KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Joshua - យ៉ូស្វេ 7 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ពេលនោះ ជនជាតិអ៊ីស្រាអែលបានបំពានលើព្រះបន្ទូល ដែលព្រះអម្ចាស់ហាមមិនអោយប៉ះពាល់របស់អ្វីនៅក្រុងយេរីខូ គឺមានបុរសម្នាក់ឈ្មោះអេកាន ជាកូនរបស់លោកកើមើ ជាចៅរបស់លោកសាបឌី និង ជាចៅទួតរបស់លោកសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា បានយករបស់មួយដែលព្រះអម្ចាស់ហាមឃាត់ ជាហេតុធ្វើអោយព្រះអង្គទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែល។   2  លោកយ៉ូស្វេបានចាត់អ្នកខ្លះ ពីក្រុងយេរីខូអោយទៅក្រុងអៃ ដែលនៅជិតបេតអាវេន នៅខាងកើតបេតអែលទាំងមានប្រសាសន៍ទៅគេថា៖ «ចូរឡើងទៅស៊ើបការណ៍នៅស្រុកនោះ»។ ពួកគេក៏ឡើងទៅស៊ើបការណ៍៍នៅក្រុងអៃ។   3  អ្នកទាំងនោះវិលមកជួបលោកយ៉ូស្វេវិញ ជំរាបថា៖ «មិនបាច់អោយប្រជាជនទាំងមូលឡើងទៅវាយទេ គឺអោយតែទ័ពពីរ ឬបីពាន់នាក់ ឡើងទៅវាយយកក្រុងអៃប៉ុណ្ណោះបានហើយ! អ្នកក្រុងនោះមានគ្នាតិចតួចទេ ដូច្នេះ មិនបាច់ចាត់កងទ័ពទាំងមូលអោយទៅ នាំអោយពិបាកឡើយ»។   4  ពេលនោះ ទ័ពអ៊ីស្រាអែលប្រមាណបីពាន់នាក់ក៏ឡើងទៅវាយយកក្រុងអៃ ប៉ុន្តែ ពួកគេត្រូវបាក់ទ័ព។   5  អ្នកក្រុងអៃបានសម្លាប់ពួកអ៊ីស្រាអែលអស់ប្រមាណសាមសិបប្រាំមួយនាក់ រួចដេញតាមពួកគេចាប់ពីទ្វារក្រុង រហូតទៅដល់ភូមិសេបារីម ហើយសម្លាប់ពួកគេនៅត្រង់ជំរាលភ្នំ។ ប្រជាជនអ៊ីស្រាអែលបាក់ទឹកចិត្តបាត់បង់សេចក្តីក្លាហានអស់។   6  លោកយ៉ូស្វេ និង ព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែលហែកសម្លៀកបំញក់របស់ខ្លួន រួចក្រាបនៅខាងមុខហិបរបស់ព្រះអម្ចាស់ អោនមុខដល់ដីរហូតដល់ល្ងាច ពួកលោកយកធូលីដីរោយលើក្បាលរៀងៗខ្លួន។   7  លោកយ៉ូស្វេទូលថា៖ «ឱព្រះជាអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គនាំយើងខ្ញុំអោយឆ្លងកាត់ទន្លេយ័រដាន់ ហើយប្រគល់យើងខ្ញុំទៅក្នុងកណ្តាប់ដៃរបស់ជនជាតិអាម៉ូរី ដើម្បីអោយយើងខ្ញុំវិនាសសូន្យដូច្នេះ? ហេតុដូចម្តេចបានជាមិនទុកយើងខ្ញុំអោយនៅត្រើយខាងនាយទន្លេយ័រដាន់វិញ?   8  ឱព្រះអម្ចាស់អើយ! ឥឡូវនេះ តើអោយទូលបង្គំនិយាយដូចម្តេចកើត បើជនជាតិអ៊ីស្រាអែលបាក់ទ័ពនៅមុខខ្មាំងសត្រូវដូច្នេះ?   