1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និង លោកអើរ៉ុនថា៖ 2 «ចូរប្រាប់ជនជាតិអ៊ីស្រាអែល ដូចតទៅ : ក្នុងចំណោមសត្វដែលរស់នៅលើផែនដី សត្វដែលអ្នករាល់គ្នាអាចបរិភោគបាន 3 គឺសត្វដែលមានក្រចកឆែក ហើយទំពាអៀងផង។ 4 ប៉ុន្តែ អ្នករាល់គ្នាមិនត្រូវបរិភោគសត្វណា ដែលគ្រាន់តែមានក្រចកឆែក ឬ សត្វណាដែលគ្រាន់តែទំពាអៀងនោះឡើយ។ សត្វដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ មានដូចតទៅ : គឺ សត្វអូដ្ឋដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ដូច្នេះត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។ 5 ទន្សាយថ្ម ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ដូច្នេះត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។ 6 ទន្សាយព្រៃ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ដូច្នេះត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។ 7 ជ្រូក ដ្បិតវាមានក្រចកឆែក តែមិនទំពាអៀងទេ ដូច្នេះត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។ 8 អ្នករាល់គ្នាមិនត្រូវបរិភោគសាច់សត្វទាំងនោះឡើយ ហើយក៏មិនត្រូវប៉ះពាល់ខ្មោចវាដែរ គឺត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។ 9 ក្នុងចំណោមសត្វដែលរស់នៅក្នុងទឹក ទោះបីទឹកសមុទ្រក្តី ទឹកទន្លេក្តី អ្នករាល់គ្នាអាចបរិភោគបាន តែសត្វណាដែលមានព្រុយ និង មានស្រកាប៉ុណ្ណោះ។ 10 រីឯសត្វដែលគ្មានព្រុយ គ្មានស្រកា ទោះបីជាពពួកសត្វល្អិតដែលរស់រវើកក្នុងទឹក ឬ សត្វឯទៀតៗដែលរស់នៅក្នុងសមុទ្រឬទន្លេក្តី អ្នករាល់គ្នាត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធគួរស្អប់ខ្ពើម។ 11 អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វទាំងនោះ កុំបរិភោគសាច់របស់វា ហើយក៏មិនត្រូវប៉ះពាល់ខ្មោចរបស់វាដែរ។ 12 អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វទាំងឡាយណាដែលរស់នៅក្នុងទឹក តែគ្មានស្រកា និង គ្មានព្រុយ។ 13 ក្នុងចំណោមសត្វស្លាបដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វគួរស្អប់ខ្ពើម បរិភោគមិនបាន មានដូចតទៅ : ខ្លែង ស្ទាំង ខ្លែងស្រាក 14 រអាតត្មាតគ្រប់ប្រភេទ 15 ក្អែកគ្រប់ប្រភេទ 16 អូទ្រុស មៀមរំពេ និង ប្រមង់គ្រប់ប្រភេទ 17 ទីទុយ ក្អែកទឹក ក្រៀល 18 គូក ទុង ស្មោញ 19 កុកក្រសារគ្រប់ប្រភេទ ត្រសេះ និង ប្រចៀវ។ 20 អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វល្អិតដែលមានស្លាប និង មានជើង។ 21 ប៉ុន្តែ អ្នករាល់គ្នាអាចបរិភោគសត្វល្អិតដែលមានស្លាប និង មានជើងអាចលោតលើដី 22 ដូចជាកណ្តូប និង ចង្រិតគ្រប់ប្រភេទ។ 23 រីឯសត្វល្អិតផ្សេងទៀតដែលមានស្លាប និង ជើងនោះអ្នករាល់គ្នាត្រូវតែចាត់ទុកវាជាសត្វគួរស្អប់ខ្ពើមវិញ។ 24 សត្វទាំងនោះនឹងបណ្តាលអោយអ្នករាល់គ្នាទៅជាមិនបរិសុទ្ធ។ អ្នកណាប៉ះពាល់ខ្មោចរបស់វា អ្នកនោះនឹងទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។ 25 អ្នកដែលកាន់ខ្មោចសត្វនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។ 26 សត្វដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ មានដូចតទៅ: គឺសត្វដែលគ្មានក្រចកឆែក និង មិនទំពាអៀង អ្នកដែលប៉ះពាល់សត្វនោះ នឹងក្លាយទៅជាមិនបរិសុទ្ធ។ 27 សត្វចតុបាទទាំងអស់ដែលដើរលើបាតជើង គឺជាសត្វមិនបរិសុទ្ធ ហើយអ្នកដែលប៉ះពាល់ខ្មោចរបស់វា