1 ប្រជាជាតិទាំងឡាយអើយ ចូរនាំគ្នាចូលមក ហើយស្តាប់ចុះ ជាតិសាសន៍ទាំងឡាយអើយ ចូរនាំគ្នាផ្ទៀងត្រចៀក! ផែនដី និង អ្វីៗនៅលើផែនដី ពិភពលោក និង អ្វីៗដែលកើតចេញពីពិភពលោក ចូរធ្វើជាសាក្សីដឹងឮចុះ! 2 ព្រះអម្ចាស់ទាស់ព្រះហប្ញទ័យនឹងប្រជាជាតិទាំងអស់ ព្រះអង្គព្រះពិរោធនឹងកងទ័ពទាំងប៉ុន្មានរបស់ពួកគេ។ ព្រះអង្គបំផ្លាញពួកគេថ្វាយផ្តាច់ដល់ព្រះអង្គ ព្រះអង្គបញ្ជូនពួកគេទៅអោយខ្មាំង សម្លាប់រង្គាល។ 3 សាកសពរបស់ពួកគេនឹងត្រូវ ទុកចោលអោយមានក្លិនអសោចិ៍ ហើយឈាមរបស់ពួកគេហូរ ពាសពេញភ្នំ។ 4 ផ្កាយទាំងប៉ុន្មាននៅលើមេឃនឹងរលាយសូន្យ ផ្ទៃមេឃនឹងត្រូវរមូរ ដូចក្រាំងដែលគេមូរទុក ហើយអ្វីៗនៅលើមេឃនឹងជ្រុះអស់ ដូចស្លឹកទំពាំងបាយជូរ និង ស្លឹកឧទុម្ពរ ដែលជ្រុះអស់នោះដែរ។ 5 ព្រះអម្ចាស់កំពុងគ្រវីព្រះខ័ននៅលើមេឃ ព្រះខ័ននេះនឹងធ្លាក់មកលើស្រុកអេដុម ដើម្បីបំផ្លាញប្រជាជន ដែលព្រះអង្គបានកាត់ទោសនេះ ថ្វាយផ្តាច់ដល់ព្រះអង្គ។ 6 ព្រះខ័នរបស់ព្រះអម្ចាស់ប្រឡាក់សុទ្ធតែ ឈាម និង ខ្លាញ់ គឺដូចឈាមកូនចៀម និង ពពែឈ្មោល ដូចខ្លាញ់ដែលជាប់នឹងគ្រលៀន របស់ចៀមឈ្មោល ដ្បិតព្រះអម្ចាស់ធ្វើយញ្ញបូជានៅក្រុងបូសរ៉ា ហើយនឹងមានការសម្លាប់រង្គាលយ៉ាងខ្លាំង នៅស្រុកអេដុម។ 7 នៅពេលនោះ ក្របី គោស្ទាវ និង គោបា វិនាសជាមួយគ្នា ដីនឹងជោកជាំទៅដោយឈាម ហើយធូលីដីនឹងប្រឡាក់ជោកទៅដោយខ្លាញ់ 8 ដ្បិតថ្ងៃនោះ ជាថ្ងៃដែលព្រះអម្ចាស់ សងសឹកខ្មាំងសត្រូវ ហើយនៅឆ្នាំនោះ ព្រះអង្គជំរះបញ្ជីពួកគេ ជំនួសប្រជាជននៅក្រុងស៊ីយ៉ូន។ 9 ទឹកជ្រោះនៅស្រុកអេដុមនឹងក្លាយជាធ្យូងថ្ម ដីរបស់គេនឹងក្លាយជាស្ពាន់ធ័រ ហើយស្រុករបស់គេ ប្រៀបដូចជាធ្យូងដែលកំពុងតែឆេះគគុក។ 10 គឺមានភ្លើងឆេះទាំងថ្ងៃទាំងយប់ មានផ្សែងហុយអស់កល្បជានិច្ច។ ស្រុកទេសរបស់គេនឹងនៅជាទីស្មសាន ជាដរាបតរៀងទៅ ឥតមាននរណាម្នាក់ ដើរកាត់តាមនោះទៀតឡើយ។ 11 សត្វទុង និង កាំប្រមា មកអាស្រ័យនៅក្នុងស្រុក ហើយទីទុយ និង ក្អែក ក៏នាំគ្នាមករស់នៅក្នុងស្រុកនោះដែរ។ ព្រះអម្ចាស់នឹងធ្វើអោយស្រុកវិនាសហិនហោច ឥតរូបរាងអ្វីទៀតឡើយ។ 12 នៅក្នុងស្រុក នឹងលែងមានអ្នកធំ ដើម្បីជ្រើសរើសស្តេចអោយឡើង សោយរាជ្យទៀតហើយ រីឯអ្នកដឹកនាំស្រុក ក៏បាត់សូន្យអស់ដែរ។ 13 គុម្ពបន្លានឹងដុះនៅតាមកំពែងក្រុង បន្លាស្អិត និង ដើមដំបងយក្សនឹងដុះនៅ ពាសពេញបន្ទាយដែលក្លាយទៅជាជំរករបស់ចចក និង ជាទ្រនំ របស់សត្វត្មាត។ 14 សត្វដែលរស់នៅតាមវាលរហោស្ថាន មកជួបជុំនឹងសត្វស្វាននៅទីនោះ ពពែព្រៃមកជួបជុំគ្នា ហើយព្រាយបិសាចក៏មកតាំងទីលំនៅ និង សំរាកនៅទីនោះដែរ។ 15 រីឯពស់វែកមកធ្វើរូង និង ដាក់ពងនៅទីនោះ រួចភ្ញាស់កូនរបស់វា។ ខ្លែងស្រាកក៏ហើរទាំងហ្វូងៗ មកជួបជុំគ្នានៅទីនោះដែរ។ 16 ចូរពិនិត្យមើលក្នុងគម្ពីររបស់ព្រះអម្ចាស់ អ្នករាល់គ្នាមុខជាឃើញសេចក្តីដែលមានចែង ថា: «សត្វទាំងនោះនឹងនាំគ្នាមក ឥតខ្វះមួយណាឡើយ គឺវាធ្វើតាមបង្គាប់ព្រះអម្ចាស់ទាំងអស់គ្នា ដ្បិតព្រះវិញ្ញាណរបស់ព្រះអង្គ នឹងប្រមែប្រមូលវាមក។ 17 ព្រះអង្គជ្រើសរើសកន្លែងសំរាប់សត្វទាំងនោះ ហើយវាស់ទឹកដីចែកអោយពួកវា ពួកវាធ្វើជាម្ចាស់ និង រស់នៅលើទឹកដីនោះ រហូតអស់កល្បជាអង្វែងតរៀងទៅ»។