KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Leviticus - លេវីវិន័យ 7 - Khmer, Central - Old Version - Bible.is - KMHKOV

  1  «នេះជាក្រឹត្យវិន័យស្តីអំពីយញ្ញបូជាលោះបាប គឺជាយញ្ញបូជាដ៏វិសុទ្ធបំផុត។   2  ចូរចាក់ កសត្វដែលត្រូវថ្វាយជាយញ្ញបូជាលោះបាប នៅកន្លែងដែលគេចាក់កសត្វ សំរាប់ថ្វាយជាតង្វាយដុតទាំងមូល រួចប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។   3  គេថ្វាយខ្លាញ់ទាំងអស់ កន្ទុយ និង ខ្លាញ់ដែលនៅជាប់ពោះវៀន   4  ក្រលៀនទាំងពីរ និង ខ្លាញ់ដែលនៅជាប់ក្រលៀនរហូតដល់ចង្កេះ ព្រមទាំងអ្វីៗនៅជាប់នឹងថ្លើម ដែលគេផ្តាច់ចេញមកជាមួយក្រលៀន។   5  លោកបូជាចារ្យដុតចំណែកទាំងនោះលើអាសនៈជាតង្វាយដុត នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ នេះជាយញ្ញបូជាលោះបាប។   6  ក្នុងក្រុមគ្រួសាររបស់បូជាចារ្យមានតែប្រុសៗប៉ុណ្ណោះដែលមានសិទ្ធិបរិភោគសាច់នេះ។ គេត្រូវបរិភោគសាច់នេះនៅកន្លែងដ៏សក្ការៈ ព្រោះជាតង្វាយដ៏វិសុទ្ធបំផុត។   7  ក្រឹត្យវិន័យទាំងប៉ុន្មានស្តីអំពីយញ្ញបូជាលោះបាប ក៏ដូចក្រឹត្យវិន័យស្តីអំពីយញ្ញបូជារំដោះបាបដែរ។ សាច់របស់សត្វត្រូវបានជាចំណែករបស់បូជាចារ្យដែលធ្វើពិធីរំដោះបាប»។   8  «ប្រសិនបើបូជាចារ្យថ្វាយតង្វាយដុតទាំងមូលរបស់នរណាម្នាក់ ស្បែកសត្វដែលគេថ្វាយ នោះត្រូវបានជាចំណែករបស់បូជាចារ្យ។   9  តង្វាយម្សៅទាំងអស់ ទោះបីនំដែលដុតក្នុងឡ ឬដុតក្នុងពុម្ពឬនំចៀន ត្រូវបានជាចំណែករបស់បូជាចារ្យដែលធ្វើពិធីនោះ។   10  រីឯតង្វាយម្សៅទាំងប៉ុន្មានដែលលាយជាមួយប្រេង ឬ មិនទាន់លាយក្តីត្រូវបានជាចំណែកស្មើៗគ្នា សំរាប់កូនទាំងអស់របស់អើរ៉ុន»។   11  «នេះជាក្រឹត្យវិន័យ ស្តីអំពីយញ្ញបូជាមេត្រីភាពដែលគេថ្វាយព្រះអម្ចាស់។   12  ប្រសិនបើនរណាម្នាក់ថ្វាយតង្វាយ សំរាប់សំដែងការអរព្រះគុណ ដត្រូវយកនំធ្វើពីម្សៅឥតមេ លាយជាមួយប្រេងនំក្រៀប លាយជាមួយប្រេង និង ធ្វើពីម្សៅម៉ដ្តលាយជាមួយប្រេង មកថ្វាយជាមួយយញ្ញបូជាសំរាប់អរព្រះគុណ។   13  គេត្រូវយកនំបុ័ងដែលមានមេមកថ្វាយ រួមជាមួយយញ្ញបូជាមេត្រីភាពសំរាប់អរព្រះគុណដែរ។   14  ត្រូវរំលែកនំដែលគេយកមកថ្វាយ ក្នុងមួយប្រភេទយកនំមួយៗ ទុកសំរាប់ព្រះអម្ចាស់ គឺជាចំណែករបស់បូជាចារ្យដែលធ្វើពិធីប្រោះឈាមសត្វថ្វាយជាយញ្ញបូជាមេត្រីភាព។   15  រីឯសាច់សត្វដែលគេថ្វាយជាយញ្ញបូជាមេត្រីភាពសំរាប់អរព្រះគុណ ត្រូវតែបរិភោគអោយអស់នៅថ្ងៃនោះ គឺមិនត្រូវទុកអោយនៅសល់រហូតដល់ស្អែកឡើយ។   16  ប្រសិនបើយញ្ញបូជាដែលគេយកមកថ្វាយជាតង្វាយលាបំណន់ ឬ ជាតង្វាយស្ម័គ្រចិត្ត ត្រូវបរិភោគសាច់ដែលថ្វាយជាយញ្ញបូជា នៅថ្ងៃនោះ ហើយសាច់នៅសល់ក៏អាចបរិភោគរហូតដល់ថ្ងៃស្អែកបានដែរ។   17  ប៉ុន្តែ បើមានសាច់នៃយញ្ញបូជានេះនៅសល់រហូតដល់ថ្ងៃទីបី គេត្រូវតែដុតវា។   18  នៅថ្ងៃទីបី ប្រសិនបើនរណាម្នាក់បរិភោគសាច់ដែលខ្លួនបានថ្វាយជាយញ្ញបូជាមេត្រីភាព អ្នកនោះនឹងនាំអោយខ្លួនមានទោស។ ព្រះអម្ចាស់មិនព្រមទទួលយញ្ញបូជារបស់គេទេ ព្រោះជាយញ្ញបូជាឥតបានការ ហើយជាសាច់សៅហ្មង។   19  ប្រសិនបើសាច់នោះទៅប៉ះនឹងវត្ថុមិនបរិសុទ្ធ មិនត្រូវបរិភោគវាឡើយ គឺត្រូវតែដុតចោល។ មានតែអ្នកបរិសុទ្ធប៉ុណ្ណោះទើបអាចបរិភោគសាច់នៃយញ្ញបូជាបាន។   20  ប្រសិនបើនរណាម្នាក់មិនបរិសុទ្ធ ហើយបរិភោគសាច់នៃយញ្ញបូជាមេត្រីភាពដែលគេថ្វាយព្រះអម្ចាស់ ត្រូវតែបណ្តេញអ្នកនោះចេញពីកុលសម្ព័ន្ធរបស់ខ្លួន។   21  រីឯអ្នកដែលប៉ះពាល់់វត្ថុមិនបរិសុទ្ធ មនុស្សមិនបរិសុទ្ធ ឬ សត្វមិនបរិសុទ្ធឬអ្វីៗមិនបរិសុទ្ធ គួរស្អប់ខ្ពើមរួចបរិភោគសាច់របស់យញ្ញបូជាមេត្រីភាពដែលគេថ្វាយព្រះអម្ចាស់ ក៏ត្រូវតែបណ្តេញចេញពីកុលសម្ព័ន្ធរបស់ខ្លួនដែរ»។   22  ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖   23  «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ : "អ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់គោខ្លាញ់ចៀម ឬ ខ្លាញ់ពពែជាដាច់ខាត។   24  រីឯខ្លាញ់របស់សត្វដែលងាប់ដោយជំងឺ ឬ ដោយសត្វព្រៃហែកសម្លាប់ នោះអ្នករាល់គ្នាអាចយកទៅធ្វើអ្វីក៏បានតែមិនត្រូវបរិភោគឡើយ។   25  ប្រសិនបើនរណាបរិភោគខ្លាញ់សត្វ ដែលគេបានថ្វាយជាយញ្ញបូជាចំពោះព្រះអម្ចាស់ ត្រូវបណ្តេញអ្នកនោះចេញពីកុលសម្ព័ន្ធរបស់ខ្លួន។   26  ទោះបីអ្នករាល់គ្នាទៅរស់នៅទីណាក្តី មិនត្រូវបរិភោគឈាមរបស់សត្វចតុបាទឬសត្វស្លាបឡើយ។   27  អ្នកណាបរិភោគឈាមអ្នកនោះនឹងត្រូវបណ្តេញចេញពីកុលសម្ព័ន្ធរបស់ខ្លួន"»។   28  ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖   29  «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ :"ប្រសិនបើនរណាម្នាក់ថ្វាយយញ្ញបូជាមេត្រីភាព គេត្រូវយកចំណែករបស់ព្រះអម្ចាស់ថ្វាយព្រះអង្គ។   30  គេត្រូវយកតង្វាយដុតដែលជាចំណែករបស់ព្រះអម្ចាស់ មកថ្វាយព្រះអង្គដោយផ្ទាល់ដៃ គឺមានខ្លាញ់ និង សាច់ទ្រូងដែលត្រូវលើកថ្វាយព្រះអង្គ។   31  បូជាចារ្យដុតខ្លាញ់នៅលើអាសនៈ រីឯសាច់ទ្រូងត្រូវបានទៅលោកអើរ៉ុន និង កូនៗរបស់គាត់។   32  ត្រូវរំលែកភ្លៅស្តាំរបស់សត្វដែលអ្នករាល់គ្នាថ្វាយជាយញ្ញបូជាមេត្រីភាពនោះជូនទៅបូជាចារ្យផងដែរ។   33  ភ្លៅស្តាំនេះត្រូវបានជាចំណែករបស់បូជាចារ្យណាដែលថ្វាយខ្លាញ់ និង ឈាមនៅលើអាសនៈ។   34  យើងនឹងយកសាច់ទ្រូងដែលគេលើកថ្វាយ និង ភ្លៅដែលគេរំលែកពីយញ្ញបូជាមេត្រីភាពរបស់ជនជាតិអ៊ីស្រាអែលប្រគល់អោយបូជាចារ្យអើរ៉ុន និង កូនចៅរបស់គាត់។ ជនជាតិអ៊ីស្រាអែលត្រូវប្រគល់ចំណែកទាំងនេះជូនបូជាចារ្យ រហូតតរៀងទៅ។   35  នេះជាចំណែកនៃយញ្ញបូជា ដែលត្រូវបានទៅលោកអើរ៉ុន និង កូនចៅរបស់គាត់ ចាប់ពីថ្ងៃដែលពួកគេបានទទួលការតែងតាំងជាបូជាចារ្យបំរើព្រះអម្ចាស់។   36  ព្រះអម្ចាស់បង្គាប់ជនជាតិអ៊ីស្រាអែលអោយប្រគល់ចំណែកទាំងនេះដល់ពួកគេ ចាប់តាំងពី ថ្ងៃដែលពួកគេបានទទួលការចាក់ប្រេងតែងតាំងជាបូជាចារ្យ។ នេះជាច្បាប់ដែលត្រូវតែអនុវត្តតាមគ្រប់ជំនាន់តរៀងទៅ ឥតប្រែប្រួលបានឡើយ»។   37  នេះជាក្រឹត្យវិន័យទាំងប៉ុន្មានស្តីអំពីតង្វាយដុតទាំងមូល តង្វាយម្សៅយញ្ញបូជារំដោះបាប យញ្ញបូជាលោះបាបយញ្ញបូជាសំរាប់តែងតាំងបូជាចារ្យ និង យញ្ញបូជាមេត្រីភាព។   38  ព្រះអម្ចាស់ប្រគល់ក្រឹត្យវិន័យទាំងនេះមកលោកម៉ូសេនៅភ្នំស៊ីណៃ នាថ្ងៃដែលព្រះអង្គបង្គាប់អោយជនជាតិអ៊ីស្រាអែលយកតង្វាយមកថ្វាយព្រះអង្គ នៅវាលរហោស្ថានស៊ីណៃ។