KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Judges - ចៅហ្វាយ 8 - Khmer, Central - Old Version - Bible.is - KMHKOV

  1  កុលសម្ព័ន្ធអេប្រាអ៊ីមពោលទៅកាន់លោកគេឌានថា៖ «ហេតុអ្វីបានជាលោកប្រព្រឹត្តចំពោះយើងខ្ញុំដូច្នេះ? ពេលចេញទៅប្រយុទ្ធជាមួយជនជាតិម៉ាឌាន ហេតុអ្វីបានជាលោកមិនហៅយើងខ្ញុំទៅផង?»។ ពួកគេស្តីបន្ទោសលោកយ៉ាងខ្លាំង។   2  លោកគេឌានឆ្លើយទៅពួកគេវិញថា៖ «ជ័យជំនះដែលខ្ញុំយកបាននោះមិនអាចប្រៀបផ្ទឹមទៅនឹងការដែលបងប្អូនបានធ្វើឡើយ។ បងប្អូនកុលសម្ព័ន្ធអេប្រាអ៊ីមអើយ ការប្រយុទ្ធរបស់បងប្អូន ទោះបីបន្តិចបន្តួចក្តី ក៏ប្រសើរជាងការប្រយុទ្ធនៃអំបូរអបៀស៊ើររបស់ខ្ញុំទៅទៀត?   3  ព្រះជាម្ចាស់បានប្រគល់មេដឹកនាំនៃពួកម៉ាឌាន គឺអូរិប និង សៀបមកក្នុងកណ្តាប់ដៃរបស់បងប្អូន។ ខ្ញុំមិនបានធ្វើអ្វីអោយស្មើនឹងកិច្ចការដែលបងប្អូនធ្វើឡើយ»។ កាលឮលោកគេឌានមានប្រសាសន៍ដូច្នេះហើយ ពួកគេក៏បាត់ខឹង។   4  លោកគេឌាន និង ទ័ពទាំងបីរយនាក់បានមកដល់ទន្លេយ័រដាន់ ហើយឆ្លងទៅត្រើយម្ខាង។ ទោះបីពួកគេនឿយហត់ខ្លាំងណាស់ទៅហើយក្តី ក៏ពួកគេនៅតែដេញតាមខ្មាំងសត្រូវតទៅទៀត។   5  ពេលពួកគេទៅដល់ក្រុងសិកូតលោកគេឌានមានប្រសាសន៍ទៅកាន់អ្នកក្រុងនោះថា៖ «សូមចែកនំបុ័ងអោយទ័ពដែលមកតាមខ្ញុំនេះផងព្រោះគេហត់នឿយខ្លាំងណាស់ ខ្ញុំកំពុងតែដេញតាមសេបាស និង សាល់មូណាស្តេចសាសន៍ម៉ាឌាន»។   6  ប៉ុន្តែ មេដឹកនាំក្រុងសិកូតនាំគ្នាឆ្លើយមកលោកវិញថា៖ «តើលោកចាប់បានស្តេចសេបាស និង ស្តេចសាល់មូណាហើយឬ បានជាយើងត្រូវយកអាហារអោយពលទ័ពរបស់លោកបរិភោគ?»។   7  លោកគេឌានតបទៅគេវិញថា៖ «កាលណាព្រះអម្ចាស់ប្រគល់ស្តេចសេបាស និង ស្តេចសាល់មូណាមកក្នុងកណ្តាប់ដៃរបស់ខ្ញុំ ខ្ញុំមុខជាយកបន្លាស្អិត និង បន្លាដំបងយក្ស វាយអ្នករាល់គ្នាមិនខាន»។   8  លោកគេឌានចេញពីទីនោះឡើងទៅក្រុងពេនួល ហើយសុំអាហារអ្នកក្រុងនោះដូចសុំអ្នកក្រុងសិកូតដែរ តែពួកគេឆ្លើយមកលោកវិញតាមរបៀបដដែល។   9  លោកគេឌានមានប្រសាសន៍ទៅកាន់អ្នកក្រុងពេនួលថា៖ «កាលណាខ្ញុំត្រឡប់មកវិញដោយជោគជ័យ ខ្ញុំនឹងរំលំប៉មក្រុងនេះចោល»។   10  រីឯស្តេចសេបាស និង ស្តេចសាល់មូណាបានទៅដល់តំបន់កើកូរជាមួយកងទ័ពរបស់គេ ប្រមាណមួយម៉ឺនប្រាំពាន់នាក់ ដែលនៅសល់ពីកងទ័ពទាំងមូលរបស់ពួកពនេចរពីស្រុកខាងកើត ដ្បិតពួកគេស្លាប់អស់មួយសែនពីរម៉ឺននាក់ហើយ។   11  លោកគេឌានក៏ឡើងទៅតាមផ្លូវរបស់ពួកពេនចរ នៅខាងកើតភូមិណូបាស