9  ពេលជនជាតិកាណាន និង ជាតិសាសន៍ទាំងអស់នៅក្នុងស្រុកដឹងរឿងនេះ ពួកគេមុខជាមកឡោមព័ទ្ធហើយសម្លាប់រង្គាលយើងខ្ញុំទាំងអស់គ្នា។ ដូច្នេះ តើព្រះអង្គធ្វើយ៉ាងណាដើម្បីការពារព្រះកិត្តិនាមរបស់ព្រះអង្គ?»។   10  ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ក្រោកឡើង! ហេតុអ្វីបានជាអ្នកក្រាបចុះអោនមុខដល់ដីដូច្នេះ?   11  ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាប ដោយរំលោភលើសម្ពន្ធមេត្រីដែលយើងបានប្រគល់អោយ គឺពួកគេបានយករបស់ដែលត្រូវបំផ្លាញនោះទុកខ្លះ ជារបស់ដែលយើងហាមមិនអោយប៉ះពាល់។ ពួកគេបានលួចយកទៅលាក់ទុកជាមួយឥវ៉ាន់របស់ខ្លួន។   12  ហេតុនេះហើយបានជាជនជាតិអ៊ីស្រាអែលពុំអាចប្រឈមមុខតទល់នឹងសត្រូវបានទៀតទេ។ ពួកគេបាក់ទ័ពរត់នៅមុខសត្រូវដូច្នេះ ព្រោះពួកគេមានទោស ហើយត្រូវវិនាសអន្តរាយ។ ប្រសិនបើអ្នករាល់គ្នាមិនបំផ្លាញអ្វីៗដែលត្រូវបំផ្លាញក្នុងចំណោមអ្នករាល់គ្នាទេនោះ យើងនឹងលែងនៅជាមួយអ្នករាល់គ្នាទៀតហើយ !   13  ក្រោកឡើង ជំរះប្រជាជនអោយបានវិសុទ្ធ! ត្រូវប្រាប់ ពួកគេថា "ចូរជំរះខ្លួនអោយបានវិសុទ្ធ សំរាប់ថ្ងៃស្អែក ដ្បិតព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលដូចតទៅ : អ៊ីស្រាអែលអើយ! នៅក្នុងអ្នកមានរបស់ដែលត្រូវបំផ្លាញ។ អ្នកពុំអាចប្រឈមមុខតទល់នឹងខ្មាំងសត្រូវបានឡើយ ដរាបណាអ្នករាល់គ្នាមិនដករបស់ដែលត្រូវបំផ្លាញចេញពីក្នុងចំណោមអ្នករាល់គ្នាទេនោះ។   14  ព្រឹកឡើងអ្នករាល់គ្នាត្រូវចូលមកតាមកុលសម្ព័ន្ធ។ ពេលព្រះអម្ចាស់ចង្អុលកុលសម្ព័ន្ធណាកុលសម្ព័ន្ធនោះត្រូវចូលមកតាមអំបូរ ពេលព្រះអម្ចាស់ចង្អុលអំបូរណា អំបូរនោះត្រូវចូលមកតាមក្រុមគ្រួសារ ហើយពេលព្រះអម្ចាស់ចង្អុលក្រុមគ្រួសារណា ត្រូវអោយមេក្រុមគ្រួសារនោះចូលមកម្នាក់ម្តងៗ។   15  ពេលប៉ះចំលើអ្នកដែលមានកំហុស ដោយលាក់ទុករបស់ដែលត្រូវបំផ្លាញ ចូរដុតអ្នកនោះជាមួយអ្វីៗដែលខ្លួនមាន ព្រោះគេបានរំលោភលើសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ គឺគេបានប្រព្រឹត្តអំពើមួយដ៏ថោកទាបក្នុងស្រុកអ៊ីស្រាអែល"»។   16  លោកយ៉ូស្វេក្រោកពីព្រលឹម ហើយបង្គាប់អោយជនជាតិអ៊ីស្រាអែលចូលមក តាមកុលសម្ព័ន្ធពេលនោះប៉ះចំលើកុលសម្ព័ន្ធយូដា។   17  លោកយ៉ូស្វេបញ្ជាអោយអំបូរផ្សេងៗនៃកុលសម្ព័ន្ធយូដាចូលមក ហើយប៉ះចំលើអំបូរសេរ៉ាស។ លោកអោយអំបូរសេរ៉ាស ចូលមកតាមក្រុមគ្រួសារ ហើយប៉ះចំលើក្រុមគ្រួសារលោកសាបឌី។   18  បន្ទាប់មក