1 ក្នុងឆ្នាំដដែល នៅដើមរជ្ជកាលព្រះបាទសេដេគា ជាស្តេចស្រុកយូដា គឺនៅខែទីប្រាំ ក្នុងឆ្នាំទីបួន លោកហាណានាជាកូនរបស់លោកអស៊ើរ ដែលជាព្យាការីនៅភូមិគីបៀន ពោលមកខ្ញុំក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នៅចំពោះមុខក្រុមបូជាចារ្យ និង ប្រជាជនទាំងមូលថា៖ 2 «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលដូចតទៅ : "យើងនឹងបំបាក់នឹមស្តេចស្រុកបាប៊ីឡូន! 3 ពីរឆ្នាំទៀតយើងនឹងនាំសម្ភារៈទាំងប៉ុន្មាននៃព្រះដំណាក់របស់ព្រះអម្ចាស់ដែលនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនបានដឹកទៅនោះយកមកទុកនៅកន្លែងនេះវិញ។ 4 យើងក៏នាំយេកូនាសជាបុត្ររបស់យេហូយ៉ាគីម ស្តេចស្រុកយូដា និង អ្នកស្រុកយូដាទាំងប៉ុន្មានដែលគេកៀរយកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូននោះត្រឡប់មកវិញដែរ ដ្បិតយើងនឹងបំបាក់នឹមរបស់ស្តេចស្រុកបាប៊ីឡូន»។ 5 ព្យាការីយេរេមាបានតបទៅព្យាការីហាណានា នៅចំពោះមុខក្រុមបូជាចារ្យ និង ប្រជាជនទាំងមូលដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ថា៖ 6 «អាម៉ែន! សូមព្រះអម្ចាស់ធ្វើតាមពាក្យរបស់លោក! សូមព្រះអម្ចាស់ សំរេចតាមពាក្យដែលលោកប្រកាសនេះចុះ! គឺសូមព្រះអង្គនាំសម្ភារៈរបស់ព្រះវិហារ និង ប្រជាជនដែលគេកៀរយកទៅជាឈ្លើយសឹកនោះមកវិញ! 7 ប៉ុន្តែ សូមស្តាប់សេចក្តីដែលខ្ញុំយកមកជំរាបលោក និង ប្រជាជនទាំងមូលអោយបានជ្រាបដូចតទៅ : 8 ព្យាការីទាំងប៉ុន្មានដែលរស់នៅមុន យើងទាំងពីរនាក់ បានថ្លែងព្រះបន្ទូលតាំងពីយូរយារណាស់មកហើយថា ប្រទេស និង នគរធំៗជាច្រើនត្រូវកើតសង្គ្រាម កើតអន្តរាយ និង កើតជំងឺអាសន្នរោគ។ 9 ប្រសិនបើមានព្យាការីណាម្នាក់ប្រកាសថា ស្រុកបានសុខសាន្ត យើងដឹងថាព្រះអម្ចាស់ចាត់ព្យាការីនោះអោយមកមែន លុះត្រាណាតែស្រុកបានសុខសាន្ត ដូចពាក្យគាត់ប្រកាស»។ 10 ពេលនោះព្យាការីហាណានាបានដោះនឹម ចេញពីស្មារបស់ព្យាការីយេរេមាមកកាច់បំបាក់ 11 ហើយពោលនៅចំពោះមុខប្រជាជនទាំងអស់ដូចតទៅ ៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា: ពីរឆ្នាំទៀត យើងនឹងបំបាក់នឹមរបស់នេប៊ូក្នេសាជាស្តេចស្រុកបាប៊ីឡូន ហើយរំដោះប្រជាជាតិទាំងអស់»។ ព្យាការីយេរេមាក៏ដើរចេញពីកន្លែងនោះទៅ។ 12 បន្ទាប់ពីព្យាការីហាណានាបំបាក់នឹមដែលស្ថិតនៅលើស្មារបស់ព្យាការីយេរេមា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមាដូចតទៅ៖ 13 «ចូរទៅប្រាប់ហាណានាថា : ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅនេះ: អ្នកបានបំបាក់នឹមដែលធ្វើពីឈើតែយើងនឹងយកនឹមដែកមកដាក់ជំនួសវិញ។ 14 ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថាយើងដាក់នឹមដែកលើប្រជាជាតិទាំងនោះ ដើម្បីបង្ក្រាបពួកគេអោយនៅក្រោមអំណាចនេប៊ូក្នេសាជាស្តេចស្រុកបាប៊ីឡូន។ ប្រជាជាតិទាំងនោះនឹងបំរើនេប៊ូក្នេសា សូម្បីតែសត្វព្រៃ ក៏យើងប្រគល់អោយស្តេចនោះដែរ»។ 15 បន្ទាប់មក ព្យាការីយេរេមាមានប្រសាសន៍ទៅកាន់ព្យាការីហាណានាថា៖ «លោកហាណានាអើយ! សូមស្តាប់ខ្ញុំសិន! ព្រះអម្ចាស់មិនបានចាត់លោកអោយមកទេ! លោកនាំប្រជាជននេះអោយសង្ឃឹមលើពាក្យមិនពិត។ 16 ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងបណ្តេញអ្នកអោយចាកចេញពីផែនដី! ឆ្នាំនេះអ្នកត្រូវតែស្លាប់ព្រោះអ្នកបានប្រកាសអោយគេបះបោរប្រឆាំងនឹងព្រះអម្ចាស់»។ 17 ព្យាការីហាណានាក៏ទទួលមរណភាព នៅខែទីប្រាំពីរ នាឆ្នាំនោះ។