1 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ 2 «អ្នកមិនត្រូវយកភរិយា ហើយបង្កើតកូនប្រុសស្រីនៅក្នុងស្រុកនេះឡើយ 3 ដ្បិតយើងប្រកាសដំណឹងអំពីក្មេងប្រុសស្រីដែលនឹងកើតនៅស្រុកនេះ ហើយអំពីឪពុកម្តាយដែលបង្កើតពួកគេថា: 4 គេទាំងអស់គ្នានឹងស្លាប់យ៉ាងសែនវេទនា តែគ្មាននរណាធ្វើបុណ្យ ឬបញ្ចុះសពពួកគេទេ។ សាកសពរបស់ពួកគេនឹងក្លាយទៅជាជី។ ពួកគេនឹងស្លាប់ដោយសារមុខដាវ និង ទុរ្ភិក្ស ហើយសាកសពរបស់ពួកគេនឹងក្លាយទៅជាចំណីរបស់សត្វត្មាត និង ចចក»។ 5 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កុំចូលទៅក្នុងផ្ទះណាដែលមានគេកាន់ទុក្ខ កុំចូលរួមក្នុងពិធីបញ្ចុះសព ហើយកុំជួយរំលែកទុក្ខនរណាអោយសោះ ដ្បិតយើងដកសេចក្តីសុខសេចក្តីសប្បុរស និង សេចក្តីអាណិតមេត្តារបស់យើងចេញពីប្រជារាស្ត្រនេះហើយ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 6 អ្នកស្រុកនេះនឹងត្រូវស្លាប់ទាំងអស់គ្នា គឺទាំងអ្នកធំ ទាំងអ្នកតូចដោយគ្មាននរណាបញ្ចុះសព និង យំសោក ហើយគ្មាននរណាឆូតសាច់ ឬ កោរសក់កាន់ទុក្ខទេ។ 7 គ្មាននរណាកាច់នំបុ័ងចែកដល់គ្រួសារដែលកាន់ទុក្ខ ហើយក៏គ្មាននរណាលើកពែងជូនគេ ដើម្បីជួយរំលែកទុក្ខអ្នកដែលបាត់បង់ឪពុកម្តាយដែរ។ 8 កុំចូលទៅក្នុងផ្ទះដែលកំពុងតែជប់លៀង គឺកុំអង្គុយស៊ីផឹកជាមួយពួកគេឡើយ 9 ដ្បិតយើងដែលជាព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល នឹងធ្វើអោយលែងមានសំរែកក្អាកក្អាយ ព្រមទាំងចំរៀងរបាំដ៏សប្បាយ និង បទចំរៀងអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាទៀតហើយ។ អ្នករាល់គ្នានឹងឃើញហេតុការណ៍នេះផ្ទាល់នឹងភ្នែក នៅទីនេះ។ 10 ពេលណាអ្នកនាំពាក្យទាំងនេះទៅប្រកាសប្រាប់ប្រជាជន ពួកគេមុខជាសួរថា "ហេតុអ្វីបានជាព្រះអម្ចាស់ចង់ដាក់ទោសពួកយើងយ៉ាងធ្ងន់ធ្ងរបែបនេះ តើពួកយើងធ្វើអ្វីខុស? តើពួកយើងប្រព្រឹត្តអំពើបាបណាមួយទាស់នឹងព្រះហប្ញទ័យព្រះអម្ចាស់ជាព្រះនៃយើង?" 11 ត្រូវឆ្លើយទៅពួកគេវិញ ដូចតទៅ : ព្រះអម្ចាស់មានព្រះបន្ទូលថា ដូនតារបស់អ្នករាល់គ្នា បានបោះបង់ចោលយើង ហើយនាំគ្នារត់តាមព្រះឯទៀតៗ។ ពួកគេនាំគ្នាគោរព និង ក្រាបថ្វាយបង្គំព្រះទាំងនោះ គឺពួកគេបោះបង់ចោលយើង ហើយមិនប្រតិបត្តិតាមក្រឹត្យវិន័យរបស់យើងទេ។ 12 រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ ជាងដូនតារបស់អ្នករាល់គ្នាទៅទៀត