1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោក យេរេមាស្តី អំពីជនជាតិយូដាទាំងអស់ដែលតាំងទីលំនៅក្នុងស្រុកអេស៊ីប គឺអ្នកនៅក្រុងមីគដូល ក្រុងថាផ្នេសក្រុងណូប និង នៅស្រុកប៉ាត្រូសដូចតទៅ : 2 ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «អ្នករាល់គ្នាឃើញគ្រោះកាចទាំងប៉ុន្មាន ដែលយើងបានធ្វើអោយកើតមាននៅក្រុងយេរូសាឡឹម និង នៅក្រុងនានាក្នុងស្រុកយូដា។ សព្វថ្ងៃក្រុងទាំងនោះនៅសល់តែគំនរបាក់បែកគ្មានប្រជាជនរស់នៅទេ។ 3 ហេតុការណ៍ទាំងនេះកើតមាន មកពីប្រជាជនប្រព្រឹត្តអំពើបាប ដោយដុតគ្រឿងក្រអូបគោរពបំរើព្រះដទៃ ជាព្រះដែលពួកគេផ្ទាល់ និង ដូនតារបស់ពួកគេពុំធ្លាប់ស្គាល់ជាហេតុនាំអោយយើងខឹងនឹងពួកគេ។ 4 យើងបានចាត់អ្នកបំរើទាំងប៉ុន្មានរបស់យើង គឺពួកព្យាការី អោយមករកអ្នករាល់គ្នាជារៀងរហូតមកដើម្បីប្រាប់ថា"កុំប្រព្រឹត្តអំពើគួរអោយស្អប់ខ្ពើមដែលយើងមិនពេញចិត្តនេះឡើយ"។ 5 ប៉ុន្តែ ពួកគេពុំបានត្រងត្រាប់ស្តាប់ ហើយងាកចេញពីអំពើអាក្រក់ទេ ពួកគេមិនព្រមឈប់ដុតគ្រឿងក្រអូបសែនព្រះដទៃឡើយ។ 6 កំហឹងរបស់យើងក៏ឆេះឆួលឡើងដូចភ្លើងឆេះកំទេចក្រុងនានា នៅស្រុកយូដា និង ផ្លូវទាំងប៉ុន្មាននៅក្រុងយេរូសាឡឹម អោយនៅសល់តែគំនរបាក់បែក និង ក្លាយទៅជាទីស្មសានដូចសព្វថ្ងៃ»។ 7 ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះនៃពិភពទាំងមូល និង ជាព្រះនៃជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា៖«ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើបាបខ្លួនឯងខ្លាំងយ៉ាងនេះ គឺអ្នករាល់គ្នាយកប្រជាជនទាំងប្រុស ទាំងស្រី ទាំងក្មេងទាំងទារក ចេញពីស្រុកយូដា ធ្វើអោយហិនហោច ឥតមាននៅសេសសល់នរណាម្នាក់ដូច្នេះ? 8 អ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើង ដោយគោរពបំរើព្រះក្លែងក្លាយ ដែលជាស្នាដៃរបស់អ្នករាល់គ្នា អ្នករាល់គ្នាដុតគ្រឿងក្រអូបសែនព្រះដទៃ នៅស្រុកអេស៊ីប ជាស្រុកដែលអ្នករាល់គ្នាមករស់នៅ។ អ្នករាល់គ្នាមុខជាផុតពូជ ហើយត្រូវប្រជាជាតិទាំងអស់នៅលើផែនដីយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្តាសា និង ជេរប្រមាថពុំខាន។ 9 តើអ្នករាល់គ្នាភ្លេចអំពើអាក្រក់ដែលដូនតារបស់អ្នករាល់គ្នា ស្តេចស្រុកយូដា ពួកស្រីស្នំ អ្នករាល់គ្នា និង ប្រពន្ធរបស់អ្នករាល់គ្នា បានប្រព្រឹត្តក្នុងស្រុកយូដា និង នៅតាមដងផ្លូវនៃក្រុងយេរូសាឡឹមហើយឬ? 10 រហូតមកទល់សព្វថ្ងៃ គ្មាននរណាម្នាក់នឹកស្តាយដោយខ្លួនបានធ្វើខុស គ្មាននរណាម្នាក់គោរពកោតខ្លាចយើង ហើយក៏គ្មាននរណាម្នាក់ប្រតិបត្តិតាមក្រឹត្យវិន័យ និង ច្បាប់ដែលយើងប្រគល់អោយអ្នករាល់គ្នា និង ដូនតារបស់អ្នករាល់គ្នាដែរ»។ 11 ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «យើងសំរេចចិត្តដាក់ទោសអ្នករាល់គ្នា ហើយលុបបំបាត់ជនជាតិយូដាទាំងមូល។ 12 យើងនឹងប្រហារជនជាតិយូដា ដែលនៅសេសសល់ ហើយចេញមករស់នៅក្នុងស្រុកអេស៊ីប។ ពួកគេនឹងត្រូវវិនាសសូន្យនៅស្រុកអេស៊ីបនេះ ពួកគេនឹងត្រូវស្លាប់ ដោយមុខដាវ និង ដោយទុរ្ភិក្ស។ តាំងពីអ្នកតូចរហូតដល់អ្នកធំ ពួកគេត្រូវវិនាសសូន្យទាំងអស់គ្នាដោយមុខដាវ និង ដោយទុរ្ភិក្ស។ ប្រជាជាតិទាំងឡាយយកឈ្មោះពួកគេ ទៅដាក់បណ្តាសា ជេរប្រមាថ និង ចំអកឡកឡឺយ។ 13 យើងនឹងដាក់ទោសអស់អ្នកដែលរស់នៅក្នុងស្រុកអេស៊ីប ដូចយើងបានដាក់ទោសអ្នកក្រុងយេរូសាឡឹមអោយស្លាប់ដោយមុខដាវដោយទុរ្ភិក្ស និង ដោយជំងឺអាសន្នរោគដែរ។ 14 ក្នុងចំណោមជនជាតិយូដាដែលនៅសេសសល់ ហើយមករស់នៅស្រុកអេស៊ីបនេះ គ្មាននរណាម្នាក់រត់រួច និង រស់រានមានជីវិតឡើយ។ ទោះបីពួកគេប្រាថ្នាចង់វិលត្រឡប់ទៅស្រុកយូដាវិញក្តី ក៏ពួកគេវិលទៅវិញមិនបានដែរ លើកលែងតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ»។ 15 អស់អ្នកដែលដឹងថាប្រពន្ធរបស់ខ្លួនតែងតែដុតគ្រឿងក្រអូបសែនព្រះដទៃ ព្រមទាំងស្រីៗទាំងអស់ដែលប្រជុំគ្នាយ៉ាងច្រើនកុះករនៅទីនោះ និង ប្រជាជនទាំងអស់ដែលរស់នៅក្រុងប៉ាត្រូសក្នុងស្រុកអេស៊ីប នាំគ្នាតបទៅលោកយេរេមាវិញថា៖ 16 «ទោះបីលោកមានប្រសាសន៍មកយើងក្នុងនាមព្រះអម្ចាស់ក្តី ក៏យើងមិនចង់ស្តាប់ពាក្យរបស់លោកដែរ។ 17 យើងចង់ធ្វើអ្វីៗតាមការសំរេចរបស់យើង គឺដុតគ្រឿងក្រអូប និង ច្រួចស្រាសែនម្ចាស់ក្សត្រិ៍យនៅស្ថានសួគ៌ដូចយើង និង ដូនតារបស់យើង ព្រមទាំងស្តេច និង ពួកមន្ត្រីធ្លាប់ធ្វើនៅតាមក្រុងនានាក្នុងស្រុកយូដា និង នៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម។ កាលនោះ យើងមានអាហារបរិភោគបរិបូណ៌ បានសុខក្សេមក្សាន្ត ឥតមានទុក្ខវេទនាទាល់តែសោះ។ 18 ប៉ុន្តែតាំងពីយើងឈប់ដុតគ្រឿងក្រអូប និង ឈប់ច្រួចស្រាសែនម្ចាស់ក្សត្រិ៍យនៅស្ថានសួគ៌យើងខ្វះខាតសព្វគ្រប់ ព្រមទាំងត្រូវវិនាសដោយមុខដាវ និង ដោយទុរ្ភិក្ស»។ 19 ស្រីៗទាំងនោះនិយាយបន្ថែមថា៖ «ពេលយើងដុតគ្រឿងក្រអូប និង ច្រួចស្រាថ្វាយម្ចាស់ក្សត្រិយនៅស្ថានសួគ៌នោះ ប្តីរបស់យើងបានយល់ស្របទាំងស្រុង។ ពេលយើងធ្វើនំថ្វាយព្រះនាងព្រមទាំងច្រួចស្រាក៏ប្តីយើងយល់ស្របដែរ»។ 20 ពេលនោះលោកយេរេមាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូល ទាំងប្រុសទាំងស្រី និង អស់អ្នកដែលបានឆ្លើយតបមកលោកថា៖ 21 «គ្រឿងក្រអូបដែលអ្នករាល់គ្នា និង ដូនតារបស់អ្នករាល់គ្នា ព្រមទាំងស្តេចមន្ត្រី និង អ្នកស្រុកបានដុតតាមក្រុងនានាក្នុងស្រុកយូដា និង នៅតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម ព្រះអម្ចាស់ក៏បានឃើញ និង ចងចាំជានិច្ចដែរ។ 22 