1 នៅគ្រានោះ ស្ត្រីប្រាំពីរនាក់ នឹងចោមរោមចង់បានបុរសម្នាក់ ទាំងពោលថា៖ «សូមលោកយកយើងខ្ញុំធ្វើជាភរិយាផង សូមដកសេចក្តីអាម៉ាស់ចេញពីយើងខ្ញុំទៅ យើងខ្ញុំនឹងចិញ្ចឹមជីវិតដោយខ្លួនឯង យើងខ្ញុំនឹង រកសម្លៀកបំពាក់ ដោយខ្លួនឯង»។ 2 នៅគ្រានោះ ព្រះអម្ចាស់នឹងធ្វើអោយពន្លកមួយ លូតចេញមក ពន្លកនេះនាំជនជាតិអ៊ីស្រាអែលដែល នៅសល់ពីស្លាប់ អោយមានកិត្តិយស និង សិរីរុងរឿង ហើយដីនឹងបង្កើតភោគផលដែលនាំអោយពួកគេមាន មោទនភាព និង មានកេរ្តិ៍ឈ្មោះល្បីល្បាញ។ 3 ពេលនោះ អ្នកនៅក្រុងស៊ីយ៉ូនដែលសល់ពីស្លាប់ អ្នកក្រុង យេរូសាឡឹមដែលបានរួចជីវិត នឹងមានឈ្មោះថា «ជនដ៏វិសុទ្ធ»។ ព្រះអម្ចាស់កត់ឈ្មោះអ្នកទាំងនោះ ដើម្បី អោយគេរស់នៅក្នុងក្រុងយេរូសាឡឹម។ 4 ព្រះអម្ចាស់ នឹងផ្លុំខ្យល់មក ដូចភ្លើង ដើម្បីវិនិច្ឆ័យ និង ជំរះអ្នកក្រុង ស៊ីយ៉ូន អោយបានរួចផុតពីអំពើសៅហ្មង។ ព្រះអង្គក៏លាងឈាម ដែលគេបានបង្ហូរ នៅក្រុងយេរូសាឡឹមដែរ។ 5 បន្ទាប់មក ព្រះអម្ចាស់នឹងបង្កើតដុំពពក និង ផ្សែងនៅពេលថ្ងៃ ហើយពន្លឺដ៏ចិញ្ចែងចិញ្ចាច ដូចភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ នៅពេលយប់ អោយមកស្ថិតលើភ្នំស៊ីយ៉ូនទាំងមូល និង លើអង្គប្រជុំនានា ក្នុងពេលគេប្រារព្ធធ្វើពិធីបុណ្យ។ សិរីរុងរឿងរបស់ព្រះអម្ចាស់នឹងគ្របបាំងការពារអ្វីៗទាំងអស់។ 6 សិរីរុងរឿងនោះគ្របបាំងភ្នំស៊ីយ៉ូន ប្រៀបដូចជាស្វេតច្ឆត្រ ផ្តល់ម្លប់ដ៏ត្រជាក់ត្រជុំ នៅពេលថ្ងៃក្តៅ ហើយក៏ជាជំរក នៅពេលព្យុះសង្ឃរា និង ពេលភ្លៀងផងដែរ។