នឹងក្លាយទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។ 28 អ្នកដែលកាន់ខ្មោចសត្វនោះត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ 29 ក្នុងចំណោមសត្វដែលលូនវារនៅលើដី ពពួកសត្វដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធមានដូចតទៅ :ស្កា កណ្តុរ បង្កួយគ្រប់ប្រភេទ 30 តុកកែជីងចក់ថ្លែនជាស។ 31 អ្នករាល់គ្នាត្រូវចាត់ទុកសត្វទាំងនោះជាសត្វមិនបរិសុទ្ធ ហើយអ្នកដែលប៉ះពាល់ខ្មោចវា នឹងក្លាយទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។ 32 ប្រសិនបើសត្វណាមួយងាប់ ហើយធ្លាក់មកលើវត្ថុអ្វីមួយ ដូចជាសម្ភារៈធ្វើអំពីឈើ សម្លៀកបំពាក់ស្បែកថង់ និង អ្វីៗទាំងអស់ដែលជាគ្រឿងប្រើប្រាស់ ត្រូវយកទឹកមកលាង តែវត្ថុនោះនៅមិនបរិសុទ្ធរហូតដល់ល្ងាច ក្រោយមក ទើបគេអាចប្រើប្រាស់បានវិញ។ 33 ប្រសិនបើសត្វណាមួយធ្លាក់ចូលទៅក្នុងក្អមធ្វើអំពីដី អ្វីៗដែលនៅក្នុងនោះនឹងទៅជាមិនបរិសុទ្ធ ហើយក្អមនោះក៏ត្រូវតែបំបែកចោលដែរ។ 34 ប្រសិនបើគេចាក់ទឹកពីក្អមនោះ ទៅលើអាហារសំរាប់បរិភោគអាហារនោះនឹងក្លាយទៅជាមិនបរិសុទ្ធ ហើយទឹកសំរាប់ផឹកក៏នឹងក្លាយទៅជាមិនបរិសុទ្ធដែរ។ 35 ប្រសិនបើមានខ្មោចសត្វធ្លាក់ទៅលើវត្ថុប្រើប្រាស់ណាមួយ ទោះបីចង្ក្រានឬឡក្តី វត្ថុនោះនឹងទៅជាមិនបរិសុទ្ធ ហើយអ្នករាល់គ្នាត្រូវតែកំទេចចោល ដ្បិតអ្នករាល់គ្នាត្រូវចាត់ទុកវត្ថុទាំងនោះជាវត្ថុមិនបរិសុទ្ធ។ 36 ប្រសិនបើខ្មោចសត្វធ្លាក់ទៅក្នុងប្រភពទឹក ឬ អណ្តូងទឹក នោះទឹកនៅតែបរិសុទ្ធដដែល ប៉ុន្តែ អ្នកដែលយកខ្មោចសត្វនោះចេញ នឹងទៅជាមិនបរិសុទ្ធ។ 37 ប្រសិនបើខ្មោចសត្វធ្លាក់ទៅលើគ្រាប់ធញ្ញជាតិ ដែលទុកសំរាប់សាបព្រោះ គ្រាប់ទាំងនោះនៅតែបរិសុទ្ធដដែល។ 38 ប៉ុន្តែ បើវាធ្លាក់ទៅលើគ្រាប់ធញ្ញជាតិដែលត្រាំទឹករួចហើយ គ្រាប់ទាំងនោះនឹងទៅជាមិនបរិសុទ្ធ។ 39 ចំពោះសត្វដែលអ្នករាល់គ្នាអាចបរិភោគបាន ប្រសិនបើវាងាប់ អ្នកដែលប៉ះពាល់ខ្មោចសត្វនោះនឹងទៅជាមិនបរិសុទ្ធ រហូតដល់ល្ងាច។ 40 អ្នកដែលបរិភោគសាច់របស់ខ្មោចសត្វនោះត្រូវតែបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច រីឯអ្នកដែលកាន់ខ្មោចសត្វនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធរហូតដល់ល្ងាច។ 41 កុំបរិភោគសត្វដែលលូនវារនៅលើដី ត្រូវចាត់ទុកជាសត្វគួរស្អប់ខ្ពើម។ 42 អ្នករាល់គ្នាមិនត្រូវបរិភោគសត្វដែលលូនឬ សត្វដែលវារនៅលើដីឡើយ ទោះបីជាសត្វជើងបួន ឬ សត្វជើងច្រើនក្តី ព្រោះជាសត្វគួរស្អប់ខ្ពើម។ 43 អ្នករាល់គ្នាមិនត្រូវបណ្តោយអោយសៅហ្មង ដោយប៉ះពាល់សត្វទាំងនោះឡើយ ព្រោះវានឹងបណ្តាលអោយអ្នកទៅជាមិនបរិសុទ្ធ។ 44 យើង ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដូច្នេះអ្នករាល់គ្នាត្រូវតែរក្សាខ្លួនអោយបានវិសុទ្ធ ដ្បិតយើងជាព្រះដ៏វិសុទ្ធ។ ហេតុនេះអ្នករាល់គ្នាមិនត្រូវបណ្តោយខ្លួនអោយទៅជាមិនបរិសុទ្ធ ដោយសារសត្វដែលលូនវារនៅលើដីនោះឡើយ។ 45 យើងជាព្រះអម្ចាស់ ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីធ្វើជាព្រះរបស់អ្នករាល់គ្នា ដូច្នេះ ចូរអ្នករាល់គ្នាញែកខ្លួនអោយបានជាវិសុទ្ធ ដ្បិតយើងជាព្រះដ៏វិសុទ្ធ។ 46 នេះសុទ្ធសឹងជាក្រឹត្យវិន័យ ស្តីអំពីពួកសត្វជើងបួនសត្វស្លាបសត្វដែលរស់រវើករវាន់នៅក្នុងទឹក និង សត្វលូនវារទាំងប៉ុន្មាននៅលើដី។ 47 ក្រឹត្យវិន័យនេះនាំអោយអ្នករាល់គ្នាចេះបែងចែករវាងសត្វបរិសុទ្ធ និង សត្វមិនបរិសុទ្ធ សត្វដែលអាចបរិភោគបាន និង សត្វដែលបរិភោគមិនបាន»។