1 នៅគ្រានោះ លោកយ៉ូស្វេមានវ័យចាស់ជរាណាស់ហើយ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «អ្នកមានវ័យចាស់ជរាណាស់ហើយ រីឯទឹកដីដែលត្រូវវាយយក ក៏នៅសល់ច្រើនណាស់ដែរ។ 2 ទឹកដីដែលមិនទាន់យកបាន គឺ ស្រុកភីលីស្ទីនទាំងមូល និង ស្រុកកេស៊ូរីទាំងមូល 3 ពោលគឺទឹកដីដែលចាត់ទុកថាជាទឹកដីរបស់ជនជាតិកាណាន លាតសន្ធឹងចាប់តាំងពីទឹកធ្លាក់ស៊ីហោនៅព្រំប្រទល់ស្រុកអេស៊ីប រហូតដល់តំបន់អេក្រូននៅទិសខាងជើង។ នៅលើទឹកដីនោះមាននគរប្រាំរបស់ជនជាតិភីលីស្ទីនដែលមានរាជធានីនៅក្រុងកាសា ក្រុងអាសដូឌ ក្រុងអាសកាឡូន ក្រុងកាថ និង ក្រុងអេក្រូន។ ជនជាតិអាវីមក៏រស់នៅលើទឹកដីដែរ។ 4 នៅខាងត្បូង មានស្រុកកាណានទាំងមូល និង ក្រុងមារ៉ា ដែលជាកម្មសិទ្ធិរបស់ជនជាតិស៊ីដូន រហូតទៅដល់ក្រុងអាផែក និង ព្រំប្រទល់ស្រុកអាម៉ូរី 5 ស្រុកកេបាល និង ស្រុកលីបង់ទាំងមូល ដែលនៅទិសខាងកើត ចាប់តាំងពីបាលកាដ នៅជើងភ្នំហ៊ើរម៉ូន រហូតដល់ច្រកហាម៉ាត់។ 6 ក្នុងនោះ ក៏មានទឹកដីទាំងប៉ុន្មានរបស់ជនជាតិស៊ីដូនដែលរស់នៅតាមតំបន់ភ្នំ គឺ ចាប់តាំងពីភ្នំលីបង់រហូតដល់ក្រុងមីសរិផូត-ម៉ែមដែរ។ យើងនឹងបណ្តេញជនជាតិទាំងនោះ ចេញពីមុខជនជាតិអ៊ីស្រាអែល។ ត្រូវបែងចែកទឹកដីនោះដល់ជនជាតិអ៊ីស្រាអែល ដូចយើងបានបង្គាប់ដល់អ្នកស្រាប់ហើយ។ 7 ឥឡូវនេះ ចូរបែងចែកទឹកដីកុលសម្ព័ន្ធទាំងប្រាំបួន និង កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលទុកជាមត៌កទៅ»។ 8 កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និង កុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាលទៀត បានទទួលទឹកដីពីលោកម៉ូសេជាអ្នកបំរើរបស់ព្រះអម្ចាស់ ទុកជាមត៌ករួចស្រេចទៅហើយ គឺនៅត្រើយខាងកើតទន្លេយ័រដាន់។ 9 ទឹកដីរបស់គេលាតសន្ធឹងចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅក្បែរទឹកធ្លាក់អើណូន និង ចាប់តាំងពីទីក្រុងដែលស្ថិតនៅកណ្តាលជ្រលងភ្នំ ព្រមទាំងខ្ពង់រាបមេដេបាទាំងមូល រហូតដល់ក្រុងឌីបូន។ 10 ទឹកដីនោះ លាតសន្ធឹងរហូតដល់ព្រំប្រទល់នៃស្រុករបស់ជនជាតិអាំម៉ូន