KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

John - យ៉ូហាន 3 - Khmer, Central - Old Version - Bible.is - KMHKOV

  1  មាននាម៉ឺនជាតិយូដាម្នាក់ ឈ្មោះនីកូដេម លោកនៅខាងគណៈផារីស៊ី ។   2  លោកបានមកគាល់ព្រះយេស៊ូទាំងយប់ហើយទូលថា៖ «លោកគ្រូយើងខ្ញុំដឹងថាព្រះជាម្ចាស់បានចាត់លោកគ្រូអោយមកបង្រៀនយើងខ្ញុំ ដ្បិតគ្មាននរណាអាចធ្វើទីសំគាល់ដូចលោកគ្រូបានឡើយ វៀរលែងតែព្រះជាម្ចាស់គង់ជាមួយអ្នកនោះ»។   3  ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសូមជំរាបលោកអោយដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតជាថ្មី ទេ គេមិនអាចឃើញព្រះរាជ្យ របស់ព្រះជាម្ចាស់បានឡើយ»។   4  លោកនីកូដេមទូលសួរព្រះអង្គថា៖ «ចុះបើមនុស្សមានវ័យចាស់ទៅហើយ ធ្វើដូចម្ដេចអាចកើតម្ដងទៀតបាន? តើគេអាចចូលទៅក្នុងផ្ទៃម្ដាយ ហើយកើតម្ដងទៀតបានឬ?»។   5  ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសូមជំរាបលោកអោយដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតពីទឹក និង ពីព្រះវិញ្ញាណទេ គេពុំអាចចូលក្នុងព្រះរាជ្យព្រះជាម្ចាស់បានឡើយ។   6  អ្នកណាកើតមកជាមនុស្ស អ្នកនោះនៅតែជាមនុស្សដដែល រីឯអ្នកដែលកើតពីព្រះវិញ្ញាណវិញមានព្រះវិញ្ញាណក្នុងខ្លួន។   7  ពេលខ្ញុំជំរាបលោកថា "អ្នករាល់គ្នាត្រូវកើតជាថ្មី"សូមកុំឆ្ងល់អោយសោះ។   8  ខ្យល់ចង់បក់ទៅទិសណាក៏បាន លោកឮស្នូរវា តែលោកពុំដឹងថាខ្យល់បក់មកពីទីណា ទៅទីណាឡើយ រីឯអ្នកដែលកើតមកពីព្រះវិញ្ញាណ ក៏ដូច្នោះដែរ»។   9  លោកនីកូដេមទូលសួរព្រះអង្គថា៖ «តើការទាំងនេះអាចនឹងកើតឡើងដូចម្ដេចបាន?»។   10  ព្រះយេស៊ូមានព្រះបន្ទូលថា៖ «លោកជាគ្រូរបស់ជនជាតិអ៊ីស្រាអែល ម្ដេចក៏លោកមិនជ្រាបសេចក្ដីទាំងនេះ?   11  ខ្ញុំសូមជំរាបលោកអោយដឹងច្បាស់ថា យើងនិយាយអំពីសេចក្ដីណាដែលយើងដឹង ហើយយើងធ្វើជាបន្ទាល់បញ្ជាក់នូវហេតុការណ៍ណាដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលសក្ខីភាពរបស់យើងទេ។   12  ពេលខ្ញុំនិយាយអំពីហេតុការណ៍នៅលើផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ចុះទំរាំបើខ្ញុំនិយាយអំពីហេតុការណ៍នៅស្ថានបរមសុខវិញ តើអ្នករាល់គ្នានឹងជឿដូចម្ដេចបាន!។   13  ពុំដែលមាននរណាបានឡើងទៅស្ថានបរមសុខឡើយ គឺមានតែបុត្រមនុស្ស ប៉ុណ្ណោះ ដែលបានយាងចុះពីស្ថានបរមសុខមក។   14  កាលនៅវាលរហោស្ថាន លោកម៉ូសេបានលើកពស់ឡើងយ៉ាងណា បុត្រមនុស្សនឹងត្រូវគេលើកឡើង យ៉ាងនោះដែរ   15  ដើម្បីអោយអស់អ្នកដែលជឿលើព្រះអង្គ មានជីវិតអស់កល្បជានិច្ច។   16  ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីអោយអស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច គឺមិនអោយគេវិនាសឡើយ។   17  ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គ អោយយាងមកក្នុងលោកនេះ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោក ដោយសារព្រះបុត្រាវិញ។   18  អ្នកជឿលើព្រះបុត្រា មិនត្រូវទទួលទោសទេរីឯអ្នកមិនជឿ បានទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់។   