KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Job - យ៉ូប 32 - Khmer, Central - Old Version - Bible.is - KMHKOV

  1  កាលមិត្តភក្តិទាំងបីរូបរបស់លោក យ៉ូបឃើញលោកប្រកាន់ជំហរថាខ្លួនសុចរិត ដូច្នេះពួកគេក៏លែងឆ្លើយទៅលោកវិញ។   2  ពេលនោះ លោកអេលីហ៊ូវ ជាកូនរបស់លោកបារ៉ាគាល ក្នុងអំបូរប៊ូស នៃត្រកូលរ៉ាមក៏ចាប់ផ្តើមខឹងជាខ្លាំង។ គាត់ខឹងនឹងលោកយ៉ូប ព្រោះលោកប្រកាន់ថាខ្លួនលោកសុចរិតជាងព្រះជាម្ចាស់   3  គាត់ក៏ខឹងនឹងមិត្តភក្តិទាំងបីរបស់លោកយ៉ូបដែរ ព្រោះលោកទាំងបីពុំអាចរកពាក្យឆ្លើយទៅលោកវិញបាន ធ្វើហាក់ដូចជាព្រះជាម្ចាស់មានកំហុសមែន ។   4  ដោយលោកអេលីហ៊ូវក្មេងជាងគេ គាត់រង់ចាំនិយាយជាមួយលោកយ៉ូបក្រោយគេ។   5  ប៉ុន្តែ ពេលគាត់ឃើញលោកទាំងបីគ្មានពាក្យអ្វី ឆ្លើយទៅលោកយ៉ូបទៀតនោះគាត់ក៏ខឹងជាខ្លាំង។   6  លោកអេលីហ៊ូវជាកូនរបស់លោកបារ៉ាគាលក្នុងអំបូរប៊ូស   7  ខ្ញុំតែងគិតថា មនុស្សមានអាយុវែង រមែងប្រសប់និយាយ អ្នករស់បានច្រើនឆ្នាំប្រសប់ផ្តល់យោបល់។   8  ក៏ប៉ុន្តែ តាមពិត មានតែវិញ្ញាណនៅក្នុងមនុស្ស គឺខ្យល់ដង្ហើមមកពីព្រះដ៏មានប្ញទ្ធានុភាព ខ្ពង់ខ្ពស់បំផុតប៉ុណ្ណោះ ទើបផ្តល់អោយគេយល់ដឹងបាន។   9  រស់បានច្រើនឆ្នាំមិនផ្តល់អោយមនុស្សមានប្រាជ្ញាឡើយ ហើយមនុស្សចាស់ជរាក៏មិនស្គាល់ការវិនិច្ឆ័យដែរ។   10  ហេតុនេះ សូមអស់លោកស្តាប់ខ្ញុំម្តង ខ្ញុំសូមបង្ហាញចំណេះដឹងរបស់ខ្ញុំ។   11  ខ្ញុំបានផ្ទៀងត្រចៀកស្តាប់ពាក្យ ដែលអស់លោកថ្លែង រហូតដល់អស់លោកវែកញែកអស់សេចក្តី។   12  ខ្ញុំបានផ្ចង់ចិត្តស្តាប់អស់លោក ក៏ប៉ុន្តែ គ្មាននរណាម្នាក់ក្នុងចំណោមអស់លោក ជជែកឈ្នះលោកយ៉ូប ឬ អាចឆ្លើយតបនឹងពាក្យរបស់គាត់វិញសោះ!   13  ហេតុនេះ សូមកុំអះអាងថា អស់លោករកបានប្រាជ្ញានោះឡើយ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាច តទល់នឹងគាត់បាន គឺមិនមែនមនុស្សទេ។   14  លោកយ៉ូបពុំមានប្រសាសន៍មកកាន់ខ្ញុំផ្ទាល់ទេ ដូច្នេះ ខ្ញុំនឹងមិនឆ្លើយទៅគាត់វិញ តាមរបៀបដែលអស់លោកឆ្លើយនោះឡើយ។   15  លោកយ៉ូបអើយ លោកទាំងបីនេះមិនហ៊ានឆ្លើយទៀតទេ ដ្បិតពួកគាត់រកពាក្យនិយាយពុំបាន។   16  ខ្ញុំរង់ចាំដែរ តែមិនឃើញពួកគាត់និយាយទេ ដោយពួកគាត់នៅស្ងៀម លែងឆ្លើយដូច្នេះ   17  ខ្ញុំសូមឆ្លើយតបទៅលោកវិញម្តង ខ្ញុំក៏ចង់បង្ហាញចំណេះដឹងរបស់ខ្ញុំដែរ។   18  ខ្ញុំមានសេចក្តីជាច្រើនដែលចង់និយាយ គឺខ្ញុំមិនអាចទប់ចិត្តអោយនៅស្ងៀម បានទៀតឡើយ។   19  ប្រសិនបើខ្ញុំមិននិយាយទេ ចិត្តរបស់ខ្ញុំមុខតែធ្លុះធ្លាយដូចថង់ស្បែក ដែលដាក់ស្រាទំពាំងបាយជូរថ្មី។   20  ខ្ញុំសូមនិយាយ ដើម្បីអោយបានធូរទ្រូង ខ្ញុំត្រូវតែបើកមាត់ឆ្លើយទៅអស់លោកវិញ។   21  ខ្ញុំមិនរើសមុខនរណាឡើយ ហើយខ្ញុំក៏មិនបញ្ចើចបញ្ចើនរណាម្នាក់ដែរ។   22  ខ្ញុំមិនចេះបញ្ចើចបញ្ចើទេ បើខ្ញុំធ្វើដូច្នេះ ព្រះដែលបង្កើតខ្ញុំមុខជា ដកជីវិតខ្ញុំយ៉ាងឆាប់មិនខាន។