1 ព្យាការីយេរេមាផ្ញើលិខិតមួយច្បាប់ ពីក្រុងយេរូសាឡឹម ទៅជូនក្រុមព្រឹទ្ធាចារ្យ ព្រមទាំងក្រុមបូជាចារ្យក្រុមព្យាការី និង ប្រជាជនទាំងអស់ដែលព្រះចៅនេប៊ូក្នេសាបានកៀរពីក្រុងយេរូសាឡឹមយកទៅជាឈ្លើយនៅស្រុកបាប៊ីឡូន 2 ក្រោយពេលដែលព្រះបាទយេកូនាស សម្តេចមាតាពួកមហាតលិកពួកមន្ត្រីរបស់ជនជាតិយូដា ព្រមទាំងពួកជាងឈើ និង ជាងដែកបានចាកចេញពីក្រុងយេរូសាឡឹមទៅ។ 3 ព្យាការីយេរេមាផ្ញើលិខិតនេះទៅក្រុងបាប៊ីឡូន តាមលោកអេឡាសារជាកូនរបស់លោកសាផាន និង លោកកេម៉ារា ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលព្រះបាទសេដេគា ជាស្តេចស្រុកយូដាចាត់អោយទៅគាល់ព្រះចៅនេប៊ូក្នេសាជាស្តេចស្រុកបាប៊ីឡូន។ សេចក្តីក្នុងសំបុត្រនោះ មានដូចតទៅ៖ 4 «ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលមកកាន់អស់អ្នកដែលព្រះអង្គអោយគេកៀរពីក្រុងយេរូសាឡឹម យកមកជាឈ្លើយនៅស្រុកបាប៊ីឡូនថា: 5 "ចូរសង់ផ្ទះ ហើយរស់នៅក្នុងផ្ទះនោះ ចូរដាំដំណាំ ហើយបរិភោគផលពីដំណាំនោះ។ 6 ចូររៀបការ ហើយបង្កើតកូនប្រុសកូនស្រី ចូរទុកដាក់កូនចៅអោយមានគូស្រករ ដើម្បីបង្កើតកូនបន្តពូជ។ អ្នករាល់គ្នារស់នៅកន្លែងណា ចូរបង្កើតកូន ពូនជាចៅអោយបានកើនចំនួនច្រើនឡើងនៅកន្លែងនោះកុំចុះថយឡើយ។ 7 យើងដាក់អ្នករាល់គ្នានៅក្រុងណា ចូរខិតខំធ្វើអោយក្រុងនោះចំរុងចំរើនឡើង ចូរទូលអង្វរអោយក្រុងនោះ ដ្បិតអ្នករាល់គ្នាបានសុខ លុះត្រាតែក្រុងនោះបានសុខដែរ"។ 8 ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា:"មិនត្រូវចាញ់បោកពួកព្យាការី ឬ ពួកគ្រូទាយ ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវយកចិត្តទុកដាក់នឹងការយល់សប្តិរបស់អ្នករាល់គ្នាដែរ 9 ដ្បិតអ្នកទាំងនោះប្រើឈ្មោះយើងប្រកាសពាក្យក្លែងក្លាយ។ យើងមិនបានចាត់ពួកគេអោយមកទេ" -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 10 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: "កាលស្រុកបាប៊ីឡូនត្រួតត្រាលើស្រុកទាំងឡាយ បានគំរប់ចិតសិបឆ្នាំហើយ យើងនឹងមករកអ្នករាល់គ្នាយើងនឹងសំរេចតាមពាក្យសន្យារបស់យើង គឺនាំអ្នករាល់គ្នាវិលទៅស្រុកកំណើតវិញ។ 11 យើងស្គាល់ច្បាស់នូវគំរោងការដែលយើងបានគ្រោងទុក សំរាប់អ្នករាល់គ្នា ជាគំរោងការដែលផ្តល់សេចក្តីសុខសាន្តដល់អ្នករាល់គ្នា គឺមិនមែនអោយអ្នករាល់គ្នាត្រូវវេទនាទេ។ យើងនឹងផ្តល់សេចក្តីសង្ឃឹម និង អនាគតល្អអោយអ្នករាល់គ្នា -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 12 