1 ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្ស ថា៖ «មានមូលហេតុជាច្រើន ដែលតែងតែបណ្ដាលអោយមនុស្សប្រព្រឹត្ដអំពើបាប។ ប៉ុន្ដែ អ្នកណានាំគេអោយប្រព្រឹត្ដអំពើបាប អ្នកនោះត្រូវវេទនាហើយ។ 2 ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងកទម្លាក់ទៅក្នុងសមុទ្រប្រសើរជាងទុកអោយគាត់នៅរស់ ហើយនាំមនុស្សតូចតាចណាម្នាក់ប្រព្រឹត្ដអំពើបាប។ 3 ដូច្នេះ អ្នករាល់គ្នាត្រូវប្រយ័ត្នខ្លួន!ប្រសិនបើបងប្អូនណាធ្វើអ្វីខុសចំពោះអ្នក ចូរស្ដីប្រដៅគាត់ផង តែបើគាត់កែប្រែចិត្ដគំនិត ចូរអត់ទោសអោយគាត់ទៅ។ 4 ប្រសិនបើគាត់ធ្វើអ្វីខុសចំពោះអ្នក ប្រាំពីរដងក្នុងមួយថ្ងៃ ហើយបើគាត់ត្រឡប់មករកអ្នកទាំងប្រាំពីរដង ដោយពោល "ខ្ញុំស្ដាយដោយបានធ្វើខុស "ចូរអត់ទោសអោយគាត់ទៅ»។ 5 ពួកសាវ័ក ទូលព្រះអម្ចាស់ថា៖«សូមព្រះអង្គប្រទានជំនឿមកយើងខ្ញុំថែមទៀត»។ 6 ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយថា៖ «ប្រសិនបើអ្នករាល់គ្នាមានជំនឿ ប៉ុនគ្រាប់ពូជមួយដ៏ល្អិត ហើយបើអ្នករាល់គ្នានិយាយទៅកាន់ដើមឈើនេះថា "ចូររំលើងឫសឯង ទៅដុះក្នុងសមុទ្រទៅ!" វាមុខជាស្ដាប់បង្គាប់អ្នករាល់គ្នាមិនខាន»។ 7 «ក្នុងចំណោមអ្នករាល់គ្នាឧបមាថា នរណាម្នាក់មានអ្នកបំរើ ទៅភ្ជួរស្រែ ឬ ឃ្វាលហ្វូងសត្វ។ ពេលអ្នកបំរើនោះវិលត្រឡប់មកពីស្រែវិញ ម្ចាស់មិនដែលនិយាយថា "សូមអញ្ជើញមកពិសាបាយ" ទេ។ 8 ផ្ទុយទៅវិញ ម្ចាស់តែងតែនិយាយទៅកាន់អ្នកបំរើថា "ចូររៀបចំបាយទឹកអោយខ្ញុំ រួចទៅផ្លាស់ខោអាវមកបំរើខ្ញុំ ពេលខ្ញុំបរិភោគចាំខ្ញុំបរិភោគរួច សឹមអ្នកបរិភោគតាមក្រោយ"។ 9 ម្ចាស់មិនដែលអរគុណអ្នកបំរើ ដែលបានធ្វើតាមបង្គាប់ខ្លួននោះឡើយ។ 10 រីឯអ្នករាល់គ្នាវិញក៏ដូច្នោះដែរកាលណាអ្នករាល់គ្នាបានបំពេញតាមព្រះបញ្ជារបស់ព្រះជាម្ចាស់ សព្វគ្រប់ហើយចូរពោល "យើងខ្ញុំគ្រាន់តែជាអ្នកបំរើធម្មតាប៉ុណ្ណោះ គឺយើងខ្ញុំបានបំពេញកិច្ចការដែលយើងខ្ញុំត្រូវធ្វើ"»។ 11 កាលព្រះយេស៊ូកំពុងយាងឆ្ពោះទៅក្រុងយេរូសាឡឹម ព្រះអង្គយាងកាត់តាមស្រុកសាម៉ារី និង ស្រុកកាលីឡេ។ 12 ពេលព្រះអង្គយាងចូលក្នុងភូមិមួយ មានមនុស្សឃ្លង់ដប់នាក់មករកព្រះអង្គ។ គេឈរពីចម្ងាយ 13 ស្រែកឡើងថា៖«លោកគ្រូយេស៊ូអើយ!សូមអាណិតមេត្ដាយើងខ្ញុំផង»។ 14 ព្រះយេស៊ូទតមើលគេហើយមានព្រះបន្ទូលថា៖«ចូរអ្នករាល់គ្នាទៅបង្ហាញខ្លួនអោយពួកបូជាចារ្យ ឃើញចុះ»។ ពេលអ្នកទាំងនោះចេញដំណើរទៅ គេក៏បានជាស្អាតបរិសុទ្ធ ទាំងអស់គ្នា។ 15 ពេលឃើញខ្លួនបានជាសះស្បើយដូច្នេះ មានម្នាក់ក្នុងចំណោមអ្នកទាំងនោះត្រឡប់មកវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយបន្លឺសំឡេងខ្លាំងៗផង។ 16 គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ អោនក្បាលដល់ដី ហើយអរព្រះគុណព្រះអង្គ អ្នកនោះជាអ្នកស្រុកសាម៉ារី។ 17 ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើទាំងដប់នាក់មិនបានជាស្អាតបរិសុទ្ធគ្រប់ៗគ្នាទេឬ ចុះប្រាំបួននាក់ទៀតនៅឯណា? 