1 ជនជាតិអ៊ីស្រាអែលវាយយកបាន ហើយកាន់កាប់ស្រុកដែលនៅខាងកើតទន្លេយ័រដាន់ ចាប់តាំងពីទឹកធ្លាក់អើណូន រហូតដល់ភ្នំហ៊ើរម៉ូន និង តំបន់អារ៉ាបា ទាំងមូលដែលនៅខាងកើតផង។ ពួកគេវាយឈ្នះស្តេចនានា នៅស្រុកនោះដូចតទៅ : 2 គឺព្រះបាទស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរីសោយរាជ្យនៅក្រុងហេសបូន ហើយគ្រប់គ្រងចាប់តាំងពីអារ៉ូអ៊ើរ ដែលនៅក្បែរទឹកធ្លាក់អើរណូន និង ចាប់តាំងពីស្រុកដែលនៅពាក់កណ្តាលទឹកធ្លាក់នោះ រហូតដល់មួយចំហៀងស្រុកកាឡាដ និង រហូតដល់ទឹកធ្លាក់យ៉ាបុក នៅព្រំប្រទល់ស្រុកអាំម៉ូន 3 ព្រមទាំងតំបន់អារ៉ាបា រហូតដល់សមុទ្រគេណាសារ៉ែត ដែលនៅខាងកើតសមុទ្រអារ៉ាបា គឺសមុទ្រស្លាប់ ដែលនៅជិតក្រុងបេតយេស៊ីម៉ុត ហើយនៅខាងត្បូង មានជំរាលភ្នំពីស្កា។ 4 រីឯស្តេចមួយទៀត គឺព្រះបាទអុក ជាស្តេចស្រុកបាសាន និង ជាជនជាតិរេផែមមួយរូប ក្នុងចំណោមជនជាតិរេផែមចុងក្រោយបង្អស់ ស្តេចគង់នៅក្រុងអាសថារ៉ូត និង ក្រុងអេទ្រី។ 5 ព្រះបាទអុកគ្រប់គ្រងតំបន់ភ្នំហ៊ើរម៉ូនក្រុងសាល់កា និង ស្រុកបាសានទាំងមូល រហូតដល់ព្រំប្រទល់ស្រុកកេស៊ួរី និង ស្រុកម៉ាកាធីព្រមទាំងមួយចំហៀងស្រុកកាឡាដ ជាព្រំប្រទល់ទឹកដីរបស់ព្រះបាទស៊ីហុនស្តេចក្រុងហេសបូន។ 6 លោកម៉ូសេ ជាអ្នកបំរើព្រះអម្ចាស់ និង ជនជាតិអ៊ីស្រាអែលបានវាយប្រហារស្តេចទាំងពីរអង្គនេះ ហើយលោកម៉ូសេជាអ្នកបំរើព្រះអម្ចាស់ ប្រគល់ទឹកដីនោះអោយកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និង កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល ទុកជាកម្មសិទ្ធិ។ 7 លោកយ៉ូស្វេ និង ជនជាតិអ៊ីស្រាអែលបានវាយឈ្នះស្តេចទាំងប៉ុន្មាននៅដែនដីខាងលិចទន្លេយ័រដាន់ ចាប់តាំងពីក្រុងបាលកាដ ក្នុងជ្រលងភ្នំលីបង់ រហូតដល់ភ្នំហាឡាក់ នៅជិតស្រុកសៀរ។ លោកយ៉ូស្វេប្រគល់ទឹកដីនោះអោយកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែលចែកគ្នា ជាកម្មសិទ្ធិ។ 8 ទឹកដីទាំងនោះ មាន តំបន់ភ្នំ តំបន់វាលទំនាប តំបន់អារ៉ាបា តំបន់ជំរាលភ្នំ តំបន់វាលរហោស្ថាន និង តំបន់ណេកិប គឺស្រុករបស់ជនជាតិហេតជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរីស៊ីត ជនជាតិហេវី និង ជនជាតិយេប៊ូស។ 9 រីឯស្តេចដែលច្បាំងចាញ់ជនជាតិអ៊ីស្រាអែលមានៈ ស្តេចក្រុងយេរីខូ ស្តេចក្រុងអៃដែលស្ថិតនៅជិតក្រុងបេតអែល 10 ស្តេចក្រុងយេរូសាឡឹមស្តេចក្រុងហេប្រូន 11 ស្តេចក្រុងយ៉ារមូត ស្តេចក្រុងឡាគីស 12 ស្តេចក្រុងអេក្លូន ស្តេចក្រុងកេស៊ើរ 13 ស្តេចក្រុងដេបៀរស្តេចក្រុងកេឌើរ 14 ស្តេចក្រុងហោម៉ា ស្តេចក្រុងអើរ៉ាត 15 ស្តេចក្រុងលីបណា ស្តេចក្រុងអាឌូឡាំ 16 ស្តេចក្រុងម៉ាកេដា ស្តេចក្រុងបេតអែល 17 ស្តេចក្រុងតាពូរ ស្តេចក្រុងហេភើរ 18 ស្តេចក្រុងអាផេក ស្តេចក្រុងឡាសារ៉ូន 19 ស្តេចក្រុងម៉ាដូន ស្តេចក្រុងហាសោរ 20 ស្តេចក្រុងស៊ីមរ៉ូន-មេរ៉ូន ស្តេចក្រុងអាកសាប 21 ស្តេចក្រុងតាអាណាក់ ស្តេចក្រុងមេគីដោ 22 ស្តេចក្រុងកេដែស ស្តេចក្រុងយ៉ុកនាមនៅភ្នំកើម៉ែល 23 ស្តេចក្រុងដោរនៅវាលរាបដោរ ស្តេចក្រុងកូយីម នៅជិតគីលកាល់ 24 ស្តេចក្រុងធើសា។ សរុបទាំងអស់មានស្តេចសាមសិបមួយអង្គ។