ព្រះអម្ចាស់ពុំអាចទ្រាំនឹងអំពើអាក្រក់ ព្រមទាំងអំពើដ៏គួរអោយស្អប់ខ្ពើមដែលអ្នករាល់គ្នាបានប្រព្រឹត្តនោះតទៅមុខទៀតឡើយ ហេតុនេះហើយបានជាស្រុករបស់អ្នករាល់គ្នាក្លាយទៅជាគំនរបាក់បែក ជាទីស្មសានជាដីត្រូវបណ្តាសា ហើយគ្មានមនុស្សរស់នៅដូចសព្វថ្ងៃ។ 23 ទុក្ខលំបាកដែលកើតមានដល់អ្នករាល់គ្នាដូចសព្វថ្ងៃ មកពីអ្នករាល់គ្នាដុតគ្រឿងក្រអូប និង ប្រព្រឹត្តអំពើបាបទាស់នឹងព្រះហប្ញទ័យរបស់ព្រះអម្ចាស់ គឺអ្នករាល់គ្នាមិនព្រមស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់មិនប្រតិបត្តិតាមក្រឹត្យវិន័យ ច្បាប់ និង ដំបូន្មានរបស់ព្រះអង្គ»។ 24 លោកយេរេមាមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូល និង ស្រីៗទាំងនោះថា៖ «ជនជាតិយូដាទាំងអស់ដែលរស់នៅស្រុកអេស៊ីបអើយ ចូរនាំគ្នាស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! 25 ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលដូចតទៅ : អ្នករាល់គ្នា និង ប្រពន្ធរបស់អ្នករាល់គ្នាបាននិយាយ ហើយធ្វើតាមពាក្យរបស់ខ្លួនភ្លាម គឺអ្នករាល់គ្នានិយាយថា"យើងចង់ធ្វើតាមពាក្យដែលយើងបន់ស្រន់ ដោយដុតគ្រឿងក្រអូប និង ច្រួចស្រាសែនម្ចាស់ក្សត្រិយនៅស្ថានសួគ៌"។ ដូច្នេះ ចូរអ្នករាល់គ្នាគោរពនិង ធ្វើតាមពាក្យដែលខ្លួនបន់ស្រន់នោះទៅ!»។ 26 ហេតុនេះ ជនជាតិយូដាទាំងអស់ដែលរស់នៅស្រុកអេស៊ីបអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ដូចតទៅ៖ «យើងសូមស្បថក្នុងនាមដ៏ឧត្តមរបស់យើងផ្ទាល់ថា : យើងលែងអោយជនជាតិយូដាណាម្នាក់ ដែលរស់នៅស្រុកអេស៊ីបយកឈ្មោះយើងមកស្បថ ដោយពោលថា "ព្រះជាអម្ចាស់ដ៏មានព្រះជន្មគង់នៅ"ទៀតហើយ!។ 27 យើងតាមមើលពួកគេ ដើម្បីដាក់ទោស គឺមិនមែនផ្តល់សុភមង្គលទេ។ ប្រជាជនយូដាទាំងអស់ដែលរស់នៅស្រុកអេស៊ីប នឹងត្រូវវិនាសដោយមុខដាវ និង ដោយទុរ្ភិក្សរហូតដល់ផុតពូជ។ 28 មនុស្សមួយចំនួនតូច ដែលគេចផុតពីមុខដាវនឹងចាកចេញពីស្រុកអេស៊ីប វិលត្រឡប់ទៅស្រុកយូដាវិញ។ ដូច្នេះជនជាតិយូដាដែលនៅសេសសល់ទាំងប៉ុន្មាន ពីចំណោមអស់អ្នកដែលមករស់នៅស្រុកអេស៊ីបនេះមុខជាដឹងថាពាក្យរបស់នរណាបានសំរេចជារូបរាង តើពាក្យរបស់យើងឬ ពាក្យរបស់ពួកគេ»។ 29 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា យើងនឹងផ្តល់ទីសំគាល់មួយអោយអ្នករាល់គ្នាដឹងថាយើងដាក់ទោសអ្នករាល់គ្នាអោយរងទុក្ខវេទនានៅស្រុកនេះ ស្របតាមពាក្យរបស់យើងមែន 30 គឺយើងនឹងប្រគល់ផារ៉ោនហូប្រា ជាស្តេចស្រុកអេស៊ីប ទៅក្នុងកណ្តាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតស្តេចនេះ ដូចយើងបានប្រគល់សេដេគា ជាស្តេចស្រុកយូដាទៅក្នុងកណ្តាប់ដៃរបស់នេប៊ូក្នេសាស្តេចស្រុកបាប៊ីឡូន ជាសត្រូវដែលចង់ប្រហារជីវិតសេដេគាយ៉ាងនោះដែរ។