1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូណាសម្តងទៀតថា៖ 2 «ចូរក្រោកឡើង ធ្វើដំណើរទៅក្រុងនីនីវេមហានគរជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះអោយដឹងអំពីសេចក្តីដែលយើងនឹងប្រាប់អ្នក!»។ 3 លើកនេះ លោកយ៉ូណាសធ្វើតាមព្រះបញ្ជារបស់ព្រះអម្ចាស់ គឺលោកក្រោកឡើង ធ្វើដំណើរឆ្ពោះទៅកាន់ក្រុងនីនីវេ។ ក្រុងនីនីវេជាក្រុងមួយដ៏ធំសំបើមអស្ចារ្យ ត្រូវចំណាយពេលអស់បីថ្ងៃ ទើបដើរកាត់ក្រុងនេះបាន។ 4 លោកយ៉ូណាសដើរកាត់ទីក្រុងអស់មួយថ្ងៃទាំងប្រកាសថា៖ «សែសិបថ្ងៃទៀតព្រះអម្ចាស់នឹងបំផ្លាញក្រុងនេះហើយ!»។ 5 ពេលនោះ អ្នកក្រុងនីនីវេនាំគ្នាជឿលើព្រះជាម្ចាស់។ ពួកគេប្រកាសអោយមនុស្សគ្រប់ៗរូបចាប់ពីនាម៉ឺនមន្ត្រីរហូតដល់ប្រជាជនតូចតាចតមអាហារ និង ស្លៀកពាក់កាន់ទុក្ខ។ 6 ព្រះមហាក្សត្រនៅក្រុងនីនីវេជ្រាបដំណឹងនេះស្តេចក៏យាងចុះពីរាជបល្ល័ង្ក ដោះព្រះភូសាចេញហើយស្លៀកបាវកាន់ទុក្ខ ព្រមទាំងគង់នៅលើផេះទៀតផង។ 7 ព្រះរាជាចេញបញ្ជាអោយប្រកាសប្រាប់ប្រជារាស្ត្រក្នុងក្រុងនីនីវេថា៖«យោងតាមរាជក្រិត្យរបស់ព្រះមហាក្សត្រ និង អស់លោកសព្វមុខមន្ត្រី សូមហាមមនុស្សទាំងឡាយមិនអោយបរិភោគឬផឹកអ្វីឡើយ រីឯសត្វតូចធំក៏ដូច្នោះដែរ។ 8 ទាំងមនុស្ស ទាំងសត្វត្រូវតែកាន់ទុក្ខ។ ចូរអង្វររកព្រះជាម្ចាស់ ដោយស្មោះអស់ពីចិត្ត។ ម្នាក់ៗត្រូវតែបោះបង់ចោលកិរិយាមារយាទអាក្រក់ និង អំពើឃោរឃៅដែលខ្លួនធ្លាប់ប្រព្រឹត្ត 9 ក្រែងលោព្រះជាម្ចាស់ប្រែព្រះហឫទ័យលែងព្រះពិរោធទាស់នឹងយើង។ ដូច្នេះ យើងនឹងមិនត្រូវវិនាសអន្តរាយឡើយ»។ 10 ព្រះជាម្ចាស់ទតឃើញអំពើដែលពួកគេប្រព្រឹត្ត គឺគេប្រែចិត្តគំនិតលះបង់កិរិយាមារយាទអាក្រក់របស់ខ្លួនចោល ព្រះអង្គក៏ប្រែព្រះហឫទ័យមិនដាក់ទោសពួកគេ ដូចព្រះអង្គបានសំរេចកាលពីមុននោះទេ ព្រះអង្គមិនបំផ្លាញពួកគេចោលឡើយ។