KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

Isaiah - អេសាយ 35 - Khmer, Central - Old Version - Bible.is - KMHKOV

  1  វាលរហោស្ថាន និង ដីហួតហែង ចូររីករាយឡើង! រីឯវាលខ្សាច់ ចូរត្រេកអរសប្បាយ ហើយមានផ្ការីកស្គុសស្គាយឡើង!   2  ចូរមានផ្កាដុះដេរដាស ហើយត្រេកអរសប្បាយ ព្រមទាំងបន្លឺសំឡេងច្រៀងដោយរីករាយ ដ្បិតព្រះអម្ចាស់ប្រទានអោយទឹកដីនេះ រុងរឿងដូចព្រៃនៅភ្នំលីបង់ មានសោភ័ណភាពដូចព្រៃព្រឹក្សានៅភ្នំកើមែល និង ដូចចំការដំណាំនៅវាលទំនាបសារ៉ូនដែរ។ ពេលនោះ ប្រជាជននឹងឃើញ សិរីរុងរឿង និង ភាពថ្កុំថ្កើងរបស់ព្រះអម្ចាស់ ជាព្រះនៃយើង។   3  ចូរជួយអ្នកដែលទន់ដៃទន់ជើង អោយមានកម្លាំងរឹងប៉ឹងមាំមួនឡើងវិញ!   4  ចូរកម្លាចិត្តអ្នកដែលភ័យតក់ស្លុតថា : ចូរមានចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ! មើល៍ហ្ន៎ ព្រះរបស់អ្នករាល់គ្នា! ព្រះអង្គយាងមកសងសឹក ព្រះអង្គនឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវ តាមអំពើដែលគេបានប្រព្រឹត្តលើអ្នករាល់គ្នា គឺព្រះអង្គផ្ទាល់ យាងមកសង្គ្រោះអ្នករាល់គ្នា។   5  ពេលនោះ មនុស្សខ្វាក់នឹងមើលឃើញ មនុស្សថ្លង់នឹងស្តាប់ឮ   6  មនុស្សខ្វិននឹងលោតដូចប្រើស ហើយមនុស្សគ នឹងច្រៀងយ៉ាងរីករាយ ដ្បិតមានទឹកផុសឡើងនៅវាលរហោស្ថាន ព្រមទាំងមានទឹកជ្រោះហូរ នៅវាលហួតហែង។   7  ដីបែកក្រហែងនឹងក្លាយទៅជាបឹងបួរ ស្រុកដែលធ្លាប់តែរីងស្ងួត បែរជាមានប្រភពទឹកផុសឡើងជាច្រើន នៅតាមរូងចចក បែរជាមានដើមត្រែង និង ដើមកក់ដុះវិញ។   8  នៅទីនោះ នឹងមានផ្លូវមួយ ឈ្មោះហៅថា «ផ្លូវដ៏វិសុទ្ធ»។ មនុស្សមិនបរិសុទ្ធ មិនអាចដើរតាមផ្លូវនោះ ទេ ហើយអ្នកគោរពព្រះក្លែងក្លាយ ក៏ដើរតាមផ្លូវនោះមិនបានដែរ ព្រោះព្រះអម្ចាស់ផ្ទាល់ទ្រង់យាងនាំមុខគេ។   9  គ្មានសត្វសិង្ហ សត្វសាហាវ នៅតាមផ្លូវនោះទេ មានតែពួកឈ្លើយដែលព្រះអង្គបានលោះ មកវិញប៉ុណ្ណោះ ដែលដើរតាមផ្លូវនោះ។   10  ពួកឈ្លើយសឹកដែលព្រះអម្ចាស់បានរំដោះ នឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូន ដោយស្រែកហ៊ោយ៉ាងសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញទៅដោយអំណរ រកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និង សំរែកយំថ្ងូរ លែងមានទៀតហើយ។