KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Luke - លូកា 24 - Khmer, Central - Old Version - Bible.is - KMHKOV

  1  នៅថ្ងៃអាទិត្យពេលព្រលឹមស្រាងៗ ស្ដ្រីៗនាំគ្នាទៅផ្នូរ ដោយយកគ្រឿងក្រអូប ដែលគេបានរៀបចំទុកទៅជាមួយ ផង។   2  ពួកនាងសង្កេតឃើញថា ថ្មបានរមៀលចេញពីមាត់ផ្នូរ។   3  នាងក៏នាំគ្នាចូលទៅក្នុងផ្នូរ តែពុំឃើញព្រះសពរបស់ព្រះអម្ចាស់យេស៊ូទេ។   4  ស្ដ្រីទាំងនោះមិនដឹងជាត្រូវគិតយ៉ាងណាស្រាប់តែមានបុរសពីរនាក់ស្លៀកពាក់ភ្លឺចិញ្ចែងចិញ្ចាច មកឈរជិតនាង។   5  នាងភ័យខ្លាចជាខ្លាំង ហើយអោនមុខចុះ។ បុរសទាំងពីរនាក់នោះនិយាយមកកាន់នាងថា៖«ហេតុអ្វីបានជានាងនាំគ្នាមករកព្រះអង្គដែលមានព្រះជន្មរស់ ក្នុងចំណោមមនុស្សស្លាប់ដូច្នេះ?   6  ទ្រង់មិនគង់នៅទីនេះទេ ព្រះជាម្ចាស់បានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញហើយ។ ចូរនឹកចាំអំពី ព្រះបន្ទូល ដែលព្រះអង្គបានប្រាប់អ្នករាល់គ្នា កាលនៅស្រុកកាលីឡេថា   7  "បុត្រមនុស្ស នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាប គេនឹងឆ្កាងព្រះអង្គ តែបីថ្ងៃក្រោយមក ព្រះអង្គមានព្រះជន្មរស់ឡើងវិញ" »។   8  ពួកនាងក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ។   9  ពួកនាងនាំគ្នាត្រឡប់មកពីផ្នូរវិញ រៀបរាប់ហេតុការណ៍ទាំងនោះប្រាប់ក្រុមសិស្សទាំងដប់មួយនាក់ ព្រមទាំងអ្នកឯទៀតៗដែរ។   10  ស្ដ្រីទាំងនោះ មាននាងម៉ារីជាអ្នកស្រុកម៉ាដាឡានាងយ៉ូអាន់ និង នាងម៉ារីជាម្ដាយរបស់យ៉ាកុប។ ស្ដ្រីឯទៀតៗដែលបានទៅជាមួយនាងទាំងនោះ ក៏រៀបរាប់ហេតុការណ៍ប្រាប់ក្រុមសាវ័កដែរ   11  ពួកគេពុំជឿពាក្យសំដីនាងទេ ព្រោះគេថា នាងទាំងនោះនិយាយរឿងផ្ដេសផ្ដាស។   12  ប៉ុន្ដែ លោកពេត្រុសស្ទុះរត់ទៅផ្នូរ គាត់អោនមើលទៅឃើញតែក្រណាត់រុំព្រះសពប៉ុណ្ណោះ គាត់វិលត្រឡប់មកផ្ទះវិញ ទាំងងឿងឆ្ងល់អំពីហេតុការណ៍ដែលកើតមាននោះ។   13  នៅថ្ងៃដដែលនោះ មានសិស្ស ពីរនាក់ធ្វើដំណើរឆ្ពោះទៅភូមិអេម៉ោស ចម្ងាយប្រមាណដប់មួយគីឡូម៉ែត្រពី ក្រុងយេរូសាឡឹម។   14  គេនិយាយគ្នាអំពីហេតុការណ៍ទាំងប៉ុន្មានដែលកើតមាន។   15  នៅពេលដែលគេកំពុងតែពិភាក្សាគ្នា ព្រះយេស៊ូយាងមកជិតគេ ហើយធ្វើដំណើរជាមួយគេទៅ។   16  គេឃើញព្រះយេស៊ូផ្ទាល់នឹងភ្នែក តែគេមិនអាចស្គាល់ព្រះអង្គបានឡើយ។   17  ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «អ្នករាល់គ្នាដើរបណ្ដើរ ជជែកគ្នាបណ្ដើរ តើនិយាយគ្នាអំពីរឿងអ្វីហ្នឹង?»។ គេក៏ឈប់ដើរ ឈរស្ងៀម មានទឹកមុខស្រងូត។   18  ម្នាក់ឈ្មោះក្លេវប៉ាស ទូលព្រះអង្គថា៖ «ប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹម ដឹងហេតុការណ៍ដែលកើតឡើងប៉ុន្មានថ្ងៃមុននេះគ្រប់ៗគ្នា ម្ដេចក៏លោកមិនដឹង?»