KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Isaiah - អេសាយ 61 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះវិញ្ញាណរបស់ព្រះជាអម្ចាស់សណ្ឋិតលើខ្ញុំ ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកខ្ញុំ អោយនាំដំណឹងល្អទៅប្រាប់អ្នកដែលត្រូវគេជិះជាន់ ជួយថែទាំអ្នកដែលបាក់ទឹកចិត្ត ប្រកាសប្រាប់ជនជាប់ជាឈ្លើយថា ពួកគេនឹងរួចខ្លួន ហើយប្រាប់អ្នកជាប់ឃុំឃាំងថា ពួកគេនឹងមានសេរីភាព   2  ព្រមទាំងប្រកាសពីឆ្នាំ ដែលព្រះអម្ចាស់សំដែង ព្រះហឫទ័យមេត្តាករុណា និង ពីថ្ងៃកំណត់ ដែលព្រះរបស់យើង ដាក់ទោសមនុស្សអាក្រក់ ហើយសំរាលទុក្ខអស់អ្នកដែលកាន់ទុក្ខ   3  គឺអោយអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ ទទួលមកុដនៅលើក្បាល ជំនួសផេះ អោយគេលាបប្រេង សំដែងអំណរសប្បាយ ជំនួសភាពក្រៀមក្រំនៃការកាន់ទុក្ខ អោយគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ ជំនួស ខោអាវដាច់ដាច។ ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូសាឡឹម ទៅនឹងដើមឈើសក្ការៈនៃព្រះដ៏សុចរិត ជាសួនឧទ្យានរបស់ព្រះអម្ចាស់ ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់ព្រះអង្គ។   4  ពួកគេនឹងសង់ក្រុង ដែលបាក់បែកកាលពីមុននោះ ឡើងវិញ ពួកគេនឹងលើកអ្វីៗដែលខ្ទេចខ្ទី កាលពីបុរាណ អោយមានរូបរាងឡើងវិញ។ ពួកគេជួសជុលក្រុងដែលខ្មាំងបំផ្លាញចោល ជាច្រើនជំនាន់នោះ ឡើងវិញ។   5  សាសន៍ដទៃនឹងនាំគ្នាមក ហើយឃ្វាលហ្វូងចៀមរបស់អ្នករាល់គ្នា កូនចៅរបស់គេនឹងភ្ជួររាស់ដី ហើយដាំទំពាំងបាយជូរអោយអ្នករាល់គ្នា។   6  ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នា នឹងមានឈ្មោះថា បូជាចារ្យ របស់ព្រះអម្ចាស់ គេនឹងហៅអ្នករាល់គ្នាថា អ្នកបំរើរបស់ព្រះនៃយើង។ អ្នករាល់គ្នានឹងចិញ្ចឹមជីវិតដោយភោគទ្រព្យ របស់ប្រជាជាតិទាំងឡាយ ហើយតែងខ្លួនដោយគ្រឿងអលង្ការដ៏មាន តម្លៃរបស់ពួកគេ។   7  អ្នករាល់គ្នាលែងអាម៉ាស់ និង លែងបាក់មុខទៀតហើយ អ្នករាល់គ្នានឹងទទួលទឹកដីរបស់គេ មួយទ្វេជាពីរទុកជាមត៌ក អ្នករាល់គ្នានឹងមានអំណរសប្បាយ អស់កល្បជានិច្ច។   8  ព្រះអម្ចាស់មានព្រះបន្ទូលថា យើងចូលចិត្តយុត្តិធម៌ ហើយស្អប់ការជំរិតជិះជាន់ណាស់។ យើងនឹងសងអ្នករាល់គ្នាវិញយ៉ាងត្រឹមត្រូវ យើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ជាមួយអ្នករាល់គ្នា។   9  ប្រជាជាតិទាំងឡាយនឹងស្គាល់កូនចៅ របស់អ្នករាល់គ្នា ហើយពូជពង្សអ្នករាល់គ្នាក៏នឹងមានឈ្មោះល្បី នៅក្នុងចំណោមជាតិសាសន៍នានាដែរ។ អស់អ្នកដែលជួបពួកគេនឹងទទួលស្គាល់ថា ពួកគេជាជាតិមួយដែលព្រះអម្ចាស់ បានប្រទានពរ។   10  ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះតែព្រះអម្ចាស់ ខ្ញុំរីករាយយ៉ាងអស់ពីចិត្ត ព្រោះតែព្រះរបស់ខ្ញុំ ដ្បិតព្រះអង្គបានសង្គ្រោះខ្ញុំ។ ព្រះអង្គបានយកសេចក្តីសុចរិត មកពាក់អោយខ្ញុំ ដូចកូនកម្លោះ និង កូនក្រមុំ តែងខ្លួននៅថ្ងៃរៀបមង្គលការ។   11  ដីធ្វើអោយពន្លក និង គ្រាប់ពូជផ្សេងៗ ដុះឡើងនៅក្នុងសួនច្បារ យ៉ាងណា ព្រះជាអម្ចាស់នឹងធ្វើអោយសេចក្តីសុចរិត និង ការសរសើរតម្កើងផុសចេញពីទឹកដីនេះ នៅចំពោះប្រជាជាតិទាំងប៉ុន្មាន យ៉ាងនោះដែរ។