KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Isaiah - អេសាយ 7 - Khmer, Central - Old Version - Bible.is - KMHKOV

  1  នៅគ្រាដែលព្រះបាទអេហាស ជាបុត្ររបស់ព្រះបាទយ៉ូថាម ដែលត្រូវជាបុត្ររបស់ព្រះបាទអ៊ូសៀស គ្រងរាជ្យនៅស្រុកយូដា មានសង្គ្រាមមួយ ផ្ទុះឡើង គឺព្រះបាទរេស៊ីន ជាស្តេចស្រុកស៊ីរី បានពួតដៃ ជាមួយព្រះបាទពេកា ជាបុត្ររបស់ព្រះបាទរេម៉ាលា និង ជាស្តេចស្រុកអ៊ីស្រាអែល លើកទ័ពទៅវាយយកក្រុងយេរូសាឡឹម ប៉ុន្តែ មិនអាចវាយសំរុកចូលបាន ឡើយ។   2  មានគេនាំដំណឹងមកទូលព្រះរាជវង្សរបស់ព្រះបាទដាវីឌថា ជនជាតិស៊ីរីបោះទ័ពនៅស្រុកអេប្រាអ៊ីម។ ដំណឹងនេះធ្វើអោយព្រះបាទអេហាស និង ប្រជារាស្ត្រញ័ររន្ធត់ ដូចព្រៃឈើត្រូវខ្យល់បក់ បោក។   3  ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេសាយថា៖ «ចូរនាំស្អា-យ៉ាស៊ូប ជាកូនប្រុស របស់អ្នកទៅជួបស្តេចអេហាស នៅក្បែរស្រះផ្នែកខាង លើត្រង់ក្បាលប្រឡាយ តាមផ្លូវទៅចំការរបស់អ្នក ជ្រលក់ល័ក្ខ។   4  ត្រូវប្រាប់ស្តេចថា សូមព្រះករុណាកុំខ្វល់ព្រះហប្ញទ័យ កុំភ័យខ្លាចអ្វីឡើយ! សូមកុំតក់ស្លុត នៅចំពោះកំហឹងរបស់ ស្តេចរេស៊ីន និង ពួកស៊ីរី ព្រមទាំងស្តេចពេកាអោយសោះ។ ស្តេចទាំងពីរនេះប្រៀបបាននឹងកន្ទុយអុស ដែលហុយផ្សែង ជិតរលត់។   5  ស្តេចស្រុកស៊ីរីបានពួតដៃជាមួយពួកអេប្រាអ៊ីម និង ស្តេចអ៊ីស្រាអែល ប្រឆាំងព្រះរាជា ដោយពោលថា :   6  "យើងលើកគ្នាទៅច្បាំងនឹងស្រុកយូដា យើងបំភ័យគេអោយតក់ស្លុត ហើយវាយលុកស្រុកគេ រហូតដល់គេចុះញ៉មនឹងយើង បន្ទាប់មក យើងនឹងលើកកូនរបស់តាបបៀល អោយឡើងគ្រងរាជ្យលើស្រុកនោះ"។   7  ប៉ុន្តែ ព្រះជាអម្ចាស់ មានព្រះបន្ទូលដូចតទៅ : "ពួកគេមិនអាចសំរេចការទាំងនេះបានទេ ការទាំងនេះពុំអាចកើតឡើងបានឡើយ។   8  ក្រុងដាម៉ាស ជារាជធានី របស់ស្រុកស៊ីរី ស្តេចរេស៊ីន ជាម្ចាស់របស់ក្រុងដាម៉ាស។ ក្នុងរវាងហុកសិបប្រាំឆ្នាំទៀត អេប្រាអ៊ីមនឹងត្រូវវិនាសសូន្យ លែងមានឈ្មោះថា ប្រជាជនទៀតហើយ។   9  ក្រុងសាម៉ារីជារាជធានីរបស់ស្រុកអេប្រាអ៊ីម ស្តេចពេកាជាម្ចាស់របស់ក្រុងសាម៉ារី។ ប្រសិនបើអ្នករាល់គ្នាមិនផ្ញើជីវិតលើយើង យ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នករាល់គ្នាមិនអាចនៅស្ថិតស្ថេរ យ៉ាងខ្ជាប់ខ្ជួនបានឡើយ"»។   10  ព្រះអម្ចាស់ចាត់លោកអេសាយអោយទៅទូលព្រះបាទអេហាសសាជាថ្មីថា៖   11  «ព្រះករុណាត្រូវទូលសុំព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាសំដែងនូវទីសំគាល់មួយ ទោះបីនៅលើភ្នំដ៏ខ្ពស់ក្តី ឬ ក្នុងទីដ៏ជ្រៅក្តី ដើម្បី បញ្ជាក់ថា ព្រះអង្គពិតជាគង់នៅជាមួយព្រះករុណា»។   12  ព្រះបាទអេហាស មានរាជឱង្ការតបមកវិញថា ៖ «យើងនឹងមិនទូលសូមអ្វីជាដាច់ខាត យើងនឹងមិនព្រម ល្បងលព្រះអម្ចាស់ឡើយ!»