19  ហេតុដែលបណ្ដាលអោយមានទោសនោះ គឺពន្លឺបានយាងមកក្នុងពិភពលោក ប៉ុន្ដែ មនុស្សលោកចូលចិត្ដភាពងងឹតជាងពន្លឺ ដ្បិតអំពើរបស់គេសុទ្ធតែអាក្រក់។   20  អស់អ្នកដែលប្រព្រឹត្ដអំពើអាក្រក់តែងតែស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺឡើយ ព្រោះខ្លាចគេឃើញអំពើដែលខ្លួនប្រព្រឹត្ដ។   21  ផ្ទុយទៅវិញ អស់អ្នកដែលប្រព្រឹត្ដតាមសេចក្ដីពិត តែងតែចូលមករកពន្លឺ ដើម្បីអោយគេឃើញថា អំពើដែលខ្លួនប្រព្រឹត្ដនោះ ស្របតាមព្រះជាម្ចាស់មែន»។   22  បន្ទាប់មក ព្រះយេស៊ូយាងទៅស្រុកយូដាជាមួយពួកសិស្ស ។ ព្រះអង្គស្នាក់នៅទីនោះជាមួយគេព្រមទាំងជ្រមុជទឹក អោយបណ្ដាជនផង។   23  រីឯលោកយ៉ូហានវិញ លោកក៏ជ្រមុជទឹកអោយគេ នៅអេណូន ក្បែរភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន។ មនុស្សម្នានាំគ្នាមករកលោក ហើយលោកជ្រមុជទឹកអោយ។   24  កាលណោះលោកយ៉ូហានមិនទាន់ជាប់ឃុំឃាំងនៅឡើយទេ។   25  ពេលនោះ ពួកសិស្សរបស់លោកយ៉ូហាន និង ជនជាតិយូដាម្នាក់ ជជែកគ្នាអំពីពិធីជំរះកាយអោយបានបរិសុទ្ធ ។   26  គេនាំគ្នាទៅជួបលោកយ៉ូហាន ជំរាបថា៖ «លោកគ្រូ! បុរសដែលនៅជាមួយលោក ខាងនាយទន្លេយ័រដាន់ ពីថ្ងៃមុន ហើយដែលលោកផ្ដល់សក្ខីភាពអោយនោះ ឥឡូវនេះ គាត់កំពុងតែជ្រមុជទឹក អោយគេ មនុស្សទាំងអស់នាំគ្នាទៅរកគាត់»។   27  លោកយ៉ូហានមានប្រសាសន៍តបទៅគេថា៖ «បើព្រះជាម្ចាស់មិនប្រទានអោយទេ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។   28  អ្នករាល់គ្នាជាបន្ទាល់ស្រាប់ហើយ ខ្ញុំបាននិយាយថា ខ្ញុំមិនមែនជាព្រះគ្រិស្ដទេ គឺព្រះជាម្ចាស់បានចាត់ខ្ញុំអោយមកមុនព្រះអង្គ។   29  នៅក្នុងពិធីមង្គលការ កូនក្រមុំរៀបការនឹងអ្នកណា អ្នកនោះហើយជាស្វាមី។ រីឯមិត្ដសំឡាញ់របស់ស្វាមី គេឈរស្ដាប់នៅក្បែរគាត់ និង មានចិត្ដត្រេកអរក្រៃលែងដោយបានឮសំឡេងរបស់គាត់។ ខ្ញុំក៏ពោរពេញដោយអំណរដូច្នោះដែរ។   30  ព្រះអង្គត្រូវតែចំរើនឡើង រីឯខ្ញុំវិញ ខ្ញុំត្រូវតែអន់ថយ។   31  ព្រះអង្គដែលយាងពីស្ថានបរមសុខមក ទ្រង់មានឋានៈធំលើសគេទាំងអស់។ អ្នកដែលកើតពីលោកីយ៍នៅតែជាលោកីយ៍ដដែល ហើយនិយាយតែពីរឿងលោកីយ៍។ ព្រះអង្គដែលយាងពីស្ថានបរមសុខមកទ្រង់មានឋានៈធំលើសគេទាំងអស់។   32  ព្រះអង្គធ្វើជាបន្ទាល់បញ្ជាក់ពីអ្វីៗទាំងអស់ ដែលទ្រង់បានឃើញ និង បានឮ ប៉ុន្ដែ គ្មាននរណាទទួលសក្ខីភាពរបស់ព្រះអង្គទេ។   33  អ្នកដែលទទួលសក្ខីភាពរបស់ព្រះអង្គ បានបញ្ជាក់ថា ព្រះជាម្ចាស់បានសំដែងសេចក្ដីពិតមែន។   34  ព្រះអង្គដែលព្រះជាម្ចាស់ចាត់អោយយាងមក ថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រោះព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកព្រះអង្គ យ៉ាងបរិបូណ៌។   35  ព្រះបិតាស្រឡាញ់ព្រះបុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ អោយនៅក្រោមអំណាចរបស់ព្រះបុត្រា។   36  អ្នកណាជឿលើព្រះបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច។ អ្នកណាមិនព្រមជឿលើព្រះបុត្រា អ្នកនោះមិនបានទទួលជីវិតឡើយ គឺគេត្រូវទទួលទោសពីព្រះជាម្ចាស់»។