លោកអោយក្រុមគ្រួសារសាបឌីចូលមកម្នាក់ម្តងៗ ហើយប៉ះចំលើលោកអេកានជាកូនរបស់លោកកើមី ជាចៅរបស់លោកសាបឌី និង ជាចៅទួតរបស់លោកសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា។   19  លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់លោកអេកានថា៖ «កូនអើយ ចូរលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល! ចូរលើកកិត្តិយសព្រះអង្គឡើង! តើអ្នកបានធ្វើអ្វីខ្លះ ចូរប្រាប់ខ្ញុំកុំលាក់លៀមឡើយ»។   20  លោកអេកានឆ្លើយទៅលោកយ៉ូស្វេវិញថា៖ «ខ្ញុំប្របាទបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ពិតប្រាកដមែន! គឺខ្ញុំប្របាទបានប្រព្រឹត្តដូចតទៅ :   21  ក្នុងជ័យភ័ណ្ឌខ្ញុំប្របាទបានឃើញអាវធំមួយយ៉ាងល្អប្រណីត ធ្វើ នៅស្រុកស៊ីណើរ ហើយឃើញប្រាក់សុទ្ធទម្ងន់ប្រមាណហុកសិបតម្លឹង និង មាសមួយដុំទម្ងន់ប្រមាណដប់ប្រាំតម្លឹង។ ដោយខ្ញុំប្របាទចង់បានពេកខ្ញុំប្របាទក៏យករបស់ទាំងនោះ។ ឥឡូវនេះ ខ្ញុំប្របាទកប់ទុកនៅក្នុងតង់ត៍របស់ខ្ញុំប្របាទដោយដាក់ប្រាក់នៅក្រោមគេបង្អស់»។   22  លោកយ៉ូស្វេចាត់គេអោយរត់ទៅតង់ត៍របស់លោកអេកាន ហើយឃើញវត្ថុកប់ទុកនៅទីនោះមែន គឺប្រាក់នៅពីក្រោមគេបង្អស់។   23  ពួកគេយកវត្ថុទាំងនោះចេញពីក្នុងតង់ត៍មកប្រគល់ជូនលោកយ៉ូស្វេ និង ជនជាតិអ៊ីស្រាអែលទាំងអស់ ហើយគេក៏ចាក់វត្ថុទាំងនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។   24  លោកយ៉ូស្វេ និង ជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាចាប់លោកអេកាន ជាចៅទួតរបស់លោកសេរ៉ាស ហើយយកប្រាក់អាវធំ និង ដុំមាស ព្រមទាំងកូនប្រុសកូនស្រី គោលាចៀមតង់ត៍ និង អ្វីៗទាំងអស់ដែលគាត់មាននាំឆ្ពោះទៅជ្រលងភ្នំអាគ័រ។   25  លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកនាំទុក្ខទោសមកអោយពួកយើងដូច្នេះ? ថ្ងៃនេះ សូមព្រះអម្ចាស់ធ្វើអោយអ្នករងទុក្ខទោសវិញ»។ ជនជាតិអ៊ីស្រាអែលទាំងមូល នំាគ្នាសម្លាប់លោកអេកាន និង ក្រុមគ្រួសារគាត់ ដោយគប់នឹងថ្មព្រមទាំងដុតអ្វីៗទាំងប៉ុន្មានដែលគាត់មានចោលដែរ។   26  បន្ទាប់មក គេយកដុំថ្មមកគរជាគំនរយ៉ាងធំពីលើគាត់ (គំនរថ្មនេះនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ)។ ពេលនោះ ព្រះអម្ចាស់ឈប់ព្រះពិរោធ។ ហេតុនេះហើយ បានជាគេហៅកន្លែងនោះថា «ជ្រលងភ្នំអាគ័រ» រហូតមកដល់សព្វថ្ងៃ។