញុំដឹងថាមានឫទ្ធានុភាពមួយចេញពីខ្លួនខ្ញុំទៅ»។ 47 ស្ដ្រីនោះមកក្រាបទៀប ព្រះបាទាព្រះយេស៊ូ ទាំងញ័ររន្ធត់ ព្រោះដឹងថាខ្លួនលាក់រឿងនេះមិនជិត។ នាងទូលព្រះអង្គនៅចំពោះមុខប្រជាជនទាំងមូល អំពីហេតុដែលនាំអោយនាងពាល់ព្រះអង្គ ហើយនាងបានជាពីជំងឺភ្លាម។ 48 ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖«កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅដោយសុខសាន្ដចុះ»។ 49 កាលព្រះយេស៊ូ កំពុងតែមានព្រះបន្ទូលនៅឡើយ មានបុរសម្នាក់មកពីផ្ទះលោកយ៉ៃរូស ជំរាបគាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ សូមកុំរំខានលោកគ្រូធ្វើអ្វីទៀត!»។ 50 ព្រះយេស៊ូឮពាក្យបុរសនោះព្រះអង្គមានព្រះបន្ទូលទៅលោកៃយ៉រូសថា៖ «កុំខ្លាចអី អោយតែលោកជឿ កូនលោកនឹងបានរួចជីវិតពុំខាន»។ 51 លុះព្រះអង្គយាងទៅដល់ផ្ទះហើយ ព្រះអង្គមិនអនុញ្ញាតអោយអ្នកណាចូលជាមួយឡើយ លើកលែងតែលោកពេត្រុស លោកយ៉ូហាន លោកយ៉ាកុប និង ឪពុកម្ដាយក្មេងស្រីនោះប៉ុណ្ណោះ។ 52 អ្នកដែលនៅទីនោះយំសោក អាណិតក្មេងនោះគ្រប់ៗគ្នា តែព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំយំអី នាងមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។ 53 គេចំអកដាក់ព្រះអង្គ ដ្បិតគេដឹងច្បាស់ថានាងបានស្លាប់ពិតមែន។ 54 ព្រះយេស៊ូចាប់ដៃក្មេងស្រីនោះ ហើយបន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖«នាងអើយ! ក្រោកឡើង»។ 55 រំពេចនោះ ព្រលឹងនាងក៏ត្រឡប់មកវិញ ហើយនាងក្រោកឡើងភ្លាម។ ព្រះយេស៊ូសុំអោយគេយកចំណីអាហារមកអោយនាងបរិភោគ។ 56 ឪពុកម្ដាយរបស់នាងងឿងឆ្ងល់ក្រៃលែង តែព្រះយេស៊ូហាមគេមិនអោយប្រាប់នរណាដឹងរឿងនេះឡើយ។
