1 មនុស្សម្នានៅតាមកោះទាំងឡាយអើយ ចូរនៅស្ងៀមស្ងាត់ ស្តាប់ខ្ញុំនិយាយ! ប្រជារាស្ត្រទាំងឡាយអើយ ចូរមានកម្លាំងឡើងវិញ ចូរនាំគ្នាបោះជំហានចូលមក រួចសឹមនិយាយ! យើងឡើងមក ដើម្បីរកខុសត្រូវជាមួយគ្នា។ 2 តើនរណាបានហៅអ្នកដែលត្រូវរកយុត្តិធម៌ អោយមកពីទិសខាងកើត? តើនរណាអោយលោកមានជ័យជំនះ លើប្រជាជាតិទាំងឡាយ ព្រមទាំងបង្ក្រាបស្តេចនានា? ដាវរបស់លោកកំទេចពួកគេ អោយទៅជាធូលីដី ព្រួញរបស់លោកធ្វើអោយពួកគេខ្ចាត់ខ្ចាយ ដូចកំទេចចំបើងប៉ើងតាមខ្យល់។ 3 លោកដេញតាមពួកគេ លោកឆ្លងកាត់ទ័ពរបស់គេ ដោយឥតមានគ្រោះថ្នាក់អ្វីឡើយ ជើងរបស់លោកក៏មិនបាច់ជាន់ដីដែរ។ 4 តើនរណាបានគ្រោងទុក និង សំរេចព្រឹត្តិការណ៍ទាំងនេះ? គឺព្រះអង្គដែលបានណែនាំមនុស្សគ្រប់ជំនាន់ តាំងពីដើមដំបូងរៀងមក។ យើងជាព្រះអម្ចាស់ ដែលនៅមុនគេ ហើយយើងក៏នៅជាមួយ មនុស្សចុងក្រោយបង្អស់ដែរ។ 5 ប្រជាជននៅតាមកោះនានាឃើញអ្នកនោះ ហើយនាំគ្នាភ័យខ្លាច។ ប្រជាជនដែលនៅទីដាច់ស្រយាលនៃផែនដី នឹងនាំគ្នាចូលមកជិត ទាំងញ័ររន្ធត់។ 6 ពួកគេជួយគ្នាទៅវិញទៅមក ម្នាក់ៗពោលទៅកាន់បងប្អូនរបស់ខ្លួនថា "ចូរមានចិត្តក្លាហានឡើង!"។ 7 ជាងចម្លាក់លើកទឹកចិត្តជាងស្មិត អ្នកដុតដែកលើកទឹកចិត្តអ្នកដំដែក ដោយពោលថា "ផ្សាដូច្នេះ ល្អណាស់!"។ បន្ទាប់មក គាត់យកដែកគោលមកដំភ្ជាប់ រូបចម្លាក់កុំអោយរង្គើ។ 8 ចំពោះអ្នកវិញ ជនជាតិអ៊ីស្រាអែលជាអ្នកបំរើរបស់យើង កូនចៅយ៉ាកុបដែលយើងបានជ្រើសរើស ពូជពង្សរបស់អប្រាហាំ ដែលជាមិត្តសម្លាញ់របស់យើងអើយ! 9 យើងបានដឹកដៃអ្នក ពីស្រុកដាច់ស្រយាលនៃផែនដី យើងបានហៅអ្នកពីស្រុកចុងកាត់មាត់ញកមក យើងបាននិយាយទៅកាន់អ្នកថា : អ្នកជាអ្នកបំរើដែលយើងបានជ្រើសរើស យើងនឹងមិនបោះបង់ចោលអ្នកឡើយ! 10 កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក កុំព្រួយបារម្ភអោយសោះ យើងជាព្រះរបស់អ្នក យើងនឹងអោយអ្នកមានកម្លាំងរឹងប៉ឹង យើងជួយអ្នក យើងគាំទ្រអ្នក យើងនឹងសំដែងបារមី រកយុត្តិធម៌អោយអ្នក។ 11 ពួកចងកំហឹងនឹងអ្នក មុខជាត្រូវអាម៉ាស់ និង បាក់មុខ ពួកប្រឆាំងនឹងអ្នក មុខជាវិនាសបាត់បង់ និង រលាយសូន្យទៅ។ 12 អ្នកនឹងស្វែងរកពួកដែលធ្លាប់ប្រឆាំងនឹងអ្នក តែរកពួកគេមិនឃើញទៀតទេ ពួកដែលធ្លាប់ធ្វើសឹកជាមួយអ្នក ប្រែជាសាបសូន្យ រលាយបាត់អស់ 13 ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងកាន់ដៃស្តាំរបស់អ្នកហើយ យើងប្រាប់អ្នកថា : កុំភ័យខ្លាចអ្វី យើងជួយអ្នកហើយ! 14 កូនចៅយ៉ាកុប! ពូជពង្សអ៊ីស្រាអែលអើយ! អ្នកទន់ខ្សោយប្រៀបបាននឹងដង្កូវមែន តែកុំភ័យខ្លាចអ្វី យើងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល យើងជួយអ្នក និង លោះអ្នកជាមិនខាន - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 15 យើងធ្វើអោយអ្នកប្រែទៅជារនាស់ដែកថ្មី ដែលមានធ្មេញយ៉ាងមុត អ្នកនឹងរាស់កំទេចភ្នំតូចធំ អោយទៅជាធូលីដី។ 16 