1 ព្រះអម្ចាស់ប្រោសប្រទានអោយប្រជាជនអ៊ីស្រាអែលរួចពីខ្មាំងសត្រូវទាំងឡាយដែលនៅជុំវិញ និង មានសុខសន្តិភាព។ ជាយូរឆ្នាំក្រោយមកទៀតលោកយ៉ូស្វេមានវ័យចាស់ជរា 2 លោកបានកោះហៅជនជាតិអ៊ីស្រាអែលទាំងអស់ គឺទាំងក្រុមព្រឹទ្ធាចារ្យទាំងក្រុមអ្នកដឹកនំាទាំងក្រុមចៅក្រម និង នាយក្រុមមកផ្តែផ្តាំថា៖ «ឥឡូវនេះខ្ញុំមានវ័យចាស់ជរាហើយ 3 អ្នករាល់គ្នាបានឃើញកិច្ចការទាំងប៉ុន្មានដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានប្រព្រឹត្តចំពោះប្រជាជាតិទាំងនោះសំរាប់អ្នករាល់គ្នា ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានប្រយុទ្ធ ដើម្បីអ្នករាល់គ្នា។ 4 មើល៍! ខ្ញុំចែកទឹកដីរបស់ពួកគេ អោយអ្នករាល់គ្នាទុកជាមត៌ក តាមកុលសម្ព័ន្ធរៀងៗខ្លួន ដោយចាប់ឆ្នោតគឺទាំងទឹកដីរបស់ប្រជាជាតិនានាដែលខ្ញុំពុំទាន់វាយយកបាន ទាំងទឹកដីរបស់ប្រជាជាតិទាំងអស់ ដែលខ្ញុំដណ្តើមយកបាន ចាប់តាំងពីទន្លេយ័រដាន់ នៅទិសខាងកើតរហូតដល់សមុទ្រមេឌីទែរ៉ាណេនៅខាងលិច។ 5 ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាផ្ទាល់ នឹងបណ្តេញពួកគេចេញអោយឆ្ងាយពីអ្នករាល់គ្នាហើយយកទឹកដីរបស់ពួកគេមកប្រគល់អោយអ្នករាល់គ្នាកាន់កាប់ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយអ្នករាល់គ្នា»។ 6 ចូរមានកម្លាំងខ្លាំងក្លាឡើង ហើយយកចិត្តទុកដាក់ប្រតិបត្តិតាមសេចក្តីទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរក្រឹត្យវិន័យ របស់លោកម៉ូសេ ដោយមិនប្រាសចាកទៅខាងស្តាំឬទៅខាងឆ្វេងឡើយ។ 7 មិនត្រូវពាក់ព័ន្ធនឹងប្រជាជាតិដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា មិនត្រូវអង្វររកព្រះរបស់គេ ឬយកឈ្មោះព្រះទាំងនោះមកស្បថឡើយ ហើយកុំគោរពបំរើ និង ថ្វាយបង្គំព្រះទាំងនោះជាដាច់ខាត។ 8 ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាជំពាក់ចិត្តនឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាដូចអ្នករាល់គ្នាធ្លាប់ប្រព្រឹត្តរហូតមកដល់សព្វថ្ងៃ 9 ព្រះអម្ចាស់នឹងយកទឹកដីពីប្រជាជាតិដ៏ធំៗ និង មានកម្លាំងខ្លាំងក្លាមកប្រគល់អោយអ្នករាល់គ្នា។ រហូតមកដល់សព្វថ្ងៃគ្មាននរណាអាចប្រយុទ្ធតទល់នឹងអ្នករាល់គ្នាបានឡើយ។ 10 មនុស្សតែម្នាក់ក្នុងចំណោមអ្នករាល់គ្នា អាចដេញតាមពួកគេមួយពាន់នាក់ ដ្បិតព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រយុទ្ធ ដើម្បីអ្នករាល់គ្នា ដូចព្រះអង្គបានសន្យាជាមួយអ្នករាល់គ្នា។ 11 ចូរប្រុងប្រយ័ត្នខ្លួនអោយមែនទែន ចូរស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ 12 ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាបែកចិត្តចេញពីព្រះអង្គ ទៅជំពាក់ចិត្តនឹងប្រជាជាតិនានាដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើអ្នករាល់គ្នារៀបការជាមួយពួកគេ ព្រមទាំងពាក់ព័ន្ធជាមួយពួកគេ 13 ចូរចងចាំអោយច្បាស់ថាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹងលែងបណ្តេញប្រជាជាតិទាំងនោះចេញពីមុខអ្នករាល់គ្នាទៀតហើយ ពួកគេនឹងក្លាយទៅជាអន្ទាក់ឬអង្គប់ ហើយប្រៀបដូចជារំញត់ខ្សែតីវាយលើខ្នងឬ ជាបន្លា នៅក្នុងភ្នែកអ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាវិនាសសូន្យពីទឹកដីដ៏ល្អដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រទានអោយ។ 14 ចំណែកខ្ញុំវិញ ពេលនេះខ្ញុំជិតលាចាកលោកហើយ។ អ្នករាល់គ្នាត្រូវទទួលស្គាល់ អោយអស់ពីចិត្ត អស់ពីគំនិតថា ព្រះបន្ទូលទាំងប៉ុន្មានស្តីអំពីសុភមង្គលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាទ្រង់បានសន្យាជាមួយអ្នករាល់គ្នានោះ នឹងសំរេចចំពោះអ្នករាល់គ្នាសព្វគ្រប់ទាំងអស់ ឥតខ្វះ ឥតចន្លោះត្រង់ណាឡើយ។ 15 ព្រះបន្ទូលស្តីអំពីសុភមង្គលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា សន្យាសុទ្ធតែបានសំរេចសព្វគ្រប់យ៉ាងណា ព្រះបន្ទូលដែលព្រះអង្គព្រមានអ្នករាល់គ្នា ក៏នឹងសំរេចយ៉ាងនោះដែរ រហូតដល់អ្នករាល់គ្នា វិនាសសាបសូន្យពីទឹកដីដ៏ល្អ ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រទានអោយ។ 16 ប្រសិនបើអ្នករាល់គ្នាផ្តាច់សម្ពន្ធមេត្រីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាបានបង្គាប់អោយអ្នករាល់គ្នាកាន់តាម ហើយប្រសិនបើអ្នករាល់គ្នាបែរទៅគោរពបំរើ និង ថ្វាយបង្គំព្រះដទៃ នោះព្រះអម្ចាស់នឹងពិរោធចំពោះអ្នករាល់គ្នា ធ្វើអោយអ្នករាល់គ្នាវិនាសសូន្យយ៉ាងឆាប់ពីទឹកដីដ៏ល្អ ដែលព្រះអង្គប្រទានអោយអ្នករាល់គ្នា»។