KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Joshua - យ៉ូស្វេ 22 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ពេលនោះ លោកយ៉ូស្វេកោះហៅកុលសម្ព័ន្ធរូបេនកុលសម្ព័ន្ធកាដ និង កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលដែលមកពីខាងកើត។   2  លោកមានប្រសាសន៍ថា៖ «អ្នករាល់គ្នាគោរពតាមសេចក្តីទាំងអស់ដែលលោកម៉ូសេ ជាអ្នកបំរើព្រះអម្ចាស់បានបង្គាប់ដល់អ្នករាល់គ្នា អ្នករាល់គ្នាក៏គោរពតាមពាក្យសំដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នាដែរ។   3  អស់រយៈពេលជាយូរមកហើយ ហើយរហូតដល់សព្វថ្ងៃនេះ អ្នករាល់គ្នាពុំបានបោះបង់ចោលបងប្អូនរួមឈាមឡើយ គឺអ្នករាល់គ្នាបានគោរពតាមបញ្ជារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។   4  ឥឡូវនេះ ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ប្រោសប្រទានអោយបងប្អូនរបស់អ្នករាល់គ្នាបានសេចក្តីសុខសាន្ត ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយពួកគេ។ ដូច្នេះ ចូរអ្នករាល់គ្នាវិលត្រឡប់ទៅជំរំរៀងៗខ្លួន ក្នុងស្រុករបស់អ្នករាល់គ្នាវិញចុះ ពោលគឺទឹកដីដែលលោកម៉ូសេជាអ្នកបំរើរបស់ព្រះអម្ចាស់បានចែកអោយអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់។   5  ប៉ុន្តែចូរប្រុងប្រយ័ត្នអោយមែនទែន គឺត្រូវប្រព្រឹត្តតាមបទបញ្ជា និង ក្រឹត្យវិន័យដែលលោកម៉ូសេជាអ្នកបំរើព្រះអម្ចាស់ បានប្រគល់អោយ : គឺត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ត្រូវដើរតាមគ្រប់មាគ៌ារបស់ព្រះអង្គត្រូវប្រព្រឹត្តតាមបទបញ្ជារបស់ព្រះអង្គ ត្រូវជាប់ចិត្តជាមួយព្រះអង្គត្រូវគោរពបំរើព្រះអង្គអោយអស់ពីកម្លាំងកាយ និង កម្លាំងចិត្ត»។   6  លោកយ៉ូស្វេបានអោយពរ និង ប្រាប់ពួកគេអោយចេញទៅ ពួកគេក៏វិលត្រឡប់ទៅជំរំរៀងៗ ខ្លួនវិញ។   7  លោកម៉ូសេបានចែកទឹកដីមួយចំណែកជាមត៌ក ក្នុងស្រុកបាសាន នៅខាងកើតទន្លេយ័រដាន់អោយកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល។ លោកយ៉ូស្វេក៏បានចែកទឹកដីមួយចំណែកជាមត៌ក អោយកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាលទៀតនៅខាងលិចទន្លេយ័រដាន់ រួមជាមួយកុលសម្ព័ន្ធនានាជាបងប្អូនរបស់គេដែរ។ លោកយ៉ូស្វេប្រាប់ពួកគេអោយវិលត្រឡប់ទៅជំរំវិញ ទាំងអោយពរពួកគេផង។   8  លោកមានប្រសាសន៍ទៅគេថា៖ «ចូរវិលត្រឡប់ទៅជំរំរបស់អ្នករាល់គ្នាវិញចុះ ចូរនាំយកទ្រព្យសម្បត្តិដ៏ច្រើន និង ហ្វូងសត្វដ៏សន្ធឹកសន្ធាប់ទៅជាមួយ ព្រមទាំងយកមាស