គឺម្នាក់ៗនៅតែចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួនឥតស្តាប់យើងឡើយ។ 13 ហេតុនេះហើយបានជាយើងដេញអ្នករាល់គ្នាចេញពីស្រុកនេះ ទៅស្រុកមួយដែលអ្នករាល់គ្នាមិនស្គាល់ ហើយដូនតារបស់អ្នករាល់គ្នាក៏មិនធ្លាប់ស្គាល់ដែរ។ នៅទីនោះអ្នករាល់គ្នានឹងគោរពបំរើព្រះដទៃ ទាំងថ្ងៃទាំងយប់យើងនឹងមិនអាណិតអាសូរអ្នករាល់គ្នាទៀតឡើយ»។ 14 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខគេនឹងលែងស្បថក្នុងនាម" ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ដែលបាននាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប" ទៀតហើយ 15 ផ្ទុយទៅវិញគេនឹងស្បថក្នុងព្រះនាម "ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ដែលបាននាំជនជាតិអ៊ីស្រាអែលចេញមកពីស្រុកខាងជើង និង ស្រុកឯទៀតៗដែលព្រះអង្គបានកំចាត់កំចាយពួកគេអោយទៅ "យើងនឹងនាំពួកគេអោយវិលត្រឡប់មកទឹកដីរបស់ខ្លួនវិញ គឺទឹកដីដែលយើងបានប្រគល់អោយបុព្វបុរស របស់ពួកគេ»។ 16 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងចាត់អ្នកនេសាទជាច្រើនអោយទៅ។ អ្នកនេសាទទាំងនោះនឹងចាប់ប្រជាជននេះដូចចាប់ត្រី។ បន្ទាប់មក យើងនឹងចាត់ព្រានជាច្រើនអោយទៅ ព្រានទាំងនោះនឹងបរបាញ់ពួកគេនៅតាមភ្នំតូចធំទាំងប៉ុន្មាន ព្រមទាំងតាមក្រហែងថ្មនានា។ 17 យើងមើលឃើញអំពើទាំងប៉ុន្មាន ដែលប្រជាជននេះប្រព្រឹត្ត ឥតចន្លោះត្រង់ណាឡើយ អំពើអាក្រក់របស់ពួកគេមិនអាចលាក់កំបាំងនឹងភ្នែកយើងទេ។ 18 មុនដំបូង យើងសងចំពោះអំពើអាក្រក់ និង អំពើបាបរបស់ពួកគេមួយទ្វេជាពីរ ព្រោះពួកគេបានប្រមាថទឹកដីរបស់យើង ព្រមទាំងធ្វើអោយទឹកដីដែលជាចំណែកមត៌ករបស់យើងពោរពេញដោយរូបព្រះក្លែងក្លាយដ៏ចង្រៃ គួរអោយស្អប់ខ្ពើមរបស់ពួកគេ»។ 19 ឱព្រះអម្ចាស់អើយ ព្រះអង្គជាកម្លាំង និង ជាកំពែងដ៏រឹងមាំរបស់ទូលបង្គំ នៅពេលមានអាសន្ន ព្រះអង្គជាជំរក របស់ទូលបង្គំ។ ប្រជាជាតិនានាដែលនៅទីដាច់ស្រយាល នឹងនាំគ្នាមករកព្រះអង្គ ទាំងពោលថា "ដូនតារបស់យើងបានទទួលព្រះក្លែងក្លាយ ទុកជាកេរដំណែល ជាព្រះឥតបានការ គ្មានប្រយោជន៍អ្វីសោះ! 20 តើមនុស្សលោកដែលមិនមែនជាព្រះ អាចបង្កើតព្រះដូចម្តេចបាន?" 21 «ដូច្នេះ នៅលើកនេះ យើងនឹងធ្វើអោយពួកគេ ស្គាល់ប្ញទ្ធិបារមី និង អំណាចរបស់យើង ហើយគេនឹងទទួលស្គាល់ថា យើងពិតជា ព្រះអម្ចាស់មែន!»។