1 កាលព្រះបាទយ៉ាប៊ីន ជាស្តេចក្រុងហាសោរ ជ្រាបហេតុការណ៍ទាំងនោះហើយ ស្តេចផ្ញើរាជសារទៅព្រះបាទយ៉ូបាប់ ជាស្តេចក្រុងម៉ាដូន ទៅស្តេចក្រុងស៊ីមរ៉ូន និង ទៅស្តេចក្រុងអាសាប 2 ព្រមទាំងស្តេចនានានៅខាងជើងក្នុងតំបន់ភ្នំតំបន់ អារ៉ាបាដែលនៅខាងត្បូងគីណារ៉ូត តំបន់វាលទំនាប និង តំបន់ឌ័រដែលនៅខាងលិច។ 3 ស្តេចក៏បានផ្ញើរាជសារទៅជនជាតិកាណាន នៅខាងកើត និង ខាងលិចទន្លេយ័រដាន់ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរីស៊ីត ជនជាតិយេប៊ូស នៅតំបន់ភ្នំ និង ជនជាតិហេវីនៅតំបន់ជើងភ្នំហ៊ើរម៉ូន ក្នុងស្រុកមីសប៉ា។ 4 ស្តេចទាំងនោះបានលើករេហ៍ពល ចេញមកផ្តុំគ្នាជាកងទ័ពមួយយ៉ាងធំ មានគ្នាច្រើនឥតគណនាដូចគ្រាប់ខ្សាច់ នៅតាមឆ្នេរសមុទ្រ ហើយក៏មានទ័ពសេះ និង រទេះចំបាំងយ៉ាងច្រើនអនេកដែរ។ 5 ស្តេចទាំងនោះបានព្រមព្រៀងពួតដៃគ្នា ហើយបោះទ័ពនៅត្រង់ជ្រោះមេរ៉ូម ដើម្បីវាយលុកអ៊ីស្រាអែល។ 6 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំភ័យខ្លាចអ្វីឡើយ! នៅថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងប្រគល់ពួកគេទាំងអស់អោយមកស្លាប់ ក្នុងកណ្តាប់ដៃរបស់អ៊ីស្រាអែល។ ចូរកាត់សរសៃជើងសេះ ហើយដុតរទេះចំបាំងរបស់គេចោលទៅ»។ 7 លោកយ៉ូស្វេ និង ពលទាហានទាំងប៉ុន្មានរបស់លោក បានវាយឆ្មក់សត្រូវនៅក្បែរជ្រោះមេរ៉ូម។ 8 ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់ជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលវាយប្រហារ និង ដេញតាមពួកគេរហូតដល់ក្រុងស៊ីដូន ជាទីក្រុងដ៏ធំក្រុងមីសរិផូត-ម៉ែម និង ដល់ជ្រលងភ្នំមីសប៉ា ដែលនៅខាងកើត។ ជនជាតិអ៊ីស្រាអែលបានវាយប្រហារពួកគេ ឥតទុកអោយនរណាម្នាក់រួចជីវិតឡើយ។ 9 លោកយ៉ូស្វេបានប្រព្រឹត្តចំពោះពួកគេ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់គឺលោកកាប់សរសៃជើងសេះ និង ដុតរទេះចំបាំងរបស់ពួកគេចោល។ 10 ពេលនោះ លោកយ៉ូស្វេវិលត្រឡប់មកវិញ ហើយវាយយកបានក្រុងហាសោរ ព្រមទាំងប្រហារស្តេចក្រុងនោះដោយមុខដាវទៀតផង។ កាលពីដើម ក្រុងហាសោរ ជារាជធានីនៃអាណាចក្រទាំងនោះ។ 11 កងទ័ពអ៊ីស្រាអែលប្រហារជីវិតអស់អ្នកនៅក្រុងនោះដោយមុខដាវ ហើយបំផ្លាញពួកគេ ថ្វាយផ្តាច់ដល់ព្រះជាម្ចាស់ឥតទុកអោយនរណាម្នាក់រួចជីវិតឡើយ ហើយក៏បានដុតក្រុងហាសោរចោលដែរ។ 12 លោកយ៉ូស្វេវាយយកក្រុងទាំងអស់ និង ចាប់ស្តេចទាំងប៉ុន្មានរបស់គេផង។ លោកប្រហារជីវិតពួកគេទាំងអស់គ្នាដោយមុខដាវ ហើយបំផ្លាញពួកគេថ្វាយផ្តាច់ដល់ព្រះជាម្ចាស់ស្របតាមបញ្ជារបស់លោកម៉ូសេជាអ្នកបំរើព្រះអម្ចាស់។ 13 ជនជាតិអ៊ីស្រាអែលមិនបានដុតបំផ្លាញចោលក្រុងនានាដែលស្ថិតនៅលើភ្នំទេ លើកលែងតែក្រុងហាសោរមួយប៉ុណ្ណោះ ដែលលោកយ៉ូស្វេបានដុតចោល។ 14 ជនជាតិអ៊ីស្រាអែលបានរឹបអូសយកសម្បត្តិទ្រព្យ និង ហ្វូងសត្វរបស់ក្រុងទាំងនោះទុកជាជ័យភ័ណ្ឌ តែគេប្រហារមនុស្សទាំងអស់ដោយមុខដាវឥតទុកអោយនរណាម្នាក់រួចជីវិតឡើយ។ 15 ព្រះអម្ចាស់បង្គាប់មកលោកម៉ូសេជាអ្នកបំរើរបស់ព្រះអង្គយ៉ាងណា លោកម៉ូសេក៏បានបង្គាប់មកលោកយ៉ូស្វេយ៉ាងនោះដែរ ហើយលោកយ៉ូស្វេធ្វើតាមគឺលោកប្រព្រឹត្តតាមសេចក្តីទាំងអស់ ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ឥតមានធ្វេសប្រហែសត្រង់ណាឡើយ។ 16 លោកយ៉ូស្វេយកបានស្រុកនោះទាំងមូលគឺតំបន់ភ្នំ តំបន់ណេកិប ទាំងមូលស្រុកកូសែនទាំងមូលតំបន់វាលទំនាបតំបន់អារ៉ាបា ព្រមទាំងតំបន់ភ្នំ ស្រុកអ៊ីស្រាអែល និង វាលទំនាបនៃតំបន់នោះ។ 17 លោកវាយឈ្នះ និង ប្រហារជីវិតស្តេចទាំងប៉ុន្មាននៃដែនដី ដែលស្ថិតនៅចន្លោះភ្នំហាឡាក់ ជិតស្រុកសៀរ និង ក្រុងបាលកាដក្នុងជ្រលងភ្នំលីបង់ ជិតជើងភ្នំហ៊ើម៉ូន។ 18 លោកយ៉ូស្វេធ្វើសង្គ្រាមជាមួយស្តេចទាំងនោះអស់រយៈពេលយ៉ាងយូរ។ 19 គ្មានក្រុងណាមួយសុំសន្តិភាពពីជនជាតិអ៊ីស្រាអែលទេ លើកលែងតែជនជាតិហេវី ដែលរស់នៅក្រុងគីបៀនប៉ុណ្ណោះ។ រីឯក្រុងដទៃទៀត ជនជាតិអ៊ីស្រាអែលយកបាន ដោយប្រើកម្លាំងអាវុធទាំងអស់។ 20 ព្រះអម្ចាស់បានធ្វើអោយប្រជាជននៅស្រុកនោះមានចិត្តរឹងរូសចង់ធ្វើសង្គ្រាមជាមួយជនជាតិអ៊ីស្រាអែល ដើម្បីអោយប្រជាជនអ៊ីស្រាអែល បំផ្លាញពួកគេថ្វាយផ្តាច់ដល់ព្រះអង្គឥតត្រាប្រណីឡើយ គឺសម្លាប់ពួកគេអោយវិនាសសូន្យ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ 21 នៅគ្រាដដែលនោះលោកយ៉ូស្វេលើកទ័ពទៅវាយជនជាតិអាណាក់ ដែលរស់នៅតាមតំបន់ភ្នំ គឺនៅក្រុងហេប្រូន ក្រុងដេបៀរក្រុងអាណាប់ ព្រមទាំងនៅតាមតំបន់ភ្នំស្រុកយូដា និង ស្រុកអ៊ីស្រាអែលទាំងមូល។ លោកយ៉ូស្វេបំផ្លាញពួកគេ និង ក្រុងរបស់គេថ្វាយផ្តាច់ដល់ព្រះអម្ចាស់ 22 គ្មានសេសសល់ជនជាតិអាណាក់ណាម្នាក់ក្នុងស្រុកអ៊ីស្រាអែលឡើយ គឺមានសល់តែនៅក្រុងកាសាក្រុងកាថ និង ក្រុងអាសដូតប៉ុណ្ណោះ។ 23 លោកយ៉ូស្វេយកបានស្រុកទាំងមូល ស្របតាមព្រះបន្ទូលទាំងប៉ុន្មានដែលព្រះអម្ចាស់ បង្គាប់មកលោកម៉ូសេ។ លោកយ៉ូស្វេយកទឹកដីនោះមកចែកអោយជនជាតិអ៊ីស្រាអែលទុកជាមត៌ក តាមកុលសម្ព័ន្ធរបស់ខ្លួន។ បន្ទាប់មក ស្រុកនោះបានសុខសាន្តត្រាណគ្មានសង្គ្រាមទៀតឡើយ។