KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Isaiah - អេសាយ 42 - Khmer, Central - Old Version - Bible.is - KMHKOV

  1  ព្រះអម្ចាស់មានព្រះបន្ទូលថា : លោកនេះហើយជាអ្នកបំរើ ដែលយើងគាំទ្រ ជាអ្នកដែលយើងបានជ្រើសរើស និង ជាទីគាប់ចិត្តរបស់យើង។ យើងដាក់វិញ្ញាណរបស់យើងលើលោក។ លោកនឹងបង្ហាញអោយប្រជាជាតិទាំងឡាយ ស្គាល់ការវិនិច្ឆ័យ។   2  លោកមិនស្រែក ឬ គំហកកំហែង ដាក់នរណាឡើយ ហើយក៏មិនបន្លឺសំឡេងនៅតាមផ្លូវដែរ។   3  លោកនឹងមិនកាច់ផ្តាច់ដើមត្រែងណា ដែលទក់ហើយនោះទេ ហើយលោកក៏មិនផ្លុំពន្លត់ភ្លើង ដែលហៀបនឹងរលត់នោះដែរ លោកនឹងនាំមកនូវការវិនិច្ឆ័យពិតមែន!   4  លោកនឹងមិនទន់ខ្សោយឡើយ លោកអង់អាចជានិច្ច រហូតទាល់តែធ្វើអោយមានការវិនិច្ឆ័យនៅលើផែនដី ហើយមនុស្សនៅតាមកោះនានានាំគ្នា រង់ចាំទទួលវិន័យពីលោក។   5  នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះដែលបានបង្កើត និង លាតផ្ទៃមេឃ ព្រះអង្គបានសន្ធឹងផែនដី និង ធ្វើអោយអ្វីៗ ទាំងអស់កកើតឡើង។ ព្រះអង្គបានប្រទានដង្ហើមចេញចូលអោយ សត្វលោកទាំងឡាយនៅលើផែនដី ហើយប្រទានជីវិតអោយអស់អ្នកដែល ចរយាត្រានៅលើផែនដីនេះ។   6  យើងនេះហើយ ជាព្រះអម្ចាស់! យើងបានហៅអ្នកមក ស្របតាមសេចក្តីសុចរិតរបស់យើង។ យើងកាន់ដៃអ្នក យើងទុកអ្នកដោយឡែក ហើយតែងតាំងអ្នកជាសម្ពន្ធមេត្រី សំរាប់ប្រជាជន អោយអ្នកធ្វើជាពន្លឺដល់ប្រជាជាតិនានា   7  ប្រោសមនុស្សខ្វាក់អោយបានភ្លឺ នាំជនជាប់ជាឈ្លើយសឹកចេញពីទីឃុំឃាំង ព្រមទាំងរំដោះប្រជាជនដែលរស់នៅក្នុងភាពងងឹត អោយបានចេញរួចផង។   8  យើងមាននាមថា ព្រះអម្ចាស់ យើងមិនប្រគល់សិរីរុងរឿងរបស់យើង ទៅអោយព្រះណាផ្សេងទៀតឡើយ! យើងក៏មិនអោយព្រះក្លែងក្លាយណា ទទួលការសរសើរតម្កើងជំនួសយើងដែរ!   9  មើលចុះ! ហេតុការណ៍ផ្សេងៗដែលកើតមាន នៅគ្រាដំបូង បានសំរេចជារូបរាងអស់ហើយ យើងក៏ប្រាប់អោយអ្នករាល់គ្នាដឹង នូវហេតុការណ៍ឯទៀតៗដែលនឹងកើតមាន គឺយើងប្រាប់អោយអ្នករាល់គ្នាដឹង មុនហេតុការណ៍ទាំងនោះកកើតជារូបរាង។   10  អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដី អស់អ្នកដែលធ្វើដំណើរតាមសមុទ្រ និង អ្វីៗទាំងអស់ដែលនៅក្នុងសមុទ្រ កោះទាំងឡាយ ព្រមទាំងអស់អ្នកដែលរស់នៅតាមកោះអើយ ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់ ចូរសរសើរតម្កើងព្រះអង្គ!   11  អស់អ្នកដែលរស់នៅតាមវាលរហោស្ថាន និង តាមភូមិនានាក្នុងវាលហោស្ថានអើយ ចូរនាំគ្នាបន្លឺសំឡេងឡើង! អស់អ្នកដែលរស់នៅភូមិរបស់កុលសម្ព័ន្ធកេដារ និង អ្នកក្រុងសេឡាអើយ ចូរនាំគ្នាស្រែកហ៊ោរំពងឡើង! អស់អ្នកដែលរស់នៅតាមកំពូលភ្នំអើយ ចូរនាំគ្នាស្រែកអបអរសាទរ!   12  ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ ហើយសរសើរតម្កើងព្រះអង្គ នៅតាមកោះទាំងឡាយ!   13  ព្រះអម្ចាស់ស្រឡាញ់ប្រជាជន របស់ព្រះអង្គយ៉ាងខ្លាំង ព្រះអង្គយាងចេញទៅ ដូចវីរជន ដូចអ្នកចំបាំងដ៏ចំណាន ព្រះអង្គបន្លឺព្រះសូរសៀង ស្រែកកម្លា ហើយយកជ័យជំនះលើខ្មាំងសត្រូវ។   14  ព្រះអម្ចាស់មានព្រះបន្ទូលថា : យើងនៅស្ងៀមតាំងពីយូរណាស់មកហើយ យើងនៅសំងំ យើងខំទប់ចិត្ត ឥឡូវនេះ យើងស្រែកដង្ហក់ ដូចស្ត្រីស្រែក ថ្ងូរ នៅពេលសំរាលកូន!   15  យើងនឹងកំទេចទាំងភ្នំធំ ទាំងភ្នំតូច យើងនឹងធ្វើអោយរុក្ខជាតិក្រៀមស្វិត យើងនឹងធ្វើអោយទន្លេក្លាយទៅជាដីគោក ហើយអោយបឹងបួរីងហួតហែង។   16  យើងនឹងធ្វើអោយមនុស្សខ្វាក់ដើរនៅតាមផ្លូវ ដែលគេពុំស្គាល់ យើងនឹងដឹកដៃគេដើរតាមផ្លូវដែលគេពុំធ្លាប់ដើរ យើងនឹងប្តូរភាពងងឹតអោយទៅជាពន្លឺ នៅមុខពួកគេ ហើយធ្វើអោយផ្លូវរដឹបរដុបប្រែទៅជាផ្លូវរាបស្មើ។ យើងពិតជាធ្វើដូច្នោះមែន គឺយើងនឹងសំរេចការទាំងនោះពុំខាន។   17  រីឯអស់អ្នកដែលផ្ញើជីវិតលើព្រះក្លែងក្លាយ ហើយហៅរូបបដិមាករថាជាព្រះរបស់ខ្លួន មុខជាដកខ្លួនថយ និង ត្រូវអាម៉ាស់។   18  មនុស្សថ្លង់អើយ ចូរស្តាប់ឮឡើង! មនុស្សខ្វាក់អើយ ចូរបើកភ្នែក ហើយមើលឃើញទៅ!   19  តើនរណាជាមនុស្សខ្វាក់ គឺអ្នកបំរើរបស់យើង តើនរណាថ្លង់ដូចអ្នកនាំពាក្យ ដែលយើងចាត់អោយមក? តើនរណាខ្វាក់ដូចអ្នកដែលយើង ស្រោចស្រង់ឡើងវិញ គឺខ្វាក់ដូចអ្នកបំរើរបស់ព្រះអម្ចាស់?   20  អ្នកបានឃើញហេតុការណ៍ជាច្រើន តែអ្នកពុំបានយកចិត្តទុកដាក់ចងចាំទេ អ្នកផ្ទៀងត្រចៀកស្តាប់ តែពុំឮអ្វីសោះឡើយ។   21  ដោយព្រះអម្ចាស់សុចរិត ព្រះអង្គសព្វព្រះហប្ញទ័យធ្វើអោយក្រឹត្យវិន័យរបស់ ព្រះអង្គបានថ្កុំថ្កើងរុងរឿង។   22  ក៏ប៉ុន្តែ ប្រជារាស្ត្រនោះត្រូវគេប្លន់ ត្រូវគេរឹបអូសយកទ្រព្យសម្បត្តិ ត្រូវធ្លាក់ទៅក្នុងអន្ទាក់ ហើយត្រូវគេឃុំឃាំងទាំងអស់គ្នា។ ខ្មាំងសត្រូវបានប្លន់ពួកគេ តែគ្មាននរណារំដោះពួកគេឡើយ ខ្មាំងសត្រូវបានរឹបអូសយកសម្បត្តិពួកគេ តែគ្មាននរណាអើពើទាមទាររបស់ទាំងនោះ អោយពួកគេវិញដែរ។   23  ក្នុងចំណោមអ្នករាល់គ្នា តើមាននរណា ត្រងត្រាប់ស្តាប់សេចក្តីទាំងនេះ? ទៅអនាគត តើមាននរណា យកចិត្តទុកដាក់ស្តាប់?   24  តើនរណាបានប្រគល់ពូជពង្សលោកយ៉ាកុប ទៅអោយខ្មាំងរឹបអូស? តើនរណាបានប្រគល់កូនចៅអ៊ីស្រាអែល ទៅអោយខ្មាំងប្លន់ដូច្នេះ? គឺព្រះអម្ចាស់ដែលធ្វើដូច្នេះ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហប្ញទ័យរបស់ព្រះអង្គ យើងខ្ញុំមិនព្រមដើរតាមមាគ៌ារបស់ព្រះអង្គ ហើយមិនព្រមស្តាប់ក្រឹត្យវិន័យរបស់ព្រះអង្គទេ។   25  ហេតុនេះហើយបានជាព្រះអង្គជះព្រះពិរោធ មកលើស្រុកអ៊ីស្រាអែល ដោយធ្វើអោយភ្លើងសង្គ្រាមផ្ទុះឡើង ឆេះរាលដាលគ្រប់ទិសទី។ ប៉ុន្តែ ទោះបីយ៉ាងនេះក្តី ក៏ពួកគេពុំបានភ្ញាក់ខ្លួន ហើយទោះបីគេហិនហោចយ៉ាងនេះក្តី ក៏គេពុំអើពើដែរ។