1 ប្រជាជនតបថា តើនរណាជឿ សេចក្តីដែលគេប្រាប់យើង? តើព្រះអម្ចាស់បានសំដែងប្ញទ្ធិបារមី ចំពោះនរណា? 2 នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ អ្នកបំរើប្រៀបបាននឹងពន្លកមួយ ដែលលូតលាស់មិនសូវល្អ ដូចដំណាំដែលដុះចេញពីដីហួតហែង។ លោកគ្មានរូបសម្បត្តិ និង គ្មានកិត្តិយសថ្លៃថ្នូរ គួរអោយចាប់អារម្មណ៍ឡើយ ហើយលោកក៏គ្មានរូបរាងអ្វីគួរអោយ ទាក់ទាញចិត្តយើងដែរ។ 3 លោកជាមនុស្សដែលត្រូវគេមើលងាយ គ្មាននរណារាប់រក។ លោកជាមនុស្សស្គាល់តែការឈឺចាប់ ធ្លាប់តែរងទុក្ខវេទនា លោកដូចមនុស្សដែលគេខ្ពើម គេខ្ទប់មុខមិនហ៊ានសម្លឹងមើលទេ។ យើងបានមើលងាយលោក ហើយមិនរាប់រកលោកឡើយ។ 4 តាមពិត លោកបានរងទុក្ខវេទនាជំនួសយើង លោកទទួលយកការឈឺចាប់របស់យើង មកដាក់លើខ្លួនលោក។ រីឯយើងវិញ យើងស្មានថា ព្រះជាម្ចាស់បានដាក់ទោសលោក ព្រះអង្គបានវាយ និង បន្ទាបបន្ថោកលោក។ 5 ប៉ុន្តែ លោកត្រូវគេចាក់ទម្លុះ ព្រោះតែការបះបោររបស់យើង លោកត្រូវគេជាន់ឈ្លី ព្រោះតែអំពើទុច្ចរិតរបស់យើង លោកបានរងទារុណកម្ម ដើម្បីអោយយើងទទួលសេចក្តីសុខសាន្ត ហើយដោយសារស្នាមរបួសរបស់លោក យើងក៏បានជាសះស្បើយ។ 6 កាលពីមុន យើងទាំងអស់គ្នាសុទ្ធតែវង្វេង ដូចចៀមដែលបែកចេញពីហ្វូង ម្នាក់ៗដើរតាមផ្លូវរបស់ខ្លួនផ្ទាល់ តែព្រះអម្ចាស់បានទម្លាក់កំហុសរបស់ យើងទាំងអស់គ្នាទៅលើលោក។ 7 លោកត្រូវគេធ្វើទារុណកម្ម លោកបន្ទាបខ្លួន មិនហើបមាត់ទាល់តែសោះ ដូចកូនចៀមដែលគេដឹកទៅទីពិឃាត ឬ ដូចចៀម ឈរស្ងៀមនៅមុខអ្នកកាត់រោម លោកមិនបានហើបមាត់ទាល់តែសោះ។ 8 គេចាប់លោក ទាំងបង្ខំ យកទៅកាត់ទោស ហើយនាំទៅសម្លាប់ គ្មាននរណារវីរវល់យកចិត្តទុកដាក់ នឹងពូជពង្សរបស់លោកឡើយ។ គេបានដកលោកចេញពីចំណោមមនុស្សដែលរស់នៅលើផែនដីនេះ លោកត្រូវគេវាយរហូតដល់បាត់បង់ជីវិត ព្រោះតែអំពើបាបនៃប្រជាជនរបស់លោក។ 9 ទោះបីលោកមិនដែលប្រព្រឹត្តអំពើឃោរឃៅ ឬ និយាយបោកបញ្ឆោតនរណាក្តី ក៏គេបញ្ចុះសពលោកក្នុងចំណោមមនុស្សពាល និង ក្នុងផ្នូររបស់អ្នកមាន។ 10 ព្រះអម្ចាស់សព្វព្រះហប្ញទ័យអោយអ្នកបំរើ របស់ព្រះអង្គ រងទុក្ខលំបាកដ៏ខ្លោចផ្សា។ ដោយលោកបានបូជាជីវិត ធ្វើជាយញ្ញបូជាលោះបាប សំរាប់អ្នកដទៃ ព្រះអង្គនឹងធ្វើអោយលោកមានពូជពង្ស ព្រះអង្គនឹងបន្តអាយុជីវិតរបស់លោក ហើយព្រះអម្ចាស់នឹងសំរេចតាមព្រះហប្ញទ័យរបស់ព្រះអង្គតាមរយៈលោក។ 11 "ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមក ជីវិតរបស់អ្នកបំរើនឹងមានពន្លឺ មនុស្សជាច្រើននឹងទទួលស្គាល់ចំណេះដឹងរបស់លោក។ អ្នកបំរើរបស់យើងសុចរិត លោកក៏ប្រោសមហាជនអោយបានសុចរិត ដោយទទួលយកកំហុសរបស់ពួកគេ។ 12 ហេតុនេះហើយបានជាយើងប្រគល់ អោយលោកគ្រប់គ្រងលើមនុស្សជាច្រើន លោកនឹងចែកជ័យភ័ណ្ឌរួមជាមួយ ពួកកាន់អំណាច ព្រោះលោកបានលះបង់អ្វីៗទាំងអស់ រហូតដល់បាត់បង់ជីវិត និង សុខចិត្តអោយគេរាប់បញ្ចូលទៅក្នុងចំណោមជនឧក្រិដ្ឋ ដ្បិតលោកទទួលយកបាបរបស់មនុស្សទាំងអស់ មកដាក់លើខ្លួនលោក ព្រមទាំងទូលអង្វរអោយមនុស្សបាបផង"។