1 ព្រះអម្ច្វាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ :ប្រសិនបើមានគេបន់ព្រះអម្ចាស់ ដោយសន្យាថ្វាយនរណាម្នាក់ទៅព្រះអង្គគេអាចរួចពីបំណន់របស់ខ្លួនបានដោយបង់ប្រាក់ តាមការវាយតម្លៃរបស់មនុស្ស។ 3 ត្រូវវាយតម្លៃមនុស្សដូចតទៅ :មនុស្សប្រុសដែលមានអាយុពីម្ភៃឆ្នាំ ទៅហុកសិបឆ្នាំត្រូវគិតជាប្រាក់ដប់ប្រាំតម្លឹង តាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ 4 ប្រសិនបើជាស្ត្រី ត្រូវគិតជាប្រាក់ប្រាំបួនតម្លឹង។ 5 ចំពោះមនុស្សដែលមានអាយុពីប្រាំទៅម្ភៃឆ្នាំ បើក្មេងប្រុស ត្រូវគិតជាប្រាក់ប្រាំមួយតម្លឹង ហើយក្មេងស្រីបីតម្លឹង។ 6 ក្មេងដែលមានអាយុពីមួយខែទៅប្រាំឆ្នាំ ត្រូវគិតជាប្រាក់មួយតម្លឹងកន្លះសំរាប់ក្មេងប្រុស ហើយប្រាំបួនជីសំរាប់ក្មេងស្រី។ 7 ចំពោះចាស់ៗដែលមានអាយុពីហុកសិបឆ្នាំឡើងទៅ ត្រូវគិតបួនតម្លឹងកន្លះ សំរាប់មនុស្សប្រុស ហើយបីតម្លឹងសំរាប់មនុស្សស្រី។ 8 ប្រសិនបើអ្នកបន់នោះជាជនក្រីក្រពេក ពុំអាចបង់ប្រាក់តាមការវាយតម្លៃនេះ ត្រូវនាំអ្នកដែលខ្លួនសន្យាថ្វាយនោះទៅជួបបូជាចារ្យ ហើយបូជាចារ្យនឹងវាយតម្លៃគាត់ ដោយគិតតាមកំរិតជីវភាពរបស់អ្នកបន់។ 9 ប្រសិនបើគេបន់ដោយសន្យាយកសត្វមកថ្វាយព្រះអម្ចាស់ ត្រូវចាត់ទុកសត្វទាំងនោះជាសក្ការៈថ្វាយព្រះអង្គ។ 10 មិនត្រូវយកអ្វីមកដោះដូរសត្វដែលត្រូវថ្វាយព្រះអង្គឡើយ គឺមិនត្រូវយកសត្វល្អមកដូរយកសត្វអាក្រក់ ឬយកសត្វអាក្រក់មកដូរយកសត្វល្អទេ។ បើអ្នកណាយកសត្វមួយមកដូរសត្វមួយទៀត ត្រូវចាត់ទុកសត្វទាំងពីរជាសក្ការៈ។ 11 ប្រសិនបើគេបន់ដោយសន្យាថ្វាយសត្វមិនបរិសុទ្ធ គឺសត្វដែលមិនត្រូវថ្វាយព្រះអម្ចាស់ តែត្រូវនាំសត្វនោះ ទៅជូនបូជាចារ្យ 12 បូជាចារ្យត្រូវពិនិត្យមើលគុណភាពរបស់សត្វនោះរួចវាយតម្លៃ។ 13 ប្រសិនបើម្ចាស់សត្វចង់លោះសត្វយកទៅវិញ ត្រូវបង់ប្រាក់មួយភាគប្រាំ ថែមពីលើតម្លៃដែលបូជាចារ្យបានគិត។ 14 ប្រសិនបើនរណាម្នាក់ចង់ញែកផ្ទះរបស់ខ្លួនទុកជាសក្ការៈថ្វាយព្រះអម្ចាស់ បូជាចារ្យត្រូវពិនិត្យមើលសភាពផ្ទះនោះនៅល្អ ឬ មិនល្អរួចវាយតម្លៃ។ 15 ប្រសិនបើម្ចាស់ផ្ទះចង់លោះផ្ទះរបស់ខ្លួន គាត់ត្រូវបង់ប្រាក់មួយភាគប្រាំថែមពីលើតម្លៃដែលបូជាចារ្យបានគិត ហើយផ្ទះនោះនឹងបានជាកម្មសិទ្ធិរបស់ខ្លួនវិញ។ 16 ប្រសិនបើនរណាម្នាក់ចង់ញែកដីធ្លីរបស់ខ្លួនទុកជាសក្ការៈថ្វាយព្រះអម្ចាស់ ត្រូវវាយតម្លៃដីដោយគិតតាមចំនួនស្រូវដែលសាបព្រោះគឺស្រូវដប់ពីរថាំងគិតជាប្រាក់ដប់ប្រាំតម្លឹង។ 17 ប្រសិនបើអ្នកនោះញែកដីរបស់ខ្លួនទុកជាសក្ការៈ នៅឆ្នាំមេត្តាករុណាត្រូវវាយតម្លៃដីទៅតាមនោះដែរ។ 18 ប្រសិនបើគេញែកដីរបស់ខ្លួន ទុកជាសក្ការៈក្រោយឆ្នាំមេត្តាករុណា ត្រូវគិតតម្លៃតាមចំនួនឆ្នាំដែលនៅសល់ រហូតដល់ឆ្នាំមេត្តាករុណាខាងមុខ។ 19 បើម្ចាស់ដីចង់លោះដីរបស់ខ្លួន គេត្រូវបង់ប្រាក់មួយភាគប្រាំថែមពីលើតម្លៃដី ហើយដីនោះនឹងបានជាកម្មសិទ្ធិរបស់គេវិញ។ 20 ប្រសិនបើគេមិនចង់លោះដីទេ តែលក់ទៅអោយអ្នកផ្សេង នោះគេមិនអាចលោះយកដីរបស់ខ្លួនមកវិញបានឡើយ។ 21 នៅឆ្នាំមេត្តាករុណាពេលអ្នកទិញត្រូវចាកចេញ ដីនោះនឹងទៅជាដីដ៏សក្ការៈរបស់ព្រះអម្ចាស់ ដែលគេថ្វាយផ្តាច់ដល់ព្រះអង្គ ហើយបានទៅជាកម្មសិទ្ធិរបស់បូជាចារ្យ។ 22 ប្រសិនបើនរណាម្នាក់ញែកដីមួយដុំ ថ្វាយជាសក្ការៈដល់ព្រះអម្ចាស់ ហើយដីនោះជាដីដែលគាត់ទិញ គឺមិនមែនជាកេរអាករ 23 បូជាចារ្យត្រូវគិតតម្លៃតាមចំនួនឆ្នាំដែលនៅសល់ រហូតដល់ឆ្នាំមេត្តាករុណា ម្ចាស់ដីត្រូវបង់ប្រាក់នៅថ្ងៃនោះតាមតម្លៃដែលបូជាចារ្យបានគិត ហើយប្រាក់ថ្លៃដីត្រូវទុកជាសក្ការៈថ្វាយព្រះអម្ចាស់។ 24 លុះដល់ឆ្នាំមេត្តាករុណា ដីនោះនឹងបានទៅជាកម្មសិទ្ធិរបស់ម្ចាស់ដើមវិញ។ 25 ការវាយតម្លៃទាំងអស់ ត្រូវគិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ គឺឯកតានីមួយៗ ស្មើនឹងម្ភៃកេរ៉ា។ 26 មិនត្រូវអោយនរណាម្នាក់ញែកកូនដំបូងពីហ្វូងសត្វរបស់ខ្លួនថ្វាយព្រះអម្ចាស់ឡើយ ដ្បិតកូនដំបូងរបស់សត្វ គឺទាំងកូនគោ ទាំងកូនចៀមជាកម្មសិទ្ធិរបស់ព្រះអម្ចាស់រួចស្រេចទៅហើយ។ 27 ប្រសិនបើសត្វនោះជាសត្វមិនបរិសុទ្ធ ត្រូវអោយគេលោះតាមតម្លៃដែលអ្នកបានគិតដោយបន្ថែមតម្លៃមួយភាគប្រាំពីលើ។ ប្រសិនបើគេមិនចង់លោះទេ ត្រូវលក់សត្វនោះទៅអោយអ្នកផ្សេង តាមតម្លៃដែលបូជាចារ្យបានគិត។ 28 បើនរណាម្នាក់ថ្វាយរបស់អ្វីមួយ ដែលជាកម្មសិទ្ធិរបស់ខ្លួនផ្តាច់ដល់ព្រះអម្ចាស់ គេពុំអាចលក់ឬក៏លោះយកតង្វាយនោះឡើយ ទោះបីតង្វាយនោះជាមនុស្ស ជាសត្វ ជាដីធ្លីក៏ដោយ។ អ្វីៗដែលគេថ្វាយផ្តាច់ដល់ព្រះអម្ចាស់នឹងបានទៅជាសក្ការៈថ្វាយព្រះអង្គរហូត។ 29 រីឯមនុស្សដែលគេថ្វាយផ្តាច់ដល់ព្រះអម្ចាស់ គ្មាននរណាមានសិទ្ធិលោះបានឡើយ គឺត្រូវតែប្រហារជីវិត។ 30 តង្វាយមួយភាគដប់ទាំងអស់ គឺភោគផលដែលកើតចេញពីដីឬផ្លែឈើក្តី ត្រូវទុកជាសក្ការៈថ្វាយព្រះអម្ចាស់។ 31 ប្រសិនបើនរណាម្នាក់ចង់លោះតង្វាយមួយភាគដប់មកវិញ ត្រូវបង់ប្រាក់ចំនួនមួយភាគប្រាំថែមពីលើ។ 32 ចំពោះហ្វូងគោ និង ហ្វូងចៀម ក៏ត្រូវថ្វាយសត្វមួយភាគដប់ទុកជាសក្ការៈដល់ព្រះអម្ចាស់ ដែរ។ 33 ម្ចាស់មិនត្រូវរើសសត្វល្អ ឬ មិនល្អសំរាប់ថ្វាយព្រះអង្គទេ ហើយក៏មិនត្រូវយកសត្វផ្សេងមកដោះដូរសត្វដែលត្រូវថ្វាយនោះដែរ។ ប្រសិនបើគេយកសត្វមួយមកដូរយកសត្វមួយទៀត ត្រូវចាត់ទុកសត្វទាំងពីរជាសក្ការៈ ហើយមិនអាចលោះយកទៅវិញបានទេ»។ 34 នេះហើយជាបទបញ្ជា ដែលព្រះអម្ចាស់ប្រទានមកលោកម៉ូសេនៅលើភ្នំស៊ីណៃ សំរាប់ជនជាតិអ៊ីស្រាអែល។