KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Jeremiah - យេរេមា 7 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះអម្ចាស់មានព្រះបន្ទូលមកលោកយេរេមាដូចតទៅ៖   2  «ចូរទៅឈរនៅមាត់ទ្វារព្រះវិហារ ហើយប្រកាសពាក្យនេះថា : អ្នកទាំងអស់គ្នា ជាជនជាតិយូដាអើយ!អ្នករាល់គ្នាចូលតាមទ្វារទាំងនេះ ដើម្បីទៅក្រាបថ្វាយបង្គំព្រះអម្ចាស់ ចូរនាំគ្នាស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ!   3  ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា : ចូរកែប្រែកិរិយាមារយាទ និង លះបង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តទៅនោះយើងនឹងទុកអោយអ្នករាល់គ្នាចូលមកទីនេះតទៅមុខទៀត។   4  មិនត្រូវអះអាងលើពាក្យ ដែលអ្នករាល់គ្នាធ្លាប់បញ្ឆោតខ្លួនឯងថា" ទីនេះជាព្រះវិហាររបស់ព្រះអម្ចាស់! ព្រះវិហាររបស់ព្រះអម្ចាស់! ព្រះវិហាររបស់ព្រះអម្ចាស់ !"ឡើយ។   5  ចូរកែប្រែកិរិយាមារយាទ និង លះបង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ត។ ចូររកយុត្តិធម៌អោយគ្នាទៅវិញទៅមក។   6  ចូរឈប់ជិះជាន់ជនបរទេស ក្មេងកំព្រា និង ស្ត្រីមេម៉ាយ ចូរឈប់ប្រហារជីវិតជនស្លូតត្រង់នៅទីនេះហើយឈប់រត់ទៅគោរពព្រះដទៃដែលធ្វើអោយអ្នករាល់គ្នាត្រូវវេទនា។   7  ប្រសិនបើអ្នករាល់គ្នាធ្វើដូច្នេះ យើងនឹងទុកអោយអ្នករាល់គ្នារស់នៅទីនេះ គឺនៅក្នុងស្រុកដែលយើងប្រគល់អោយដូនតារបស់អ្នករាល់គ្នា តាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ។   8  ផ្ទុយទៅវិញ អ្នករាល់គ្នាអះអាងលើពាក្យដែលអ្នករាល់គ្នាបញ្ឆោតខ្លួនឯង ជាពាក្យឥតបានការនោះទៅវិញ។   9  អ្នករាល់គ្នាលួចប្លន់ កាប់សម្លាប់ ផិតក្បត់ ស្បថបំពានដុតគ្រឿងសក្ការៈបូជាថ្វាយព្រះបាល និង រត់ទៅគោរពព្រះដទៃដែលអ្នករាល់គ្នាពុំស្គាល់ពីមុន   10  រួចហើយនាំគ្នាចូលមកថ្វាយបង្គំយើងក្នុងព្រះវិហារនេះ ដែលជាដំណាក់របស់យើង។ អ្នករាល់គ្នាហ៊ានប្រកាសថា "នៅកន្លែងនេះយើងរួចខ្លួន!"។ អ្នករាល់គ្នាពោលដូច្នេះ ហើយប្រព្រឹត្តអំពើគួរអោយស្អប់ខ្ពើមតទៅទៀត។   11  តើអ្នករាល់គ្នាស្មានថាព្រះវិហារដែលជាដំណាក់របស់យើងនេះ ជាសំបុកចោរឬ? តាមពិតយើងឃើញថាទីនេះពិតជាសំបុកចោរមែន!