1 លោកយ៉ូស្វេបានប្រមូលកុលសម្ព័ន្ធទាំងអស់របស់ជនជាតិអ៊ីស្រាអែលអោយមកជួបជុំគ្នានៅស៊ីគែម ហើយលោកក៏បានកោះហៅក្រុមព្រឹទ្ធាចារ្យ ក្រុមអ្នកដឹកនាំ ក្រុមចៅក្រម និង នាយក្រុមរបស់ជនជាតិអ៊ីស្រាអែលអោយអញ្ជើញមកផងដែរ។ ពួកគេជួបជុំនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ 2 លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា" ពីដើម បុព្វបុរសរបស់អ្នករាល់គ្នា គឺថេរ៉ា ជាឪពុករបស់អប្រាហាំ និង ណាហ៊ររស់នៅខាងនាយទន្លេអឺប្រាត ហើយគោរពបំរើព្រះដទៃ។ 3 យើងបាននាំអប្រាហំា ជាបុព្វបុរសរបស់អ្នករាល់គ្នា ពីត្រើយខាងនាយទន្លេអឺប្រាតមក អោយដើរកាត់ស្រុកកាណានទាំងមូល យើងធ្វើអោយកូនចៅរបស់គាត់កើនចំនួនច្រើនឡើង ហើយយើងក៏បានអោយគាត់បង្កើតអ៊ីសាកដែរ។ 4 យើងបានអោយអ៊ីសាកបង្កើតយ៉ាកុប ព្រមទាំងអេសាវ ហើយប្រគល់អោយអេសាវកាន់កាប់តំបន់ភ្នំសៀរ។ រីឯយ៉ាកុប និង កូនៗរបស់គាត់បាននាំគ្នាចុះទៅនៅស្រុកអេស៊ីប។ 5 បន្ទាប់មកយើងចាត់ម៉ូសេ និង អើរ៉ុនអោយមក ហើយយើងបានប្រហារអ្នកស្រុកអេស៊ីប ដោយសារគ្រោះកាចដែលយើងធ្វើនៅក្នុងចំណោមពួកគេ រួចយើងនាំប្រជាជនរបស់អ្នករាល់គ្នាចេញពីស្រុកនោះក។ 6 យើងបាននាំបុព្វបុរសរបស់អ្នករាល់គ្នា ចេញពីស្រុកអេស៊ីប មកដល់សមុទ្រ។ ជនជាតិអេស៊ីបដេញតាមរហូតដល់សមុទ្រកក់ ទាំងមានរទេះចំបាំង និង ទ័ពសេះមកជាមួយផង។ 7 បុព្វបុរសរបស់អ្នករាល់គ្នាបានស្រែកអង្វរយើង យើងក៏ដាក់ពពក ដ៏ក្រាស់នៅចន្លោះបុព្វបុរសរបស់អ្នករាល់គ្នា និង ជនជាតិអេស៊ីប ហើយយើងធ្វើអោយទឹកសមុទ្រគ្របពីលើជនជាតិអេស៊ីប លិចលង់អស់ទៅ។ អ្នករាល់គ្នាដឹងច្បាស់ហើយថា យើងបានប្រព្រឹត្តបែបណាចំពោះជនជាតិអេស៊ីប។ ប្រជាជនរបស់អ្នករាល់គ្នារស់នៅវាលរហោស្ថានអស់រយៈពេលដ៏យូរលង់។ 8 បន្ទាប់មក យើងនាំអ្នករាល់គ្នាមកដល់ទឹកដីរបស់ជនជាតិអាម៉ូរីដែលនៅខាងកើតទន្លេយ័រដាន់។ ជនជាតិអាម៉ូរីធ្វើសង្គ្រាមជាមួយអ្នករាល់គ្នា តែយើងបានប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏កាន់កាប់ទឹកដីរបស់គេ។ យើងបានប្រល័យពួកគេអោយបាត់អស់ពីមុខអ្នករាល់គ្នា។ 9 ស្តេចបាឡាក់ជាបុត្ររបស់ស្តេចស៊ីបព័រ ដែលគ្រងរាជ្យនៅស្រុកម៉ូអាប់ បានលើកទ័ពមកច្បាំងនឹងជនជាតិអ៊ីស្រាអែល។ ស្តេចបានចាត់គេអោយទៅហៅបាឡាម ជាកូនរបស់បេអ៊រមកដាក់បណ្តាសាអ្នករាល់គ្នា។ 10 ប៉ុន្តែ យើងមិនព្រមស្តាប់ពាក្យបាឡាមទេ គឺគាត់បែរជាអោយពរអ្នករាល់គ្នាវិញ ហើយយើងក៏បានរំដោះអ្នករាល់គ្នាអោយរួចផុតពីកណ្តាប់ដៃរបស់ស្តេចបាឡាក់។ 11 អ្នករាល់គ្នាបានឆ្លងទន្លេយ័រដាន់ មកដល់ក្រុងយេរីខូ។ មេដឹកនាំក្រុងយេរីខូ ដោយមានជនជាតិអាម៉ូរី ជនជាតិពេរីស៊ីតជនជាតិកាណាន ជនជាតិហេតជនជាតិគើកាស៊ីជនជាតិហេវី និង ជនជាតិយេប៊ូស រួមជាមួយផងបានប្រយុទ្ធតទល់នឹងអ្នករាល់គ្នា