ពោលគឺក្រុងទាំងប៉ុន្មានរបស់ព្រះបាទស៊ីហុន ជាស្តេចនៃជនជាតិអាម៉ូរី ដែលសោយរាជ្យនៅក្រុងហេសបូន 11 និង ស្រុកកាឡាដទឹកដីស្រុកកេស៊ួរី និង ម៉ាកាធី ព្រមទាំងតំបន់ភ្នំហ៊ើរម៉ូន ទាំងមូល និង តំបន់បាសានទាំងមូល រហូតដល់សាលកា 12 ពោលគឺអាណាចក្រទាំងមូលរបស់ព្រះបាទអុក នៅស្រុកបាសាន ហើយជាជនជាតិរេផែមមួយរូបក្នុងចំណោមជនជាតិរេផែមចុងក្រោយបង្អស់ដែលសោយរាជ្យនៅក្រុងអាសថារ៉ូត និង ក្រុងអេទ្រី។ លោកម៉ូសេបានវាយយកទឹកដីពីស្តេចទាំងនោះ។ 13 ក៏ប៉ុន្តែ ជនជាតិអ៊ីស្រាអែលពុំបានបណ្តេញជនជាតិកេស៊ូរី និង ជនជាតិម៉ាកាធីចេញពីទឹកដីនោះទេ ហេតុនេះហើយបានជាជនជាតិកេស៊ួរី និង ជនជាតិម៉ាកាធីរស់នៅជាមួយជនជាតិអ៊ីស្រាអែល រហូតមកដល់សព្វថ្ងៃ។ 14 មានតែកុលសម្ព័ន្ធលេវីប៉ុណ្ណោះដែលពុំបានទទួលទឹកដីជាមត៌ក ព្រោះពួកគេទទួលតង្វាយដុតដែលប្រជាជនយកមកថ្វាយព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ នេះហើយជាមត៌ករបស់ពួកគេដូចព្រះអង្គបានបង្គាប់មកពួកគេ។ 15 លោកម៉ូសេបានប្រគល់ទឹកដីមួយចំណែកអោយកុលសម្ព័ន្ធរូបេន ទៅតាមអំបូររៀងៗខ្លួន។ 16 ទឹកដីរបស់គេលាតសន្ធឹង ចាប់ពីក្រុងអារ៉ូអ៊ើរដែលស្ថិតនៅក្បែរទឹកធ្លាក់អើណូន និង ក្រុងដែលស្ថិតនៅកណ្តាលជ្រលងភ្នំនោះ ព្រមទាំងខ្ពង់រាបទាំងមូលនៅជិតមេដេបា 17 ក្រុងហេសបូន និង ក្រុងទាំងប៉ុន្មាននៅលើខ្ពង់រាប គឺក្រុងឌីបូន ក្រុងបាមូត-បាល ក្រុងបេតបាលមេយ៉ូន 18 ក្រុងយ៉ាហាស ក្រុងកេដេមូត ក្រុងមេផាត 19 ក្រុងគារយ៉ាថែមក្រុងស៊ីប ម៉ាក្រុងសេរេត-ហាសាកាដែលស្ថិតនៅលើភ្នំជាប់នឹងវាលទំនាប 20 ក្រុងបេតពេអ៊រ ជំរាលភ្នំពីស្កាក្រុងបេតយេស៊ីម៉ុត 21 ក្រុងទាំងប៉ុន្មាននៅតំបន់ខ្ពង់រាប អាណាចក្រទាំងមូលរបស់ព្រះបាទស៊ីហុនជាស្តេចរបស់ជនជាតិអាម៉ូរី សោយរាជ្យនៅក្រុងហេសបូន។ លោកម៉ូសេបានវាយប្រហារព្រះបាទស៊ីហុនព្រមទាំងស្តេចឯទៀតៗ ដែលជាចំណុះរបស់ព្រះបាទស៊ីហុន គឺមានស្តេចរបស់ជនជាតិម៉ាឌាន ជនជាតិអេវីជនជាតិរេគែម ជនជាតិស៊ើរ ជនជាតិហ៊ើរ និង ជនជាតិរេបា ដែលរស់នៅក្នុងស្រុកនោះ។ 22 