។   19  ព្រះអង្គសួរទៅគេថា៖ «តើរឿងអ្វី?»។ គេទូលឆ្លើយថា៖ «គឺរឿងលោកយេស៊ូជាអ្នក ភូមិណាសារ៉ែត។ ព្រះជាម្ចាស់ និង ប្រជាជនទាំងមូល ទទួលស្គាល់ថា លោកជាព្យាការី មានឫទ្ធានុភាពក្នុងគ្រប់ កិច្ចការដែលលោកបានធ្វើ និង គ្រប់ពាក្យសំដីដែលលោកបានថ្លែង។   20  ពួកនាយកបូជាចារ្យ និង ពួកមន្ដ្រីរបស់ យើង បានបញ្ជូនលោកទៅអោយគេកាត់ទោសប្រហារជីវិត ហើយគេឆ្កាងលោកផង។   21  យើងបានសង្ឃឹមថា លោកនេះហើយដែលនឹងរំដោះជនជាតិអ៊ីស្រាអែល តែហេតុការណ៍ទាំងនោះបានកន្លងផុតទៅបីថ្ងៃហើយ។   22  មានស្ដ្រីខ្លះក្នុងចំណោមពួកយើង បានធ្វើអោយយើងឆ្ងល់យ៉ាងខ្លាំង គឺនាងនាំគ្នាទៅផ្នូរ តាំងពីព្រលឹម   23  តែមិនបានឃើញសពលោកទេ។ នាងត្រឡប់មកវិញ រៀបរាប់ថានាងបានឃើញទេវតា មកប្រាប់ថា លោកមានជីវិតរស់។   24  មានពួកយើងខ្លះនាំគ្នាទៅផ្នូរដែរ ហើយបានឃើញដូចពាក្យស្ដ្រីទាំងនោះនិយាយមែន ប៉ុន្ដែ ពុំមាននរណាបានឃើញលោកសោះ»។   25  ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «មនុស្សខ្វះប្រាជ្ញាអើយ! អ្នក រាល់គ្នាមិនងាយជឿពាក្យទាំងប៉ុន្មាន ដែលពួកព្យាការីបានថ្លែងសោះ!។   26  ព្រះគ្រិស្ដ ត្រូវតែរងទុក្ខលំបាកបែបនេះសិន មុននឹងចូលទៅទទួលសិរីរុងរឿងរបស់ព្រះអង្គ»។   27  បន្ទាប់មកព្រះយេស៊ូបកស្រាយសេចក្ដីដែលមានចែងទុក អំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល ចាប់ពីគម្ពីរលោកម៉ូសេ រហូតដល់គម្ពីរព្យាការីទាំងអស់។   28  លុះមកជិតដល់ភូមិដែលសិស្សទាំងពីរបំរុងនឹងទៅ ព្រះយេស៊ូធ្វើហាក់ដូចជាចង់យាងបន្ដទៅមុខទៀត។   29  គេឃាត់ព្រះអង្គថា៖ «សូមលោកស្នាក់នៅជាមួយយើងខ្ញុំទីនេះហើយ ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង» ព្រះយេស៊ូក៏ចូលទៅស្នាក់នៅជាមួយគេ។   30  ព្រះអង្គគង់រួមតុជាមួយគេ ហើយយកនំបុ័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចកាច់ ប្រទានអោយគេ។   31  ពេលនោះ ភ្នែកគេបានភ្លឺឡើង មើលព្រះអង្គស្គាល់ ប៉ុន្ដែ ព្រះអង្គបាត់ពីមុខគេទៅ។   32  គេនិយាយគ្នាថា៖ «កាលព្រះអង្គមានព្រះបន្ទូលមកកាន់យើងព្រមទាំងបកស្រាយគម្ពីរអោយយើងស្ដាប់ នៅតាមផ្លូវយើងមានចិត្ដរំភើបយ៉ាងខ្លាំង!»។   33  គេក៏ក្រោកឡើង វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញភ្លាម ឃើញក្រុមសិស្ស ទាំងដប់មួយនាក់នៅជុំគ្នាជាមួយពួកគេឯទៀតៗ   34  គេប្រាប់អ្នកទាំងពីរថា៖ «ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ ពិតប្រាកដមែន ហើយទ្រង់បានបង្ហាញខ្លួនអោយស៊ីម៉ូនឃើញ!»