និង ភូមិយ៉ុកបិហា ហើយវាយលុកទីតាំងទ័ពរបស់ខ្មាំង ដែលគេស្មានថាខ្លួនបានសុខសាន្តហើយ។   12  ស្តេចទាំងពីរអង្គរបស់ជនជាតិម៉ាឌាន គឺសេបាស និង សាល់មូណារត់គេចខ្លួន ប៉ុន្តែ លោកគេឌានដេញតាមចាប់បានស្តេចទាំងពីរ ព្រមទាំងវាយកងទ័ពរបស់ស្តេចអោយបាក់ទ័ពផង។   13  លោកគេឌានជាកូនរបស់លោកយ៉ូអាសវិលត្រឡប់មកពីធ្វើសឹកវិញ តាមច្រកភ្នំហេរេស។   14  ពេលនោះលោកចាប់ក្មេងប្រុសម្នាក់ពីក្រុងសិកូត មកសួរចម្លើយ ហើយអោយវាសរសេរឈ្មោះមេដឹកនាំ និង អ្នកចាស់ទុំនៅក្រុងសិកូតដែលមានចំនួនចិតសិបប្រាំពីរនាក់។   15  បន្ទាប់មកលោកគេឌានទៅរកអ្នកក្រុងសិកូតហើយមានប្រសាសន៍ថា៖ «នេះគឺសេបាស និង សាល់មូណា! អ្នករាល់គ្នាបាននិយាយមកខ្ញុំ ទាំងមើលងាយថា "តើលោកចាប់បានស្តេចសេបាស និង ស្តេចសាល់មូណា ហើយ ឬ បានជាយើងត្រូវយកអាហារអោយពលទ័ពរបស់លោកដែលអស់កម្លាំងបរិភោគ?"»។   16  លោកចាប់ពួកចាស់ទុំនៅក្រុងនោះមក ហើយយកបន្លាដំបងយក្ស និង បន្លាស្អិតមកវាយ ដើម្បីព្រមានអ្នកក្រុងសិកូត។   17  លោកបានរំលំប៉មក្រុងពេនួល ព្រមទាំងសម្លាប់ប្រជាជននៅក្រុងនោះទៀតផង។   18  បន្ទាប់មក លោកគេឌានសួរទៅស្តេចសេបាស និង ស្តេចសាល់មូណាថា ៖«តើមនុស្សដែលពួកឯងបានសម្លាប់នៅភ្នំតាបោរ នោះមានភិនភាគដូចម្តេច?»។ គេឆ្លើយឡើងថា៖ «ពួកគេមានភិនភាគដូចលោកដែរ គឺម្នាក់ៗដូចបុត្រស្តេច»។   19  លោកគេឌានពោលថា៖ «ពួកគេជាបងប្អូនពោះមួយនឹងខ្ញុំ។ យើងសុំប្រាប់ពួកឯង ក្នុងព្រះនាមព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅថា ប្រសិនបើឯងពុំបានសម្លាប់អ្នកទាំងនោះទេ យើងនឹងទុកជីវិតពួកឯងជាមិនខាន!»។   20  បន្ទាប់មក លោកបង្គាប់ទៅយេធើជាកូនច្បងរបស់លោកថា៖ «ចូរសម្លាប់ពួកគេចោលទៅ!»។ ប៉ុន្តែ យុវជននោះមិនហ៊ានហូតដាវទេដ្បិតគេខ្លាចដោយខ្លួននៅក្មេងពេក។   21  ស្តេចសេបា និង ស្តេចសាល់មូណាពោលទៅកាន់លោកគេឌានថា៖ «សូមសម្លាប់យើងដោយដៃលោកផ្ទាល់ទៅ ដ្បិតគួរអោយមនុស្សពេញកម្លាំងសម្លាប់យើងវិញ!»។ ពេលនោះលោកគេឌានក្រោកឡើង ហើយសម្លាប់ស្តេចសេបាស និង ស្តេចសាល់មូណាចោលរួចដោះយកគ្រឿងលំអ ដែលពាក់នៅកអូដ្ឋរបស់ពួកគេផង។   22  ក្រោយពីព្រឹត្តិការណ៍នោះមក ជនជាតិអ៊ីស្រាអែលពោលទៅកាន់លោកគេឌានថា៖ «សូមលោកមេត្តាគ្រប់គ្រងលើយើងខ្ញុំ ហើយក្រោយមក សូមអោយកូន និង ចៅរបស់លោកគ្រប់គ្រងលើយើងខ្ញុំតទៅទៀតដែរ ពីព្រោះលោកបានសង្គ្រោះយើងខ្ញុំ អោយរួចពីកណ្តាប់ដៃរបស់ពួកម៉ាឌាន»។   23  