ក្នុងចំណោមអស់អ្នក ដែលជនជាតិអ៊ីស្រាអែលបានសម្លាប់មានលោកបាឡាមជាគ្រូទាយដែលត្រូវជាកូនរបស់លោកបេអ៊រ។ 23 ព្រំប្រទល់ខាងលិចនៃទឹកដីរបស់កុលសម្ព័ន្ធរូបេន គឺទន្លេយ័រដាន់។ នេះជាមត៌ករបស់កុលសម្ព័ន្ធរូបេន តាមអំបូរ និង ស្រុកភូមិរបស់គេ។ 24 លោកម៉ូសេក៏បានប្រគល់ទឹកដីមួយចំណែកអោយកុលសម្ព័ន្ធកាដ តាមអំបូររបស់ពួកគេដែរ។ 25 ពួកគេទទួលបានទឹកដីស្រុកយ៉ាស៊ើរ ក្រុងទាំងប៉ុន្មាននៅស្រុកកាឡាដ និង ពាក់កណ្តាលស្រុកអាំម៉ូន រហូតដល់អារ៉ូអើរ ដែលនៅខាងមុខក្រុងរ៉ាបាត។ 26 ទឹកដីរបស់គេលាតសន្ធឹង ចាប់តាំងពីក្រុងហេសបូន រហូតដល់ក្រុងរ៉ាម៉ាត-មីសប៉េ និង ក្រុងបេថូនីម ហើយចាប់តាំងពីក្រុងម៉ាហាណែមរហូតដល់ព្រំប្រទល់ស្រុកដេបៀរ។ 27 នៅក្នុងជ្រលងភ្នំទឹកដីរបស់គេមានក្រុងបេតហារ៉ាម ក្រុងបេតនីមរ៉ា ក្រុងស៊ូកុត និង ក្រុងសាផូនដែលជាចំណែកទឹកដីចុងក្រោយនៃអាណាចក្ររបស់ព្រះបាទស៊ីហុន ជាស្តេចនៅក្រុងហេសបូន។ ទឹកដីនេះស្ថិតនៅខាងកើតទន្លេយ័រដាន់ដែលជាព្រំប្រទល់ ព្រមទាំងស្រុកភូមិនៅជុំវិញ រហូតដល់ចុងសមុទ្រគេនេសារ៉ែត។ 28 នេះជាមត៌ករបស់កុលសម្ព័ន្ធកាដ តាមអំបូរ និង ស្រុកភូមិរបស់គេ។ 29 លោកម៉ូសេបានប្រគល់ទឹកដីមួយចំណែកអោយកុលសម្ព័ន្ធម៉ាណាសេចំនួនញក់កណ្តាល ទៅតាមអំបូររបស់គេ។ 30 ទឹកដីនោះលាតសន្ធឹងចាប់តាំងពីស្រុកម៉ាហាណែម ស្រុកបាសាន ជាអាណាចក្រទាំងមូលរបស់ព្រះបាទអុក ស្តេចស្រុកបាសាន ព្រមទាំងភូមិហុកសិបនៅយ៉ាអៀរ ក្នុងស្រុកបាសាន 31 ពាក់កណ្តាលស្រុកកាឡាដក្រុងអាសថារ៉ូត និង ក្រុងអេទ្រី ជារាជធានីរបស់ព្រះបាទអុកនៅស្រុកបាសាន។ លោកម៉ូសេបានប្រគល់ទឹកដីទាំងនោះអោយពូជអំបូរពាក់កណ្តាលរបស់លោកម៉ាកៀរនៃកុលសម្ព័ន្ធម៉ាណាសេ។ 32 នេះហើយជាទឹកដី ដែលលោកម៉ូសេបានប្រគល់អោយពួកគេទុកជាមត៌ក នៅខាងកើតក្រុងយេរីខូ និង ត្រើយខាងកើតទន្លេយ័រដាន់ គឺនៅវាលរាបស្រុកម៉ូអាប់។ 33 លោកម៉ូសេពុំបានចែកទឹកដីអោយកុលសម្ព័ន្ធលេវី ទុកជាមត៌កទេ ប៉ុន្តែលោកប្រាប់ពួកគេថា មត៌ករបស់ពួកគេ គឺបំរើព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។