ប៉ុន្តែ យើងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នា។ 12 យើងបានប្រើសត្វឪម៉ាល់អោយទៅមុនអ្នករាល់គ្នា ដើម្បីដេញកំចាត់ស្តេចទាំងពីរនៃជនជាតិអាម៉ូរី អោយរត់ចេញពីអ្នករាល់គ្នា។ អ្នករាល់គ្នាមានជ័យជំនះមិនមែនដោយសារដាវ ឬ ធ្នូរបស់អ្នករាល់គ្នាឡើយ។ 13 យើងបានប្រគល់ស្រុកមួយអោយអ្នករាល់គ្នា ដោយអ្នករាល់គ្នាមិនបាននឿយហត់ភ្ជួររាស់អ្នករាល់គ្នាមានទីក្រុងស្នាក់នៅដោយអ្នករាល់គ្នាមិនបានសង់ ហើយអ្នករាល់គ្នាបរិភោគផ្លែទំពំាងបាយជូរ និង ផ្លែអូលីវពីចំការដែលអ្នករាល់គ្នាមិនបានដាំ"»។ 14 លោកយ៉ូស្វេមានប្រសាសន៍ទៀតថា៖ «ឥឡូវនេះ ចូរកោតខ្លាចព្រះអម្ចាស់ និង គោរពបំរើព្រះអង្គអោយអស់ពីចិត្ត និង ដោយស្មោះត្រង់បំផុត។ ចូរដក យកព្រះដទៃដែលបុព្វបុរសរបស់អ្នករាល់គ្នាធ្លាប់គោរពបំរើនៅខាងនាយទន្លេអឺប្រាត និង នៅស្រុកអេស៊ីបនោះចោលទៅហើយនាំគ្នាគោរពបំរើព្រះអម្ចាស់។ 15 ប៉ុន្តែ បើអ្នករាល់គ្នាមិនពេញចិត្តគោរពបំរើព្រះអម្ចាស់ទេ ចូរជ្រើសរើសយកព្រះណាមួយ ដែលអ្នករាល់គ្នាពេញចិត្តនឹងគោរពបំរើនៅថ្ងៃនេះទៅ គឺមានព្រះដែលបុព្វបុរស របស់អ្នករាល់គ្នាធ្លាប់គោរពបំរើនៅខាងនាយទន្លេអឺប្រាត ឬ ព្រះរបស់ជនជាតិអាម៉ូរី នៅក្នុងស្រុកដែលអ្នករាល់គ្នាស្នាក់នៅនេះជាដើម។ រីឯខ្ញុំ និង ក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបំរើព្រះអម្ចាស់»។ 16 ប្រជាជនឆ្លើយដូចតទៅ៖ «យើងខ្ញុំនឹងមិនបោះបង់ចោលព្រះអម្ចាស់ទៅគោរពបំរើព្រះដទៃទៀតជាដាច់ខាត! 17 ដ្បិតមានតែព្រះអម្ចាស់នេះហើយជាព្រះនៃយើងខ្ញុំ ព្រះអង្គបាននាំយើងខ្ញុំ និង បុព្វបុរសរបស់យើងខ្ញុំចាកចេញពីស្រុកអេស៊ីប ជាស្រុកដែលយើងខ្ញុំធ្លាប់ធ្វើជាទាសករ។ ព្រះអង្គបានសំដែងការអស្ចារ្យធំៗអោយយើងខ្ញុំឃើញច្បាស់នឹងភ្នែក គឺព្រះអង្គបានរក្សាការពារយើងខ្ញុំតាមផ្លូវដែលយើងខ្ញុំធ្វើដំណើរឆ្លងកាត់ទឹកដីរបស់ជាតិសាសន៍នានា។ 18 ព្រះអម្ចាស់បណ្តេញប្រជាជនទាំងប៉ុន្មានចេញពីមុខយើងខ្ញុំ ជាពិសេសជនជាតិអាម៉ូរីដែលរស់នៅក្នុងស្រុកនេះ។ យើងខ្ញុំក៏ចង់គោរពបំរើព្រះអម្ចាស់ដែរ ដ្បិតព្រះអង្គជាព្រះនៃយើងខ្ញុំ»។ 19 លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាមិនអាចគោរពបំរើព្រះអម្ចាស់បានទេ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ ហើយព្រះអង្គមិនសព្វព្រះហប្ញទ័យអោយអ្នករាល់គ្នាគោរពព្រះមួយណាទៀតឡើយ ព្រះអង្គមិនអាចអត់ទោសចំពោះការបះបោរ និង អំពើបាបរបស់អ្នករាល់គ្នាទេ។ 20 ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ហើយងាកទៅគោរពបំរើព្រះដទៃទៀត ព្រះអង្គនឹងបែរមកដាក់ទោសអ្នករាល់គ្នា ធ្វើអោយអ្នករាល់គ្នាវិនាសសាបសូន្យ ថ្វីដ្បិតតែព្រះអង្គធ្លាប់ប្រទានពរដល់អ្នករាល់គ្នារួចមកហើយក៏ដោយ»។ 21 