1 បីថ្ងៃក្រោយមក មានគេរៀបពិធីមង្គលការនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ មាតាព្រះយេស៊ូនៅទីនោះ 2 ហើយគេក៏បានយាងព្រះយេស៊ូ និង អញ្ជើញពួកសិស្ស របស់ព្រះអង្គ ទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។ 3 ពេលនោះ គេខ្វះស្រាទំពាំងបាយជូរ។ មាតាព្រះយេស៊ូទូលព្រះអង្គថា៖ «គេអស់ស្រាទំពាំងបាយជូរហើយ!»។ 4 ព្រះយេស៊ូមានព្រះបន្ទូលទៅមាតាថា៖ «អ្នកម្ដាយអើយ! កុំរវល់នឹងរឿងនេះអី ពេលកំណត់របស់ខ្ញុំពុំទាន់មកដល់នៅឡើយទេ»។ 5 មាតារបស់ព្រះអង្គប្រាប់ទៅពួកអ្នកបំរើថា៖ «បើលោកប្រាប់អោយធ្វើអ្វី ចូរធ្វើតាមទៅ»។ 6 នៅទីនោះមានពាងប្រាំមួយដែលជនជាតិយូដាដាក់ទឹក សំរាប់ធ្វើពិធីជំរះកាយ។ ពាងនីមួយៗមានចំណុះប្រមាណជាពីរបីអំរែក។ 7 ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកបំរើថា៖ «សុំដងទឹកមកចាក់អោយពេញពាងទាំងនេះទៅ»។ គេក៏ដងទឹកចាក់ពេញពាង។ 8 ព្រះអង្គមានព្រះបន្ទូលថា៖ «ឥឡូវនេះ សុំដងយកទៅជូនលោកចៅមហាទៅ» គេក៏ដងយកទៅជូន។ 9 លោកចៅមហាភ្លក់ទឹក ដែលបានប្រែមកជាស្រាទំពាំងបាយជូរ។ គាត់មិនដឹងថា គេបានស្រានេះមកពីណាឡើយ មានតែពួកអ្នកបំរើដែលបានដងទឹក មកចាក់ពាងទើបដឹង។ 10 គាត់ហៅកូនកំឡោះមកនិយាយថា៖ «អ្នកផងទាំងពួងតែងយកស្រាទំពាំងបាយជូរឆ្ងាញ់ មកជូនភ្ញៀវជាមុន លុះភ្ញៀវពិសាច្រើនហើយ ទើបគេយកស្រាមិនសូវឆ្ងាញ់មកជូនតាមក្រោយ។ រីឯអ្នកវិញ ម្ដេចក៏ទុកស្រាឆ្ងាញ់មកទល់ឥឡូវដូច្នេះ!»។ 11 នេះជាទីសំគាល់ដំបូងបង្អស់ ដែលព្រះយេស៊ូបានធ្វើនៅភូមិកាណាក្នុងស្រុកកាលីឡេ។ ព្រះអង្គបានសំដែងសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សក៏បានជឿលើព្រះអង្គ។ 12 បន្ទាប់មក ព្រះអង្គយាងចុះទៅក្រុងកាពើណិម ជាមួយមាតា ព្រមទាំងបងប្អូន និង សិស្សរបស់ព្រះអង្គ ហើយស្នាក់នៅទីនោះមួយរយៈពេលខ្លី។ 13 បុណ្យចម្លង របស់ជនជាតិយូដាជិតមកដល់ហើយ ព្រះយេស៊ូក៏យាងឡើងទៅក្រុងយេរូសាឡឹម។ 14 នៅក្នុងបរិវេណព្រះវិហារ ព្រះអង្គឃើញអ្នកលក់គោ លក់ចៀម លក់ព្រាប និង អ្នកអង្គុយដូរប្រាក់។ 15 ព្រះអង្គយកខ្សែធ្វើរំពាត់ដេញអ្នកទាំងនោះ ព្រមទាំងចៀម និង គោរបស់គេចេញពីបរិវេណព្រះវិហារ ព្រះអង្គបាចប្រាក់អ្នកដូរប្រាក់ចោល ហើយផ្កាប់តុរបស់គេផង។ 16 ព្រះអង្គមានព្រះបន្ទូលទៅអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងអស់នេះចេញទៅ កុំយកដំណាក់ព្រះបិតាខ្ញុំធ្វើជាកន្លែងលក់ដូរដូច្នេះឡើយ»។ 17 ពួកសិស្ស នឹកឃើញសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា៖ «មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ បានជាគេប្រហារជីវិតទូលបង្គំ»។ 18 ពេលនោះ ជនជាតិយូដាទូលសួរព្រះអង្គថា៖ «តើលោកមានទីសំគាល់អ្វី បង្ហាញអោយយើងដឹងថាលោកមានសិទ្ធិធ្វើការទាំងនេះ?»។ 19 ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ចូររុះព្រះវិហារ នេះចោលទៅ ខ្ញុំនឹងសង់ឡើងវិញក្នុងរវាងបីថ្ងៃ»។ 20 ជនជាតិយូដាតបថា៖ «គេបានចំណាយពេលសែសិបប្រាំមួយឆ្នាំ ដើម្បីសង់ព្រះវិហារនេះ រីឯលោក លោកនឹងសង់ឡើងវិញក្នុងរវាងតែបីថ្ងៃប៉ុណ្ណោះឬ?»។ 21 តាមពិត ព្រះយេស៊ូមានព្រះបន្ទូលសំដៅទៅលើព្រះវិហារដែលជារូបកាយរបស់ព្រះអង្គវិញឯណោះទេ។ 22 ពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពួកសិស្សនឹកឃើញថាព្រះអង្គមានព្រះបន្ទូលដូច្នេះ គេក៏ជឿព្រះគម្ពីរ ព្រមទាំងជឿព្រះបន្ទូលរបស់ព្រះយេស៊ូដែរ។ 23 ពេលព្រះយេស៊ូគង់នៅក្រុងយេរូសាឡឹម ក្នុងឱកាសបុណ្យចម្លង មានមនុស្សជាច្រើនបានជឿលើព្រះនាមព្រះអង្គ ដោយឃើញទីសំគាល់ដែលព្រះអង្គបានធ្វើ។ 24 ប៉ុន្ដែ ព្រះយេស៊ូពុំទុកចិត្ដគេទេ ដ្បិតព្រះអង្គស្គាល់ចិត្ដគំនិតអ្នកទាំងនោះ 25 មិនបាច់មាននរណាពន្យល់ព្រះអង្គអំពីចិត្ដមនុស្សឡើយ ព្រោះព្រះអង្គឈ្វេងយល់អ្វីៗទាំងអស់នៅក្នុងចិត្ដមនុស្ស។
