1 ជនជាតិអ៊ីស្រាអែលបានជួបជុំគ្នានៅមីសប៉ា ហើយស្បថថា៖ «ក្នុងចំណោមពួកយើងមិនត្រូវអោយនរណាម្នាក់ លើកកូនស្រីខ្លួន ទៅអោយពួកបេនយ៉ាមីន ធ្វើជាប្រពន្ធឡើយ»។ 2 ប្រជាជនអ៊ីស្រាអែលចេញទៅបេតអែល ហើយអង្គុយនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ រហូតដល់ល្ងាច ពួកគេយំសោកសង្រេងយ៉ាងខ្លាំង។ 3 គេទូលព្រះអង្គថា៖ «ឱព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ! ហេតុអ្វីបានជាមានរឿងបែបនេះកើតឡើងចំពោះជនជាតិអ៊ីស្រាអែល? ហេតុអ្វីបានជាថ្ងៃនេះជនជាតិអ៊ីស្រាអែលត្រូវបាត់បង់កុលសម្ព័ន្ធមួយ?»។ 4 ស្អែកឡើងប្រជាជននាំគ្នាក្រោកឡើងពីព្រលឹមពួកគេសង់អាសនៈមួយនៅទីនោះ ហើយយកសត្វមកថ្វាយជាតង្វាយដុតទាំងមូល និង យញ្ញបូជាមេត្រីភាព។ 5 បន្ទាប់មក ជនជាតិអ៊ីស្រាអែលក៏សួរគ្នាទៅវិញទៅមកថា៖ «ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ តើមានក្រុមណាមួយមិនបានមករួមប្រជុំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់នៅមីសប៉ាឬទេ?»។ គេសួរដូច្នេះ ព្រោះគេបានស្បថយ៉ាងឱឡារិកថា អ្នកដែលមិនបានមករួមប្រជុំនៅមីសប៉ានឹងត្រូវស្លាប់។ 6 ម៉្យាងទៀតជនជាតិអ៊ីស្រាអែលស្តាយកុលសម្ព័ន្ធបេនយ៉ាមីនដែលជាបងប្អូនរបស់ពួកគេហើយនិយាយថា៖ «ថ្ងៃនេះ ជនជាតិអ៊ីស្រាអែលកំពុងតែបាត់កុលសម្ព័ន្ធមួយ។ 7 តើយើងត្រូវធ្វើដូចម្តេចដើម្បីរកប្រពន្ធអោយពួកបេនយ៉ាមីនដែលនៅរស់ ដ្បិតយើងបានស្បថក្នុងព្រះនាមព្រះអម្ចាស់ ថាមិនលើកកូនស្រីរបស់យើងទៅអោយពួកគេធ្វើជាប្រពន្ធឡើយ»។ 8 គេសួរគ្នាទៀតថា៖ «តើមានក្រុមណាមួយក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែលមិនបានមកថ្វាយបង្គំព្រះអម្ចាស់នៅមីសប៉ាឬទេ?»។ គេរកឃើញថាគ្មាននរណាម្នាក់នៅភូមិយ៉ាបេស ក្នុងស្រុកកាឡាដមកបោះជំរំរួមជាមួយអង្គប្រជុំឡើយ 9 ដ្បិតនៅពេលរាប់ចំនួនប្រជាជនដែលចូលរួមនោះ គេពុំឃើញមាននរណាម្នាក់មកពីភូមិយ៉ាបេសទាល់តែសោះ។ 10 ដូច្នេះអង្គប្រជុំក៏ចាត់ទាហានដ៏ខ្លាំងពូកែ ចំនួនមួយម៉ឺនពីរញន់នាក់អោយទៅភូមិយ៉ាបេស ដោយបញ្ជាថា៖ «ចូរទៅប្រហារអ្នកភូមិយ៉ាបេស ក្នុងស្រុកកាឡាដ ដោយមុខដាវរួមទាំងស្ត្រី និង ក្មេងៗផង។ 11 ត្រូវធ្វើដូចតទៅ គឺសម្លាប់ប្រុសៗទាំងអស់ និង ស្ត្រីដែលមានប្តីរួចហើយទាំងអស់ដែរ»។ 12 ក្នុងចំណោមប្រជាជនភូមិយ៉ាបេសគេឃើញមានស្ត្រីក្រមុំព្រហ្មចារីចំនួនបួនរយនាក់។ ពួកគេក៏នាំស្ត្រីក្រមុំទាំងនោះទៅជំរំស៊ីឡូ ក្នុងស្រុកកាណាន។ 13 បន្ទាប់មក សហគមន៍ទាំងមូលបានចាត់អ្នកនាំពាក្យអោយទៅ និយាយជាមួយកូនចៅបេនយ៉ាមីនដែលភៀសខ្លួនទៅនៅត្រង់ផ្ទាំងថ្មរីម៉ូននោះថាអ៊ីស្រាអែលលើកលែងទោសអោយពួកគេហើយ។ 