លោកគេឌានតបទៅពួកគេវិញថា៖ «ទេ! ខ្ញុំមិនគ្រប់គ្រងលើអ្នករាល់គ្នាទេ ហើយកូនរបស់ខ្ញុំ ក៏មិនគ្រប់គ្រងលើអ្នករាល់គ្នាដែរ គឺ ព្រះអម្ចាស់ទេ ដែលគ្រប់គ្រងលើអ្នករាល់គ្នា»។   24  លោកគេឌានមានប្រសាសន៍ទៅពួកគេទៀតថា៖ «ខ្ញុំមានសំណូមពរមួយ គឺសូមអ្នករាល់គ្នាប្រគល់ក្រវិល ដែលម្នាក់ៗរឹបអូសយកបានពីសត្រូវមកអោយខ្ញុំ»- ជនជាតិម៉ាឌានសុទ្ធតែពាក់ក្រវិលមាស ដ្បិតពួកគេសុទ្ធតែជាកូនចៅរបស់លោកអ៊ីស្មាអែលទាំងអស់គ្នា។   25  ជនជាតិអ៊ីស្រាអែលឆ្លើយឡើងថា ៖ «យើងខ្ញុំសូមជូនក្រវិលទៅលោក ដោយស្មោះអស់ពីចិត្ត»។ ពួកគេក៏ត្រដាងអាវធំមួយនៅលើដី ហើយម្នាក់ៗដាក់ក្រវិលដែលខ្លួនរឹបអូសយកបានពីសត្រូវ លើអាវនោះ។   26  ក្រវិលមាសទាំងអស់ដែលលោកគេឌានបានសុំពីគេនោះ មានទម្ងន់ប្រមាណប្រាំរយតម្លឹង។ លោកក៏បានទទួលគ្រឿងអលង្កា ទំហូ និង សម្លៀកបំញក់ពណ៌ក្រហមទុំរបស់ស្តេចសាសន៍ម៉ាឌាន ព្រមទាំងគ្រឿងលំអដែលពាក់នៅកសត្វអូដ្ឋរបស់សត្រូវទៀតផង។   27  លោកគេឌានបានយកមាសទាំងនោះទៅសូនធ្វើជារូបបដិមាករមួយ ហើយតម្កល់នៅអូប្រា ជាភូមិកំណើតរបស់លោក។ ដូច្នេះ ជនជាតិអ៊ីស្រាអែលនាំគ្នាក្បត់ព្រះជាម្ចាស់ ដោយគោរពថ្វាយបង្គំរូបចម្លាក់នោះ ហើយរូបនោះក្លាយទៅជាអន្ទាក់ដល់លោកគេឌាន និង ក្រុមគ្រួសាររបស់លោក។   28  ចាប់ពីពេលនោះ មកជនជាតិម៉ាឌានស្ថិតនៅជាចំណុះជនជាតិអ៊ីស្រាអែលមិនអាចងើបមុខបានឡើយ ហើយស្រុកទេសក៏បានសុខសាន្តត្រាណអស់រយៈពេលសែសិបឆ្នាំ។   29  លោកយេរូបាល ជាកូនរបស់លោកយ៉ូអាស វិលត្រឡប់ទៅរស់នៅក្នុងផ្ទះរបស់លោកវិញ។   30  លោកមានកូនប្រុសទាំងអស់ចិតសិបនាក់ ដ្បិតលោកមានប្រពន្ធច្រើន។   31  ប្រពន្ធចុងរបស់លោកនៅស៊ីគែមបង្កើតបានកូនប្រុសម្នាក់ជូនលោក ដែលលោកដាក់ឈ្មោះថាអប៊ីម៉ាឡេក។   32  លោកគេឌានជាកូនរបស់លោកយ៉ូអាសបានរស់យ៉ាងយូរ ប្រកបដោយសុភមង្គលបន្ទាប់មក លោកក៏ទទួលមរណភាពទៅ។ គេបានបញ្ចុះសពលោក ក្នុងផ្នូររបស់លោកយ៉ូអាសជាឪពុកនៅអូប្រា ជាភូមិរបស់អំបូរអបៀស៊ើរ។   33  ក្រោយពីលោកគេឌានទទួលមរណភាពផុតទៅ ជនជាតិអ៊ីស្រាអែលនាំគ្នាក្បត់ព្រះជាម្ចាស់សាជាថ្មី ហើយបែរទៅគោរពព្រះបាល គឺគេយកព្រះបាល-បេរីតធ្វើជាព្រះរបស់គេ   34  ពួកគេលែងនឹកនាដល់ព្រះអម្ចាស់ជាព្រះរបស់គេដែលបានរំដោះគេអោយរួចពីខ្មាំងសត្រូវនៅជុំវិញ។   35  ពួកគេពុំដឹងគុណគ្រួសារលោកគេឌាន ហៅយេរូបាល នូវការល្អទាំងប៉ុន្មានដែលលោកបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រាអែលឡើយ។