KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

James - យ៉ាកុប 4 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ការទាស់ទែង ឈ្លោះប្រកែកគ្នាក្នុងចំណោមបងប្អូន កើតមកពីអ្វី? តើមិនមែនមកពីចិត្ដស្រើបស្រាល ដែលប្រទាញប្រទង់គ្នា នៅក្នុងសរីរាង្គរបស់បងប្អូនទេឬ?   2  បងប្អូនមានចិត្ដលោភលន់ តែមិនបានដូចការប៉ងប្រាថ្នាទេ បងប្អូនក៏សម្លាប់ និង ឈ្នានីសគេ ហើយនៅតែគ្មានបានផលអ្វី បងប្អូនឈ្លោះប្រកែក និង ទាស់ទែងគ្នា ក៏នៅតែពុំបានទទួលអ្វីដែរ ព្រោះបងប្អូនមិនទូលសូមពីព្រះជាម្ចាស់។   3  បងប្អូនទូលសូមដែរ តែឥតបានទទួល ព្រោះបងប្អូនទូលសូមដោយបំណងអាក្រក់ គឺបងប្អូនចង់បានសំរាប់តែបំពេញចិត្ដស្រើបស្រាលរបស់ខ្លួនប៉ុណ្ណោះ។   4  មនុស្សក្បត់ចិត្ដអើយ! បងប្អូនមិនជ្រាបទេឬថាការស្រឡាញ់លោកីយ៍ ធ្វើអោយខ្លួនទៅជាសត្រូវនឹងព្រះជាម្ចាស់? អ្នកណាចង់ធ្វើជាមិត្ដសំឡាញ់នឹងលោកីយ៍ អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់!   5  តើបងប្អូនស្មានថាសេចក្ដីដែលមានចែងទុកក្នុងគម្ពីរឥតបានការអ្វីទេឬ គឺថា ព្រះជាម្ចាស់មានព្រះហឫទ័យស្រឡាញ់វិញ្ញាណដែលព្រះអង្គប្រទាន អោយមកគង់ក្នុងបងប្អូនរហូតដល់ប្រច័ណ្ឌ។   6  ប៉ុន្ដែ ព្រះអង្គមានព្រះហឫទ័យប្រណីសន្ដោសខ្លាំងជាងនេះទៅទៀត ដ្បិតមានចែងទុកក្នុងគម្ពីរថា«ព្រះជាម្ចាស់ប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន»។   7  ដូច្នេះ សូមបងប្អូនគោរពចុះចូលព្រះជាម្ចាស់ហើយប្រឆាំងនឹងមារ នោះវាមុខជារត់ចេញឆ្ងាយពីបងប្អូនមិនខាន។   8  សូមចូលទៅជិតព្រះជាម្ចាស់ នោះព្រះអង្គនឹងយាងមកជិតបងប្អូនវិញដែរ។ មនុស្សបាបអើយ ចូរជំរះខ្លួនអោយបានបរិសុទ្ធ ទៅ! មនុស្សមានចិត្ដពីរអើយ ចូរជំរះចិត្ដគំនិតអោយបានស្អាតឡើង!   9  ចូរទទួលស្គាល់ថាខ្លួនធ្លាក់ដល់កំរិតណាហើយ ចូរកាន់ទុក្ខ និង សោកសង្រេង ព្រមទាំងធ្វើអោយសំណើចក្អាកក្អាយរបស់អ្នករាល់គ្នាប្រែទៅជាទុក្ខសោក ហើយអោយអំណរសប្បាយរបស់អ្នករាល់គ្នាប្រែទៅជាទុក្ខព្រួយវិញ។   10  ចូរបន្ទាបខ្លួននៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ នោះព្រះអង្គនឹងលើកតម្កើងអ្នករាល់គ្នាជាមិនខាន។   11  បងប្អូនអើយ មិនត្រូវនិយាយដើមគ្នាទៅវិញទៅមកឡើយ។ អ្នកណានិយាយដើម ឬ ថ្កោលទោសបងប្អូនណាម្នាក់អ្នកនោះក៏ដូចជានិយាយដើមក្រឹត្យវិន័យ និង ថ្កោលទោសក្រឹត្យវិន័យដែរ។ ប្រសិនបើអ្នកថ្កោលទោសក្រឹត្យវិន័យបានសេចក្ដីថា អ្នកមិនមែនកាន់ក្រឹត្យវិន័យទេ គឺអ្នកថ្កោលទោសក្រឹត្យវិន័យទៅវិញ។   12  មានតែព្រះជាម្ចាស់មួយព្រះអង្គគត់ដែលបង្កើតក្រឹត្យវិន័យ ហើយទ្រង់ជាចៅក្រមវិនិច្ឆ័យទោស។ មានតែព្រះអង្គប៉ុណ្ណោះដែលអាចសង្គ្រោះ និង ធ្វើអោយវិនាស។ រីឯអ្នកវិញ តើអ្នកមានឋានៈអ្វី បានជាហ៊ានថ្កោលទោសបងប្អូនឯទៀតៗដូច្នេះ!   13  ឥឡូវនេះចំពោះបងប្អូនដែលពោលថា «ថ្ងៃនេះឬ ស្អែក យើងនឹងធ្វើដំណើរទៅក្រុងមួយ ហើយស្នាក់នៅក្រុងនោះមួយឆ្នាំដើម្បីរកស៊ី និង បានចំណេញ!» ខ្ញុំសូមជំរាបថា   14  បងប្អូនពុំដឹងថាថ្ងៃស្អែកជីវិតបងប្អូននឹងទៅជាយ៉ាងណាឡើយ! បងប្អូនប្រៀបបីដូចជាចំហាយទឹក ដែលមានតែមួយភ្លែត រួចក៏រសាត់បាត់ទៅ។   15  បងប្អូនគួរតែពោលថា «បើព្រះអម្ចាស់សព្វព្រះហឫទ័យ យើងនឹងមានជីវិតរស់ ហើយយើងធ្វើការនេះ ឬ ធ្វើការនោះ»   16  តែឥឡូវនេះ បងប្អូនបែរជាក្អេងក្អាងអួតបំប៉ោងទៅវិញ។ ការអួតក្អេងក្អាងបែបនេះអាក្រក់ណាស់។   17  ប្រសិនបើអ្នកណាចេះធ្វើអំពើល្អ តែមិនព្រមធ្វើ អ្នកនោះប្រព្រឹត្ដអំពើបាបហើយ។