1 នៅខែទីប្រាំពីរ លោកអ៊ីស្មាអែលជាកូនរបស់លោកនេថានាជាចៅរបស់លោកអេលីសាម៉ា ដែលជាប់ពូជស្តេច ហើយធ្លាប់កាន់មុខដំណែងនៅក្នុងវាំង បានមកជួបលោកកេដាលាជាកូនរបស់លោកអហ៊ីកាម នៅមីសប៉ា ដោយនាំទាហានដប់នាក់មកជាមួយផង។ ពេលកំពុងតែបរិភោគជាមួយគ្នា 2 លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ក្រោកឡើងជាមួយទាហានរបស់គាត់ទាំងដប់នាក់ ហើយយកដាវចាក់សម្លាប់លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម ដែលស្តេចស្រុកបាប៊ីឡូនបានតែងតាំងអោយគ្រប់គ្រងស្រុក។ 3 លោកអ៊ីស្មាអែលក៏បានសម្លាប់ជនជាតិយូដាទាំងអស់ ព្រមទាំងទាហានជាតិខាល់ដេដែលនៅជាមួយលោកកេដាលា នៅមីសប៉ាដែរ។ 4 ពេលនោះ គ្មាននរណាដឹងអំពីការធ្វើឃាតលោកកេដាលាទេ។ នៅថ្ងៃបន្ទាប់ 5 មានប្រជាជនប៉ែតសិបនាក់ធ្វើដំណើរ ពីភូមិស៊ីគែមពីស៊ីឡូ និង ពីក្រុងសាម៉ារី មកដល់ទាំងកោរពុកចង្កា និង ស្លៀកសម្លៀកបំពាក់រហែក ហើយឆូតសាច់ខ្លួនឯងផង។ ពួកគេកាន់តង្វាយ និង គ្រឿងក្រអូបដើម្បីយកទៅថ្វាយនៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។ 6 លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ចេញពីមីសប៉ា ដើរទៅរកពួកគេទាំងយំផង។ ពេលជួបពួកគេ ហើយគាត់ពោលថា៖ «សូមអញ្ជើញទៅផ្ទះលោកកេដាលា ជាកូនរបស់លោកអហ៊ីកាមសិន»។ 7 ពេលទៅដល់កណ្តាលទីក្រុង លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានាបានសម្លាប់ពួកគេរួចបោះសាកសពទៅក្នុងអណ្តូង ដោយមានអស់អ្នកដែលនៅជាមួយគាត់ជួយផង។ 8 ប៉ុន្តែ ក្នុងចំណោមពួកគេមានដប់នាក់ពោលទៅកាន់លោកអ៊ីស្មាអែលថា៖ «សូមកុំសម្លាប់យើងខ្ញុំអី យើងខ្ញុំមានស្បៀងអាហារលាក់ទុកនៅក្នុងចំការ គឺមានស្រូវមានអង្ករប្រេង និង ទឹកឃ្មុំ»។ លោកអ៊ីស្មាអែលក៏ទុកជីវិតអោយអ្នកទាំងដប់នោះ។ 9 រីឯអណ្តូងដែលលោកអ៊ីស្មាអែលបោះសាកសពអ្នកដែលគាត់បានសម្លាប់ ជាអណ្តូងដែលព្រះបាទអេសាជាស្តេចស្រុកយូដាបានជីក នៅគ្រាធ្វើសឹកជាមួយព្រះបាទបាសាជាស្តេចស្រុកអ៊ីស្រាអែល។ លោកអ៊ីស្មាអែលបោះសាកសពពេញក្នុងអណ្តូងនោះ។ 10 លោកអ៊ីស្មាអែលចាប់ប្រជាជនដែលនៅសេសសល់នៅមីសប៉ា ព្រមទាំងពួកបុត្រីរបស់ស្តេច និង អស់អ្នកដែលរស់នៅមីសប៉ា គឺអស់អ្នកដែលលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូផ្ទុកផ្តាក់ទៅអោយលោកកេដាលា ជាកូនរបស់លោកអហ៊ីកាមមើលខុសត្រូវនាំទៅជាឈ្លើយ។ លោកអ៊ីស្មាអែលចាប់អ្នកទាំងនោះជាឈ្លើយ នាំទៅស្រុកអាំម៉ូន។ 11 កាលលោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និង មេទាហានទាំងអស់ដែលនៅជាមួយដឹងពីអំពើអាក្រក់ទាំងប៉ុន្មានដែលលោកអ៊ីស្មាអែលជាកូនរបស់លោកនេថានាបានប្រព្រឹត្ត 12 ពួកគេក៏នាំទាហានទាំងអស់ដែលនៅជាមួយ ចេញទៅតាមវាយលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានាពួកគេតាមគាត់ទាន់នៅបឹងគីបៀន។ 13 ប្រជាជនដែលលោកអ៊ីស្មាអែលចាប់នាំមកជាមួយ ឃើញលោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា និង មេទាហានទាំងអស់ដែលនៅជាមួយលោកគេត្រេកអរយ៉ាងខ្លាំង។ 14 ពេលនោះប្រជាជនដែលលោកអ៊ីស្មាអែលចាប់ទៅជាឈ្លើយ នាំគ្នាបកក្រោយចូលដៃជាមួយលោកយ៉ូហាណានជាកូនរបស់លោកការ៉ា។ 15 រីឯលោកអ៊ីស្មាអែលជាកូនបស់លោកនេថានា និង បក្សពួករបស់គាត់ប្រាំបីនាក់បានគេចខ្លួនរួចហើយរត់ទៅដល់ស្រុកអាំម៉ូន។ 16 លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា ព្រមទាំងពួកមេទាហាននៅជាមួយបាននាំប្រជាជនដែលលោករំដោះពីលោកអ៊ីស្មាអែលនៅគីបៀនមកវិញ គឺទាំងទាហានទាំងស្ត្រីទាំងក្មេងៗទាំងមហាតលឹកដែលនៅសេសសល់ ហើយត្រូវលោកអ៊ីស្មាអែលចាប់ពីមីសប៉ា ក្រោយបានសម្លាប់លោកកេដាលាជាកូនរបស់លោកអហ៊ីកាម។ 17 ពួកគេនាំគ្នាចេញដំណើរ ហើយឈប់នៅផ្ទះសំណាក់គីមហាំ ជិតភូមិបេថ្លេហិមបំរុងនឹងបន្តដំណើរទៅស្រុកអេស៊ីប 18 ដើម្បីគេចពីពួកខាល់ដេ ព្រោះពួកគេនឹកខ្លាច ដោយលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានាបានសម្លាប់លោកកេដាលាជាកូនរបស់លោកអហ៊ីកាម ដែលស្តេចស្រុកបាប៊ីឡូនតែងតាំងអោយគ្រប់គ្រងស្រុក។