1 ក្រោយពេលលោកអប៊ីម៉ាឡេក ទទួលមរណភាពផុតទៅ លោកថូឡា ជាកូនរបស់លោកពូវ៉ា និង ជាចៅរបស់លោកដូដូ ក្នុងកុលសម្ព័ន្ធ អ៊ីសាខារ បានងើបឡើងរំដោះជនជាតិអ៊ីស្រាអែល។ លោកជាអ្នកស្រុកសាមារ ក្នុងតំបន់ភ្នំអេប្រាអ៊ីម។ 2 លោកបានគ្រប់គ្រងលើស្រុកអ៊ីស្រាអែល អស់រយៈពេលម្ភៃបីឆ្នាំ រួចលោកក៏ទទួលមរណភាពទៅ ហើយគេបញ្ចុះសពរបស់លោកនៅស្រុកសាមារនោះ។ 3 ក្រោយពេលលោកថូឡាទទួលមរណភាពទៅ លោកយ៉ាអៀរជាអ្នកស្រុកកាឡាដបានងើបឡើងគ្រប់គ្រងលើស្រុកអ៊ីស្រាអែលអស់រយៈពេលម្ភៃពីរឆ្នាំ។ 4 លោកមានកូនប្រុសសាមសិបនាក់ ដែលមានលាសាមសិបជាជំនិះ និង គ្រប់គ្រងលើក្រុងសាមសិបនៅតំបន់កាឡាដ ដែលមានឈ្មោះថាបុរីយ៉ាអៀរ រហូតដល់សព្វថ្ងៃ។ 5 បន្ទាប់មកលោកយ៉ាអៀរក៏ទទួលមរណភាព គេបញ្ចុះសពរបស់លោកនៅក្រុងកាម៉ូន។ 6 គ្រានោះ ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មី ដោយនាំគ្នាគោរពបំរើព្រះបាល ព្រះអាសថារ៉ូត ព្រមទាំងព្រះនានារបស់ជនជាតិស៊ីរី ព្រះរបស់ជនជាតិស៊ីដូន ព្រះរបស់ជនជាតិម៉ូអាប់ ព្រះរបស់ជនជាតិអាំម៉ូន និង ព្រះរបស់ជនជាតិភីលីស្ទីនទៀតផង។ គេបោះបង់ចោលព្រះអម្ចាស់ ហើយមិនគោរពថ្វាយបង្គំព្រះអង្គទៀតឡើយ។ 7 ដូច្នេះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធជាមួយជនជាតិអ៊ីស្រាអែល ហើយប្រគល់គេទៅក្នុងកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន និង ជនជាតិអាំម៉ូន។ 8 ចាប់តាំងពីឆ្នាំនោះមករហូតអស់រយៈពេលដប់ប្រាំបីឆ្នាំជនជាតិទាំងពីរបានសង្កត់សង្កិន និង ធ្វើបាបជនជាតិអ៊ីស្រាអែលដែលរស់នៅស្រុកកាឡាដ ក្នុងទឹកដីរបស់ជនជាតិអាម៉ូរីខាងកើតទន្លេយ័រដាន់។ 9 រីឯជនជាតិអាំម៉ូនក៏បានឆ្លងទន្លេយ័រដាន់មកវាយកុលសម្ព័ន្ធយូដាបេនយ៉ាមីន និង អេប្រាអ៊ីមដែរ ធ្វើអោយជនជាតិអ៊ីស្រាអែលរងទុក្ខលំបាកយ៉ាងខ្លាំង។ 10 ដូច្នេះ ជនជាតិអ៊ីស្រាអែលនាំគ្នាស្រែកអង្វរព្រះអម្ចាស់ដោយពោលថា៖ «យើងខ្ញុំប្រព្រឹត្តអំពើបាបទាស់នឹងព្រះហប្ញទ័យព្រះអង្គ ដ្បិតយើងខ្ញុំបានបោះបង់ចោលព្រះអង្គដែលជាព្រះនៃយើងខ្ញុំ ទៅគោរពបំរើព្រះបាល»។ 11 ព្រះអម្ចាស់មានព្រះបន្ទូលតបមកជនជាតិអ៊ីស្រាអែលវិញថា៖«ពេលជនជាតិអេស៊ីបជនជាតិអាម៉ូរី 12 ជនជាតិស៊ីដូនជនជាតិអាម៉ាឡេក និង ជនជាតិម៉ាអូនបានជិះជាន់សង្កត់សង្កិនអ្នករាល់គ្នា នោះអ្នករាល់គ្នាស្រែកអង្វរយើង តើយើងមិនបានសង្គ្រោះអ្នករាល់គ្នាអោយរួចពីកណ្តាប់ដៃគេទេឬអី? 13 ប៉ុន្តែដោយអ្នករាល់គ្នាបានបោះបង់ចោលយើង ទៅគោរពបំរើព្រះផ្សេងៗទៀតយើងនឹងមិនសង្គ្រោះអ្នករាល់គ្នាទៀតឡើយ។ 14 ដូច្នេះ ចូរនាំគ្នាហៅរកព្រះ ដែលអ្នករាល់គ្នាបានជ្រើសរើសនោះអោយជួយទៅ! អោយព្រះទាំងនោះសង្គ្រោះអ្នករាល់គ្នាក្នុងពេលមានទុក្ខលំបាកនេះទៅ!»។ 15 ជនជាតិអ៊ីស្រាអែលទូលព្រះអង្គវិញថា៖ «ឱព្រះអម្ចាស់អើយ យើងខ្ញុំធ្វើខុសហើយ សូមដាក់ទោសយើងខ្ញុំតាមព្រះហប្ញទ័យរបស់ព្រះអង្គចុះ តែថ្ងៃនេះ សូមទ្រង់មេត្តារំដោះយើងខ្ញុំផង!»។ 16 ពួកគេយកព្រះនានារបស់សាសន៍ដទៃចេញពីក្នុងចំណោមពួកគេ ហើយនាំគ្នាគោរពបំរើព្រះអម្ចាស់វិញ ធ្វើអោយព្រះអង្គរំជួលព្រះហប្ញទ័យ ដោយឃើញទុក្ខវេទនារបស់ជនជាតិអ៊ីស្រាអែល។ 17 គ្រានោះ ជនជាតិអាំម៉ូនប្រមូលផ្តុំគ្នា បោះទ័ពនៅស្រុកកាឡាដហើយជនជាតិអ៊ីស្រាអែលក៏ប្រមូលគ្នាបោះទ័ពនៅមីសប៉ាដែរ។ 18 ប្រជាជននៅស្រុកកាឡាដ ព្រមទាំងអ្នកដឹកនាំរបស់ពួកគេពិភាក្សាគ្នាទៅវិញទៅមក ហើយសំរេចថាអ្នកណាហ៊ានប្រយុទ្ធតទល់នឹងជនជាតិអាំម៉ូនមុនគេអ្នកនោះនឹងធ្វើជាមេដឹកនាំលើប្រជាជនកាឡាដទាំងមូល។