KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Leviticus - លេវីវិន័យ 6 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖   2  «ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយបំពានលើវិន័យព្រះអម្ចាស់ គឺបំបាត់វត្ថុអ្វីមួយពីជនរួមជាតិរបស់ខ្លួន ដូចជាបន្លំយករបស់ដែលគេយកមកផ្ញើទុកឬលួចយករបស់គេឬកំហែងយកទ្រព្យជនរួមជាតិរបស់ខ្លួន   3  ឬ បានរើសរបស់ដែលគេបាត់ តែប្រកែកថាមិនឃើញឬក៏ស្បថបំពាន ដើម្បីបិទបាំងអំពើបាបណាមួយដែលខ្លួនបានប្រព្រឹត្ត   4  មនុស្សប្រព្រឹត្តអំពើបាប បណ្តាលអោយខ្លួនមានទោសដូច្នេះ ត្រូវសងវត្ថុដែលខ្លួនបានលួចឬកំហែងយក ឬ សងវត្ថុដែលគេយកមកបញ្ចាំឬវត្ថុដែលខ្លួនរើសបាននោះ ទៅអោយម្ចាស់ដើមវិញ។   5  អ្នកនោះ ក៏ត្រូវសងវត្ថុដែលខ្លួនបានស្បថបំពានយកផងដែរ។ នៅពេលដែលគាត់ដឹងខ្លួនថាមានទោស នោះគាត់មិនគ្រាន់តែសងវត្ថុទាំងអស់ទៅម្ចាស់ដើមប៉ុណ្ណោះទេ គឺត្រូវបន្ថែមតម្លៃមួយភាគប្រាំ ពីលើតម្លៃរបស់វត្ថុនោះទៀតផង។   6  បន្ទាប់មក គាត់ត្រូវនាំចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះពីហ្វូងសត្វរបស់ខ្លួន ទៅជូនបូជាចារ្យសំរាប់ថ្វាយព្រះអម្ចាស់ដោយគិតតាមតម្លៃយញ្ញបូជាលោះបាប។   7  នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ លោកបូជាចារ្យធ្វើពិធីរំដោះបាបដែលអ្នកនោះបានប្រព្រឹត្ត ហើយព្រះអង្គនឹងអត់ទោសអោយគាត់ ទោះបីគាត់មានកំហុសអ្វីក៏ដោយ»។   8  ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖   9  «ចូរបង្គាប់អើរ៉ុន និង កូនៗរបស់គាត់ ដូចតទៅ : នេះជាក្រឹត្យវិន័យស្តីអំពីតង្វាយដុតទាំងមូល : ត្រូវទុកតង្វាយដុតទាំងមូលនៅលើអាសនៈ ពេញមួយយប់រហូតទល់ភ្លឺ ហើយត្រូវថែភ្លើងអោយឆេះរហូត។   10  បូជាចារ្យត្រូវពាក់់អាវវែង និង ស្លៀកខោខ្លីធ្វើពីក្រណាត់ទេសឯក ហើយកើបផេះដែលបានមកពីការបូជាតង្វាយដុតទាំងមូលនោះចេញពីអាសនៈ យកទៅដាក់វានៅក្បែរអាសនៈ។   11  បន្ទាប់មក គាត់ត្រូវផ្លាស់សម្លៀកបំពាក់ រួចយកផេះនោះចេញទៅក្រៅជំរំ ចាក់នៅកន្លែងមួយបរិសុទ្ធ។   12  ត្រូវអោយភ្លើងនៅលើអាសនៈឆេះរហូត គឺមិនត្រូវអោយរលត់ឡើយ។ រាល់ព្រឹក បូជាចារ្យត្រូវតែថែមអុស ហើយដាក់តង្វាយដុតទាំងមូលពីលើ ព្រមទាំងដុតខ្លាញ់នៃយញ្ញបូជាមេត្រីភាពថែមទៀតផង។   13  ត្រូវទុកភ្លើងអោយឆេះនៅលើអាសនៈជានិច្ច គឺមិនត្រូវអោយរលត់ឡើយ»។   14  «នេះជាក្រឹត្យវិន័យស្តីអំពីតង្វាយម្សៅ: កូនៗរបស់អើរ៉ុន ត្រូវថ្វាយតង្វាយម្សៅ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់នៅមុខអាសនៈ។   15  បូជាចារ្យមួយរូបយកម្សៅម៉ដ្តមួយក្តាប់ ព្រមទាំងប្រេង និង គ្រឿងក្រអូបទាំងអស់ រួចដុតនៅលើអាសនៈទុកជាទីរំលឹក ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។   16  រីឯម្សៅដែលនៅសល់ត្រូវបានទៅអើរ៉ុន និង កូនរបស់គាត់។ ប៉ុន្តែ ពួកគេត្រូវបរិភោគនំបុ័ងធ្វើពីម្សៅនេះ ដោយឥតដាក់មេឡើយ។ ពួកគេត្រូវបរិភោគនៅត្រង់កន្លែងដ៏សក្ការៈក្នុងទីលានពន្លាជួបព្រះអម្ចាស់។   17  មិនត្រូវដុតនំបុ័ងនេះលាយជាមួយមេឡើយ ដ្បិតជាចំណែកដែលព្រះអម្ចាស់យកចេញពីតង្វាយដុត សំរាប់ពួកគេ។ នេះជាចំណែកដ៏វិសុទ្ធបំផុត ដូចយញ្ញបូជារំដោះបាប និង យញ្ញបូជាលោះបាបដែរ។   18  មានតែប្រុសៗក្នុងចំណោមកូនចៅរបស់អើរ៉ុនប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំបុ័ងនេះ។ នេះជាចំណែកដែលត្រូវញែកចេញពីតង្វាយរបស់ព្រះអម្ចាស់ ទុកសំរាប់ពួកគេរហូតតទៅ។ អ្វីៗដែលប៉ះតង្វាយទាំងនេះនឹងបានវិសុទ្ធ»។   19  ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖   20  «នៅពេលដែលអើរ៉ុន និង កូនៗរបស់គាត់ទទួលការចាក់ប្រេងតែងតាំង ជាបូជាចារ្យ ពួកគេត្រូវយកម្សៅម៉ដ្តទម្ងន់មួយភាគដប់នៃអេផាមកថ្វាយព្រះអម្ចាស់ ទុកជាតង្វាយអចិន្ត្រៃយ៍ គឺពាក់កណ្តាល ថ្វាយនៅពេលព្រឹក ហើយពាក់កណ្តាលទៀត ថ្វាយនៅពេលល្ងាច។   21  ត្រូវយកម្សៅម៉ដ្តលាយជាមួយប្រេង រួចចាក់វាដុតក្នុងពុម្ព។ លុះនំឆ្អិនហើយ ត្រូវកាត់ជាដុំៗ មុននឹងលើកថ្វាយព្រះអម្ចាស់ ជាតង្វាយដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហឫទ័យព្រះអង្គ។   22  កូនរបស់អើរ៉ុន ដែលទទួលការចាក់ប្រេងតែងតាំងជាមហាបូជាចារ្យបន្តពីគាត់ត្រូវថ្វាយតង្វាយនេះដែរ គឺជាតង្វាយដែលត្រូវតែដុតទាំងអស់ ថ្វាយព្រះអម្ចាស់ជារៀងរហូត។   23  នៅពេលបូជាចារ្យថ្វាយតង្វាយម្សៅត្រូវតែដុតទាំងអស់ថ្វាយព្រះអម្ចាស់ គឺមិនត្រូវទុកបរិភោគឡើយ»។   24  ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖   25  «ចូរប្រាប់អើរ៉ុន និង កូនៗរបស់គាត់ដូចតទៅ : នេះជាក្រឹត្យវិន័យស្តីអំពីការថ្វាយយញ្ញបូជារំដោះបាប: ចូរចាក់កសត្វដែលត្រូវថ្វាយជាយញ្ញបូជារំដោះបាប នៅកន្លែងដែលគេចាក់កសត្វសំរាប់ថ្វាយជាតង្វាយដុតទាំងមូល នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ព្រោះជាតង្វាយដ៏វិសុទ្ធបំផុត។   26  បូជាចារ្យដែលថ្វាយយញ្ញបូជារំដោះបាបត្រូវបរិភោគតង្វាយនេះនៅកន្លែងដ៏សក្ការៈ ក្នុងទីលាននៃពន្លាជួបព្រះអម្ចាស់។   27  អ្វីៗដែលប៉ះនឹងសាច់របស់សត្វនោះ នឹងបានវិសុទ្ធ។ ប្រសិនបើមានឈាមខ្ទាតប្រឡាក់អាវ ត្រូវលាងកន្លែងប្រឡាក់នោះនៅក្នុងទីដ៏សក្ការៈ។   28  ប្រសិនបើគេចំអិនសាច់ក្នុងថ្លាងដី ក្រោយពីចំអិនរួចត្រូវតែបំបែកថ្លាងនោះចោល។ ប្រសិនបើគេចំអិនសាច់ក្នុងថ្លាងលង្ហិនក្រោយពីចំអិនរួច ត្រូវតែយកថ្លាងទៅដុស និង លាងក្នុងទឹក។   29  ក្នុងក្រុមគ្រួសាររបស់បូជាចារ្យមានតែប្រុសៗប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគសាច់នេះ ព្រោះជាតង្វាយដ៏វិសុទ្ធបំផុត។   30  រីឯសាច់របស់សត្វដែលគេយកឈាមចូលទៅក្នុងទីសក្ការៈនៃពន្លាជួបព្រះអម្ចាស់សំរាប់ពិធីរំដោះបាបនោះ មិនត្រូវបរិភោគទេ គឺត្រូវដុតទាំងអស់»។