KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Leviticus - លេវីវិន័យ 1 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះអម្ចាស់ត្រាស់ហៅលោកម៉ូសេពីក្នុងពន្លាជួបព្រះអម្ចាស់ ហើយមានព្រះបន្ទូលមកលោកថា៖   2  «ចូរប្រកាសប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ប្រសិនបើនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាចង់យកតង្វាយមកថ្វាយព្រះអម្ចាស់ គេអាចថ្វាយគោ ឬ ចៀមជាតង្វាយបាន។   3  ប្រសិនបើតង្វាយនោះ ជាគោដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល គេត្រូវយកគោឈ្មោលល្អឥតខ្ចោះមួយក្បាល នាំទៅត្រង់ទ្វារនៃពន្លាជួបព្រះអម្ចាស់ ដើម្បីទូលសូមព្រះអង្គទទួលយក។   4  ម្ចាស់តង្វាយដាក់ដៃលើក្បាលសត្វ ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូលព្រះអម្ចាស់នឹងទទួលតង្វាយនោះហើយរំដោះគាត់អោយរួចពីបាប។   5  គេចាក់កគោនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន យកឈាមគោថ្វាយព្រះអម្ចាស់ រួចប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ ដែលស្ថិតនៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។   6  គេត្រូវពន្លាត់ស្បែកគោនោះ ហើយកាប់សាច់ជាដុំៗ។   7  ពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន យកភ្លើងដាក់នៅលើអាសនៈរួចបង្គរអុសពីលើ   8  ព្រមទាំងដាក់ដុំសាច់ក្បាល និង ខ្លាញ់លើគំនរអុសដែលឆេះនៅលើអាសនៈ។   9  គេត្រូវយកទឹកលាងពោះវៀន និង ជើងគោរួចបូជាចារ្យដុតទាំងអស់នៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។   10  ប្រសិនបើតង្វាយនោះជា ចៀម ឬ ពពែដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល គេត្រូវយកកូនចៀមឈ្មោលឬកូនពពែឈ្មោលមួយល្អឥតខ្ចោះ។   11  គេត្រូវចាក់កសត្វនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ប៉ែកខាងជើងអាសនៈ។ ពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន ប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។   12  គេកាប់សាច់ជាដុំៗ ហើយបូជាចារ្យដាក់ដុំសាច់ ក្បាល និង ខ្លាញ់លើគំនរអុសដែលឆេះនៅលើអាសនៈ។   13  គេត្រូវយកទឹកមកលាងពោះវៀន និង ជើងសត្វ ហើយបូជាចារ្យថ្វាយអ្វីៗទាំងអស់ទៅព្រះអម្ចាស់ រួចដុតនៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូលដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។   14  ប្រសិនបើតង្វាយនោះជាសត្វស្លាប ដែលត្រូវថ្វាយតង្វាយដុតទាំងមូលចំពោះព្រះអម្ចាស់ គេត្រូវយកលលកឬព្រាបជំទើរមកថ្វាយ។   15  បូជាចារ្យយកសត្វនោះទៅថ្វាយនៅលើអាសនៈ គាត់ត្រូវកាត់ក្បាលវាចេញ រួចដុតនៅលើអាសនៈ។ បន្ទាប់មកគាត់ត្រូវសំរក់ឈាមសត្វនោះ នៅលើគែមរបស់អាសនៈ។   16  គាត់ត្រូវយកគែវាចេញព្រមទាំងបោចរោមវា ហើយបោះចោលនៅខាងកើតអាសនៈ ត្រង់កន្លែងដាក់ផេះ។   17  គាត់ត្រូវពុះសត្វត្រង់ចន្លោះស្លាប តែមិនផ្តាច់វាចេញជាពីរចំណែកទេ រួចហើយបូជាចារ្យត្រូវដុតសត្វនោះលើអុសដែលឆេះនៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូលដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់»។