ពេលនោះអ្នករាល់គ្នានឹងអធិស្ឋាន អ្នករាល់គ្នានឹងធ្វើដំណើរទៅទូលអង្វរយើងហើយយើងនឹងឆ្លើយតបមកអ្នករាល់គ្នាវិញ។ 13 អ្នករាល់គ្នាស្វែងរកយើងហើយនឹងជួបយើងមិនខាន ព្រោះអ្នករាល់គ្នាស្វែងរកយើង ដោយចិត្តស្មោះ។ 14 យើងនឹងអោយអ្នករាល់គ្នារកយើងឃើញ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- យើងនឹងស្តារប្រជាជាតិអ្នករាល់គ្នាឡើងវិញ យើងនឹងប្រមូលអ្នករាល់គ្នាពីក្នុងចំណោមប្រជាជាតិទាំងអស់ ពីគ្រប់កន្លែងដែលយើងកំចាត់កំចាយអ្នករាល់គ្នាអោយទៅនៅ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងនាំអ្នករាល់គ្នាវិលត្រឡប់មកស្រុករបស់អ្នករាល់គ្នាវិញ។ 15 ប៉ុន្តែ អ្នករាល់គ្នាបានពោលថា ព្រះជាម្ចាស់ប្រទានព្យាការីមកអោយពួកយើង នៅស្រុកបាប៊ីឡូន!"។ 16 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ស្តេចដែលគ្រងរាជ្យលើបល្ល័ង្កព្រះបាទដាវីឌ ព្រមទាំងប្រជាជនទាំងអស់នៅក្នុងក្រុងនេះ និង បងប្អូនរបស់អ្នករាល់គ្នាដែលសត្រូវមិនបានកៀរយកទៅជាឈ្លើយដូចតទៅ: 17 ព្រះអម្ចាស់នៃពិភពទាំងមូល មានព្រះបន្ទូលថា"យើងនឹងប្រើដាវទុរ្ភិក្ស និង ជំងឺអាសន្នរោគទៅប្រហារពួកគេ គឺយើងធ្វើអោយពួកគេបានដូចផ្លែឧទុម្ពរស្អុយដែលបរិភោគមិនកើត។ 18 យើងនឹងតាមប្រហារពួកគេដោយមុខដាវទុរ្ភិក្ស និង ជំងឺអាសន្នរោគ។ យើងធ្វើអោយនគរទាំងប៉ុន្មាននៅផែនដីញ័ររន្ធត់ដោយឃើញមហន្តរាយកើតមានដល់ពួកគេ។ ក្នុងចំណោមប្រជាជាតិទាំងឡាយដែលយើងកំចាត់កំចាយពួកគេអោយទៅនៅ មនុស្សម្នានឹងស្រឡាំងកាំង ហើយប្រើឈ្មោះពួកគេ សំរាប់ជេរប្រមាថ និង ដាក់បណ្តាសាគ្នាផង។ 19 ការទាំងនេះកើតមាន ព្រោះពួកគេមិនស្តាប់ពាក្យយើង -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - យើងបានចាត់ព្យាការីជាអ្នកបំរើរបស់យើងអោយទៅរកពួកគេ ជារៀងរហូតមក តែពួកគេពុំព្រមស្តាប់ទេ"-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 20 រីឯអ្នកទាំងអស់គ្នាដែលព្រះអម្ចាស់បានដេញចេញពីក្រុងយេរូសាឡឹមមកបាប៊ីឡូន ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ! 21 ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលស្តីអំពីអហាប់ជាកូនរបស់កូឡាយ៉ា និង សេដេគាជាកូនរបស់ម៉ាសេយ៉ាថា: "អ្នកទាំងពីរបានប្រកាសពាក្យក្លែងក្លាយក្នុងនាមយើងប្រាប់អ្នករាល់គ្នា។ ហេតុនេះ យើងប្រគល់គេទៅក្នុងកណ្តាប់ដៃរបស់នេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនហើយ ស្តេចនេប៊ូក្នេសានឹងប្រហារជីវិតអ្នកទាំងពីរនៅមុខអ្នករាល់គ្នា។ 