ប្រាក់ លង្ហិន ដែក និង សម្លៀកបំពាក់យ៉ាងច្រើនបំផុតនេះ ទៅជាមួយដែរ។ ចូរនាំគ្នាចែកជ័យភ័ណ្ឌ ដែលអ្នករាល់គ្នារឹបអូសយកពីខ្មាំងសត្រូវ អោយបងប្អូនរបស់អ្នករាល់គ្នាផង»។   9  កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និង កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលបានវិលត្រឡប់ទៅវិញ។ ពួកគេចាកចេញពីជនជាតិអ៊ីស្រាអែលនៅស៊ីឡូ ក្នុងស្រុកកាណាន ឆ្ពោះទៅស្រុកកាឡាដ ជាទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ ស្របតាមបញ្ជាដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។   10  កាលពួកគេមកដល់ក្បែរទន្លេយ័រដាន់ ក្នុងស្រុកកាណាន កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និង កុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាលបានសង់អាសនៈមួយដ៏ធំស្កឹមស្កៃនៅមាត់ទន្លេយ័រដាន់។   11  ជនជាតិអ៊ីស្រាអែលឮគេនិយាយថា៖ «កុលសម្ព័ន្ធរូបេនកុលសម្ព័ន្ធកាដ និង កុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាល បានសង់អាសនៈមួយនៅមាត់ទន្លេយ័រដាន់ក្នុងស្រុកកាណាននៅត្រើយខាងអ៊ីស្រាអែល»។   12  កាលជនជាតិអ៊ីស្រាអែលទទួលដំណឹងនេះហើយ ពួកគេក៏ប្រមូលផ្តុំសហគមន៍ទាំងមូលនៅស៊ីឡូ បំរុងចេញទៅច្បាំងតទល់នឹងកុលសម្ព័ន្ធទាំងនោះ។   13  ជនជាតិអ៊ីស្រាអែលបានចាត់លោកភីនេហាស ជាកូនលោកបូជាចារ្យអេឡាសារ   14  ព្រមទាំងអ្នកដឹកនាំដប់នាក់ ដែលទទួលខុសត្រូវលើកុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រាអែល គឺ ម្នាក់ៗជាមេលើក្រុមគ្រួសាររបស់ជនជាតិអ៊ីស្រាអែល។   15  ពួកគេនាំគ្នាទៅជួបកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និង កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលនៅស្រុកកាឡាដ ហើយនិយាយដូចតទៅ៖   16  «សហគមន៍ទាំងមូលរបស់ព្រះអម្ចាស់ចង់ដឹងថា ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តមិនស្មោះត្រង់ ចំពោះព្រះរបស់ជនជាតិអ៊ីស្រាអែលបែបនេះ? ហេតុអ្វីបានជាអ្នករាល់គ្នាបែកចិត្តចេញពីព្រះអម្ចាស់ ដោយសង់អាសនៈមួយសំរាប់អ្នករាល់គ្នាផ្ទាល់នៅថ្ងៃនេះ ដើម្បីបះបោរប្រឆាំងនឹងព្រះអម្ចាស់ដូច្នេះ?   