14 នៅគ្រានោះពួកបេនយ៉ាមីនក៏នាំគ្នាវិលត្រឡប់មកទីលំនៅរបស់គេវិញ ហើយជនជាតិអ៊ីស្រាអែលបានប្រគល់ស្ត្រីនៅភូមិយ៉ាបេសដែលគេមិនបានសម្លាប់ អោយពួកបេនយ៉ាមីនធ្វើជាប្រពន្ធ។ ប៉ុន្តែ ស្ត្រីទាំងនោះមានចំនួនមិនគ្រប់គ្រាន់សំរាប់ពួកគេទាំងអស់គ្នាទេ។ 15 ជនជាតិអ៊ីស្រាអែលស្តាយកុលសម្ព័ន្ធបេនយ៉ាមីនណាស់ ព្រោះព្រះអម្ចាស់បានបំបាត់ពួកគេពីក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល។ 16 ពេលនោះ អស់លោកព្រឹទ្ធាចារ្យនៃសហគមន៍មានប្រសាសន៍ថា៖ «តើយើងត្រូវធ្វើដូចម្តេច ដើម្បីអោយពួកបេនយ៉ាមីនដែលនៅរស់អាចមានប្រពន្ធបើស្ត្រីៗក្នុងកុលសម្ព័ន្ធបេនយ៉ាមីនស្លាប់អស់ទៅហើយ? 17 ពួកបេនយ៉ាមីនត្រូវតែបន្តពូជពង្សរបស់ខ្លួន ដើម្បីកុំអោយកុលសម្ព័ន្ធមួយរបស់ជនជាតិអ៊ីស្រាអែលរលាយសូន្យឡើយ។ 18 ប៉ុន្តែ យើងមិនអាចលើកកូនស្រីរបស់យើងអោយធ្វើជាប្រពន្ធរបស់ពួកគេទេ ពីព្រោះយើងបានស្បថថា "អ្នកណាលើកកូនស្រីអោយពួកបេនយ៉ាមីនអ្នកនោះនឹងត្រូវបណ្តាសា"»។ 19 អស់លោកទាំងនោះពោលទៀតថា៖ «រៀងរាល់ឆ្នាំ យើងតែងប្រារព្ធពិធីបុណ្យមួយថ្វាយព្រះអម្ចាស់នៅស៊ីឡូ» (ស៊ីឡូស្ថិតនៅខាងជើងបេតអែល នៅខាងត្បូងលេបូណា និង នៅខាងកើតផ្លូវដែលភ្ជាប់បេតអែលទៅស៊ីគែម)។ 20 ពួកគេបញ្ជាកូនចៅបេនយ៉ាមីនថា៖ «ចូរអ្នករាល់គ្នាទៅលាក់ខ្លួននៅក្នុងចំការទំពំាងបាយជូរ 21 ហើយចាំឃ្លាំមើល។ កាលណាមានស្ត្រីក្រមុំចេញពីស៊ីឡូមករាំលេងអ្នករាល់គ្នាត្រូវស្ទុះចេញពីក្នុងចំការទំពំាងបាយជូរមក ហើយចាប់នាងទាំងនោះម្នាក់មួយៗនាំយកទៅក្នុងទឹកដីបេនយ៉ាមីន ដើម្បីធ្វើជាប្រពន្ធរបស់អ្នករាល់គ្នាទៅ។ 22 ប្រសិនបើឪពុក ឬ បងប្រុសរបស់ពួកនាងមកប្តឹងយើង យើងនឹងអង្វរពួកគេថា "សូមមេត្តាអនុគ្រោះពួកបេនយ៉ាមីនផង ពីព្រោះនៅពេលដែលយើងទៅវាយប្រហារភូមិយ៉ាបេស នោះយើងរកស្ត្រីមកអោយពួកគេធ្វើជាប្រពន្ធ មិនបានគ្រប់ៗគ្នាទេ។ ម៉្យាងទៀតបងប្អូនក៏មិនបានលើកកូនស្រីអោយពួកគេដែរ ដូច្នេះ បងប្អូនគ្មានធ្វើអ្វីខុសនឹងពាក្យសម្បថនោះឡើយ"»។ 23 ពួកបេនយ៉ាមីនក៏ធ្វើតាម គឺពួកគេចាប់ស្ត្រីក្នុងចំណោមស្ត្រីក្រមុំ ដែលចេញមករាំនៅស៊ីឡូគ្រប់ចំនួនហើយនាំយកទៅជាមួយខ្លួន។ ពួកគេវិលត្រឡប់ទៅទឹកដីដែលជាមត៌ករបស់ខ្លួន ហើយកសាងក្រុងឡើងវិញ ព្រមទាំងរស់នៅទីនោះទៅ។ 24 ក្នុងពេលជាមួយគ្នានោះ ជនជាតិអ៊ីស្រាអែលឯទៀតៗក៏ចាកចេញពីជំរំវិលត្រឡប់ទៅរកកុលសម្ព័ន្ធ ក្រុមគ្រួសារ និង ទឹកដីដែលជាមត៌ករបស់គេរៀងៗខ្លួនវិញ។ 25 នៅគ្រានោះស្រុកអ៊ីស្រាអែលគ្មានស្តេចសោយរាជ្យទេ ម្នាក់ៗធ្វើអ្វីៗតាមតែខ្លួនយល់ឃើញ។