22 ក្នុងចំណោមប្រជាជនយូដាទាំងអស់ដែលជាប់ជាឈ្លើយនៅស្រុកបាប៊ីឡូន គេនឹងយកឈ្មោះអ្នកទាំងពីរទៅដាក់បណ្តាសាគ្នាថា: សូមព្រះអម្ចាស់ដាក់ទោសឯងដូចសេដេគា និង អហាប់ដែលស្តេចស្រុកបាប៊ីឡូនអោយគេយកទៅដុតនៅក្នុងភ្លើង! 23 អ្នកទាំងពីរបានប្រព្រឹត្តអំពើដ៏អាស្រូវក្នុងស្រុកអ៊ីស្រាអែល គឺប្រព្រឹត្តអំពើផិតក្បត់ជាមួយប្រពន្ធអ្នកដទៃ ហើយពោលពាក្យក្លែងក្លាយក្នុងនាមយើង ដោយយើងមិនបានបង្គាប់អោយគេប្រកាសសោះ។ យើងជាសាក្សីដឹងឮអំពីរឿងនេះមែន!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 24 «ចូរប្រាប់សេម៉ាយ៉ាជាអ្នកស្រុកនេហេឡាំថា 25 ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ :"អ្នកបានផ្ញើសំបុត្រក្នុងនាមអ្នកផ្ទាល់ ទៅអោយប្រជាជនទាំងមូលនៅក្រុងយេរូសាឡឹម ព្រមទាំងបូជាចារ្យសេផានាជាកូនរបស់ម៉ាសេយ៉ា និង បូជាចារ្យទាំងអស់មានសេចក្តីដូចតទៅ : 26 "លោកសេផានាអើយ ព្រះអម្ចាស់តែងតាំងលោកជាបូជាចារ្យជំនួសបូជាចារ្យយេហូយ៉ាដា ដើម្បីអោយលោកទទួលខុសត្រូវលើការងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយពិនិត្យមើលក្រែងលោមាននរណាម្នាក់កើតគំនិតលេលាតាំងខ្លួនជាព្យាការី។ លោកត្រូវតែយកជនប្រភេទនោះដាក់ច្រវាក់ និង យកឃ្នាងមកដាក់កដែរ។ 27 ឥឡូវនេះ ហេតុដូចម្តេចបានជាលោកមិនដាក់ទោសយេរេមា ជាអ្នកស្រុកអាណាថោត ដែលតាំងខ្លួនជាព្យាការីក្នុងចំណោមអ្នករាល់គ្នាដូច្នេះ? 28 គាត់សរសេរសំបុត្រមកពួកយើង នៅស្រុកបាប៊ីឡូននេះថា : អ្នករាល់គ្នាត្រូវតែរស់នៅទីនេះយ៉ាងយូរ ចូរសង់ផ្ទះហើយរស់នៅក្នុងផ្ទះនោះចូរដាំដំណាំ ហើយបរិភោគផលពីដំណាំនោះ!"»។ 29 បូជាចារ្យសេផានាអានសំបុត្រនោះអោយព្យាការីយេរេមាស្តាប់។ 30 ព្រះអម្ចាស់ក៏មានព្រះបន្ទូលមកកាន់លោកយេរេមា ដូចតទៅ៖ 31 «ចូរចាត់គេអោយទៅប្រាប់ប្រជាជនទាំងអស់ ដែលជាប់ជាឈ្លើយថា ព្រះអម្ចាស់មានព្រះបន្ទូលស្តីអំពីសេម៉ាយ៉ាជាអ្នកស្រុកនេហេឡាំដូចតទៅ : សេម៉ាយ៉ាថ្លែងប្រាប់អ្នករាល់គ្នានូវសេចក្តីផ្សេងៗធ្វើអោយអ្នករាល់គ្នាសង្ឃឹមលើពាក្យមិនពិត តែយើងពុំបានចាត់គាត់អោយមកទេ។ 32 ហេតុនេះយើងនឹងដាក់ទោសសេម៉ាយ៉ា ជាអ្នកស្រុកនេហេឡាំ និង កូនចៅរបស់គាត់។ គ្មាននរណាម្នាក់ក្នុង ក្រុមគ្រួសាររបស់គាត់អាចរស់នៅក្នុងចំណោមប្រជារាស្ត្រនេះ ហើយឃើញប្រជារាស្ត្ររបស់យើងទទួលសុភមង្គលដែលយើងនឹងផ្តល់អោយនោះឡើយ ដ្បិតសេម៉ាយ៉ាបានប្រកាសអោយគេបះបោរប្រឆាំងនឹងព្រះអម្ចាស់» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។