។   35  សិស្សទាំងពីរនាក់រៀបរាប់ហេតុការណ៍ដែល កើតឡើងនៅតាមផ្លូវ ហើយគេបានស្គាល់ព្រះអង្គនៅពេលព្រះអង្គកាច់នំបុ័ង។   36  នៅពេលសិស្សទាំងពីរនាក់ កំពុងតែនិយាយរៀបរាប់ ព្រះអម្ចាស់យាងមកគង់នៅកណ្ដាលចំណោមសិស្សទាំងអស់ ហើយមានព្រះបន្ទូលថា៖ «សូមអោយអ្នករាល់គ្នាប្រកបដោយសេចក្ដីសុខសាន្ដ»។   37  គេភ័យតក់ស្លុត ញ័ររន្ធត់យ៉ាងខ្លាំង ព្រោះស្មានថាខ្មោចលង។   38  ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារន្ធត់ចិត្ដ ដូច្នេះ? ម្ដេចក៏អ្នករាល់គ្នានៅសង្ស័យ?   39  ចូរមើលដៃជើងខ្ញុំ គឺពិតជាខ្ញុំមែន!ចូរស្ទាបមើល៍ ខ្មោចគ្មានសាច់គ្មានឆ្អឹង ដូចខ្ញុំទេ»។   40  ព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ ក៏បង្ហាញព្រះហស្ដ និង ព្រះបាទាអោយគេឃើញ។   41  សិស្សពុំទាន់ជឿនៅឡើយទេ ព្រោះគេអរផង ហើយងឿងឆ្ងល់ផង។ ដូច្នេះ ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «នៅទីនេះតើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?»។   42  គេយកត្រីអំាងមួយដុំមកថ្វាយព្រះអង្គ   43  ព្រះអង្គទទួលយក ហើយសោយនៅមុខពួកគេទាំងអស់គ្នា។   44  បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា សេចក្ដីទាំងអស់ដែលមានចែងទុកអំពីខ្ញុំ ក្នុងគម្ពីរវិន័យ របស់លោកម៉ូសេ ក្នុងគម្ពីរព្យាការី និង ក្នុងគម្ពីរទំនុកតម្កើង ត្រូវតែកើតមាន»។   45  ព្រះអង្គក៏បំភ្លឺចិត្ដគំនិតគេអោយយល់ អត្ថន័យគម្ពីរ   46  ព្រះអង្គមានព្រះបន្ទូលថា៖«ហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមែន គឺព្រះគ្រិស្ដ ត្រូវរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី។   47  អ្នករាល់គ្នាត្រូវប្រកាស ក្នុងព្រះនាមព្រះអង្គ អោយមនុស្សគ្រប់ជាតិសាសន៍កែប្រែចិត្ដគំនិត ដើម្បីអោយបានរួចពីបាប គឺត្រូវប្រកាសចាប់ តាំងពីក្រុងយេរូសាឡឹមតទៅ។   48  អ្នករាល់គ្នាជាសាក្សីអំពីហេតុការណ៍ទាំងនេះ។   49  ខ្ញុំនឹងចាត់ព្រះវិញ្ញាណមកសណ្ឋិតលើអ្នករាល់គ្នា តាមព្រះបន្ទូលសន្យារបស់ព្រះបិតាខ្ញុំ។ អ្នករាល់គ្នាត្រូវនៅក្នុងក្រុងយេរូសាឡឹមនេះរហូតដល់ព្រះជាម្ចាស់ ប្រទានអោយអ្នករាល់គ្នាមានឫទ្ធានុភាព។   50  បន្ទាប់មក ព្រះយេស៊ូនាំពួកសិស្ស ចេញពីទីក្រុងទៅភូមិបេថានី។ ពេលទៅដល់ ព្រះអង្គលើកព្រះហស្ដឡើង ហើយប្រទានពរអោយគេ។   51  នៅពេលដែលព្រះអង្គកំពុងតែប្រទានពរ ព្រះជាម្ចាស់លើកយកព្រះអង្គចេញពីគេ ឡើងទៅស្ថានបរមសុខ ។   52  ក្រោយពីបានក្រាបថ្វាយបង្គំព្រះអង្គរួចហើយ គេក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ប្រកបដោយអំណរដ៏លើសលប់។   53  គេនៅក្នុងព្រះវិហារ ហើយនាំគ្នាលើកតម្កើងព្រះជាម្ចាស់ជានិច្ចនិរន្ដរ៍។