17  នៅពេអ៊រ យើងបានប្រព្រឹត្តខុសយ៉ាងធ្ងន់ ធ្វើអោយយើងដែលជាសហគមន៍របស់ព្រះអម្ចាស់ត្រូវរងគ្រោះកាចហើយរហូតមកទល់សព្វថ្ងៃនេះ យើងមិនទាន់បានស្អាតបរិសុទ្ធផង! តើប៉ុណ្ណឹងនៅតែមិនគ្រប់គ្រាន់ទេឬ?   18  ថ្ងៃនេះ អ្នករាល់គ្នាបែកចិត្តចេញពីព្រះអម្ចាស់! ប្រសិនបើអ្នករាល់គ្នាចង់បះបោរប្រឆាំងនឹងព្រះអង្គថ្ងៃនេះ ថ្ងៃស្អែកព្រះអម្ចាស់មុខជាពិរោធនឹងសហគមន៍អ៊ីស្រាអែលទាំងមូលមិនខាន។   19  បើអ្នករាល់គ្នាយល់ឃើញថា ដីដែលជាកម្មសិទ្ធិរបស់អ្នករាល់គ្នាពុំបរិសុទ្ធទេ ចូរឆ្លងមករស់នៅក្នុងស្រុក ជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ដែលមានព្រះដំណាក់របស់ព្រះអង្គផង។ ចូរមកកាន់កាប់ទឹកដីនេះ ជាមួយយើងចុះ ប៉ុន្តែ សូមកុំបះបោរប្រឆាំងនឹងព្រះអម្ចាស់ឡើយ ហើយក៏កុំបះបោរប្រឆាំងនឹងពួកយើង ដោយសង់អាសនៈមួយទៀត សំរាប់អ្នករាល់គ្នា ក្រៅពីអាសនៈរបស់ព្រះអម្ចាស់ ជាព្រះនៃយើង។   20  កាលលោកអេកាន ជាកូនរបស់លោកសេរ៉ាសប្រព្រឹត្ត មិនស្មោះត្រង់ចំពោះទ្រព្យ ដែលត្រូវបំផ្លាញថ្វាយផ្តាច់ដល់ព្រះអម្ចាស់នោះ សហគមន៍អ៊ីស្រាអែលទាំងមូលបានរងគ្រោះ នៅពេលដែលព្រះអម្ចាស់ទ្រង់ព្រះពិរោធកំហុសរបស់គាត់ ពុំបានធ្វើអោយគាត់វិនាសតែម្នាក់ឯងទេ»។   21  កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និង កុលសម្ពន្ធម៉ាណាសេ ចំនួនពាក់កណ្តាល ឆ្លើយទៅមេដឹកនាំអំបូរនៃជនជាតិអ៊ីស្រាអែលថា៖   22  «ព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រះអម្ចាស់ពិតជាព្រះដ៏ខ្ពង់ខ្ពស់បំផុតមែន! ព្រះអង្គជ្រាបអ្វីៗទាំងអស់! អ៊ីស្រាអែលក៏នឹងដឹងដែរ! ប្រសិនបើយើងខ្ញុំបះបោរឬមានចិត្តមិនស្មោះត្រង់ចំពោះព្រះអម្ចាស់ សូមកុំអោយព្រះអង្គទុកជីវិតយើងខ្ញុំនៅថ្ងៃនេះឡើយ។   23  ប្រសិនបើយើងបានសង់អាសនៈនេះ ដើម្បីបែកចេញពីព្រះអម្ចាស់ និង ដើម្បីថ្វាយតង្វាយដុតទាំងមូល ឬតង្វាយនានាឬដើម្បីថ្វាយយញ្ញបូជាមេត្រីភាពមែននោះ សូមព្រះអម្ចាស់ដាក់ទោសយើងខ្ញុំទៅ!   24  តាមពិតមិនមែនដូច្នោះទេ យើងខ្ញុំប្រព្រឹត្តបែបនេះ មកពីយើងខ្ញុំបារម្ភក្រែងដល់ថ្ងៃក្រោយ កូនចៅរបស់បងប្អូនសួរកូនចៅរបស់យើងខ្ញុំថា "តើអ្នករាល់គ្នាមានទំនាក់ទំនងអ្វីជាមួយព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល?   25  ពួករូបេន និង ពួកកាដអើយ ! ព្រះអម្ចាស់បានយកទន្លេយ័រដាន់ ធ្វើជាព្រំប្រទល់រវាងពួកយើង និង អ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នាគ្មានសិទ្ធិទាក់ទងជាមួយព្រះអម្ចាស់ទេ!"