KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Jeremiah - យេរេមា 39 - Khmer, Central - Old Version - Bible.is - KMHKOV

  1  នៅខែទីដប់ ក្នុងឆ្នាំទីប្រាំបួន នៃរជ្ជកាលព្រះបាទសេដេគា ជាស្តេចស្រុកយូដាព្រះចៅនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនលើកកងទ័ពទាំងមូល មកដល់ក្រុងយេរូសាឡឹម ហើយឡោមព័ទ្ធទីក្រុង។   2  នៅខែទីបួន ថ្ងៃទីប្រាំបួនក្នុងឆ្នាំទីដប់មួយ នៃរជ្ជកាលព្រះបាទសេដេគាកងទ័ពបាប៊ីឡូនបានទម្លុះកំពែងក្រុង។   3  ពេលនោះមេទ័ពរបស់ស្តេចស្រុកបាប៊ីឡូន ដណ្តើមយកបានទ្វារកណ្តាល។ មេទ័ពទាំងនោះគឺលោកនើកាល-សារេស៊ើរ លោកសាំការ-នេប៊ូ លោកសាសេគិម ជាមេលើពួកមហាតលឹក លោកមេបញ្ជាការនើកាល-សារេស៊ើរ និង មេទ័ពឯទៀតៗរបស់ស្តេចស្រុកបាប៊ីឡូន។   4  ពេលព្រះបាទសេដេគា ជាស្តេចស្រុកយូដា និង ទាហានទាំងអស់ឃើញទ័ពបាប៊ីឡូនចូលមកដល់ ក៏នាំគ្នាភៀសខ្លួនចេញពីទីក្រុងនៅពេលយប់តាមផ្លូវឧទ្យានរបស់ស្តេច និង តាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរ ហើយនាំគ្នាចេញតាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។   5  ប៉ុន្តែ កងទ័ពខាល់ដេនាំគ្នាដេញតាមទាន់ព្រះបាទសេដេគា នៅវាលទំនាបជិតក្រុងយេរីខូ។ ពួកគេចាប់ស្តេចបញ្ជូនទៅព្រះចៅនេប៊ូក្នេសានៅក្រុងរីបឡាក្នុងស្រុកហាម៉ាត់ព្រះចៅនេប៊ូក្នេសាប្រកាសកាត់ទោសព្រះបាទសេដេគា។   6  ស្តេចស្រុកបាប៊ីឡូនបញ្ជាអោយគេអារ កបុត្រាទាំងប៉ុន្មានរបស់ព្រះបាទសេដេគា នៅចំពោះព្រះភ័ក្ត្រព្រះបាទសេដេគា។ ស្តេចស្រុកបាប៊ីឡូនក៏បានអោយគេអារកពួកអ្នកធំទាំងអស់នៃស្រុកយូដាដែរ។   7  បន្ទាប់មក ស្តេចនេប៊ូក្នេសាអោយគេចាក់ភ្នែករបស់ព្រះបាទសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់នាំទៅស្រុកបាប៊ីឡូន។   8  ជនជាតិខាល់ដេដុតកំទេចវាំង និង ផ្ទះរបស់ប្រជាជន ព្រមទាំងរំលំកំពែងក្រុងយេរូសាឡឹមទៀតផង។   9  រីឯប្រជាជនដែលនៅសេសសល់ ហើយរស់នៅក្នុងទីក្រុង និង ទាហានដែលបានរត់ទៅចុះចូលនឹងស្តេចស្រុកបាប៊ីឡូន ព្រមទាំងពួកជាង ដែលនៅសេសសល់លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូនាំយកទៅជាឈ្លើយ។   10  ប៉ុន្តែ លោកមេបញ្ជាការនេប៊ូសារ៉ាដានអនុញ្ញាតអោយជនក្រីក្រ គឺអ្នកដែលគ្មានអ្វីទាំងអស់រស់នៅក្នុងស្រុកយូដា ហើយនៅថ្ងៃនោះគាត់បានចែកចំការទំពាំងបាយជូរ និង ដីស្រែអោយពួកគេទៀតផង។   11  ចំពោះព្យាការីយេរេមាវិញ ព្រះចៅនេប៊ូក្នេសារបានបញ្ជាអោយលោកនេប៊ូសារ៉ាដានជារាជប្រតិភូថា៖   12  «ចូរលោកនាំគាត់ទៅ ហើយទំនុកបំរុងគាត់ផង កុំធ្វើបាបគាត់អោយសោះ ប្រសិនបើគាត់ចង់បានអ្វីចូរប្រគល់អោយចុះ»។   13  លោកនេប៊ូសារ៉ាដានជារាជប្រតិភូ លោកនេប៊ូសាសបានជាមេរបស់ពួកមហាតលឹកលោកមេបញ្ជាការនើកាល-សារេស៊ើរ និង មេទ័ពទាំងអស់របស់ស្តេចស្រុកបាប៊ីឡូន   14  ចាត់គេអោយទៅនាំលោកយេរេមា ចេញពីបន្ទាយកងរក្សាស្តេចស្រុកយូដា ប្រគល់ទៅលោកកេដាលាជាកូនរបស់លោកអហ៊ីកាម និង ជាចៅរបស់លោកសាផាន ដើម្បីអោយគាត់នាំលោកទៅផ្ទះរបស់លោកវិញ ហើយលោករស់នៅក្នុងចំណោមប្រជាជន។   15  ពេលលោកយេរេមាជាប់ឃុំក្នុងបន្ទាយរបស់កងរក្សាស្តេចនៅឡើយ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកដូចតទៅ៖   16  «ចូរទៅប្រាប់អេបេដ-មេលេក ជាជនជាតិអេត្យូពី ថាព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលដូចតទៅ : យើងនឹងធ្វើអោយទុក្ខវេទនាកើតមានដល់ក្រុងនេះដូចពាក្យយើងប្រកាស គឺយើងមិននាំសេចក្តីសុខមកទេ។ នៅថ្ងៃនោះអ្នកនឹងឃើញហេតុការណ៍កើតឡើងផ្ទាល់នឹងភ្នែក។   17  ប៉ុន្តែ នៅថ្ងៃនោះ យើងនឹងរំដោះអ្នក - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - គឺអ្នកមិនធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់មនុស្សដែលអ្នកភ័យខ្លាចឡើយ។   18  យើងនឹងអោយអ្នកគេចផុតពីកណ្តាប់ដៃរបស់ខ្មាំង អ្នកមិនត្រូវស្លាប់ដោយមុខដាវទេ គឺអ្នកនឹងរួចជីវិត ដ្បិតអ្នកបានផ្ញើជីវិតលើយើង» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។