18 មានតែជនបរទេសម្នាក់វិលត្រឡប់មកវិញ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់!»។ 19 ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ទៀតថា៖«ចូរក្រោកឡើងអញ្ជើញទៅចុះ ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ»។ 20 ពួកខាងគណៈផារីស៊ី ទូលសួរព្រះយេស៊ូថា ព្រះជាម្ចាស់នឹងយាងមកគ្រងរាជ្យនៅពេលណា។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ព្រះរាជ្យព្រះជាម្ចាស់មិនមែនមក តាមបែបដែលមនុស្សអាចមើលឃើញនឹងភ្នែកបានឡើយ។ 21 គេពុំអាចពោល "ព្រះរាជ្យព្រះជាម្ចាស់នៅទីនេះ ឬ ព្រះរាជ្យព្រះជាម្ចាស់នៅទីនោះ"បានទេ។ ចូរដឹងថា ព្រះរាជ្យព្រះជាម្ចាស់ស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។ 22 បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅកាន់ សិស្ស ថា៖«ពេលក្រោយអ្នករាល់គ្នាចង់ឃើញថ្ងៃដែលបុត្រមនុស្ស យាងមកសូម្បីតែមួយថ្ងៃក៏បានដែរ តែអ្នក រាល់គ្នាពុំឃើញឡើយ។ 23 ពេលមានគេប្រាប់អ្នករាល់គ្នាថា "ព្រះអង្គនៅទីនេះ ឬ នៅទីនោះ"កុំរត់ទៅអោយសោះ។ 24 បុត្រមនុស្សនឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺឆ្វាច ឆូតកាត់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាង។ 25 ប៉ុន្ដែ បុត្រមនុស្សត្រូវតែរងទុក្ខវេទនាយ៉ាងខ្លាំងជាមុនសិន ហើយមនុស្សសម័យឥឡូវនេះនឹងបោះបង់លោកចោល។ 26 នៅគ្រាដែលបុត្រមនុស្សយាងមក ក៏ដូចនៅជំនាន់លោកណូអេ ដែរ។ 27 កាលណោះមនុស្សម្នាគិតតែស៊ីផឹក រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃលោកណូអេចូលក្នុងទូកធំ ហើយទឹកជំនន់ឡើងលិចបំផ្លាញមនុស្សអស់។ 28 នៅគ្រាបុត្រមនុស្សយាងមក ក៏ដូចកាលនៅជំនាន់លោកឡុត ដែរ កាលណោះមនុស្សម្នាស៊ីផឹក លក់ដូរ ដំាដំណាំ និង សង់ផ្ទះ។ 29 ប៉ុន្ដែ នៅថ្ងៃដែលលោកឡុតចាកចេញពីក្រុងសូដុម មានភ្លើង និង ស្ពាន់ធ័របង្អុរពីលើមេឃមកដូច ភ្លៀង បំផ្លាញអ្នកក្រុងទាំងអស់គ្នាទៅ។ 30 នៅថ្ងៃដែលបុត្រមនុស្សបង្ហាញខ្លួន ក៏នឹងមានហេតុការណ៍ដូច្នោះដែរ។ 31 នៅថ្ងៃនោះ អ្នកនៅលើដំបូលផ្ទះ ហើយមានរបស់របរទុកនៅក្នុងផ្ទះ កុំចុះទៅយកឡើយ។ រីឯអ្នកនៅចំការក៏ដូច្នោះដែរ កុំវិលត្រឡប់ទៅផ្ទះវិញអោយសោះ។ 32 ចូរនឹកចាំអំពីរឿងដែលកើតមានដល់ភរិយាលោកឡុត។ 33 អ្នកដែលខំរក្សាជីវិតរបស់ខ្លួននឹងបាត់បង់ជីវិត រីឯអ្នកដែលបាត់បង់ជីវិតនឹងបានរួចជីវិតវិញ។ 34 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះបើមានពីរនាក់ដេកលើគ្រែជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតអោយនៅ។ 35 បើស្ដ្រីពីរនាក់កិនស្រូវជាមួយគ្នា ព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតអោយនៅ។ 36 បើមានបុរសពីរនាក់នៅក្នុងចំការព្រះជាម្ចាស់យកម្នាក់ទៅ ទុកម្នាក់ទៀតអោយនៅ»។ 37 ពួកសិស្ស ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើហេតុការណ៍ទាំងនេះនឹងកើតមាន នៅទីណា?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «សាកសពនៅទីណា ត្មាតក៏នឹងមកជុំគ្នានៅទីនោះដែរ»។