។ កូនចៅរបស់បងប្អូនមុខជាបណ្តាលអោយកូនចៅរបស់យើងខ្ញុំ លែងគោរពកោតខ្លាចព្រះអម្ចាស់ទៀតមិនខាន។   26  ហេតុនេះហើយបានជាយើងខ្ញុំគិតគ្នាថា យើងខ្ញុំត្រូវតែសង់អាសនៈនេះឡើង មិនមែនដើម្បីសំរាប់ថ្វាយតង្វាយដុតទាំងមូលឬសំរាប់ថ្វាយយញ្ញបូជាឯទៀតៗឡើយ   27  ប៉ុន្តែ អាសនៈនេះជាសក្ខីភាពរវាងយើងខ្ញុំ និង បងប្អូន ព្រមទាំងកូនចៅរបស់យើងនៅជំនាន់ក្រោយថា យើងខ្ញុំមានសិទ្ធិគោរពបំរើព្រះអម្ចាស់ដោយថ្វាយតង្វាយដុតទាំងមូល និង យញ្ញបូជាមេត្រីភាព ព្រមទាំងយញ្ញបូជាឯទៀតៗដែរ។ ដូច្នេះ នៅអនាគតកូនចៅរបស់បងប្អូន នឹងមិនអាចពោលទៅកូនចៅរបស់យើងថា "អ្នករាល់គ្នាគ្មានសិទ្ធិទាក់ទងជាមួយព្រះអម្ចាស់"បានឡើយ។   28  យើងខ្ញុំបានគិតជាមួយគ្នាទៀតថា ទៅអនាគតបើសិនជាគេពោលពាក្យសំដីនេះ ចំពោះយើងខ្ញុំ និង កូនចៅរបស់យើងខ្ញុំយើងខ្ញុំឆ្លើយទៅវិញថា "សូមមើល ! ដូនតារបស់យើងខ្ញុំបានសង់អាសនៈនេះមានរូបរាងដូចអាសនៈរបស់ព្រះអម្ចាស់បេះបិទ តែមិនមែនដើម្បីថ្វាយតង្វាយដុតទាំងមូលឬថ្វាយយញ្ញបូជាឯទៀតៗឡើយ គឺអាសនៈនេះជាសក្ខីភាពរវាងយើងខ្ញុំ និង បងប្អូន"។   29  យើងខ្ញុំគ្មានបំណងចង់បះបោរប្រឆាំងនឹងព្រះអម្ចាស់ ឬ ក៏ចង់បែកចិត្តចេញពីព្រះអង្គ នៅថ្ងៃនេះដោយសង់អាសនៈសំរាប់ថ្វាយតង្វាយដុតទាំងមូល និង ថ្វាយតង្វាយនានា ឬយញ្ញបូជាអ្វីផ្សេងក្រៅ ពីថ្វាយនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះរបស់យើងគឺអាសនៈដែលស្ថិតនៅមុខព្រះដំណាក់របស់ព្រះអង្គនោះឡើយ!»។   30  ពេលលោកបូជាចារ្យភីនេហាស មេដឹកនំាសហគមន៍ និង មេលើក្រុមគ្រួសារប្រជាជនអ៊ីស្រាអែលនៅទីនោះ បានឮពាក្យសំដី ដែលកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និង កុលសម្ព័ន្ធម៉ាណាសេ រៀបរាប់ពួកគេក៏ពេញចិត្ត។   31  លោកភីនេហាស ជាកូនរបស់លោកបូជាចារ្យអេឡាសារ មានប្រសាសន៍ទៅកាន់កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និង កុលសម្ព័ន្ធម៉ាណាសេថា៖ «ថ្ងៃនេះ យើងដឹងថាព្រះអម្ចាស់ពិតជាគង់នៅជាមួយយើងរាល់គ្នាមែន ដ្បិតបងប្អូនពុំបានក្បត់ព្រះអម្ចាស់ គឺបងប្អូនពុំបានធ្វើអោយប្រជាជនអ៊ីស្រាអែលទទួលទោសពីព្រះអម្ចាស់ឡើយ»។   32  បន្ទាប់មក លោកភីនេហាស ដែលជាកូនរបស់លោកបូជាចារ្យអេឡាសារ និង មេដឹកនាំប្រជាជនបានចាកចេញពីកុលសម្ព័ន្ធរូបេន និង កុលសម្ព័ន្ធកាដ នៅស្រុកកាឡាដ វិលមកស្រុកកាណាន ជួបជុំនឹងប្រជាជនអ៊ីស្រាអែលវិញ ដោយនាំយករបាយការណ៍មកជាមួយផង។   33  ប្រជាជនអ៊ីស្រាអែលពេញចិត្តនឹងរបាយការណ៍ ហើយអរព្រះគុណព្រះជាម្ចាស់ ព្រមទាំងលែងគិតគូរទៅច្បាំងបំផ្លាញស្រុកទេសរបស់កុលសម្ព័ន្ធរូបេន និង កុលសម្ព័ន្ធកាដទៀត។   34  កុលសម្ព័ន្ធរូបេន និង កុលសម្ព័ន្ធកាដ បានដាក់ឈ្មោះអាសនៈនោះថា «សក្ខីភាព» ដ្បិតអាសនៈនោះធ្វើជាសាក្សីនៅចំពោះមុខយើងទាំងអស់គ្នាថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន។