1 «ប្រសិនបើនរណាម្នាក់ចង់យកម្សៅមកថ្វាយជាតង្វាយ ចំពោះព្រះអម្ចាស់គេត្រូវយកម្សៅម៉ដ្តលាយជាមួយប្រេង ព្រមទាំងដាក់គ្រឿងក្រអូបផង 2 ហើយយកតង្វាយនោះមកជូនពួកបូជាចារ្យ ជាកូនលោកអើរ៉ុន។ គេត្រូវយកម្សៅពេញមួយក្តាប់ដែលលាយជាមួយប្រេង និង គ្រឿងក្រអូបទាំងអស់មក រួចបូជាចារ្យម្នាក់យកតង្វាយនេះ ទៅដុតនៅលើអាសនៈដើម្បីទុកជាទីរំលឹក។ នេះជាតង្វាយដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 3 រីឯតង្វាយដែលនៅសល់ ត្រូវបានទៅលោកអើរ៉ុន និង កូនរបស់លោក គឺជាចំណែកដ៏វិសុទ្ធបំផុតនៃយញ្ញបូជាដែលគេថ្វាយចំពោះព្រះអម្ច្វាស់។ 4 ប្រសិនបើតង្វាយដែលអ្នកយកមកថ្វាយនោះជានំដុតចំអិនក្នុងឡ ត្រូវធ្វើនំពីម្សៅម៉ដ្ត លាយជាមួយប្រេងឥតដាក់មេ ឬ ធ្វើនំក្រៀបពីម្សៅឥតដាក់មេ ហើយច្រួចប្រេងពីលើ។ 5 ប្រសិនបើតង្វាយដែលអ្នកយកមកថ្វាយនោះជានំចំអិនដោយប្រើពុម្ព ត្រូវធ្វើនំពីម្សៅម៉ដ្តលាយជាមួយប្រេងឥតដាក់មេ។ 6 ត្រូវកាត់នំនោះជាដុំៗ ហើយច្រួចប្រេងពីលើ។ នេះជាតង្វាយធញ្ញជាតិ។ 7 ប្រសិនបើតង្វាយដែលអ្នកយកមកថ្វាយនោះជានំចៀន ត្រូវធ្វើនំពីម្សៅម៉ដ្ត លាយជាមួយប្រេង។ 8 អ្នកត្រូវនាំយកតង្វាយជាធញ្ញជាតិដែលចំអិនហើយនោះមកថ្វាយព្រះអម្ចាស់ គឺលើកជូនបូជាចារ្យ ហើយបូជាចារ្យយកតង្វាយនោះឆ្ពោះទៅអាសនៈ។ 9 លោកបូជាចារ្យយកតង្វាយមួយចំណែកដុតនៅលើអាសនៈ ទុកជាទីរំលឹក។ នេះជាតង្វាយដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 10 រីឯតង្វាយដែលនៅសល់ត្រូវបានទៅលោកអើរ៉ុន និង កូនរបស់លោក គឺជាចំណែកដ៏វិសុទ្ធបំផុតនៃយញ្ញបូជាដែលគេថ្វាយចំពោះព្រះអម្ច្វាស់។ 11 មិនត្រូវយកតង្វាយម្សៅដែលមានមេ មកថ្វាយព្រះអម្ចាស់ទេ គឺតង្វាយទាំងប៉ុន្មានដែលអ្នករាល់គ្នាដុតថ្វាយព្រះអម្ចាស់ មិនត្រូវដាក់មេឬ ទឹកឃ្មុំឡើយ។ 12 អ្នកអាចថ្វាយតង្វាយទាំងនេះចំពោះព្រះអម្ចាស់ជាតង្វាយផលដំបូង។ ប៉ុន្តែ មិនត្រូវយកទៅថ្វាយនៅលើអាសនៈ ទុកជាតង្វាយដុតដែលមានក្លិនឈ្ងុយឡើយ។ 13 ត្រូវលាយអំបិលខជាមួយតង្វាយធញ្ញជាតិទាំងប៉ុន្មាន ដែលអ្នកយកមកថ្វាយព្រះអម្ចាស់។ កុំភ្លេចលាយអំបិល ជាមួយតង្វាយរបស់អ្នកឡើយ ដ្បិតអំបិលជានិមិត្តរូបពីសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បានចងជាមួយអ្នក។ ហេតុនេះ ត្រូវយកអំបិលមកថ្វាយជាមួយតង្វាយទាំងប៉ុន្មានរបស់អ្នក។ 14 ប្រសិនបើអ្នកយកផលដំបូងនៃចំរូតរបស់អ្នកមកថ្វាយព្រះអម្ចាស់ ត្រូវយកគ្រាប់ស្រូវទៅលីង រួចបុកគ្រាប់ស្រូវនោះ ទុកជាតង្វាយផលដំបូង។ 15 ត្រូវចាក់ប្រេងពីលើ ហើយដាក់គ្រឿងក្រអូបផង។ នេះជាតង្វាយធញ្ញជាតិ។ 16 បូជាចារ្យយកអំបុកមួយចំណែក ដែលលាយជាមួយប្រេង និង គ្រឿងក្រអូបទាំងអស់ទៅដុតនៅលើអាសនៈទុកជាទីរំលឹក។ នេះជាតង្វាយដែលគេដុតថ្វាយព្រះអម្ចាស់»។