KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Jeremiah - យេរេមា 52 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ពេលព្រះបាទសេដេគាឡើងសោយរាជ្យ ទ្រង់មានជន្មាយុម្ភៃមួយព្រះវស្សា ទ្រង់សោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថាហាមូថាល់ ជាកូនរបស់លោកយេរេមាដែលជាអ្នកស្រុកលីបណា។   2  ព្រះបាទសេដេគាប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង ទាស់នឹងព្រះហប្ញទ័យព្រះអម្ចាស់ ដូចព្រះបាទយេហូយ៉ាគីមដែរ។   3  ព្រះអម្ចាស់ទ្រង់ព្រះពិរោធចំពោះក្រុងយេរូសាឡឹម និង ស្រុកយូដា ព្រោះតែអំពើដែលគេប្រព្រឹត្តរហូតទាល់តែព្រះអង្គបោះបង់ចោលពួកគេឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ។ នៅគ្រានោះ ព្រះបាទសេដេគាបានបះបោរប្រឆាំងនឹងស្តេចស្រុកបាប៊ីឡូន។   4  ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទសេដេគា នៅថ្ងៃទីដប់នៃខែទីដប់ ព្រះចៅនេប៊ូក្នេសាជាស្តេចស្រុកបាប៊ីឡូនលើកទ័ពទាំងមូលមកវាយក្រុងយេរូសាឡឹម។ ពួកគេបោះទ័ព និង លើកទួលព័ទ្ធជុំវិញក្រុងយេរូសាឡឹម។   5  ពួកគេឡោមព័ទ្ធក្រុងនេះរហូតដល់ឆ្នាំទីដប់មួយ នៃរជ្ជកាលព្រះបាទសេដេគា។   6  នៅថ្ងៃទីប្រាំបួន នៃខែទីបួន ពេលដែលទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុង ទីក្រុងប្រជាជនក្នុងក្រុងលែងមានអាហារបរិភោគទៀតនោះ   7  ពួកខ្មាំងទម្លុះកំពែងក្រុង។ ទោះបីកងទ័ពខាល់ដេឡោមព័ទ្ធទីក្រុងក្តី ពួកទាហានយូដាទាំងអស់នាំគ្នាចេញពីទីក្រុង នៅពេលយប់តាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរក្បែរឧទ្យានហ្លួង ហើយរត់តាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។   8  កងទ័ពខាល់ដេនាំគ្នាដេញតាមព្រះបាទសេដេគាទាន់នៅវាលទំនាបជិតក្រុងយេរីខូ។ ពេលនោះកងទ័ពទាំងមូលរបស់ស្តេចរត់បែកខ្ញែកគ្នាអស់។   9  ទាហានខាល់ដេចាប់ស្តេច បញ្ជូនទៅព្រះចៅនេប៊ូក្នេសានៅក្រុងរីបឡាក្នុងស្រុកហាម៉ាត់។ ព្រះចៅនេប៊ូក្នេសាប្រកាសកាត់ទោសព្រះបាទសេដេគា។   10  ស្តេចស្រុកបាប៊ីឡូនបញ្ជាអោយគេអារ កបុត្រទាំងអស់របស់ព្រះបាទសេដេគានៅចំពោះព្រះភ័ក្ត្រព្រះបាទសេដេគា។ ស្តេចស្រុកបាប៊ីឡូនក៏បានអោយគេអារ កពួកមន្ត្រីទាំងអស់នៃស្រុកយូដានៅក្រុងរីបឡាដែរ។   11  បន្ទាប់មក ព្រះចៅនេប៊ូក្នេសាអោយគេចាក់ភ្នែកព្រះបាទសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់។ ស្តេចស្រុកបាប៊ីឡូននាំព្រះបាទសេដេគាទៅស្រុកបាប៊ីឡូន ឃុំទុករហូតដល់ថ្ងៃសុគត។   12  នៅថ្ងៃទីដប់ខែទីប្រាំក្នុងឆ្នាំទីដប់ប្រាំបួននៃរជ្ជកាលព្រះចៅនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូដែលបំរើស្តេចស្រុកបាប៊ីឡូនមកដល់ក្រុងយេរូសាឡឹម។   13  លោកដុតកំទេចព្រះដំណាក់របស់ព្រះអម្ចាស់ដំណាក់របស់ស្តេច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹមជាពិសេសផ្ទះរបស់ពួកអភិជន។   14  កងទ័ពខាល់ដេទាំងមូល ដែលនៅក្រោមការដឹកនាំរបស់លោករាជប្រតិភូក៏រំលំកំពែងជុំវិញក្រុងយេរូសាឡឹមចោលដែរ។   15  លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ កៀរប្រជាជនដែលនៅសេសសល់ក្នុងទីក្រុង គឺជនក្រីក្រមួយចំនួនទាហានដែលបានរត់ទៅចុះចូលនឹងស្តេចស្រុកបាប៊ីឡូន ព្រមទាំងពួកជាងដែលនៅសេសសល់យកទៅជាឈ្លើយសឹក។   16  ប៉ុន្តែ លោកនេប៊ូសារ៉ាដានជារាជប្រតិភូទុកអោយជនតូចតាចខ្លះរស់នៅក្នុង ស្រុកដើម្បីដាំទំពាំងបាយជូរ និង ភ្ជួរស្រែ។   17  ជនជាតិខាល់ដេកំទេចសសរលង្ហិន