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។   12  «ចូរនាំគ្នាទៅទីសក្ការៈរបស់យើងនៅស៊ីឡូដែលជាដំណាក់របស់យើងកាលពីមុននោះ ហើយសង្កេតមើលទៅ! ដោយសារអំពើទុច្ចរិតរបស់អ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើងយើងបានបំផ្លាញទីនោះអោយខ្ទេចខ្ទី»។   13  ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ដោយអ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតទាំងនេះដោយអ្នករាល់គ្នាពុំស្តាប់ពាក្យយើង គឺទោះបីយើងនិយាយជាមួយអ្នករាល់គ្នាតាំងពីដំបូងមកក្តី ហើយដោយអ្នករាល់គ្នាពុំបានឆ្លើយនៅពេលយើងស្រែកហៅ   14  យើងនឹងប្រព្រឹត្តចំពោះព្រះវិហារនេះ ដូចយើងបានប្រព្រឹត្តចំពោះស៊ីឡូដែរ ទោះបីទីនេះជាដំណាក់របស់យើងជាកន្លែងដែលអ្នករាល់គ្នាទុកចិត្ត ហើយជាកន្លែងដែលយើងបានប្រគល់អោយអ្នករាល់គ្នា និង បុព្វបុរសរបស់អ្នករាល់គ្នាក៏ដោយ។   15  យើងនឹងបំបរបង់អ្នករាល់គ្នា អោយឆ្ងាយពីយើងដូចយើង បានបំបរបង់ពួកអេប្រាអ៊ីមទាំងមូលជាបងប្អូនរបស់អ្នករាល់គ្នាដែរ»។   16  «រីឯអ្នកវិញ កុំទូលអង្វរយើង សំរាប់ប្រជាជននេះ កុំបន្លឺសំឡេងអធិស្ឋាន ឬ ទទូចសុំអោយយើងប្រណីពួកគេឡើយ យើងមិនស្តាប់ពាក្យអ្នកទេ។   17  តើអ្នកមិនឃើញអំពើដែលគេប្រព្រឹត្តនៅតាមក្រុងនានាក្នុងស្រុកយូដា និង តាមដងផ្លូវក្នុងក្រុងយេរូសាឡឹមទេឬ?   18  កូនៗនាំគ្នាដើររើសអុស ឪពុកបង្កាត់ភ្លើង ហើយម្តាយច្របាច់ម្សៅធ្វើនំថ្វាយព្រះនាងម្ចាស់សួគ៌ ពួកគេច្រួចស្រាថ្វាយព្រះដទៃដើម្បីបញ្ឈឺចិត្តយើង។   19  តាមពិតមិនមែនយើងទេដែលឈឺចិត្ត គឺពួកគេវិញឯណោះដែលឈឺចិត្ត ព្រោះត្រូវអាម៉ាស់មុខ!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។   20  ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលទៀតថា៖ «យើងជះកំហឹងដ៏ខ្លាំងរបស់យើងមកលើកន្លែងនេះ គឺលើមនុស្សសត្វព្រៃព្រឹក្សា និង ដំណាំដែលដុះចេញពីដី។ កំហឹងនេះប្រៀបបាននឹងភ្លើង ដែលឆេះពុំរលត់ឡើយ»។   21  ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ចូរបន្ថែមតង្វាយដុតពីលើយញ្ញបូជារបស់អ្នករាល់គ្នា ហើយបរិភោគសាច់នោះខ្លួនឯងទៅ   22  ដ្បិតនៅថ្ងៃដែលយើងបាននាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប យើងពុំបាននិយាយអ្វីជាមួយពួកគេ ហើយយើងក៏ពុំបានបង្គាប់ពួកគេស្តីអំពីតង្វាយដុត និង យញ្ញបូជាដែរ។   23  យើងគ្រាន់តែបង្គាប់ពួកគេថា "ចូរស្តាប់សំឡេងយើង ដើម្បីអោយយើងធ្វើជាព្រះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង។ ចូរដើរតាមមាគ៌ាទាំងប៉ុន្មានដែលយើងបង្ហាញអ្នករាល់គ្នានោះអ្នករាល់គ្នានឹងមានសុភមង្គលជាមិនខាន"។   24  ប៉ុន្តែ ពួកគេមិនព្រមស្តាប់ ហើយក៏មិនយកចិត្តទុកដាក់នឹងពាក្យយើងទេ។ ពួកគេបានធ្វើតាមទំនើងចិត្តរបស់ខ្លួនពួកគេនៅតែចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួន ពួកគេបែរខ្នងដាក់យើង មិនព្រមងាកមុខមករកយើងទេ។   25  តាំងពីថ្ងៃដែលបុព្វបុរសរបស់ពួកគេចេញពីស្រុកអេស៊ីប រហូតមកដល់សព្វថ្ងៃ យើងតែងតែចាត់ព្យាការីទាំងប៉ុន្មាន ជាអ្នកបំរើរបស់យើង អោយទៅរកពួកគេ ជារៀងរាល់ថ្ងៃ មិនដែលអាក់ខានឡើយ។   26  ផ្ទុយទៅវិញ ពួកគេមិនព្រមស្តាប់ មិនយកចិត្តទុកដាក់នឹងពាក្យរបស់យើងទេ ពួកគេតាំងចិត្តរឹងរូសហើយប្រព្រឹត្តអំពើអាក្រក់ជាងបុព្វបុរសរបស់ខ្លួនទៅទៀត»។   27  «ពេលអ្នកយកពាក្យទាំងនេះទៅថ្លែងប្រាប់ពួកគេ ពួកគេមិនព្រមស្តាប់ ពេលអ្នកហៅពួកគេពួកគេមិនព្រមឆ្លើយ។   28  ដូច្នេះ ចូរប្រាប់ពួកគេថាអ្នករាល់គ្នា ជាប្រជាជាតិដែលមិនព្រមស្តាប់ព្រះសូរសៀងព្រះអម្ចាស់ជាព្រះរបស់ខ្លួន ហើយក៏មិនព្រមទទួលព្រះបន្ទូលប្រៀនប្រដៅពីព្រះអង្គដែរ។ អ្នករាល់គ្នាលែងស្មោះត្រង់ពាក្យសំដីដែលអ្នករាល់គ្នានិយាយមិនពិតទាល់តែសោះ»។   29  ប្រជាជនក្រុងយេរូសាឡឹមអើយ អ្នកលែងជាប្រជាជនដែលែញកខ្លួនថ្វាយ ព្រះអម្ចាស់ទៀតហើយ! ចូរយំរៀបរាប់នៅលើភ្នំនេះទៅ! ដ្បិតព្រះអម្ចាស់មិនរវីរវល់នឹងអ្នកទេ ព្រះអង្គបោះបង់ចោលមនុស្សមួយជំនាន់នេះ ដែលបាននាំគ្នាធ្វើអោយព្រះអង្គពិរោធ។   30  «ជនជាតិយូដានាំគ្នាប្រព្រឹត្តអំពើអាក្រក់ដែលយើងមិនពេញចិត្ត- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -គឺពួកគេយករូបព្រះដ៏ចង្រៃមកតម្កល់ក្នុងដំណាក់របស់យើងផ្ទាល់ធ្វើអោយកន្លែងនេះទៅជាសៅហ្មង។   31  ពួកគេបានសង់ទីសក្ការៈនៅតូផេត ក្នុងជ្រលងភ្នំហ៊ីនណុម ដើម្បីយកកូនប្រុសកូនស្រីរបស់ខ្លួនទៅដុតធ្វើជាយញ្ញបូជា។ យើងពុំដែលបង្គាប់អោយពួកគេធ្វើអំពើបែបនេះសោះ ហើយយើងក៏មិនដែលនឹកឃើញអំពីការនេះដែរ។   32  ដូច្នេះ នៅពេលខាងមុខគេ លែងហៅកន្លែងនោះថា "តូផេត" ឬ" ជ្រលងភ្នំហ៊ីនណុម"ទៀតហើយតែគេនឹងហៅថា "ជ្រលងភ្នំពិឃាត"។ គេនឹងយកសពទៅកប់នៅតូផេតនោះ ដ្បិតកន្លែងឯទៀតៗគ្មាននៅសល់ដីសំរាប់កប់សាកសពទេ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។   33  សាកសពរបស់ប្រជាជននេះនឹងក្លាយទៅជាចំណីរបស់ត្មាត និង ឆ្កែចចក។ វានឹងស៊ីសាកសពទាំងនោះ ដោយឥតមាននរណាមកដេញវាឡើយ។   34  តាមក្រុងនានានៅស្រុកយូដា និង តាមដងផ្លូវក្នុងក្រុងយេរូសាឡឹម យើងនឹងលែងអោយមានឮសូរសំឡេងដ៏សប្បាយ បទចំរៀងសំរាប់ពិធីបុណ្យ ឬ ក៏ភ្លេងការទៀតហើយ ដ្បិតស្រុកនេះនឹងវិនាសសូន្យ»។