KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Luke - លូកា 13 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ពេលនោះ មានអ្នកខ្លះមកទូលព្រះយេស៊ូ អំពីអ្នកស្រុកកាលីឡេដែលលោកពីឡាតបានសម្លាប់ នៅពេលគេកំពុងតែថ្វាយយញ្ញបូជា។   2  ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «តើអ្នករាល់គ្នាស្មានថាអ្នកស្រុកកាលីឡេទាំងនោះជាមនុស្សបាប ច្រើនជាងអ្នកស្រុកកាលីឡេឯទៀតៗឬបានជាគេស្លាប់របៀបនេះ?   3  ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្ដគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្ដរាយដូចគេមិនខាន។   4  ចុះមនុស្សដប់ប្រាំបីនាក់ដែលបានស្លាប់ ដោយប៉មស៊ីឡោមរលំសង្កត់លើ តើអ្នករាល់គ្នាស្មានថា អ្នកទាំងនោះមានទោសធ្ងន់ជាងអ្នកក្រុងយេរូសាឡឹមឯទៀតៗឬ?   5  ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាបើអ្នករាល់គ្នាមិនកែប្រែចិត្ដគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្ដរាយដូច្នោះដែរ»។   6  បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះទៅគេថា៖ «មានឧទុម្ពរ មួយដើម ដុះក្នុងចំការបុរសម្នាក់។ ម្ចាស់ចំការមករកបេះផ្លែពីដើមឧទុម្ពរនោះ តែគ្មានផ្លែសោះ   7  គាត់ក៏ប្រាប់អ្នកថែចំការថា៖ «មើល៍ ខ្ញុំមករកបេះផ្លែ ឧទុម្ពរនេះបីឆ្នំាហើយ តែមិនឃើញមានផ្លែសោះ។ ចូរកាប់វាចោលទៅ ទុកនាំតែខាតដីទេ!»។   8  អ្នកថែចំការឆ្លើយ តបថា៖ «សូមលោកទុកវាមួយឆ្នំាទៀតសិន ចំាខ្ញុំជ្រួយដីជុំវិញ ហើយដាក់ជី។   9  ប្រហែលជាឆ្នំាក្រោយនឹងមានផ្លែ បើមិនផ្លែទេ សឹមកាប់វាចោលទៅចុះ!»។   10  ថ្ងៃមួយ ជាថ្ងៃសប្ប័ទ ព្រះយេស៊ូកំពុងតែប្រៀនប្រដៅគេក្នុងសាលាប្រជុំ ។   11  នៅទីនោះ មានស្ដ្រីម្នាក់ដែលត្រូវ វិញ្ញាណអាក្រក់ធ្វើអោយពិការ អស់រយៈពេលដប់ប្រាំបីឆ្នំាមកហើយ នាងកោងខ្នងងើបត្រង់ពុំកើត។   12  ពេលព្រះយេស៊ូទតឃើញស្ដ្រីនោះ ព្រះអង្គហៅនាងមក ហើយមានព្រះបន្ទូលថា៖«នាងអើយ! នាងបានជាសះស្បើយហើយ»។   13  ព្រះអង្គដាក់ព្រះហស្ដលើនាង នាងក៏ឈរត្រង់វិញបានមួយរំពេច ព្រមទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។   14  ប៉ុន្ដែ អ្នកទទួលខុសត្រូវលើសាលាប្រជុំទាស់ចិត្ដណាស់ ដោយឃើញព្រះយេស៊ូប្រោសអ្នកជំងឺអោយបានជានៅថ្ងៃសប្ប័ទដូច្នេះ។ គាត់ក៏និយាយទៅកាន់បណ្ដាជនថា៖ «យើងមានសិទ្ធិធ្វើការបាន ចំនួនប្រាំមួយថ្ងៃ។ ដូច្នេះ ចូរអ្នករាល់គ្នាមករកព្យាបាលខ្លួនក្នុងថ្ងៃទាំងនោះចុះ កុំមកថ្ងៃសប្ប័ទឡើយ!»។   15  ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់អ្នកទទួលខុសត្រូវលើសាលាប្រជុំនោះថា៖ «មនុស្សមានពុតអើយ! តើអ្នករាល់គ្នាមិនស្រាយគោ ឬ លា បញ្ចេញពីក្រោលដឹកទៅផឹកទឹកនៅថ្ងៃសប្ប័ទទេឬអី?។   16  ឯស្ដ្រីនេះជាពូជពង្សរបស់លោកអប្រាហំា មារសាតាំងបានចងនាងអស់រយៈពេលដប់ប្រាំបីឆ្នំាមកហើយ តើមិនគួរអោយខ្ញុំស្រាយចំណងនាងនៅថ្ងៃសប្ប័ទទេឬអី?»។   17  កាលព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ អ្នកប្រឆាំងនឹងព្រះអង្គអៀនខ្មាសយ៉ាងខ្លាំង រីឯបណ្ដាជនទាំងមូលវិញ គេរីករាយនឹងការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ។   18  ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើព្រះរាជ្យព្រះជាម្ចាស់ប្រៀបបានទៅនឹងអ្វីខ្លះ? តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ ទៅនឹងអ្វី?។   19  ព្រះរាជ្យព្រះជាម្ចាស់ប្រៀបបីដូចជាគ្រាប់ពូជម៉្យាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដំាក្នុងចំការរបស់ខ្លួន។ គ្រាប់នោះក៏ដុះឡើង បានទៅជាដើមឈើមួយ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យ នៅតាមមែក របស់វា»។   20  ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ទៅនឹងអ្វី?។   21  ព្រះរាជ្យ ព្រះជាម្ចាស់ប្រៀបបីដូចជាមេម្សៅ ដែលស្ដ្រីម្នាក់យកទៅលាយជាមួយនឹងម្សៅពីរតៅធ្វើអោយម្សៅ នោះដោរឡើង»។   22  ព្រះយេស៊ូធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡឹមកាត់តាមក្រុង តាមភូមិនានា ព្រមទាំងប្រៀនប្រដៅអ្នកស្រុកផង។   23  មានបុរសម្នាក់ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! អ្នកដែលព្រះជាម្ចាស់សង្គ្រោះមានចំនួនតិចទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖   24  «ចូរខំប្រឹងចូលតាមទ្វារចង្អៀត។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាមានមនុស្សជាច្រើនខំចូលដែរ ក៏ប៉ុនែ្ដគេមិនអាចចូលបានឡើយ។   25  កាលណាម្ចាស់ផ្ទះក្រោកទៅបិទទ្វារជិតហើយ អ្នករាល់គ្នានឹងឈរនៅខាងក្រៅគោះទ្វារផ្ទះទាំងអង្វរថា "ឱព្រះអម្ចាស់អើយ សូមបើកទ្វារអោយយើងខ្ញុំផង"។ ម្ចាស់ផ្ទះនឹងតបមកអ្នករាល់គ្នាថា "យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!"។   26  អ្នករាល់គ្នាមុខជាជំរាបលោកថា "យើងខ្ញុំធ្លាប់បរិភោគជាមួយព្រះអង្គ ហើយព្រះអង្គក៏ធ្លាប់ប្រៀនប្រដៅយើងខ្ញុំ នៅតាមភូមិដែរ"។   27  លោកនឹងប្រាប់អ្នករាល់គ្នាវិញថា "ពួកអ្នកប្រព្រឹត្ដអំពើទុច្ចរិតអើយ! ចូរថយចេញអោយឆ្ងាយពីយើងទៅ យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!"។   28  កាលអ្នករាល់គ្នាឃើញលោកអប្រាហំា លោកអ៊ីសាក លោកយ៉ាកុប និង ព្យាការី ទាំងឡាយ ស្ថិតនៅក្នុងព្រះរាជ្យ ព្រះជាម្ចាស់ តែព្រះអង្គចោល អ្នករាល់គ្នាអោយនៅខាងក្រៅ អ្នករាល់គ្នានឹងយំសោកខឹងសង្កៀតធ្មេញ។   29  មានមនុស្សមកពីទិសទាំងបួន ចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យព្រះជាម្ចាស់។   30  ពេលនោះ អ្នកខ្លះដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកខ្លះដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយវិញ»។   31  នៅពេលនោះ មានពួកខាងគណៈផារីស៊ី ខ្លះមកទូលព្រះយេស៊ូថា៖«សូមលោកអញ្ជើញទៅកន្លែងផ្សេងទៅ ព្រោះស្ដេចហេរ៉ូដចង់សម្លាប់លោក»។   32  ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «ចូរអ្នករាល់គ្នាទៅប្រាប់ស្ដេចកំហូច នោះថា ថ្ងៃនេះ និង ថ្ងៃស្អែក ខ្ញុំបណ្ដេញអារក្ស ខ្ញុំមើលអ្នកជំងឺអោយជា លុះដល់ខានស្អែកខ្ញុំនឹងបញ្ចប់កិច្ចការរបស់ខ្ញុំ។   33  ប៉ុន្ដែនៅថ្ងៃនេះ ស្អែក និង ខានស្អែក ខ្ញុំត្រូវតែបន្ដដំណើររបស់ខ្ញុំទៅមុខទៀត ដ្បិតមិនគួរអោយព្យាការី ស្លាប់នៅខាងក្រៅក្រុងយេរូសាឡឹមឡើយ។   34  អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកព្យាការី ហើយយកដុំថ្មគប់សម្លាប់អស់អ្នកដែលព្រះជាម្ចាស់បានចាត់អោយមករកអ្នក រាល់គ្នា។ ច្រើនលើកច្រើនសាមកហើយ ដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។   35  ផ្ទះរបស់អ្នករាល់គ្នានឹងត្រូវបោះបង់ចោល។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹង លែងឃើញខ្ញុំទៀតហើយ រហូតដល់ពេលអ្នករាល់គ្នាពោលៈ "សូមព្រះជាម្ចាស់ប្រទានពរដល់ ព្រះអង្គដែលយាងមកក្នុងនាមព្រះអម្ចាស់!" »។