ដែកកំណល់ និង អាងធំ ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយយកលង្ហិនទាំងប៉ុន្មាននាំទៅក្រុងបាប៊ីឡូន។   18  ពួកគេយកឆ្នាំងវែកកាំបិត ភាជន៍ពែង និង គ្រឿងបរិក្ខារឯទៀតៗធ្វើពីលង្ហិនសំរាប់ប្រើប្រាស់ក្នុងព្រះវិហារទៅជាមួយ។   19  លោករាជប្រតិភូក៏យកចានក្លាំ ចង្ក្រានភាជន៍ ឆ្នាំងជើងចង្កៀង ពែងចានគោម និង វត្ថុទាំងប៉ុន្មានដែលធ្វើពីមាសពីប្រាក់ទៅជាមួយដែរ។   20  រីឯសសរទាំងពីរ អាងធំ និង រូបគោលង្ហិនទាំងដប់ពីរជាកំណល់ដែលព្រះបាទសាឡូម៉ូនបានធ្វើសំរាប់ប្រើប្រាស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺវត្ថុទាំងប៉ុន្មានដែលធ្វើពីលង្ហិននេះគ្មាននរណាដឹងថាមានទម្ងន់ប៉ុន្មានទេ។   21  សសរទីមួយមានកំពស់ដប់ប្រាំបីហត្ថ ហើយរង្វង់សសរមានប្រវែងដប់ពីរហត្ថ។ សសរនោះប្រហោងក្នុង និង មានកំរាស់បួនហ៊ុន។   22  នៅពីលើសសរមានក្បាច់ក្បាលសសរមួយធ្វើពីលង្ហិន ដែលមានកំពស់ប្រាំហត្ថ។ នៅជុំវិញក្បាច់ក្បាលសរសរមានក្បាច់ក្រឡាអួន និង ផ្លែទទឹមជាច្រើនដែលធ្វើពីលង្ហិនទាំងអស់។ រីឯសសរទីពីរមានទំហំ និង មានផ្លែទទឹមដូចគ្នាដែរ។   23  មានផ្លែទទឹមទាំងអស់កៅសិបប្រាំមួយនៅជុំវិញ ហើយផ្លែទទឹមដែលនៅជាប់នឹងក្បាច់ក្រឡាអួន មានចំនួនទាំងអស់មួយរយ។   24  លោករាជប្រតិភូចាប់លោកសេរ៉ាយ៉ា ជាមេក្រុមបូជាចារ្យលោកសេផានា ជាបូជាចារ្យរង ព្រមទាំងអ្នកយាមទ្វារព្រះវិហារបីនាក់យកទៅជាមួយ។   25  លោកក៏ចាប់មហាតលិកមួយរូបដែលជាអ្នកទទួលខុសត្រូវលើពលទាហាន ព្រមទាំងពួកនៅក្នុងវាំងប្រាំពីររូប ស្មៀនរបស់មេទ័ពដែលមានភារកិច្ចកេណ្ឌទាហាន និង ប្រជាជនហុកសិបនាក់ទៀតដែលស្ថិតនៅក្នុងទីក្រុងនាពេលនោះ។   26  លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូចាប់អ្នកទាំងនោះ នាំទៅថ្វាយស្តេចស្រុកបាប៊ីឡូននៅរីបឡា។   27  ស្តេចស្រុកបាប៊ីឡូនប្រហារជីវិតអ្នកទាំងនោះនៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់។ ជនជាតិយូដាត្រូវគេកៀរចេញឆ្ងាយពីទឹកដីរបស់ខ្លួនបែបនេះឯង។   28  ក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលព្រះចៅនេប៊ូក្នេសា ស្តេចនេះកៀរជនជាតិយូដា យកទៅជាឈ្លើយចំនួន ៣០២៣ នាក់។   29  ក្នុងឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះចៅនេប៊ូក្នេសា ស្តេចនេះកៀរអ្នកក្រុងយេរូសាឡឹមយកទៅជាឈ្លើយចំនួន ៨៣២ នាក់។   30  ក្នុងឆ្នាំទីម្ភៃបីនៃរជ្ជកាលព្រះចៅនេប៊ូក្នេសា លោកនេប៊ូសារ៉ាដានជារាជប្រតិភូកៀរជនជាតិយូដាយកទៅជាឈ្លើយចំនួន៧៤៥ នាក់។ សរុបទាំងអស់ មានចំនួន ៤៦០០ នាក់។   31  នៅថ្ងៃទីម្ភៃប្រាំ ខែទីដប់ពីរក្នុងឆ្នាំទីសាមសិបប្រាំពីរ ដែលព្រះបាទយ៉ូយ៉ាគីន ជាស្តេចស្រុកយូដាត្រូវគេចាប់យកទៅជាឈ្លើយសឹក ត្រូវនឹងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅអេវីល-មេរ៉ូដាក ជាស្តេចស្រុកបាប៊ីឡូនព្រះចៅអេវីល-មេរ៉ូដាក ដោះលែងព្រះបាទយ៉ូយ៉ាគីនអោយមានសេរីភាព។   32  ស្តេចមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូយ៉ាគីនដោយស្និទ្ធស្នាល ព្រមទាំងប្រទានកន្លែងកិត្តិយសជាងស្តេចឯទៀតៗដែលជាប់ជាឈ្លើយនៅក្រុងបាប៊ីឡូន។   33  ស្តេចអនុញ្ញាតអោយព្រះបាទយ៉ូយ៉ាគីនលែងស្លៀកសម្លៀកបំពាក់ជាឈ្លើយសឹក ហើយព្រះបាទយ៉ូយ៉ាគីនសោយព្រះស្ងោយរួមតុជាមួយ ជារៀងរាល់ថ្ងៃ រហូតដល់អស់ព្រះជន្ម។   34  ស្តេចស្រុកបាប៊ីឡូនទំនុកបំរុងព្រះបាទយ៉ូយ៉ាគីនជារៀងរាល់ថ្ងៃ អស់មួយជីវិត រហូតដល់ថ្ងៃទ្រង់សោយទិវង្គត។