។   13  ពេលនោះ ព្យាការីអេសាយទូលព្រះរាជាថា៖ «បពិត្រព្រះរាជវង្សរបស់ព្រះបាទដាវីឌ សូមទ្រង់ព្រះសណ្តាប់ទូលបង្គំ! ព្រះករុណាមិនត្រឹមតែធ្វើអោយមនុស្ស ណាយចិត្តប៉ុណ្ណោះទេ គឺថែមទាំងធ្វើអោយព្រះរបស់ទូលបង្គំ ណាយព្រះហប្ញទ័យទៀតផង។   14  ហេតុនេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទាន ទីសំគាល់មួយដល់អ្នករាល់គ្នា។ មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសំរាលបានបុត្រាមួយ ហើយថ្វាយព្រះនាមថា «អេម៉ា ញូអែល»។   15  បុត្រនោះនឹងសោយតែទឹកដោះ និង ទឹកឃ្មុំ រហូតដល់ពេលចេះបដិសេធអ្វីៗដែលអាក្រក់ ហើយជ្រើសយកអ្វីៗដែលល្អវិញ។   16  ប៉ុន្តែ មុនពេលបុត្រនោះចេះបដិសេធ អ្វីៗដែលអាក្រក់ ហើយជ្រើសយកអ្វីៗដែលល្អ ស្រុករបស់ស្តេចទាំងពីរដែលបានមក បំភ័យព្រះករុណា នឹងត្រូវគេបោះបង់ចោល អោយនៅស្ងាត់ជ្រងំ។   17  ព្រះអម្ចាស់នឹងធ្វើអោយព្រះករុណា ព្រមទាំងប្រជារាស្ត្រ និង ព្រះរាជវង្ស ជួបប្រទះនឹងសភាពការណ៍ផ្សេងៗ ព្រោះតែស្តេចរបស់ជនជាតិអាស្ស៊ីរី គឺចាប់តាំងពីថ្ងៃដែលកុលសម្ព័ន្ធអេប្រាអ៊ីម បានបែកចេញពីប្រជាជាតិយូដាមក មិនដែលមានសភាពការណ៍បែបនេះទេ។   18  នៅគ្រានោះ ព្រះអម្ចាស់នឹងហៅហ្វូងរុយ ដែលនៅខាងចុងជ្រោយទន្លេនីល និង ហ្វូងឃ្មុំនៅស្រុកអាស្ស៊ីរី   19  អោយមកទំនៅតាមចំណោតភ្នំ តាមក្រហែងថ្មទាំងឡាយ ព្រមទាំងនៅតាមគុម្ពោត និង នៅតាមវាលស្មៅទាំងប៉ុន្មានដែរ។   20  នៅគ្រានោះ ព្រះអម្ចាស់នឹងជួលកាំបិតកោរ ពីខាងនាយទន្លេអឺប្រាត - គឺស្តេចស្រុកអាស្ស៊ីរី - មកកោរសក់ កោររោមជើង និង កោរពុកចង្ការបស់ប្រជាជាតិនេះ។   21  នៅគ្រានោះ ម្នាក់ៗនឹងចិញ្ចឹមមេគោមួយ និង ពពែញីពីរក្បាល   22  ហើយដោយសារសម្បូណ៌ទឹកដោះពេក ប្រជាជននឹងបរិភោគខ្លាញ់ទឹកដោះ ដ្បិតប្រជាជនដែលនៅសល់ក្នុងស្រុក នឹងនាំគ្នាបរិភោគខ្លាញ់ទឹកដោះ និង ទឹកឃ្មុំ។   23  នៅគ្រានោះ គ្រប់ទីកន្លែងដែលមាន ទំពាំងបាយជូរមួយពាន់ដើម តម្លៃជាប្រាក់បីរយ តម្លឹង បែរជាដុះសុទ្ធតែបន្លា និង រពាក់។   24  ស្រុកនោះនឹងក្លាយទៅជាកន្លែងបរបាញ់ ព្រោះមានសុទ្ធតែបន្លា និង រពាក់។   25  ចំណែកឯនៅតាមភ្នំដែលពីមុន គេធ្លាប់តែកាប់គាស់ បែរជាគ្មាននរណាហ៊ានចូលទៅទៀតទេ ព្រោះគេខ្លាចបន្លា និង រពាក់ គេទុកអោយគោ និង ហ្វូងចៀម ទៅស៊ីស្មៅនៅតាមកន្លែងនោះ។