អ្នកកំចាត់កំចាយពួកគេអោយរសាត់តាមខ្យល់ ហើយខ្យល់កួចយកពួកគេទៅអស់គ្មានសល់។ រីឯអ្នកវិញ អ្នកនឹងរីករាយ ព្រោះតែព្រះអម្ចាស់ អ្នកនឹងខ្ពស់មុខ ព្រោះតែព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល។ 17 ជនក្រីក្រ និង ជនទុគ៌ត ស្វែងរកទឹក តែរកពុំបានទេ គេស្រេកខះក។ យើងជាព្រះអម្ចាស់នឹងឆ្លើយតបចំពោះ ពាក្យអង្វររបស់ពួកគេ យើងជាព្រះនៃជនជាតិអ៊ីស្រាអែល នឹងមិនបោះបង់ចោលគេឡើយ។ 18 យើងនឹងធ្វើអោយមានទន្លេ ផុសចេញពីផ្នូកខ្សាច់ ហើយមានទឹកហូរតាមជ្រលងភ្នំ។ យើងនឹងធ្វើអោយវាលរហោស្ថាន ប្រែទៅជាបឹងបួ អោយដីហួតហែងប្រែជាប្រភពទឹកទៅវិញ។ 19 យើងនឹងធ្វើអោយមានដើមគគីរ បេង នាងនួន ពពាលខែ ដុះក្នុងវាល រហោស្ថាន ហើយដើមកកោះ ស្រល់ ស្រឡៅ ដុះជាមួយគ្នាតាមព្រៃរបោះ។ 20 ដូច្នេះ មនុស្សទាំងអស់នឹងឃើញ ហើយដឹង ព្រមទាំងពិចារណា និង យល់ជាមួយគ្នាថា គឺព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល ដែលបានផ្តួចផ្តើមធ្វើការទាំងនោះ ដោយព្រះហស្តរបស់ព្រះអង្គផ្ទាល់។ 21 ព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃពូជពង្ស របស់លោកយ៉ាកុប មានព្រះបន្ទូលថា ៖ «ចូរបង្ហាញសំណុំរឿង និង បញ្ចេញភស្តុតាង របស់អ្នករាល់គ្នាមក! 22 អោយព្រះទាំងនេះរៀបរាប់ ហើយថ្លែងប្រាប់អំពីហេតុការណ៍ដែល នឹងត្រូវកើតមាននៅអនាគត។ ចូររំលឹកយើងអំពីហេតុការណ៍ ដែលកើតមាននៅគ្រាដើមដំបូង នោះយើងនឹងរិះគិត។ ចូររៀបរាប់អំពីព្រឹត្តិការណ៍ ដែលនឹងកើតមាននៅអនាគតកាល ដើម្បីអោយបានដឹងផង។ 23 ចូរនិយាយប្រាប់យើងអំពីហេតុការណ៍ដែល នឹងកើតមាននៅពេលខាងមុខ ដូច្នេះ យើងនឹងទទួលស្គាល់ថា អ្នករាល់គ្នាពិតជាព្រះមែន ចូរធ្វើការអ្វីមួយ ទោះបីអាក្រក់ក្តី ល្អក្តី ដើម្បីអោយយើងឃើញ និង ស្ងើចសរសើរ។ 24 តាមពិត អ្នករាល់គ្នាឥតបានការអ្វីទាំងអស់ អ្នករាល់គ្នាក៏ធ្វើអ្វីមិនកើតដែរ អស់អ្នកដែលជ្រើសរើសអ្នករាល់គ្នាទុកជាព្រះ សុទ្ធតែជាមនុស្សគំរក់។ 25 យើងបានហៅមនុស្សម្នាក់មកពីទិសខាងជើង ហើយអ្នកនោះក៏មកដល់។ នៅទិសខាងកើត គេគោរពឈ្មោះគាត់ គាត់ជាន់ឈ្លីអ្នកដឹកនាំរបស់ប្រជាជាតិនានា ដូចគេដើរជាន់ភក់ ឬ ដូចជាស្មូនជាន់ដីឥដ្ឋដែរ។ 26 តើនរណាបានថ្លែងប្រាប់អំពីហេតុការណ៍ ទាំងនេះជាមុន ដើម្បីអោយយើងទទួលស្គាល់ និង ពោលថា ហេតុការណ៍នោះពិតជាកើតមានដូច្នោះមែន! ទេ! គ្មាននរណាផ្តល់ដំណឹងជាមុន ហើយក៏គ្មាននរណាប្រាប់អោយគេដឹងដែរ គ្មាននរណាឮពាក្យសំដីអ្នករាល់គ្នាឡើយ។ 27 យើងទេតើ ដែលបាននាំដំណឹងមកដល់ ក្រុងស៊ីយ៉ូនមុនគេ ដោយចាត់អ្នកនាំសារមកប្រាប់ អ្នកក្រុងយេរូសាឡឹម។ 28 យើងក្រឡេកមើលទៅ ពុំឃើញមាននរណាម្នាក់ទាល់តែសោះ ក្នុងចំណោមព្រះទាំងនោះ គ្មាននរណាម្នាក់ផ្តល់យោបល់ ឬ ឆ្លើយនឹងសំនួរ ដែលយើងសាកសួរនោះទេ។ 29 ព្រះទាំងនោះគ្មានបានការ គេពុំអាចធ្វើអ្វីបានសោះឡើយ រូបបដិមាករទាំងនោះ សុទ្ធតែឥតប្រយោជន៍ ឥតបានការអ្វីទាំងអស់!