ប្រជាជនឆ្លើយតបទៅលោកយ៉ូស្វេវិញថា៖ «ទេ! យើងខ្ញុំគោរពបំរើ ព្រះអម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ»។ 22 លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាជាសាក្សីដឹងឮខ្លួនឯងផ្ទាល់ថាអ្នករាល់គ្នាសំរេចចិត្តគោរពបំរើព្រះអម្ចាស់»។ ពួកគេឆ្លើយថា៖ «ពិតមែនហើយយើងខ្ញុំជាសាក្សី»។ 23 លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ឥឡូវនេះ ចូរដកព្រះដទៃ ដែលស្ថិតនៅកណ្តាលអ្នករាល់គ្នា ចោលចេញ ទៅ ហើយផ្ចង់ចិត្តគំនិតទៅរកព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលវិញ»។ 24 ប្រជាជនឆ្លើយតបទៅលោកយ៉ូស្វេថា៖ «យើងខ្ញុំនឹងគោរពបំរើព្រះអម្ចាស់ជាព្រះនៃយើងហើយប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គផង»។ 25 នៅថ្ងៃនោះ លោកយ៉ូស្វេបានចងសម្ពន្ធមេត្រីជាមួយប្រជាជន នៅស៊ីគែម ហើយលោកចេញច្បាប់ និង វិន័យអោយពួកគេកាន់តាមទៀតផង។ 26 លោកយ៉ូស្វេចារសេចក្តីទាំងនេះទុកនៅក្នុងគម្ពីរនៃក្រឹត្យវិន័យរបស់ព្រះជាម្ចាស់។ លោកយកថ្មមួយផ្ទាំងយ៉ាងធំ មកបញ្ឈរនៅក្រោមដើមជ្រៃ ដែលស្ថិតក្នុងកន្លែងសក្ការៈរបស់ព្រះអម្ចាស់។ 27 លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «មើល៍! ថ្មនេះជាសាក្សីរបស់យើងរាល់គ្នាដ្បិតថ្មនេះបានឮសេចក្តីទាំងប៉ុន្មានដែលព្រះអម្ចាស់មានព្រះបន្ទូលមកយើង ថ្មនេះនឹងទៅជាសាក្សី រារាំងអ្នករាល់គ្នាកុំអោយក្បត់ព្រះរបស់អ្នករាល់គ្នា»។ 28 បន្ទាប់មក លោកយ៉ូស្វេបានអោយប្រជាជនវិលត្រឡប់ទៅកាន់ទឹកដី ដែលជាមត៌កគេរៀងៗខ្លួនវិញ។ 29 ក្រោយព្រឹត្តិការណ៍ទាំងនោះមក លោកយ៉ូស្វេដែលជាកូនរបស់លោកនូន និង ជាអ្នកបំរើរបស់ព្រះអម្ចាស់ទទួលមរណភាពក្នុងជន្មាយុមួយរយដប់ឆ្នាំ។ 30 គេបានបញ្ចុះសពលោកនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់លោកនៅធីម្នាត-សេរ៉ា ក្នុងតំបន់ភ្នំអេប្រាអ៊ីមខាងជើងភ្នំកាអាស។ 31 ប្រជាជនអ៊ីស្រាអែលគោរពបំរើព្រះអម្ចាស់ អស់មួយជីវិតរបស់លោកយ៉ូស្វេ។ ក្រោយលោកយ៉ូស្វេទទួលមរណភាពផុតទៅ គេនៅតែគោរពបំរើព្រះអង្គតទៅទៀតក្នុងអំឡុងពេលពួកចាស់ទុំនៅរស់នៅឡើយដែរ គឺចាស់ទុំដែលបានឃើញព្រះអម្ចាស់សំដែងការអស្ចារ្យទាំងប៉ុន្មានដើម្បីជាប្រយោជន៍ដល់អ៊ីស្រាអែល។ 32 រីឯធាតុរបស់លោកយ៉ូសែប ដែលជនជាតិអ៊ីស្រាអែលនាំយកពីស្រុកអេស៊ីបមកនោះ គេបញ្ចុះនៅស៊ីគែមក្នុងចំការដែលលោកយ៉ាកុបបានទិញពីកូនចៅលោកហាម៉ោរ ជាឪពុករបស់លោកស៊ីគែម តម្លៃជាប្រាក់សុទ្ធមួយរយស្លឹង ហើយដីនោះស្ថិតនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់កូនចៅលោកយ៉ូសែប។ 33 លោកអេឡាសារជាកូនលោកអើរ៉ុន ក៏បានទទួលមរណភាពដែរ។ គេបានបញ្ចុះសពលោក នៅលើភ្នំរបស់លោកភីនេហាស ជាកូន គឺទឹកដីដែលលោកបានទទួលនៅតំបន់ភ្នំអេប្រាអ៊ីម។